
តម្លៃប្រេងសាំងកើនឡើងបន្តិច ខណៈតម្លៃប្រេងម៉ាស៊ូតនៅថេរ។ ហុង មិនា
ភ្នំពេញៈ ប្រេងសាំង លក់រាយនៅតាមស្ថានីយប្រេង ចាប់ពីថ្ងៃទី១-១០ ខែមិថុនា ឆ្នាំ២០២៣ ត្រូវបានលក់ក្នុងតម្លៃ ៤១៥០ រៀល ក្នុង ១ លីត្រ ដោយកើនឡើង ៥០ រៀល បើធៀបនឹងរយៈពេល ១០ ថ្ងៃកន្លងមក ខណៈប្រេងម៉ាស៊ូត ត្រូវបានលក់ក្នុងតម្លៃដដែល គឺ ៣៨៥០ រៀល។
សេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ស្តីពីថ្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយ ចេញផ្សាយក្នុងថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា យោងតាមការប្រែប្រួលនៃតម្លៃប្រេងឥន្ធនៈ លើទីផ្សារក្នុងតំបន់ និងអន្តរជាតិ តម្លៃប្រេងសាំងធម្មតា (EA92) ដែលត្រូវដាក់លក់រាយចាប់ពីថ្ងៃទី១-១០ ខែមិថុនា ឆ្នាំ២០២៣ គឺ ៤១៥០ រៀលក្នុង ១ លីត្រ ដោយកើនឡើង ៥០ រៀល បើធៀបនឹងតម្លៃចន្លោះពីថ្ងៃទី២១-៣១ ខែឧសភា ខណៈប្រេងម៉ាស៊ូត មានតម្លៃ ៣៨៥០ រៀល ដែលតម្លៃនេះស្ថិតនៅថេរ។
យោងតាមក្រសួងពាណិជ្ជកម្ម តម្លៃប្រេងសាំង និងម៉ាស៊ូត ក្នុងពេលនេះ ធៀបនឹងដើមឆ្នាំ២០២៣ គឺធ្លាក់ចុះបន្តិចបន្តួច ដោយកាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ ប្រេងសាំងលក់រាយនៅតាមស្ថានីយ មានតម្លៃ ៤៥៥០រៀលក្នុង ១ លីត្រ ខណៈប្រេងម៉ាស៊ូត មានតម្លៃ ៤២០០ រៀល។
លោក ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ច នៅរាជបណ្ឌិត្យសភាកម្ពុជា បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី១ ខែមិថុនា ថា ដោយសារកម្ពុជា ជាប្រទេសនាំចូលប្រេង ដូច្នេះតម្លៃរបស់វាតែង ប្រែប្រួលទៅតាមនិន្នាការទីផ្សារ និងនយោបាយពិភពលោក។ បើគេពិនិត្យពិនិត្យមើលទៅលើតម្លៃប្រេងឥន្ធនៈ ចាប់តាំងពីដើមឆ្នាំ២០២៣ រហូតមកដល់ពេលនេះ គឺមិនសូវមានការប្រែប្រួលច្រើនដូចកាលពីឆ្នាំ២០២១-២០២២ ឡើយ។ លោកបន្តថា តម្លៃប្រេងឥន្ធនៈទាប ក៏បានចូលរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនបាន ១ កម្រិត ផងដែរ។
លោកបញ្ជាក់ថា៖«តម្លៃប្រេងឥន្ធនៈកាន់តែទាប គឺកាន់តែប្រសើរល្អ សម្រាប់សេដ្ឋកិច្ចប្រទេសនាំចូលប្រេង»។
ទោះយ៉ាងណាលោកលើកឡើងថា ប្រសិនបើរដ្ឋាភិបាលអាចចូលរួមចំណែកក្នុងការឧបត្ថម្ភធន កាន់តែច្រើនបន្ថែមទៀតនោះ វានឹងជួយធ្វើឱ្យសកម្មភាពសេដ្ឋកិច្ចកម្ពុជា កាន់តែមានដំណើរឆ្ពោះទៅមុខកាន់តែលឿន។
កាលពីខែធ្នូ ឆ្នាំ២០២២ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា លោក តែ តាំងប៉ បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា បច្ចុប្បន្នប្រទេសកម្ពុជា មានភាពទាក់ទាញច្រើន សម្រាប់ការបណ្តាក់ទុនផ្ទាល់ ហើយវានឹងកាន់តែពិសេសបន្ថែមទៀតប្រសិនបើកម្ពុជាអាចធ្វើយ៉ាងណាបញ្ចុះតម្លៃថាមពលឱ្យបានទាបជាង ឬប្រហាក់ប្រហែលនឹងប្រទេសជិតខាង។
លោកបានឱ្យភ្នំពេញប៉ុស្តិ៍កាលពីខែធ្នូ ឆ្នាំ២០២២ ថា៖«តម្លៃប្រេង និងតម្លៃអគ្គិសនី ជាកត្តាផ្គួបផ្សំដ៏សំខាន់ ក្នុងការទាក់ទាញវិនិយោគិនក្រៅប្រទេស ព្រោះថា ប្រេង និងអគ្គិសនីជាធាតុផ្សំដ៏សំខាន់ សម្រាប់ផ្នែកផលិតកម្ម ក្រៅពីការចំណាយទៅលើវត្ថុធាតុដើម និងកម្លាំងពលកម្ម។ កាលណាតម្លៃប្រេង រួមទាំងតម្លៃអគ្គិសនី មានស្ថិរភាព និងតម្លៃទាប អ្នកវិនិយោគក្រៅស្រុក នឹងមើលឃើញឱកាសផ្សេងៗចេញពីកត្តាទាំងអស់នោះ»៕