ភ្នំពេញៈ គ្រឹះស្ថាន​ហិរញ្ញវត្ថុ និង​បច្ចេកវិទ្យា​ឯកជន ចំនួន ២ បាន​សហការគ្នា​ក្នុងការ​បង្កើន​ចំណេះដឹង​ឌីជីថល និង​កសាង​សមត្ថភាព ក្នុងន័យ​រួមចំណែក​ដល់​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល​ស្តីពី​បដិវត្តន៍​ឧស្សាហ​កម្ម​ទី​ ៤ និង​ក្របខ័ណ្ឌ​គោល​​នយោបាយ​សេដ្ឋកិច្ច និង​សង្គម​ឌីជីថល​របស់​កម្ពុជា​ឆ្នាំ ​២០២១-២០៣៥​ ដើម្បី​ឆ្ពោះទៅ​ការចាប់យក​នៃ​សេដ្ឋកិច្ច​ឌីជីថល​។​

​សមាគម​ធនាគារ​នៅ​កម្ពុជា ​(ABC) និង​អង្គការ​ឯកទេស ភាពជា​អ្នកដឹកនាំ នវានុវត្តន៍​បរិ​​វត្ត​កម្ម​ (ELIX) នៅ​ថ្ងៃទី​ ៣១ ​ខែឧសភា បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ស្តីពី​គម្រោង​អភិ​​វឌ្ឍន៍​ការងារ​ឌីជីថល ក្នុង​គោល​​បំណង​ចូលរួមចំណែក​ជាមួយ​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា (HEIs) ដើម្បី​ពង្រឹង​បន្ថែម​ចំណេះដឹង​ផ្នែក​ឌីជីថល និង​គាំទ្រ​ដល់​ការ​កសាង​ជំនាញ​ជាក់ស្តែង បង្កើន​ការអប់រំ និង​ឱកាស​ការងារ​សម្រាប់​យុវជន​កម្ពុជា​។​

​លោក Raymond SIA ប្រ​ធាន ABC បាន​ថ្លែង​ក្នុង​ពិធី​ចុះ​ហត្ថ​លេខា​លើ MoU ថា កិច្ច​សហ​ការ​នេះ​នឹង​រួមចំណែក​ដល់​ការ​​កសាង​ជំនាញ និង​កម្លាំង​ពល​​កម្ម​ឌីជីថល ក្នុង​វិស័យ​ធនាគារ​ស្របតាម​ការផ្លាស់ប្តូរ​សេដ្ឋកិច្ច​ឌីជីថល​របស់​រដ្ឋាភិបាល​។​

​លោក​ថ្លែងថា​៖ «​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​នេះ គឺជា​សមិទ្ធផល​មួយទៀត​ឆ្ពោះទៅ​ការកសាង​ជំនាញ និង​ពង្រឹងកម្លាំង​ពលកម្ម​ឌីជីថល​នៅក្នុង​វិស័យ​ធនាគារ រួម​ជាមួយនឹង​បដិវត្តន៍​ឧស្សាហកម្ម​ទី​ ៤ និង​ក្របខ័ណ្ឌ​គោលនយោបាយ​សេដ្ឋកិច្ច និង​សង្គម​ឌីជីថល​កម្ពុជា ឆ្នាំ​ ២០២១-២០៣៥​។ ABC & ELIX នឹងធ្វើ​ការងារ​រួមគ្នា​ដើម្បី​លើកកម្ពស់​របៀប​វារៈ​ឌីជីថល​សម្រាប់​សេដ្ឋកិច្ច​កម្ពុជា​ដែលមាន​លក្ខណៈ​ឌី​ជី​ថ​ល​កាន់តែខ្លាំង​»​។​

​លោក រ័ត្ន សុវណ្ណ​នរៈ ជំនួយ​​ការ​ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា​ដែល​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​ខាងលើបានឱ្យដឹងថា នេះ​ស​​បញ្ជាក់​ឱ្យឃើញ​ពី​កិច្ចសហការ និង​ការរួមចំណែក​ពី​ផ្នែក​ឯកជន​ក្នុងការ​អភិវឌ្ឍ​ចំណេះដឹង​ឌី​ជី​ថ​ល និង​ការកសាង​សមត្ថភាព​ក្នុង​វិស័យ​ហិរញ្ញវត្ថុ ស្របតាម​ក្របខ័ណ្ឌ​សេដ្ឋកិច្ច​ឌីជីថល​របស់​រដ្ឋាភិបាល​។​

​លោក​បន្ថែមថា ក្នុងនាម​ជា​សមត្ថកិច្ច​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ ធនាគារជាតិ​នៃ​កម្ពុជា កំពុងធ្វើការ​ងារ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ដើម្បី​ពង្រឹង និង​គាំទ្រ​ដល់​ការអនុវត្ត​ផល​​ប៉ះពាល់​ដោយសារ​បច្ចេកវិទ្យា​ឌីជីថល​ក្នុង​ប្រព័ន្ធ​ធនាគារ​។​

​លោក​ថ្លែងថា​៖ «​ការចុះ​ហត្ថ​​លេខា​រវាង​សមាគម​ធនាគារ​នៅ​កម្ពុជា និង​អង្គការ​ផ្លាស់ប្តូរ​នវានុវត្តន៍​ភាពជា​អ្នកដឹកនាំ អ្នកជំនាញ ​(ELIX) នឹង​ពង្រឹង​ចំណេះដឹង និង​កម្លាំង​ពលកម្ម​ឌីជីថល​យ៉ាងសកម្ម​រួមគ្នា និង​ការបណ្តុះបណ្តាល ក៏ដូចជា​ស្វែងយល់​ឱ្យបាន​ច្បាស់​ពី​វប្ប​ធម៌​ការងារ​សម្រាប់​ការអនុវត្ត​ជាប្រចាំ​»​។​

​យោងតាម​របាយការណ៍​ត្រួត​​ពិនិត្យ​ប្រចាំឆ្នាំ​ ២០២២ របស់​ធនាគារជាតិ​នៃ​កម្ពុជា (NBC) ចំនួន​គណនី e-wallet ដែល​បាន​ចុះឈ្មោះ​បាន​កើនឡើង​ដល់​ ១៩,៥​ លាន ហើយ​ចំនួន​ប្រតិបត្តិ​ការសរុប​កើនឡើង​ពី ​៧០៨​ លាន​ដល់ ១​ ពាន់​លាន ជាមួយ​ទឹកប្រាក់​សរុប ២៧២,៨ ពាន់​លាន​ដុល្លារ (​កើន ៣៤ ភាគរយ​) ប្រហែល​ ៩ ដង​នៃ​ផលិតផល​ក្នុងស្រុក​សរុប​។​

​គិត​ត្រឹម​ចុងឆ្នាំ​ ២០២២ គ្រឹះ​ស្ថាន​សេវា​ទូទាត់​ប្រាក់​ (PSI)​ ចំនួន ៣៥​ ត្រូវបាន​ផ្តល់​អាជ្ញា​ប័ណ្ណ និង BFIs ចំនួន​ ២ ត្រូវបាន​អនុញ្ញាត​។ បន្ទាប់ពី​កិច្ច​សហប្រតិបត្តិ​ការប្រកប​ដោយ​ជោគជ័យ​ជាមួយនឹង​ធនាគារកណ្ដាល​ថៃ ធនាគារជាតិ​នៃ​កម្ពុជា កំពុងធ្វើការ​ជាមួយ​ធនា​​គារ​កណ្ដាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ឡាវ និង​ធនាគារកណ្ដាល​រដ្ឋ​វៀតណាម ដើម្បី​ភ្ជាប់​ជាមួយ​ប្រព័ន្ធ​ទូទាត់​នៃ​ប្រ​ទេស​នានា​ក្នុង​គោលបំណង​ធ្វើឱ្យ​ការទូទាត់​ឆ្លងកាត់​ព្រំដែន​កាន់តែ​ងាយស្រួល លឿន សុ​វត្ថិ​ភាព​ជាង​មុន និង​បរិ​យា​ប័ន្ន​។ នេះ​បើ​យោងតាម ​NBC៕