កម្ពុជា និង​វៀតណាម បាន​ចុះហត្ថលេខា​លើ កិច្ចសម្របសម្រួល​ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម សម្រាប់​ឆ្នាំ​ ២០២៣-២០២៤ ដែលជា​ចលករ​មួយ​ដ៏​សំខាន់​ក្នុង​ការជំរុញ និង​ធ្វើឱ្យ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​កាន់តែ​រីកចម្រើន​ឥតឈប់ឈរ​លើ​គ្រប់​វិស័យ​។​

​ការចុះហត្ថលេខា​នេះ បានធ្វើ​ឡើង នា​រសៀល​ថ្ងៃទី​០២ ខែមិថុនា ឆ្នាំ​២០២៣ រវាង​លោក លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​ជា​តំណាង​រាជរដ្ឋាភិបាល​កម្ពុជា ខណៈដែល​ខាង​ភាគី​វៀតណាម តំណាង​ដោយ លោក ង្វៀន ហុង​ទៀន (NGUYEN HONG DIEN) រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម​និង​ពាណិជ្ជកម្ម តាមរយៈ​ប្រព័ន្ធ​វីដេអូ ដោយមាន​ការអញ្ជើញ​ចូលរួម​ថ្នាក់ដឹកនាំ និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​នៃ​ក្រសួង​ទាំងពីរ​ផងដែរ​។​

​លោក ប៉ាន សូរ​ស័ក្តិ បាន​ថ្លែងថា ទំនាក់ទំនង​ទ្វេភាគី​រវាង កម្ពុជា និង វៀតណាម មាន​ភាពជិតស្និទ្ធ និង​ជា​យូរអង្វែង​មកហើយ ដែលជា​ចលករ​មួយ​ដ៏​សំខាន់​ក្នុង​ការជំរុញ​កិច្ចសហប្រតិបត្តិកា​រវិ​ស័​យ​សេដ្ឋកិច្ច​-​ពាណិជ្ជកម្ម និង​វិនិយោគ ដោយ​ឈរលើ​មូលដ្ឋាន​ភាពជា​អ្នកជិតខាង​ល្អ មិត្ត​ភាពជា​ប្រពៃណី កិច្ចសហប្រតិបត្តិការ​យូរអង្វែង​និង​គ្រប់​ជ្រុងជ្រោយ ព្រមទាំង​ការផ្តល់​ផលប្រយោជន៍​ឱ្យ​គ្នា​ទៅវិញទៅមក​។​

​លោក​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​កម្ពុជា បាន​គូសបញ្ជាក់ថា​៖«​ការផ្តួចផ្តើម​ឱ្យមាន​កិច្ចសម្របសម្រួល​ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី គឺធ្វើឡើង​ក្រោម​ការចង្អុលបង្ហាញ​ដ៏​ខ្ពង់ខ្ពស់​ពី​ប្រមុខ​ដឹកនាំ​នៃ​ប្រទេស​យើង​ទាំងពីរ តាមរយៈ​សេចក្ដីថ្លែងការណ៍​រួម​កម្ពុជា​-​វៀតណាម រវាង​នាយករដ្ឋមន្ដ្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​នាយករដ្ឋមន្ដ្រី នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ដែល​បាន​ឯកភាពគ្នា​កាលពី​ឆ្នាំ​២០០៥ នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម សំដៅ​រៀបចំ​គោលនយោបាយ​អនុគ្រោះ​លើ​ពន្ធគយ​សម្រាប់​ទំនិញ​ដែលមាន​ដើមកំណើត​នៅ​ប្រទេស​រៀងៗ​ខ្លួន​»​។

«​រហូតមកដល់​ពេលបច្ចុប្បន្ន​នេះ តំណាង​ក្រសួង​យើង​ទាំង​ពីរបាន​ចុះហត្ថលេខា​លើ​ឯកសារ​នេះ​ចំនួន ០៧​លើក រួចមកហើយ និង​បាន​ឯកភាព​បន្ត​សុពលភាព ចំនួន ០១​លើក លើ​កិច្ចសម្របសម្រួល​ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​នេះ តាមផ្លូវ​ការទូត​»​។ លោក ប៉ាន សូរ​ស័ក្តិ បានបញ្ជាក់​បន្ថែម​។​

​លោក​បាន​បន្តថា ការចុះហត្ថលេខា​លើ​កិច្ចសម្របសម្រួល​ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​នា​ថ្ងៃនេះ គឺជា​ការចូលរួម​អនុវត្ត​នូវ​ស្មារតី នៃ​កិច្ចប្រជុំ​លើក​ទី​២០ របស់​គណៈកម្មការ​ចម្រុះ​កម្ពុជា​-​វៀតណាម ស្តីពី​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា ដែល​បាន​ប្រព្រឹត្តទៅ​នា​ដើមឆ្នាំ​២០២៣ នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម ដែល​ឆ្លុះបញ្ចាំង​អំពី​កិច្ច​សហប្រតិបត្តិ​ទ្វេភាគី​ដ៏​ល្អប្រសើរ​។ ជាពិសេស​កិច្ចខិតខំ​បន្ត​ពង្រឹង​ការតភ្ជាប់​សេដ្ឋកិច្ច សំដៅ​ជំរុញ​វិនិយោគ និង​បង្កើន​កំណើន​ពាណិជ្ជកម្ម​ទ្វេភាគី​ឱ្យ​កាន់តែ​ទ្បើង​ខ្ពស់​បន្តទៀត ស្របតាម​អាណត្តិ​និង​ការចង្អុលបង្ហាញ​ដ៏​ខ្ពង់ខ្ពស់​របស់​ប្រមុខ​ដឹកនាំ​នៃ​ប្រទេស​ទាំងពីរ​។​

​លោក ង្វៀន ហុង​ទៀន (NGUYEN HONG DIEN) រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​វៀតណាម បានលើកឡើង​ដែរ​ថា ការផ្តួចផ្តើម​ឱ្យមាន​សេចក្ដីថ្លែងការណ៍​រួម​កម្ពុជា​-​វៀតណាម រវាង​ព្រះរាជាណាចក្រ​កម្ពុជា​និង​វៀតណាម ក្នុងការ​រៀបចំ​គោលនយោបាយ​អនុគ្រោះ​លើ​ពន្ធគយ​សម្រាប់​ទំនិញ​ដែលមាន​ដើមកំណើត​នៅ​ប្រទេស​រៀងៗ​ខ្លួន គឺជា​រឿង​ចាំបាច់​។​

​លោក​បាន​បន្តថា កិច្ចសម្របសម្រួល​ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី សម្រាប់​ឆ្នាំ​២០២៣-២០២៤ ដែល​បាន​ចុះហត្ថលេខា​នាពេលនេះ គឺជា​ឯកសារ​ដ៏​សំខាន់​សម្រាប់​ធុរជន និង​អ្នក​នាំចេញ​នាំចូល ហើយ​ថែមទាំង​នឹង​ជួយ​ជំរុញ​ការនាំចេញ​នាំចូល​ទំនិញ​រវាង​ប្រទេស​ទាំងពីរ បន្ថែម​លើ​ការ​ព្រៀម​ព្រៀង​គ្នា​ក្នុង​ក្របខ័ណ្ឌ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទំនិញ​អាស៊ាន​។​

​រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​វៀតណាម បាន​បញ្ជាក់ថា​៖«​ទោះបីជា​ពិភពលោក​បាន​រង​ផលប៉ះពាល់​នៃ​វិបត្តិ​ជំងឺឆ្លង​កូ​វីដ​១៩ ក៏ដោយ តែ​រដ្ឋាភិបាល​ប្រទេស​ទាំងពីរ បាន​ខិតខំ​ប្រឹងប្រែង​ក្នុងការ​ជំរុញ​និង​លើកស្ទួយ​ប្រទេសជាតិ​។ វា​ពិត​សារៈសំខាន់​ណាស់ សម្រាប់​ការចុះហត្ថលេខា​និង​ការអនុវត្ត​នៃ​កិច្ចសម្របសម្រួល​នេះ​ក្នុង​ការបន្ត​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​ឱ្យ​កាន់តែ​កើន​ទ្បើង​បន្ថែមទៀត ជាពិសេស ទំនិញ​កសិកម្ម​និង​ទំនិញ​ឧស្សាហកម្ម​»​។​

​ក្រសួងពាណិជ្ជកម្ម​កម្ពុ​ជា និង​ក្រសួង​ឧស្សាហកម្ម​និង​ពាណិជ្ជកម្ម​វៀតណាម អះអាងថា នឹង​ដើរ​ទន្ទឹមគ្នា​យ៉ាងសកម្ម​ក្នុងការ​ផ្សព្វផ្សាយ​ដល់​ផលិតករ អ្នក​នាំចេញ​នាំចូល និង​ក្រុមហ៊ុន​ធុរកិច្ច សំដៅ​ជំរុញ​ការអនុវត្ត​និង​ទាញ​ប្រយោជន៍​ជា​អតិបរមា​ពី​កិច្ចសម្របសម្រួល​ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​នេះ​៕