ភ្នំពេញៈ ក្រសួងពាណិជ្ជកម្មកម្ពុជា សហការជាមួយក្រុមហ៊ុន Alibaba នឹងបើកថ្នាក់បណ្ដុះបណ្ដាលតាមប្រព័ន្ធអេឡិចត្រូនិកមួយ ឈ្មោះថា Alibaba Netpreneur Masterclass ដែលថ្នាក់បណ្ដុះបណ្ដាលនេះនឹងធ្វើឡើងរយៈពេលជិត ១ ខែ ចាប់ពីចុងខែកក្កដា ខាងមុខតទៅ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម។

សេចក្តីជូនដំណឹងចុះកាលបរិច្ឆេទថ្ងៃទី៥ ខែមិថុនា បានឱ្យដឹងថា ក្រោមកិច្ចសហការរវាងក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន Alibaba ក្រសួងពាណិជ្ជកម្ មសូមជូនដំណឹងដល់សាធារណជន ឱ្យបានជ្រាបថា ក្រុមហ៊ុន Alibaba នឹង​បើកថ្នាក់បណ្ដុះបណ្ដាលតាមប្រព័ន្ធអេឡិចត្រូនិក«Alibaba Netpreneur Masterclass»ចាប់ផ្ដើមពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ ដល់ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ ដែលមានរយៈពេលសិក្សាពី ៦ ទៅ ៨ ម៉ោងក្នុង ១ សប្ដាហ៍ ហើយតម្រូវឱ្យរៀនជាភាសាអង់គ្លេស។ ការចូលរៀនថ្នាក់បណ្ដុះបណ្ដាលនេះ គឺមិនមានបង់ថ្លៃឡើយ។

សេចក្តីជូនដំណឹងបញ្ជាក់ថា៖«គោលបំណងនៃថ្នាក់បណ្តុះបណ្តាលនេះ នឹងផ្ដល់ដល់សហគ្រិន និងម្ចាស់អាជីវកម្មប្រព័ន្ធអេឡិចត្រូនិកទាំងអស់នូវបទពិសោធន៍ និងជំនាញថ្មីៗក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលដើម្បីលើកកម្ពស់អាជីវកម្ម និងសេដ្ឋកិច្ចក្នុងតំបន់ឱ្យមានភាពវិជ្ជមានប្រសើរឡើង»។

យោងតាមលិខិតខាងលើ ថ្នាក់បណ្ដុះបណ្ដាលនេះ នឹងផ្តល់ឱ្យអ្នកចូលរួមនូវចំណេះដឹងមួយចំនួនដូចជា ការយល់ដឹងកាន់តែស៊ីជម្រៅអំពីសេដ្ឋកិច្ចឌីជីថល និងការស្វែងយល់ពីជំហានផ្សេងៗដើម្បីជំរុញអាជីវកម្មឱ្យមានភាពយូរ​អង្វែងក្នុងសម័យឌីជីថល។ ក្រៅពីទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សា បុគ្គលឆ្នើម ក៏អាចមានឱកាសទៅចូលរួមថ្នាក់បណ្ដុះបណ្ដាលផ្ទាល់ នៅទីស្នាក់ការកណ្ដាលក្រុមហ៊ុន Alibaba ប្រទេសចិន ទៀតផង។

សេចក្តីជូនដំណឹងបានឱ្យដឹងទៀតថា កាលបរិច្ឆេទស្នើសុំដាក់ពាក្យសិក្សាគឺចាប់ពីថ្ងៃទី៥ ខែមិថុនា រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ តាមរយៈតំណភ្ជាប់ https://agi.alibaba.com/alibabanetpreneurmasterclass2023 របស់ក្រុមហ៊ុន Alibaba។

ប្រធានសមាគមបច្ចេកវិទ្យាឌីជីថលនៃកម្ពុជា លោក ឈិន កេន បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី៥ ខែមិថុនាថា ថ្នាក់បណ្តុះបណ្តាលនេះ នឹងក្លាយជាឱកាសដ៏ល្អសម្រាប់សហគ្រិន និងម្ចាស់អាជីវកម្មតាមប្រព័ន្ធអេឡិចត្រូនិកដើម្បីទទួលបាននូវចំណេះដឹង និងបែបបទក្នុងការទិញ-លក់ទំនិញ តាមប្រព័ន្ធបច្ចេកវិទ្យា ដែលកំពុងមានសម្ទុះទៅមុខយ៉ាងលឿន នៅកម្ពុជា។

លោកបន្តថា Alibaba ជាក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន និងមានបទពិសោធន៍ដ៏ជោគជ័យលើការងារនេះ ដូច្នេះតាមរយៈថ្នាក់បណ្តុះបណ្តាលនេះ សហគ្រិន/ម្ចាស់អាជីវកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជា និងអាចយល់ដឹងកាន់តែច្រើនពីអត្ថប្រយោជន៍ និងភាពងាយស្រួលនៃការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអនឡាញ។

លោកថ្លែងថា៖«ក្នុងនាមសមាគមបច្ចេកវិទ្យាឌីជីថលនៃកម្ពុជា ខ្ញុំសូមលើកទឹកចិត្តចំពោះសកម្មភាពនៃការបណ្តុះបណ្តាលឱ្យប្រជាជនខ្មែរចេះប្រើប្រាស់ប្រព័ន្ធអនឡាញ ឱ្យបានច្រើន ពិសេសការធ្វើពាណិជ្ជកម្ម»។

យោងតាមរបាយការណ៍ពីអគ្គនាយកដ្ឋានពន្ធដារ (GDT) ប្រាក់ចំណូលពន្ធលើតម្លៃបន្ថែមពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៣ មានប្រមាណ ២០,៩១លានដុល្លារ ខណៈប្រាក់ចំណូលនេះរួមចំណែកដល់ការបង្កើតប្រាក់ចំណូលពន្ធរបស់រដ្ឋាភិបាលពីអាជីវកម្មបច្ចេកវិទ្យា ដែលជាប្រភពចំណូលថ្មី៕