ភ្នំពេញៈ គម្រោង​វិនិយោគឯកជន​ចំ​នួន​ ៦១ ដែលមាន​ទុនវិនិយោគ​សរុប​ជាង ៥០០​ លាន​ដុល្លារ និង​បង្កើត​ការ​ងារ​ជាង ៧៦​ ពាន់​កន្លែង​ត្រូវបាន​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ​(CDC) អនុម័ត​ឱ្យ​វិនិយោគ​នា​រយៈពេល ៥​ ខែ ដើមឆ្នាំ​ ២០២៣ ដោយ​ភាគច្រើន​ជា​គម្រោង​វិ​និ​យោគ​ក្នុង​វិស័យ​វាយ​ន​ភណ្ឌ​។​

​យោងតាម​ការផ្សព្វផ្សាយ​លើ​បណ្តាញ​​សង្គម​ផ្លូវការ​របស់ CDC ដែល​បូកសរុប​ដោយ ​ភ្នំពេញ​ ប៉ុស្តិ៍ បានឱ្យដឹងថា គិតពី​ខែមករា ដល់​ខែឧសភា ឆ្នាំ ២០២៣ រដ្ឋាភិបាល​កម្ពុជា​តាម​រយៈ​ក្រុមប្រឹក្សា​​អភិវឌ្ឍន៍​កម្ពុជា បានអនុម័ត​ឱ្យ​គម្រោង​វិនិយោគឯកជន ​(​ទាំង​ក្នុង​តំបន់​សេដ្ឋ​កិច្ច និង​ក្រៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​) សរុប​ចំនួន ៦១ ដែលមាន​ទុនវិនិយោគ ៥១៦,៦៤ ​លាន​ដុល្លារ និង​អាច​បង្កើន​ការងារ​បាន ៧៦ ៣១០ ​កន្លែង​។​

CDC ឱ្យដឹងថា គម្រោង​ដែល​ត្រូវបាន​អនុម័ត​ក្នុង​រយៈពេល​ខាងលើ គឺមាន​ក្នុង​វិស័យ​ជាច្រើន​ដូចជា រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​, ស្បែកជើង​, កាបូប​ធ្វើ​ដំណើរ​, រោងចក្រ​ផ្គុំ​ដំឡើង​បន្ទះ​សូ​ឡា​, រោងចក្រ​ផលិត​ឧបករណ៍​អេឡិចត្រូនិក​អគ្គិសនី​, គម្រោង​អភិវឌ្ឍន៍​រមណីយ​ដ្ឋា​ន​ទេសចរណ៍​, កសិដ្ឋាន​ចិញ្ចឹម​គោ​, គម្រោង​បង្កើត​កសិដ្ឋាន​, រោងចក្រ​កែច្នៃ​កសិផល​, រោងចក្រ​ផលិត​កេស​កា​តុង សម្ភារ​កីឡា សម្ភារ​វេច​ខ្ចប់ និង​ផលិត​គ្រឿងសង្ហារិម ជាដើម​។​

​អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ៤ ខែមិថុនា​ថា ទោះបី​កំណើនសេដ្ឋកិច្ច​ពិភពលោក​ជួបនឹង​វិបត្តិ​ជា​បន្ត​បន្ទាប់​ក្នុង​រយៈពេល​ជាង ៣ ​ឆ្នាំ​មកនេះ​ក៏​កម្ពុជា​នៅតែ​អាច​ទទួល​បានការ​មក​បណ្តាក់ទុន​ជា​បន្តបន្ទាប់​។

មូល​ហេតុដែល​កម្ពុជា​អាច​ទាក់ទាញ​បាន​កំណើន​ការវិនិយោគ​ផ្ទាល់​នាពេលនេះ គឺ​ដោយ​សារ​កត្តា​មួយចំនួន​ដូចជា នយោបាយ​ក្នុងប្រទេស​មាន​ស្ថិរភាព​, កំណើន​សេដ្ឋ​​កិច្ច​រឹងមាំ​, ច្បាប់​វិនិយោគ ទីតាំង​ភូមិ​សាស្ត្រ ពលកម្ម និង​ហេដ្ឋារចនាសម្ព័ន្ធ​ល្អប្រសើរ​។ លោក​បន្ថែមថា ក្រៅពីនោះ​ផលិតផល​កម្ពុជា ក៏​ទទួលបាន​ភាព​អនុ​គ្រោះ​ពន្ធ​នាំទៅ​ប្រទេស​ធំៗ​មួយចំនួន​ដូចជា អាមេរិក តំបន់​អឺរ៉ុប ចិន កូរ៉េ និង​ជប៉ុន ជាដើម​។​

​លោក​ឱ្យដឹងទៀតថា ក្រៅពី​ចំណុច​ទាំងអស់​ខាងលើ កម្ពុជា​ក៏​ជា​ប្រទេសមួយ​ដែល​ទទួលបាន​ផលប្រយោជន៍​ពី​ជម្លោះ​ពាណិជ្ជកម្ម​រវាង​ប្រទេស​មាន​សេដ្ឋកិច្ច​រីកចម្រើន​នានា តាមរយៈ​ការ​ផ្លាស់ប្តូរ​ទីតាំង​ចេញពី​ប្រទេស​ទាំង​នោះមក​បើក​ដំណើរការ​នៅ​កម្ពុជា​។​

​លោក​បញ្ជាក់ថា​៖ «​ការវិនិយោគ​របស់​វិនិយោគិន​ក្នុងស្រុក និង​បរទេស​នៅ​កម្ពុជា​នឹង​បន្ត​កើនឡើង​កាន់តែច្រើន​នៅពេល​ស្ថានភាព​សេដ្ឋកិច្ច និង​ន​យោ​បាយ​ពិភពលោក​ប្រសើរ​»​។ លោក​បន្តថា​៖ «​ការវិនិយោគ​ផ្ទាល់​គឺ​សំខាន់​ណាស់​សម្រាប់​ភាពរឹងមាំ​របស់​សេដ្ឋកិច្ច ព្រោះ​ក្រៅពី​ជួយ​បង្កើត​ការងារ វា​ក៏​ជួយ​លើក​កម្ពស់​សមត្ថភាព​នាំចេញ​ផលិតផល​សម្រេច​ពី​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ​ឱ្យ​កាន់តែខ្លាំង​ផងដែរ​»​។​

​លោក​លើកឡើង​ទៀតថា កិច្ច​ព្រម​​ព្រៀង​ពាណិជ្ជកម្ម​ដែល​កម្ពុជា​បានធ្វើ​ជាមួយ​ប្រទេស​ដៃគូ​សំខាន់ៗ ដូចជា កម្ពុជា​-​ចិន​,​កម្ពុជា​-​កូរ៉េ និង​កិច្ចព្រមព្រៀង ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ RCEP ក៏​កំពុង​ចូលរួមចំណែក​ក្នុងការ​ទាក់ទាញ​អ្នកវិនិយោគ​ឱ្យ​បណ្តាក់​ទុន​នៅ​កម្ពុជា​កាន់តែច្រើន​។​

​ប្រធាន​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា លោក តែ តាំង​ប៉រ បាន​និយាយថា បើសិន​កម្ពុជា​អាចធ្វើឱ្យ​តម្លៃ​អគ្គិសនី​កាន់តែ​ទាប​ថែមទៀត វា​នឹង​ក្លាយជា​ចំណែក​ដ៏​សំខាន់​ក្នុងការ​​ទាក់ទាញ​អ្នកវិនិយោគ​ឱ្យ​បញ្ចេញ​ទុន​កាន់តែច្រើន​មក​វិនិយោគ​នៅ​កម្ពុជា​។ នៅពេល​តម្លៃ​អគ្គិសនី​ទាប វា​នឹង​ជួយ​កាត់បន្ថយ​ចំណាយ​ថ្លៃដើម ដែល​ធ្វើឱ្យ​សមត្ថភាព​ប្រកួតប្រជែង​នៅលើ​ទីផ្សារ​អន្តរជាតិ​កាន់តែខ្លាំង​។​

​លោក​អះអាងថា​៖ «​តម្លៃ​ប្រេង និង​តម្លៃ​អគ្គិសនី ជា​កត្តា​គួបផ្សំ​ដ៏​សំខាន់​ក្នុងការ​ទាក់ទាញ​អ្នកវិនិយោគ ព្រោះ​ប្រេង និង​អគ្គិសនី គឺជា​ធាតុ​ផ្សំ​សំខាន់​សម្រាប់​ផ្នែក​ផលិតកម្ម ក្រៅពី​ការចំណាយ​ទៅលើ​វត្ថុធាតុដើម និង​កម្លាំង​ពលកម្ម​។ កាលណា​តម្លៃ​ប្រេង និង​តម្លៃ​អគ្គិសនី​មាន​ស្ថិរភាព និង​តម្លៃ​ទាប អ្នកវិនិយោគ​ក្រៅ​ស្រុក​នឹង​មើលឃើញ​ឱកាស​ផ្សេងៗ​ចេញពី​កត្តា​ទាំងអស់នោះ​»​។​

​ធនាគារជាតិ​នៃ​កម្ពុជា ​(NBC) បានឱ្យដឹងថា គិត​ត្រឹម​ចុងឆ្នាំ ​២០២១ ការ​​វិនិយោគ​ផ្ទាល់​បរទេស​នៅ​កម្ពុជា មាន​ទឹកប្រាក់​សរុប ៤១​ ពាន់​លាន​ដុល្លារ កើនឡើង ១១,២ ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​ ២០២០៕