
សមាគមសណ្ឋាគារកម្ពុជា និងក្រុមហ៊ុនអាកាសចរណ៍ Lanmei Airlines ក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នា កាលពីថ្ងៃទី ២ ខែមិថុនា។ រូបថត CHA
ភ្នំពេញៈ សមាគមសណ្ឋាគារកម្ពុជា (CHA) និងក្រុមហ៊ុនអាកាសចរណ៍ Lanmei Airlines (Cambodia) Co Ltd ដែលគ្រប់គ្រងដោយវិនិយោគិនចិន បានចាប់ដៃគ្នាដើម្បីទាក់ទាញទេសចរចិន និងភ្ញៀវទេសចរមកពីតំបន់អាស៊ានកាន់តែច្រើនថែមទៀតមកកាន់ប្រទេសកម្ពុជា បន្ទាប់ពីស្ថាប័នទាំង ២ នេះ បានយល់ព្រមដាក់ឱ្យដំណើរការកក់សណ្ឋាគារតាមកម្មវិធី Lanton Cloud APP នៅចុងខែនេះ។
CHA និងក្រុមហ៊ុន Lanmei Airlines កាលពីថ្ងៃទី ២ ខែមិថុនា សម្រេចបានអនុស្សរណៈយោគយល់គ្នា (MoU) ស្តីពីកម្មវិធី Lanton Cloud ដែលតំណាងឱ្យក្រុមហ៊ុនផលិតសម្ភារផ្គត់ផ្គង់សណ្ឋាគាររបស់ប្រទេសចិន ក្នុងការគាំទ្រដល់ CHA ដើម្បីជំរុញឱ្យខ្សែចង្វាក់ផ្គត់ផ្គង់ប្រកបដោយប្រសិទ្ធភាព និងសន្សំសំចៃសម្រាប់សណ្ឋាគារនៅកម្ពុជា។
លោក ឌិន សុមេធារិទ្ធ ប្រធាន CHA បានឱ្យដឹងថា អនុស្សរណៈយោគយល់គ្នានេះនឹងផ្តល់លទ្ធភាពទទួលបានភ្ញៀវទេសចរបរទេស ជាពិសេសជនជាតិចិន និងមកពីតំបន់ដើម្បីកក់សណ្ឋាគារតាមរយៈកម្មវិធី Lanton Cloud App របស់ក្រុមហ៊ុនអាកាសចរណ៍ Lanmei។
លោកថ្លែងថា៖ «ស្ថិតក្រោម MoU នេះ កម្មវិធីនេះនឹងអនុញ្ញាតឱ្យភ្ញៀវទេសចរ ជាពិសេសជនជាតិចិន និងអ្នកទេសចរក្នុងតំបន់អាចកក់សណ្ឋាគារតាមអ៊ីនធឺណិតតាមរយៈកម្មវិធី Lanton Cloud App ដែលគ្រោងនឹងដាក់ឱ្យដំណើរការនៅចុងខែមិថុនានេះ។ ការណ៍នេះនឹងរួមចំណែកដល់ការស្ទុះងើបឡើងវិញដ៏ឆាប់រហ័សនៃឧស្សាហកម្មទេសចរណ៍របស់យើង ជាពិសេសដើម្បីទាក់ទាញភ្ញៀវទេសចរចិន និងមកពីតំបន់កាន់តែច្រើន ខណៈក្រុមហ៊ុនអាកាសចរណ៍ Lanmei កំពុងពង្រីក និងបង្កើនចំនួនជើងហោះហើរ»។
លោកបានបន្ថែមថា៖ «ខ្ញុំលើកទឹកចិត្តសមាជិកសមាគមសណ្ឋាគារកម្ពុជាឱ្យចូលរួមជាមួយយើង ដោយសារពួកគេទទួលបានជម្រើសកាន់តែច្រើនក្នុងការទាក់ទាញភ្ញៀវទេសចរជាមួយនឹងកិច្ចសហប្រតិបត្តិការនេះ»។
បើតាមលោក សុមេធារិទ្ធ កម្ពុជាបានទទួលភ្ញៀវទេសចរចិនជាង ២,២ លាននាក់ មុនពេលមានវត្តមានជំងឺកូវីដ ១៩ ខណៈលំហូរភ្ញៀវទេសចរមកពីអាស៊ានក៏កើនឡើងផងដែរ។ ចាប់តាំងពីកម្ពុជាបានបើកដំណើរការសេដ្ឋកិច្ច និងសង្គមពេញលេញឡើងវិញមកដល់ពេលនេះ គឺលំហូរនៃភ្ញៀវទេសចរមកពីអាស៊ាន មានការកើនឡើង ជាពិសេសពីប្រទេសថៃ វៀតណាម ឥណ្ឌូនេស៊ី និងចិន។
លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា កិច្ចសហការនេះនឹងរួមចំណែកដល់ការស្ទុះងើបឡើងវិញនៃឧស្សាហកម្មទេសចរណ៍ ខណៈដែលវានឹងផ្តល់ជម្រើសកាន់តែច្រើនសម្រាប់ភ្ញៀវទេសចរដែលមានបំណងមកទស្សនាប្រទេសកម្ពុជាកាន់តែមានភាពងាយស្រួលក្នុងការកក់សណ្ឋាគារដោយប្រើប្រាស់កម្មវិធីនេះ។
លោកថ្លែងថា៖ «កិច្ចសហការនេះនឹងផ្តល់ជម្រើសកាន់តែច្រើនសម្រាប់ភ្ញៀវទេសចរដែលធ្វើដំណើរតាមជើងហោះហើររបស់ក្រុមហ៊ុន Lanmei Airlines អាចស្វែងរកសណ្ឋាគារល្អៗក្នុងប្រទេសកម្ពុជាបានយ៉ាងងាយស្រួលដោយប្រើប្រាស់កម្មវិធីរបស់ពួកគេ»។
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានប្រាប់សារព័ត៌មានក្នុងស្រុក កាលពីថ្ងៃទី ៦ ខែមករា ថា កម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីស្វាគមន៍ភ្ញៀវទេសចរចិនដីគោកត្រឡប់មកវិញ ដោយបង្ហាញការប៉ាន់ប្រមាណសម្រាប់ឆ្នាំ ២០២៣ មានប្រហែល ១ លាននាក់ ឬកើនឡើង ១០ ដងបើធៀបនឹងឆ្នាំ ២០២២។
ក្រសួងទេសចរណ៍ឱ្យដឹងថា កម្ពុជាបានស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិជាង ២,២៧ លាននាក់ក្នុងឆ្នាំ ២០២២ ធ្លាក់ចុះ ៦៥,៥៦ ភាគរយបើធៀបនឹងចំនួនខ្ពស់បំផុតដែលមិនធ្លាប់មាន ៦,៦១ លាននាក់ក្នុងឆ្នាំ ២០១៩ ប៉ុន្តែកើនឡើង ១១,៥៩ ដងធៀបនឹងឆ្នាំ ២០២១។ ក្នុងចំណោមនេះភ្ញៀវទេសចរ ៧៩១ ៦០៣ នាក់ (៣៤,៨ភាគរយ) បានមកដល់កម្ពុជាតាមផ្លូវអាកាសធៀបនឹង ៤,៤០ លាននាក់ (៦៦,៦២ ភាគរយ) កាលពីឆ្នាំ ២០១៩៕