
ឡូហ្គោ ADB និង UNCTAD។ រូបថត ហ្វេសប៊ុក
ភ្នំពេញៈ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងសន្និសីទអង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ (UNCTAD) បានផ្តល់អនុសាសន៍ឱ្យកម្ពុជាអនុវត្តកំណែទម្រង់ពាណិជ្ជកម្មដោយពង្រីកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីឆ្ពោះទៅផែនការនៃការចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច (LDC) នៅដើមឆ្នាំ ២០២៧ បន្ទាប់ពីខ្លួនបានបំពេញតាមលក្ខណៈវិនិច្ឆ័យនៃការចាកចេញពីបញ្ជីនេះជាលើកដំបូងនៅឆ្នាំ ២០២១។
បើយោងតាមរបាយការណ៍រួមរបស់ ADB និង UNCTAD កាលពីចុងខែឧសភា កម្ពុជាជិតនឹងឡើងចេញពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួច។ កម្ពុជាគួរតែពន្លឿនកំណែទម្រង់ពាណិជ្ជកម្មដើម្បីដោះស្រាយបញ្ហាប្រឈមដែលនឹងនាំមកជាមួយឋានៈថ្មីរបស់ខ្លួន។ រយៈពេល ២ ទសវត្សរ៍បន្ទាប់ពីការដាក់បញ្ចូលក្នុងបញ្ជីប្រទេសអភិវឌ្ឍន៍តិចតួច កម្ពុជាបានបំពេញលក្ខណវិនិច្ឆ័យដើម្បីឡើងចេញពីបញ្ជីនេះជាលើកដំបូងនៅឆ្នាំ ២០២១ ជាមួយនឹងផែនការឡើងចេញពីបញ្ជីនេះក្នុងអំឡុងឆ្នាំ ២០២៧។
ស្ថាប័នទាំង ២ នេះបន្តថា៖ «នេះគឺជាសមិទ្ធផលដ៏សំខាន់មួយដោយសារការឡើងចេញពីស្ថានភាពប្រទេសអភិវឌ្ឍន៍តិចតួចមានន័យថា ប្រទេសមួយបានសម្រេចគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមយ៉ាងធំធេង។ ទោះយ៉ាងណាការចេញពីបញ្ជីប្រទេសអភិវឌ្ឍន៍តិចតួចក៏នឹងនាំមកនូវបញ្ហាប្រឈមផងដែរ»។
ស្ថាប័នទាំង ២ នេះបញ្ជាក់ថា សម្រាប់ករណីប្រទេសកម្ពុជា ការឡើងចេញពីបញ្ជីនេះនឹងអាចនាំដល់ការបាត់បង់អត្ថប្រយោជន៍ពាណិជ្ជកម្មដែលប្រទេសអភិវឌ្ឍន៍តិចបំផុតទទួលបាន រួមទាំងការអនុគ្រោះពន្ធ និង «ច្បាប់កំណត់ប្រភពដើម»។
ស្ថាប័នទាំង ២ បញ្ជាក់ថា៖ «កម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រទេសអភិវឌ្ឍន៍តិចតួចបំផុតដែលបានបង្កើនការនាំចេញរបស់ខ្លួនទៅកាន់សហភាពអឺរ៉ុបយ៉ាងខ្លាំងតាមរយៈការអនុគ្រោះពន្ធ និងការអនុគ្រោះតាមរយៈច្បាប់កំណត់ប្រភពដើមដែលអនុញ្ញាតឱ្យផលិតផលរបស់ខ្លួនចូលទៅកាន់អឺរ៉ុបដោយមិនបង់ពន្ធ។ បើមិនបានគ្រប់គ្រងដោយប្រុងប្រយ័ត្នទេ ការបាត់បង់ការអនុគ្រោះនេះអាចប៉ះពាល់ដល់ការនាំចេញរបស់កម្ពុជា»។
ADB & UNCTAD បានលើកឡើងថា៖ «កម្ពុជាអាចនឹងពិចារណាលើការពង្រឹងគោលនយោបាយពាណិជ្ជកម្មរបស់ខ្លួនដោយការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មដើម្បីរក្សានិងបង្កើនលទ្ធភាពទទួលបានទីផ្សាររបស់ខ្លួន»។
ស្ថាប័នទាំង ២ បានចង្អុលបង្ហាញថាចលនាមួយក្នុងទិសដៅនេះគឺការចូលរបស់កម្ពុជាក្នុងកិច្ចព្រមព្រៀងទ្វេភាគីដាច់ដោយឡែកជាមួយសាធារណរដ្ឋប្រជាមានិតចិន និងកូរ៉េ ក្នុងឆ្នាំ ២០២២ បន្ថែមពីលើការចូលរួមរបស់ខ្លួននៅក្នុងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP)។
ថ្លែងក្នុងកម្មវិធីជួបសំណេះសំណាលជាមួយកម្មករ និយោជិតជាង ១,៦ ម៉ឺន នាក់ នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺកាលពីថ្ងៃទី ៤ ខែមិថុនា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា កម្ពុជានឹងបាត់បង់ការអនុគ្រោះពាណិជ្ជកម្មទាំងអស់នៅពេលប្រទេសឡើងចេញពីបញ្ជីប្រទេសអភិវឌ្ឍន៍តិចតួច (LDC) នៅឆ្នាំ ២០២៧។
លោកបន្តថា៖ «ក្នុងពេលខាងមុខ អាចនឹងប៉ាន់ប្រមាណនៅឆ្នាំ ២០២៦ ឬ ២០២៧ ព្រោះប្រទេសរបស់យើង គឺជាប្រទេសមិនមែនជាប្រទេសអភិវឌ្ឍន៍តិចតួចទៀតឯណា បន្តិចទៀតកម្ពុជានឹងចេញផុតពីប្រទេសអភិវឌ្ឍន៍តិចតួច អ៊ីចឹងរកស៊ីត្រូវតែបង់ពន្ធឱ្យគេទៅវិញទៅមក។ អ៊ីចឹងទេយើងត្រូវតែពង្រឹងភាពធន់ខ្លួនឯងចាប់ពីឥឡូវនេះទៅ»។
លោក គី សេរីវឌ្ឍន៍ អ្នកសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានឱ្យដឹងថា ជាមួយនឹងការកើនឡើងប្រាក់ចំណូលក្នុងមនុស្សម្នាក់របស់កម្ពុជា គឺជាលក្ខណវិនិច្ឆ័យសំខាន់លើការឡើងចេញពីបញ្ជីប្រទេសអភិវឌ្ឍន៍តិចតួច ខណៈកម្ពុជាក៏ពង្រីកដៃគូពាណិជ្ជកម្មជាមួយប្រទេសជាច្រើនទៀតផងដែរ។
លោកថ្លែងថា៖ «យើងសង្កេតឃើញថា សេដ្ឋកិច្ចរបស់យើងត្រូវបានគាំទ្រយ៉ាងទូលំទូលាយជាមួយនឹងការកើនឡើងនៃការនាំចេញទៅទីផ្សារសំខាន់ៗដូចជាទីផ្សារអឺរ៉ុប និងអាមេរិក ដែលយើងបានទទួលការអនុគ្រោះពាណិជ្ជកម្ម។ ដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ចយើងនៅពេលឡើងចេញពីបញ្ជីប្រទេសអភិវឌ្ឍន៍តិចតួចយើងត្រូវកែលម្អគោលនយោបាយពាណិជ្ជកម្ម»៕