
លោក ញឿក ភារម្យ និងចង្រិតដែលលោកចិញ្ចឹម។ រូបថត សហការី
តាកែវៈ សត្វចង្រិតគឺជាសត្វល្អិតមួយក្នុងចំណោមសត្វល្អិតជាច្រើនដែលគេនិយមបរិភោគ។ ដើមឡើយគេនិយមទាក់ទាញវានៅតាមវាលស្រែដោយការដាក់អំពូលភ្លើងចម្រុះពណ៌ដើម្បីយកមកធ្វើជាអាហារ ឬលក់ដូរតាមរដូវ។
ប៉ុន្តែបច្ចុប្បន្ន ចង្រិតត្រូវបានកសិករជាច្រើននិយមចិញ្ចឹមតាមបែបពាណិជ្ជកម្ម ដោយសារវាជាសត្វដែលងាយស្រួលក្នុងការចិញ្ចឹមមើលថែ ចំណាយដើមទុនតិច និងអាចរកប្រាក់ចំណេញបានខ្ពស់។
នៅស្រុកដូនកែវ ខេត្តតាកែវ កសិករ ១ រូប គឺលោក ញឿក ភារម្យ បានដំណើរការកសិដ្ឋានចិញ្ចឹមចង្រិតបានជិត ១៣ ឆ្នាំ ហើយ ដោយបច្ចេកទេសនៃការចិញ្ចឹមដែលលោកបានរៀន និងស្រាវជ្រាវតាមយូធូប វាអាចជួយឱ្យលោកអាចរកប្រាក់ចំណេញបានមិនក្រោម ១ ពាន់ដុល្លារឡើយក្នុង ១ ខែ។
លោក ញឿក ភារម្យ ឱ្យដឹងថា៖ «ចំពោះបច្ចេកទេសចិញ្ចឹមគឺខ្ញុំរៀនពីយូធូបទាំងស្រុងដោយសារគ្រាដែលខ្ញុំចិញ្ចឹមនោះ ឆ្នាំ ២០១១ មានអ្នកចិញ្ចឹមតិចតួចបំផុត ហើយក៏គ្មានសាលា ឬកសិដ្ឋានណាបើកបង្រៀនពីបច្ចេកទេសចិញ្ចឹមនេះដែរ»។
កសិករវ័យក្មេងនៅខេត្តតាកែវរូបនេះបានឱ្យដឹងទៀតថា ការស្រាវជ្រាវដោយខ្លួនឯងនេះមិនត្រឹមតែឱ្យលោកចេះបច្ចេកទេសចិញ្ចឹមសត្វចង្រិតមានស្តង់ដា គុណភាព និងទិន្នផលខ្ពស់ប៉ុណ្ណោះទេ វាថែមទាំងជួយឱ្យលោកអាចស្វែងយល់ពីអត្ថប្រយោជន៍សត្វប្រភេទនេះបានច្រើនផងដែរ។ លោកបន្តថា ជាមួយបទពិសោធន៍ច្រើនក្រាស់ក្រែលក្រៅតែពីគ្រប់គ្រងកសិដ្ឋានរបស់លោក លោកថែមទាំងទទួលបង្រៀនកូនសិស្សជាច្រើននាក់ដែលអាចជួយឱ្យពួកគេមានជីវភាពប្រសើរឡើងផងដែរ។
បច្ចុប្បន្ននេះ កសិដ្ឋានរបស់លោក ញឿក ភារម្យ មានជាង ១០០ អាង ដែលអាងនីមួយៗ មានទំហំទទឹង ២ ម៉ែត្រ បណ្តោយ ៨ ម៉ែត្រ និងកម្ពស់កន្លះម៉ែត្រ ដែលធ្វើពីឥដ្ឋ និងស៊ីម៉ងត៍។ អាងជាង ១០០ នេះ ផ្តល់ផលចង្រិតឱ្យលោកប្រមាណជាង ១ តោនក្នុង ១ ខែ ដោយផលទាំងនេះលោកអាចលក់ចេញបានក្នុង ១ គីឡូក្រាមតម្លៃចន្លោះពី ១ ម៉ឺនរៀលរហូតដល់ ១ ម៉ឺន ៥ ពាន់រៀល។
លោក ញឿក ភារម្យ បានរៀបរាប់បន្ថែមថា បរិមាណនៃការផ្គត់ផ្គង់សត្វចង្រិតក្នុងទំហំនេះ មិនទាន់គ្រប់គ្រាន់ និងអាចបំពេញគ្រប់តាមតម្រូវការរបស់អតិថិជននៅឡើយទេ បើទោះបីជាលោកប្រមូលទិញចង្រិតបន្ថែម ពីកូនសិស្សរបស់លោកក៏ដោយ។
លោកបញ្ជាក់ថា បច្ចុប្បន្ននេះការផលិតរបស់លោកសម្រាប់តែផ្គត់ផ្គង់នៅទីរួមខេត្តតាកែវផ្ទាល់ និងរាជធានីភ្នំពេញតែប៉ុណ្ណោះ។ លោកនិយាយថា ការចិញ្ចឹមរបស់លោក ក៏ធ្លាប់នាំចេញទៅក្រៅប្រទេសផងដែរ ប៉ុន្តែដោយសារតម្រូវការក្នុងស្រុកខ្ពស់ ទើបធ្វើឱ្យលោកផ្អាកការផ្គត់ផ្គង់ទៅក្រៅប្រទេសមួយរយៈសិន។ មានបទពិសោធន៍ និងការស្រាវជ្រាវពីការចិញ្ចឹមសត្វចង្រិតអស់រយៈពេលជាង ១០ ឆ្នាំ ធ្វើឱ្យកសិកររូបនេះ ក្លាយជាអ្នកជំនាញ។
លោកថា តម្រូវការទីផ្សារនៃសត្វចង្រិតចិញ្ចឹមនឹងនៅតែបន្តកើនឡើងពី ១ ឆ្នាំទៅ ១ ឆ្នាំ។ លោកថ្លែងថា បច្ចុប្បន្ននេះការផ្គត់ផ្គង់របស់យើងនៅខ្វះខាតនៅឡើយ ដោយសារប្រជាជនយើងបច្ចុប្បន្ននេះនិយមបរិភោគចង្រិតច្រើន អ៊ីចឹងតម្រូវការរបស់យើងនៅតែខ្ពស់ទៅៗ។
ជាមួយគ្នានេះ លោកក៏លើកទឹកចិត្តឱ្យកសិករងាកមកចិញ្ចឹមចង្រិតដើម្បីបង្កើនប្រាក់ចំណូលបន្ថែមពីព្រោះវាមានភាពងាយស្រួលក្នុងការចិញ្ចឹម និងមានទីផ្សារល្អ។ លោកថា សម្រាប់ថ្លៃដើមនៃការចិញ្ចឹម ក្នុង ១ ទ្រុងកសិករអាចនឹងត្រូវចំណាយប្រហែល ១៣០ ដុល្លារអាមេរិក ហើយសម្រាប់កសិករដែលចិញ្ចឹមប្រមាណ ១០០ ទ្រុង គាត់នឹងអាចទទួលបានប្រាក់ចំណូលចាប់ពី ១ ពាន់ដុល្លារឡើងទៅក្នុង ១ ខែ៕