​ភ្នំពេញៈ កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ​(PAS) ដែល​បាន​ចុះបញ្ជី​ភាគហ៊ុន​បាន​រាយ​ការ​​ណ៍​ពី​ការធ្លាក់ចុះ​ប្រតិបត្តិការ​អាជីវកម្ម​នៅ​ត្រីមាស​ទី​១​ ឆ្នាំនេះ ដែល​បណ្តាលមកពី​ភាពមិនប្រាកដប្រជា​នៃ​សេដ្ឋកិច្ច​ក្នុង​តំបន់ និង​ពិភពលោក​។​

​យោងតាម​ឯកសារ PAS ផ្ញើ​ទៅ​ផ្សា​រមូល​ប​ត្រ​កម្ពុជា ក្នុង​ថ្ងៃទី ​១ ខែមិថុនា គឺ​នៅ​ត្រីមាស​ទី១ ​ឆ្នាំ​ ២០២៣ ប្រាក់ចំណូល​សរុប​រប​ស់ PAS មាន​ចំនួន​ជាង ៧៧,៦២៧ ​ពាន់​លាន​រៀល​ធ្លាក់ចុះ ១៤,១១ ​ភាគរយ​ហើយ​ប្រាក់ចំណេញ​សុទ្ធ​មាន​ចំនួន ៦៥,៩៧៧ ​ពាន់​លាន​រៀល កើន ៩៩,៦៨​ ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាល​​ពី​ឆ្នាំ​ ២០២២​។​

​ក្នុង​ចុង​ការិយបរិច្ឆេទ​នា​ថ្ងៃទី ​៣១ ខែមីនា ឆ្នាំ​ ២០២៣ ទ្រព្យ​សកម្ម​សរុប​របស់ PAS មាន​ជាង ១៤,៩៩៦ ​ពាន់​លាន​រៀល កើនឡើង ៥,១៥ ​ភាគរយ និង​មូលធន​សរុប ៩២,៩៧៨ ​ពាន់​លាន​រៀល​កើន​ជាង ៦៥,៩៧៧ ​ពាន់​លាន​រៀល ស្មើនឹង ៧,៦៤ ​ភាគរយ​។​

​លោក លូ គឹមឈន់ ប្រធាន និង​ជា​អគ្គនាយក PAS បានឱ្យដឹងថា ប្រាក់ចំណូល​បាន​ធ្លាក់​ចុះ​ជាង​ ១២,៧៥៥​ ពាន់​លាន​រៀល ស្មើនឹង ១៤,១១​ ភាគរយ​បើ​ធៀប​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ ​២០២២ ខណៈ​ប្រាក់ចំណេញ​សុទ្ធ​បន្ទាប់ពី​បង់ពន្ធ កើនឡើង​ជាង ៣២,៩៣៥​ ពាន់​លាន​រៀល ស្មើ ៩៩,៦៨​ភាគរយ​។​

​លោក​ថ្លែងថា​៖ «​ការធ្លាក់ចុះ​នេះ​គឺ​ដោយសារតែ​ការធ្លាក់ចុះ​ទំនិញ​កុងតឺន័រ និង​ទំនិញ​ឆ្លង​​កាត់ ប៉ុន្តែ​ការកើនឡើង​នៃ​ប្រាក់ចំណេញ​សុទ្ធ​បាន​ពី​ទ្រព្យសកម្ម​ដែល​ត្រូវបាន​ចាត់ថ្នាក់​រក្សាទុក​សម្រាប់​លក់​ដូចជា ដី​នៅ​ភូមិ​គគីរ ឃុំ​បិត​ត្រាង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ដែលនាំឱ្យ​មានការ​កើនឡើង​ប្រាក់ចំណេញ​សុទ្ធ​បន្ទាប់ពី​បង់ពន្ធ​ធៀប​នឹង​ត្រីមាស​ទី​ ១ ឆ្នាំ​ ២០២២»​។​

​លោក​បន្តថា កុងតឺន័រ​ឆ្លង​កាត់​មាន​ចំនួន ១៧៤ ៦៤៩ TEUs ធ្លាក់ចុះ ២៣ ៥៣៣ TEUs ស្មើនឹង ១១,៨៧ ភាគ​រយ​បើ​ធៀប​នឹង​ត្រីមាស​ទី​១ ឆ្នាំ​ ២០២២​។​

​លោក​លើកឡើងថា​៖ «PAS នឹង​បន្ត​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​ធ្វើឱ្យ​ប្រតិបត្តិការ​អាជីវកម្ម និង​សេវាកម្ម​ប្រសើរឡើង និង​ដើម្បី​សម្រេចបាន​លទ្ធផល​ល្អ​បំផុត​សម្រាប់​ផលប្រយោជន៍​របស់​ភាគ​ទុ​និក​យើង​។ PAS បាន​ពង្រឹង​ប្រសិទ្ធភាព​ការងារ និង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​បន្ថែម ដើម្បី​បំពេញតម្រូវការ​អតិថិជន​ដែល​កំពុង​កើនឡើង និង​កំ​ណើ​ន​សេដ្ឋកិច្ច​»​។​

​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក ស៊ុន ចាន់​ថុល បាន​ថ្លែង​ក្នុង​ពិធី​បើក​ការ​​ដ្ឋា​ន​សាងសង់​ចំណត​កុងតឺន័រ​ថ្មី នៅ​កំពង់ផែ​ក្រុងព្រះសីហនុ នា​ថ្ងៃទី ​១ ខែឧសភា ថា PAS កំពុង​រួមចំណែក​ដល់​ការរីក​លូត​​លាស់ និង​អភិវឌ្ឍន៍​ជាតិ​របស់​កម្ពុជា​ជាមួយនឹង​ការកើនឡើង​នៃ​បរិមាណ​ទំនិញ​ឆ្លងកាត់​តាម​កំពង់ផែ​។ ដូច្នេះ​ប្រាក់ចំណូល​បាន​ពី​កំពង់ផែ និង​ចំណូល​ជាតិ​មានការ​កើនឡើង​។​

​លោក​ថ្លែងថា​៖ «​បរិមាណ​ទំនិញ​ឆ្លងកាត់​កំពង់ផែ​ក្នុង​ឆ្នាំ ២០២២ មាន​ចំនួន​ប្រហែល ​៧ ​លាន​តោន កើន ០,១៨ ​ភាគ​រយ​ហើយ​ប្រាក់ចំណូល​សរុប​មាន​ចំនួន ៨៤​ លាន​ដុល្លារ​កើនឡើង ០,៤១ ភាគរយ​ធៀប​នឹង​ឆ្នាំ ​២០២១​។​

​លោក លូ គឹមឈន់ បានឱ្យដឹង​កាលពីពេល​ថ្មីៗ​នេះ​ថា ការសាងសង់​ចំណត​កុងតឺន័រ​ថ្មី​នេះ គឺជា​ការអភិវឌ្ឍ​បន្ថែម​ដើម្បី​ពង្រីក​សមត្ថភាព និង​ឆ្លើយតប​ការកើនឡើង​នៃ​ចំនួន​កុងតឺន័រ​ឆ្លងកាត់​កំពង់ផែ​ពេលនេះ និង​ពេលអនាគត​។ លោក​បន្តថា ការសាងសង់​ចំណត​នេះ​ចែក​ចេញ​ជា​ ៣ ដំណាក់កាល​៕