​ក្រុមហ៊ុន​ RMA (Cambodia) Plc (RMAC) ​ដែល​ចុះបញ្ជី​សញ្ញា​បណ្ណសា​ជីវ​កម្មបាន​រាយការណ៍​ពី​កំណើន​យ៉ាងខ្លាំង​នៃ​ប្រតិបត្តិការ​អាជីវក​ម្ម​ នៅក្នុង​ត្រីមាស​ទី​១​ ឆ្នាំនេះ បើទោះបីជា​សេដ្ឋកិច្ច​ក្នុង​តំបន់ និង​ពិភពលោក​មាន​ភាពមិន​ច្បាស់លាស់​ក៏ដោយ​។​

​យោងតាម​ឯកសារ​របស់​ក្រុមហ៊ុន ផ្ញើ​ទៅ​ផ្សា​រមូល​ប​ត្រ​កម្ពុជា (CSX) កាលពី​ថ្ងៃទី​៦ ខែឧសភា នៅ​ត្រីមាស​ទី​១ ឆ្នាំ​២០២៣ ក្រុមហ៊ុន​ RMAC ទទួលបាន​ចំណូល​ចំនួន ៦៣១,២​ពាន់​លាន​រៀល កើនឡើង ៤៦,៩ ភាគរយ បើ​ធៀប​ទៅនឹង​ត្រីមាស​ដូចគ្នា​កាលពី​ឆ្នាំ​២០២២​។ ប្រាក់ចំណេញ​សម្រាប់​ត្រីមាស​ទី​១ ឆ្នាំ​២០២៣ មាន​ចំនួន ៦៩,៧ ពាន់​លាន​រៀល កើនឡើង ៤៤.៩​ ភាគរយ​ បើ​ធៀប​ទៅនឹង​ត្រីមាស​ទី​១ ឆ្នាំ​២០២២​។​

​ទ្រព្យសកម្ម​សរុប​នៅ​ចុង​ត្រីមាស​ទី​១ ឆ្នាំ​២០២៣ មាន​ចំនួន ៩៥៨,៧ ពាន់​លាន​រៀល កើនឡើង ៧,៨ ​ភាគរយ ​ធៀប​ទៅនឹង​ទ្រព្យសកម្ម​សរុប​នា​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០២២ មាន​ចំនួន ៨៨៩,៣ ពាន់​លាន​រៀល​។ ទន្ទឹមនឹងនេះ បំណុល​សរុប​គិត​ត្រឹម​ចុង​ត្រីមាស​ទី​១ ឆ្នាំ​២០២៣ មាន​ចំនួន ៤៧១,១ ពាន់​លាន​រៀល​ស្មើនឹង ​៤,៤​ ភាគរយ ច្រើនជាង​បំណុល​ សរុប​គិត​ត្រឹម​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០២២ ដែលមាន​ចំនួន ៤៥១,៤ ពាន់​លាន​រៀល​។​

​លោក ​Kevin Whitcraft ប្រធាន​ក្រុមប្រឹក្សាភិបាល បានឱ្យដឹង​នៅក្នុង​ឯកសារ​នេះ​ថា ដោយ​ផ្អែក​តាម​ធនាគារអភិវឌ្ឍន៍អាស៊ី សេដ្ឋកិច្ចកម្ពុជា​នឹង​សម្រេចបាន​កំណើន​យ៉ាងរឹងមាំ ៥,៥ ភាគរយ នៃ​ផលិតផល​ក្នុងស្រុក​សរុប (GDP) នៅ​ឆ្នាំ​២០២៣​។ ទោះជា​យ៉ាងណាក៏ដោយ ស្ថានភាព​សេដ្ឋកិច្ចពិភពលោក ​ដែល​កំពុង​ចុះខ្សោយ គួបផ្សំ​នឹង​សង្គ្រាម​អ៊ុយ​ក្រែ​ន និង​រុស្ស៊ី និង​ការកើនឡើង​ថ្លៃ​អត្រា​ការប្រាក់ បានធ្វើឱ្យ​កំណើនសេដ្ឋកិច្ច​ នៅ​កម្ពុជា ក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០២៣ មាន​ភាពទន់ខ្សោយ​។​

​លោក​បានឱ្យដឹងថា អតិថិជន​មានការ​លំបាក​ក្នុងការ​ទទួលបាន​ប្រាក់កម្ចី​ពី​ស្ថាប័នហិរញ្ញវត្ថុ ដែល​បាន​បន្ថយល្បឿន​នឹង​ការ​ស្ទុះ​ងើបឡើង​វិញ​ក្រោយ​ជំងឺ​កូ​វីដ​១៩ នៅក្នុង​វិស័យ​ឧស្សាហកម្ម​ផ្សេងៗ​។ ម្យ៉ាងវិញទៀត វិស័យ​ទេសចរណ៍​ បាន​ស្ទុះ​ងើប​ឡើងវិញ ​ទោះបីជា​មិន​សំខាន់​ដូច​ការរំពឹងទុក​ក៏ដោយ​។ អាជីវកម្ម​អចលនវត្ថុ​បាន​ជាប់គាំង​ជាមួយនឹង​ប្រតិបត្តិការ​យ៉ាងតិច​តូច​បំផុត ដែល​ត្រូវបាន​ចរចា​ក្នុងអំឡុង​ត្រីមាស​។​

​លោក​ថ្លែងថា​៖ «​ទីផ្សារ​រថយន្ត​ទាំងមូល​បាន​ធ្លាក់ចុះ -៩​ ភាគរយ ​ក្នុងអំឡុង​ត្រីមាស ​ធៀប​នឹង​ឆ្នាំមុន ទោះបីជា​ទីផ្សារ​រថយន្ត​ថ្មី ​បាន​កើនឡើង ​+១២ ភាគរយ ​ក៏ដោយ​។ ក្នុងអំឡុងពេល​នេះដែរ ម៉ាក​រថយន្ត​ចិន​ថ្មី Changan ​របស់​យើង​មាន​សកម្មភាព​យ៉ាងខ្លាំង​ជាមួយនឹង​ការចេញលក់​ម៉ូ​ដែល​ថ្មី​ចំនួន ៤​។ យើង​មាន​មោទនភាព​ក្នុងការ​សម្រេចបាន​នូវ​ព្រឹត្តិការណ៍​ថ្មី​មួយ ដែល​ទទួលបាន​សិទ្ធិ​ជួសជុល​ថែ​ទាំង​រថយន្ត Mercedes-Benz ​នៅ​កម្ពុជា ដែល​ចាប់ផ្ដើម​នៅ​ថ្ងៃទី​១ ខែមិថុនា ឆ្នាំ ២០២៣»​។ លោក​បន្តថា ក្នុងអំឡុង​ត្រីមាស​ទី​១ ​ឆ្នាំ​២០២៣ RMAC ​បាន​ផ្ដល់នូវ​ការលក់​ដ៏​រឹងមាំ ដែលមាន​ការកើនឡើង​ជាង ​+៤៦ ភាគរយ បើ​ធៀប​នឹង​ត្រីមាស​ដូចគ្នា​កាលពី​ឆ្នាំ​២០២២​។ ប្រាក់ចំណេញ​សុទ្ធ​ប្រចាំត្រីមាស បាន​កើនឡើង ​+៤៤ ភាគរយ​។​

​លោក​បាន​បញ្ជាក់ថា ក្រុមហ៊ុន RMAC នឹង​បន្ត​អនុវត្ត​យុទ្ធសាស្ត្រ​អាជីវកម្ម​ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់ និង​ថែទាំ​ឈានមុខ​គេ ​ផ្នែក​យានយន្ត គ្រឿង​បរិក្ខារ​កសិកម្ម សំណង់ និង​គ្រឿង​បរិក្ខារ​ជំនួយ ​ដែលមាន​ស្ដង់ដា​លំដាប់​ពិភព​លោក​​នៅ​កម្ពុជា​។​

​លោក​ Kevin​ លើកឡើងថា​៖ «​ក្នុងអំឡុង​ត្រីមាស​នេះ ក្រុមហ៊ុន RMAC បាន​បន្ត​បំពេញ​នូវ​គោលដៅ​រយៈពេល​វែង​រប​ស់​ខ្លួន​ក្នុងការ​បំពេញតម្រូវកា​រ​អតិថិជន​កម្ពុជា ​យើង តាមរយៈ​ការដាក់​សម្ពោធ​នូវ​ផលិតផល​ថ្មីៗ គួរឱ្យ​ចាប់​អារម្មណ៍​ដោយ​ផ្តោតលើ​បច្ចេកវិទ្យា កាត់បន្ថយ​ការប្រើប្រាស់​ប្រេងឥន្ធនៈ និង​ផ្ដោត​សំខាន់​លើ​សុវត្ថិភាព​»​។​

​យោងតាម​ឯកសារ​មុន​បាន​កត់សម្គាល់ថា​ទីផ្សារ​រថយន្ត​កម្ពុជា ​នៅ​ឆ្នាំ​២០២២ ​បាន​កើនឡើង​ ២៦ ភាគរយ​ បើ​ធៀប​ទៅនឹង​ឆ្នាំ​២០២១ ដែលមាន​ចំនួន​ប្រហែល ៧១ ០០០ ​គ្រឿង ​ទាំងថ្មី​ និង​ប្រើ​ហើយ​បាន​លក់​ និង​ចុះបញ្ជី​ធៀប​​នឹង ៥៧ ០០០​ គ្រឿង ​កាលពី​ឆ្នាំ​២០២១​។​

​ឯកសារ​នេះ​បន្តថា​៖ «​ការលក់​រថយន្ត​ថ្មី​បាន​កើន​ឡើងដល់​ជាង ២៨ ០០០ គ្រឿង ដែល​តំណាងឱ្យ​ការកើនឡើង​ ៤៣​ ភាគរយ​ក្នុង​ឆ្នាំ​២០២១​។ ទីផ្សារ​រថយន្ត​ថ្មី​នៅ​ឆ្នាំ​២០២២ ​មាន​ចំនួន ៣៩ ភាគរយ ​នៃ​ទីផ្សារ​សរុប កើនឡើង​ពី​ ៣៤​ ភាគរយ ​នៅ​ឆ្នាំ​២០២១​។ ក្នុងអំឡុង​ឆ្នាំ​២០២២​ ការលក់​រថយន្ត​ថ្មី​របស់​ក្រុមហ៊ុន ​Ford បាន​កើនឡើង ​៣១ ​ភាគរយ​»​។​

​យោងតាម​សភាពាណិជ្ជកម្ម​អឺរ៉ុប​នៅ​កម្ពុជា (EuroCham) ក្រុមហ៊ុន RMAC តាមរយៈ​បណ្តាញ​សាខា​របស់ខ្លួន​យីហោ «​តំណាង​ផ្តាច់មុខ និង​គ្រប់គ្រង​» រួមមាន​ក្រុមហ៊ុន ​«Ford Motor Company,​ក្រុមហ៊ុន Jaguar និង Land Rover,​ក្រុមហ៊ុន​ ​Piaggio,​ក្រុមហ៊ុន ​JCB,​ក្រុមហ៊ុន​ John Deere,​ក្រុមហ៊ុន ​JLG,​ក្រុមហ៊ុន ​Hako,​ក្រុមហ៊ុន ​PowerBoss,​ក្រុមហ៊ុន ​Minuteman,​ក្រុមហ៊ុន ​TCM,​ក្រុមហ៊ុន ​Megger SebaKMT,​ក្រុមហ៊ុន ​AVIS,​ក្រុមហ៊ុន ​The Pizza Company,​ក្រុមហ៊ុន ​Swensen''s,​ក្រុមហ៊ុន​ Dairy Queen,​ក្រុមហ៊ុន ​Krispy Kreme,​ក្រុមហ៊ុន ​Bar B Q Plaza និង​ក្រុមហ៊ុន​ The Coffee Club»៕LA