ភ្នំពេញៈ កម្ពុជា​ប្រកាស​ស្វា​គម​ន៍​ដៃគូ​វិនិយោគ​ដែលមាន​សក្តានុពល និង​មាន​ភាពច្បាស់​លាស់​ឱ្យមក​វិនិយោគ​លើ​ការ​​កសាង​ព្រលានយន្តហោះ ក្នុង​ខេត្តមណ្ឌលគិរី ខណៈ​កន្លងមក​មាន​ក្រុមហ៊ុន​ក្រៅប្រទេស​មួយចំនួន​បានមក​ជួបពិភាក្សា​ជា​មួយ​អាជ្ញាធរ​ដែរ ប៉ុន្តែ​មិនអាច​ឈានដល់​កិច្ចព្រមព្រៀង​។ នេះ​បើតាម​ថ្នាក់ដឹកនាំ​នៃ​រដ្ឋលេខា​ធិ​ការដ្ឋាន​អាកាសចរ​ស៊ីវិល​។​

​កន្លងមក​រដ្ឋាភិបាល​កម្ពុជា​ធ្លាប់​បានសម្រេច​ជា​គោល​ការ​​ណ៍​ឱ្យ​ក្រុមហ៊ុន Power China International Group Ltd (PIG) ធ្វើការ​សិក្សា និង​អភិ​​វ​ឌ្ឍ​សំណើ​សាងសង់​ព្រលាន​យន្តហោះ​មួយ​នេះ​។ ទោះជា​យ៉ាងណា​វត្តមាន​របស់​ជំងឺ​កូ​វីដ​ ១៩ បានធ្វើឱ្យ​ក្រុមហ៊ុន​នេះ​សុំ​ដកខ្លួន​វិញ​។​

​តាម​គម្រោង​ព្រលាន​យន្ត​ហោះ​នេះ​នឹងមាន​ទីតាំង​ក្នុង​ឃុំ​សែន​មនោ​រម្យ ស្រុក​អូររាំង ដោយមាន​ផ្ទៃដី​ប្រមាណ ៣០០ ​ហិកតា​។ តាម​ការប៉ាន់ស្មាន​កន្ល​ង​មក​គឺ​គម្រោង​នេះ​នឹងត្រូវ​ចំណាយ​ថវិកា​ប្រមាណ​ជាង ៨០ ​លាន​ដុល្លារ​។​

​អ្នកនាំពាក្យ​រដ្ឋលេខាធិកា​រ​ដ្ឋា​ន​អាកាសចរ​ស៊ីវិល លោក ស៊ីន ចាន់​សិរី​វុត្ថា បានឱ្យ​ ភ្នំពេញ ​​ប៉ុស្តិ៍​ ដឹង​នៅ​ថ្ងៃទី​ ៦ ខែមិថុនា​ថា រហូតមកដល់​ពេលនេះ​កម្ពុជា​នៅ​មិនទាន់​ស្វែងរក​ដៃគូ​ឱ្យមក​វិនិយោគ​គម្រោង​នេះ​ទេ ខណៈ​កន្លងមក​មាន​ក្រុមហ៊ុន​មកពី​ប្រទេសមួយ​ចំនួន​ដូចជា ចិន កូរ៉េ និង​តំបន់​អារ៉ាប់​បានមក​ជួប​អាជ្ញាធរ​កម្ពុជា​ដែរ​។ លោក​បន្តថា បច្ចុប្បន្ន​រដ្ឋលេខាធិកា​រ​ដ្ឋា​ន​អាកាសចរ​ស៊ីវិល​កំពុង​ខិត​ខំ​ទាក់ទាញ​អ្នកវិនិយោគ​ឱ្យមក​បណ្តាក់ទុន​លើ​គម្រោង​នេះ​។​

​លោក​បន្ថែមថា បើ​ព្រលាន​នេះ​ដំណើរការ គឺ​វា​មិន​គ្រាន់តែ​ជួយ​សម្រួល​ដល់​ការដឹកជញ្ជូន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ពី​ប៉ូល​សេដ្ឋកិច្ច​មួយ​ទៅ​ប៉ូល​សេដ្ឋកិច្ច​មួយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​នឹង​ចូលរួមចំណែក​ក្នុងការ​ដឹកជញ្ជូន​ទំនិញ​ឱ្យបាន​កាន់តែ​លឿន​ផងដែរ​។​

​លោក​ថ្លែងថា​៖ «​រដ្ឋលេខា​ធិ​ការដ្ឋាន​អាកាស​ស៊ីវិល កំពុង​ខិតខំ​យ៉ាងខ្លាំង​ក្នុងការ​ស្វែងរក​ដៃគូ​មាន​សក្តានុពល និង​មាន​ភាពច្បាស់លាស់​មក​វិនិយោគ​លើ​គម្រោង​មួយ​នេះ​»​។​

​កាលពី​ខែសីហា ឆ្នាំ​ ២០២១ រដ្ឋាភិបាល​កម្ពុជា​បានអនុម័ត​លើ​សេចក្តីព្រាង​ផែនការមេ​អភិ​វឌ្ឍន៍​វិស័យ​ទេសចរណ៍​ខេត្តមណ្ឌលគិរី ឆ្នាំ​ ២០២១-២០៣៥ ចំពេល​មានគំនិត​ផ្តួចផ្តើម​កាន់​​តែ​ទូលំទូលាយ ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរ​ជាតិប្រមាណ ៣​ លាន​នាក់​ជា​រៀង​​រាល់​ឆ្នាំ​ទៅកាន់​តំបន់​ថាមពល​ជីវចម្រុះ​ដ៏​ស្រស់​នៅ​ភាគ​ឦសាន​នៅត្រឹម​ឆ្នាំ ​២០៣៥​។​

​ផែនការ​មេនេះ​នឹង​បំពេញបន្ថែម​នូវ​ផែនទី​បង្ហាញផ្លូវ​ទេស​ចរណ៍​ជាតិ ៣ ដំណាក់កាល​ឆ្នាំ ២០២១-២០២៥ និង​ផែនការមេ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្តសៀមរាប ឆ្នាំ ​២០២១-២០៣៥ ដែល​ត្រូវ​បានអនុម័ត​ជា​ផ្លូវការ​កាលពី​ថ្ងៃទី​ ១ ខែមេសា ឆ្នាំ ​២០២១ ដើម្បី​បង្ហាញ​ទិស​សម្រាប់​ការ​ងើបឡើង​វិញ​ពី ការរីក​រាលដាល​ជំងឺ​កូ​វីដ​ ១៩ របស់​វិស័យ​ទេសចរណ៍​។​

​ក្នុង​លិខិត​មួយ​កាលពី​ថ្ងៃទី​ ៩ ខែសីហា ឆ្នាំ​ ២០២២ លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែងថា វិស័យ​ទេសចរណ៍​នៅ​ខេត្តមណ្ឌលគិរី​កំពុងស្ថិត​ក្នុងដំណាក់កាល​រីកចម្រើន ដែលមាន​សក្តានុពល​ធំ​ទូលាយ​សម្រាប់​ការអភិវឌ្ឍ និង​ថា​ផែន​ការ​មេនេះ​នឹង​ជួយ​ព​ន្លឿ​ន​កំ​ណើ​ន​សេដ្ឋកិច្ច​ក្នុង​ខេត្ត និង​ផ្នែក​ផ្សេងទៀត​របស់​កម្ពុជា​។​

​លោក ហ៊ុន សែន បាន​ថ្លែងថា​៖ «​ជាមួយ​សក្តានុពល​ទាំងនេះ ហើយ​ស្ថិតក្រោម​ការគិតគូរ​ដ៏​វែងឆ្ងាយ និង​ទូលំទូលាយ​រាជ​រដ្ឋាភិបាល​បានរៀបចំ និង​ដាក់ចេញ​នូវ​ផែនការមេ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្តមណ្ឌលគិរី​ជា​ត្រីវិស័យ​មួយ ដើម្បី​បង្ហាញ​ពី​យន្តការ និង​ទិសដៅ​យុទ្ធ​សា​​ស្ត្រ​សំខាន់ៗ សម្រាប់​ការ​អភិ​​វ​ឌ្ឍ​វិស័យ​ទេសចរណ៍​នៅ​ខេត្តមណ្ឌលគិរី ដោយ​ត​ភ្ជាប់​នឹង​ចក្ខុវិស័យ​នៃ​ការផ្លាស់ប្តូរ​ប្រទេស​ក្នុងអំឡុង​ឆ្នាំ ២០២១-២០៣៥ និង​ច្រើន​ឆ្នាំ​ខាងមុខ​ទៀត​»​។​

​ទិន្នន័យ​ក្រសួងទេសចរណ៍ ឱ្យដឹងថា ក្នុង​ត្រីមាស​ទី១ ឆ្នាំ ​២០២៣ កម្ពុជា​ទទួលបាន​ភ្ញៀវ​បរទេស​ជាង ១,២៩​ លាន​នាក់​កើនឡើង ៧០៩,៥​ ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២២​។ ក្នុង​ចំនួន​ខាងលើ ​គឺ​ភ្ញៀវ​មក​តាមផ្លូវ​អាកា​សមាន​ចំនួន​ជាង ៤៨​ ម៉ឺន​នាក់ ឬ​ស្មើ​នឹង ៣៧,៣​ ភាគរយ​៕