
លោក Kriengkrai Thiennukul ប្រធានសហព័ន្ធឧស្សាហកម្មថៃ។ Instagram
គណៈកម្មាធិការអចិន្ត្រៃយ៍រួមស្តីពីពាណិជ្ជកម្ម ឧស្សាហកម្ម និងធនាគាររបស់ប្រទេសថៃ (JSCCIB) បាននិយាយថា គ្រោះរាំងស្ងួត ទឹកជំនន់ និងធាតុអាកាសហួសហេតុផ្សេងទៀត ដែលកាន់តែអាក្រក់ទៅៗ ដោយសារការប្រែប្រួសអាកាសធាតុ អាចបង្កការខូចខាតដល់សេដ្ឋកិច្ចថៃរហូតដល់ ៣៦ ប៊ីលានបាតក្នុងឆ្នាំ ២០២៣ នេះ។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍កាលពីថ្ងៃព្រហស្បតិ៍។
លោក Kriengkrai Thiennukul ប្រធានសហព័ន្ធឧស្សាហកម្មថៃ (FTI) ដែលជាសមាជិកសំខាន់របស់JSCCIB បានលើក ឡើងថា កង្វះខាតទឹកដែលបណ្តាលមកពីគ្រោះរាំងស្ងួត គឺជាកង្វល់នាំមុខគេរបស់គណៈកម្មាធិការ ព្រោះវាអាចជះឥទ្ធិពលយ៉ាងធំដល់ទាំងវិស័យកសិកម្ម និងផលិតកម្មដែលធ្វើឱ្យស្ទះដំណើរការដល់ការនាំចេញ ដែលកំពុងធ្លាក់ចុះស្រាប់ហើយ។
លោកបានបន្តថា៖«ក្រុមហ៊ុនផលិត មានការព្រួយបារម្ភពីគ្រោះរាំងស្ងួត ព្រោះវាអាចកាត់បន្ថយសមត្ថភាពផលិត និងប៉ះពាល់ដល់ការនាំចេញ»។
យោងតាមទិន្នន័យចុងក្រោយរបស់ក្រសួងពាណិជ្ជកម្មថៃ ក្នុងរយៈពេល៤ ខែដំបូងនៃឆ្នាំ ២០២៣ ការនាំចេញរបស់ថៃបានថយចុះ ៥,២ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន មកត្រឹម ៩២ ប៊ីលានដុល្លារ ខណៈការនាំចូលធ្លាក់ចុះត្រឹម ២,២ ភាគរយ មកត្រឹម ៩៦,៥ ប៊ីលានដុល្លារ។
ការនេះ បណ្តាលឱ្យមានឱនភាពពាណិជ្ជកម្មចំនួន ៤,៥១ ប៊ីលានដុល្លារ។ សញ្ញានៃការធ្លាក់ចុះនៃការនាំចេញ បានចាប់ផ្តើមកាលពីចុងឆ្នាំមុន នៅពេលដែលសូចនាករសេដ្ឋកិច្ចសំខាន់ៗ បានបង្ហាញពីការធ្លាក់ចុះនៃការនាំចេញ ចំពេលមានការព្រួយបារម្ភអំពីលទ្ធភាពនៃការធ្លាក់ចុះសេដ្ឋកិច្ចនៅឆ្នាំ ២០២៣ នេះ។
JSCCIB បានដាក់សំណើទៅលោកនាយករដ្ឋមន្ត្រី ប្រាយុធ ចាន់អូចា កាលពីថ្ងៃទី៣១ ឧសភា ដើម្បីដោះស្រាយគ្រោះរាំងស្ងួត ដោយសង្ឃឹមថា នឹងធ្វើការជាមួយរដ្ឋាភិបាលក្នុងការទប់ស្កាត់ផលប៉ះពាល់ធ្ងន់ធ្ងរណាមួយ ដែលបណ្តាលមកពីកង្វះទឹក។
ជុំវិញបញ្ហានេះ វិស័យធុរកិច្ច ចង់ឱ្យអាជ្ញាធរថៃរៀបចំដំណោះស្រាយរយៈពេលមធ្យម និងរយៈពេលវែង ដើម្បីធានាឱ្យគម្រោងវិនិយោគ ជាពិសេសគម្រោងដែលស្ថិតនៅក្នុងច្រករបៀងសេដ្ឋកិច្ចភាគខាងកើត (EEC) ដ៏សំខាន់សម្រាប់កំណើនសេដ្ឋកិច្ចថៃ អាចបន្តដំណើរការបាន។ បើតាមលោក Kriengkraiអង្គភាពអាជីវកម្មបានរៀបចំផែនការគ្រប់គ្រងហានិភ័យដើម្បីទប់ទល់នឹងបញ្ហាគ្រោះរាំងស្ងួតនិងទឹកជំនន់។
ក្នុងវិស័យផលិតកម្ម ក្រុមហ៊ុនកំពុងអនុវត្តវិធានការចំនួន ៣ រួមមានការកាត់បន្ថយ ការប្រើប្រាស់ និងកែច្នៃទឹកឡើងវិញ ដើម្បីធានាថា ពួកគេមានទឹកគ្រប់គ្រាន់សម្រាប់ប្រើប្រាស់ក្នុងដំណើរការផលិតរបស់ខ្លួន។ ក្រុមហ៊ុននានា ក៏កំពុងលើកទឹកចិត្តកសិករឱ្យប្រើប្រាស់បច្ចេកវិទ្យាច្នៃប្រឌិតបន្ថែមទៀតផងដែរ ដើម្បីជួយពួកគេរក្សាការផ្គត់ផ្គង់ទឹកឱ្យបានល្អប្រសើរ។
យ៉ាងណាមិញ លោកKriengkraiបានបន្តថា ក្នុងរយៈពេលវែង រដ្ឋាភិបាលគួរតែដើរតួនាទីសំខាន់ក្នុងការទប់ទល់នឹងគ្រោះរាំងស្ងួតនិងបញ្ហាទាក់ទងនឹងទឹកជំនន់៕