ភ្នំពេញៈ ប្រធាន​នាយក​ប្រតិ​​ប​ត្តិ​ធនាគារ អេស៊ីលីដា ភី​អិ​ល​ស៊ី លោក អ៊ិន ចាន់នី បានឱ្យដឹងថា ការ​ស្កេ​ន QR សម្រាប់​ការទូទាត់​ឆ្លងដែន​រវាង​ប្រទេស​កម្ពុជា​-​ថៃ បាន​កើនឡើង​គួរឱ្យកត់សម្គាល់​ក្នុង ​១ ថ្ងៃៗ ចាប់ពី​ធនាគារជាតិ​នៃ​កម្ពុជា ​(NBC) និង​ធនាគារជាតិ​ថៃ​ប្រកាស​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ ក្នុងការ​ទូទាត់​ឆ្លងដែន​រវាង​ប្រទេស​ទាំង​ ២ ដែល​អនុញ្ញាតឱ្យ​ប្រជាជន​នៃ​ប្រទេស​ទាំង​ ២ អាច​ស្កេ​ន​ទូទាត់​ទិញ​ទំនិញ ឬ​សេវាកម្ម​ផ្សេងៗ​តាមរយៈ QR នេះ​។​

​ធនាគារកណ្តាល​នៃ​ប្រទេស​ទាំង ២ បានប្រកាស​ដាក់ឱ្យ​ដំ​​ណើ​រការ​ការទូទាត់​ឆ្លងដែន​តាមរយៈ QR កាលពី​ថ្ងៃទី​ ១៨ ខែកុម្ភៈ ឆ្នាំ ​២០២០​។ កាលពី​ថ្ងៃទី​ ៦ ខែមិថុនា ភាគី​ទាំង​ ២ ក៏បាន​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​ដំណាក់កាល​ទី ២ ​នៃ​ការទូទាត់ QR ដែល​អនុញ្ញាតឱ្យ​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ ធ្វើការ​ទូទាត់​តាមរយៈ​ការ​ស្កែ​ន QR ជាមួយ​ពាណិជ្ជករ​ចំនួន ៧,៥​ លាន​នាក់​នៅ​ប្រទេស​ថៃ និង​ ១,៥ ​លាន​នាក់​នៅ​កម្ពុជា​។​

​ថ្លែង​មកកាន់​អ្នកយកព័ត៌មាន​បន្ទាប់​ពី​ពិធី​ចុះ​កិច្ចព្រមព្រៀង​រវាង​ធនាគារ អេស៊ីលីដា ជាមួយនិង​ក្រុមហ៊ុន​ក្រេ​ឌី​ត ប្យួ​រ៉ូ (​ខេ​ម​បូ​ឌា​) ខូ អិ​ល​ធី​ឌី​ស្តីពី​ការដាក់​ដំណើរការ​សេវា​ពិនិត្យ​សុខភាព​ហិរញ្ញវត្ថុ​នៅលើ​កម្មវិធី​ទូរស័ព្ទ អេស៊ីលីដា ម៉ូ​បាល ថា គិត​មកទល់ពេលនេះ​មាន​រយៈពេល​ជាង ៣​ ឆ្នាំ​ហើយ ដែល​ប្រទេស​កម្ពុជា និង​ថៃ​បានអនុញ្ញាត​ដាក់ឱ្យ​ប្រើប្រាស់​នូវ​ប្រព័ន្ធ​ប្រតិបត្តិ​ការទូទាត់​ឆ្លងដែន តាមរយៈ​ការ​ស្កេ​ន QR ដែល​ធ្វើឱ្យ​អ្នក​ប្រើ​ប្រាស់​អេស៊ីលីដា​ម៉ូ​បាល នៅ​កម្ពុជា​ស្កេ​ន​ទូទាត់​នៅ​ប្រទេស​ថៃ​បាន​រហូតដល់ ៥២​ លាន​រៀល​នៅក្នុង​ ១ ថ្ងៃៗ រីឯ​ចំនួន​ប្រតិបត្តិ​ការទូទាត់​ក្នុង ១​ ថ្ងៃ គឺ​មិនត្រូវ​បានកំណត់​នោះទេ​។​

​លោក​និយាយថា ចាប់តាំងពី​អេស៊ីលីដា ត្រូវបាន​អនុញ្ញាត​ដោយ​ធនាគារជាតិ​នៃ​កម្ពុជា សម្រាប់​ការដាក់ឱ្យ​ប្រើប្រាស់​នូ​វប្រ​ព័ន្ធ​ប្រតិបត្តិ​ការទូទាត់​ឆ្លងដែន​ជាមួយនឹង​ប្រទេស​ថៃ​កាលពី​ថ្ងៃទី​ ១៨ ខែកុម្ភៈ ឆ្នាំ​ ២០២០ មក​ប្រតិបត្តិ​ការទូទាត់​ឆ្លងដែន​រវាង​ប្រទេស​ទាំង ២ បាន​កើនឡើង​គួរឱ្យកត់សម្គាល់​។ ដោយ​សារ​អ្នកប្រើប្រាស់​អេស៊ីលីដា ម៉ូ​បាល ស្កេ​ន QR ទូទាត់​ថ្លៃទំនិញ និង​សេវាកម្ម​នានា​នៅក្នុង​ប្រទេស​ថៃ បាន​រហូតដល់​ទៅ ៥២ ​លាន​រៀល​ក្នុង​ ១ ​ថ្ងៃ​។ គិត​ចាប់ពី​ខែកុម្ភៈ ឆ្នាំ ​២០២០ ដល់​ខែឧសភា ឆ្នាំ​ ២០២៣ ចំនួន​ប្រតិបត្តិ​ការទូទាត់​មាន​ដល់​ទៅ ៩,៥៥៥ និង​មាន​ប្រាក់​ប្រមាណ ២៧ ​លាន​បាត​។​

​លោក​បន្ថែមថា​៖ «​ឥឡូវនេះ​កម្ពុជា​បានទទួល​ការ​ស្កេ​ន​ទូ​ទាត់​ពី​អតិថិជន​នៃ​ធនាគារ​ពី​ប្រ​ទេស​ថៃ​មក​ស្កេ​ន​នៅលើ KHQR របស់​ពាណិជ្ជករ​ធនាគារ​នីមួយៗ​នៅ​កម្ពុជា ដែលជា​សមាជិក Bakong បាន ខណៈ​ពេលនេះ​សមាជិក​របស់ Bakong មាន​សរុប ៤៨​ ធនាគារ​/​ស្ថាប័ន​»​។​

​លោកស្រី ជា សិរី ទេ​សា​ភិ​បាល​រង​ធនាគារជាតិ​នៃ​កម្ពុជា បាន​សរសេរ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់លោក​ស្រី​កាលពី​ថ្ងៃទី​ ៦ ខែមិថុនា ថា ឥឡូវនេះ​អ្នកប្រើប្រាស់ KHQR អាច​ស្កេ​ន​ពាណិជ្ជករ​ចំនួន ៧,៦​ លាន​នាក់​ក្នុងប្រទេស​ថៃ ខណៈដែល ThaiQR អាច​ស្កេ​ន​គ្រប់​ពាណិជ្ជករ​ចំនួន ១,៥ លាន​នាក់​នៅក្នុង​ប្រទេស​កម្ពុជា​។​

​លោកស្រី​ថ្លែងថា​៖ «​ធនាគារកណ្តាល​យើង​ចាប់ផ្តើម​ដាក់ឱ្យ​ដំណើរការ​នូវ​ដំណាក់កាល​នៃ​ការទូទាត់​តាម QR រវាង​ប្រទេស​ទាំង​ ២ ​ផងដែរ​។ ឥឡូវនេះ​អ្នកប្រើប្រាស់ KHQR អាច​ស្កេ​ន​ពាណិជ្ជករ ៧,៦​ លាន​នាក់​នៅ​នៅក្នុង​ប្រទេស​ថៃ ខណៈដែល Thai QR អាច​ស្កេ​ន​គ្រប់​ពា​ណិ​ជ្ជ​ករ​ចំនួន ១,៥​ លាន​នាក់​នៅក្នុង​ប្រទេស​កម្ពុជា​អាចធ្វើ​ការទូទាត់ QR រវាង​ប្រទេស​ទាំង​ ២ ឱ្យ​កាន់តែ​ងាយស្រួល​ដោយ​សង្កត់ធ្ងន់​ទៅលើ​ការប្រើប្រាស់​រូបិយប័ណ្ណ​ក្នុងស្រុក​សម្រាប់​ប្រតិបត្តិការ​»​។​

​យោងតាម NBC បន្ទាប់ពី​កិច្ចសហប្រតិបត្តិការ​ដោយ​ជោគ​ជ័យ​ជាមួយ​ធនាគារកណ្ដាល​ថៃ ធនាគារជាតិ​នៃ​កម្ពុជា​កំពុងធ្វើការ​ជាមួយ​ធនាគារ កណ្ដាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ឡាវ និង​ធនាគារកណ្ដាល​រដ្ឋ​វៀតណាម ដើម្បី​ភ្ជាប់​ជាមួយ​ប្រព័ន្ធ​ទូទាត់​ប្រទេស​នានា ក្នុង​គោលបំណង​ដើម្បី​ធ្វើឱ្យ​ការ​ទូ​​ទាត់​ឆ្លងដែន​កាន់តែ​ងាយស្រួល លឿន សុវត្ថិភាព​ជាង​មុន និង​បរិ​យា​ប័ន្ន​៕