The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - កម្ពុជា-ជប៉ុន ឯកភាព​ពិនិត្យ​លទ្ធភាព​បង្កើត​ឱ្យមាន​កិច្ចសហ​ប្រតិបត្តិការ​រវាង​គណៈ​កម្មាធិការ​ជាតិ​ការពារ​អ្នកប្រើប្រាស់

កម្ពុជា-ជប៉ុន ឯកភាព​ពិនិត្យ​លទ្ធភាព​បង្កើត​ឱ្យមាន​កិច្ចសហ​ប្រតិបត្តិការ​រវាង​គណៈ​កម្មាធិការ​ជាតិ​ការពារ​អ្នកប្រើប្រាស់

Content image - Phnom Penh Post
កម្ពុជា-ជប៉ុន ឯកភាព​ពិនិត្យ​លទ្ធភាព​បង្កើត​ឱ្យមាន​កិច្ចសហ​ប្រតិបត្តិការ​រវាង​គណៈ​កម្មាធិការ​ជាតិ​ការពារ​អ្នកប្រើប្រាស់។ រូបថត អគ្គ​ការពារ​អ្នកប្រើប្រាស់កិច្ចការ​ប្រកួតប្រជែង និងបង្ក្រាប​ការក្លែងបន្លំ (CCF)

កម្ពុជា-ជប៉ុន ឯកភាព​ពិនិត្យ​លទ្ធភាព​បង្កើត​ឱ្យមាន​កិច្ចសហ​ប្រតិបត្តិការ​រវាង​គណៈ​កម្មាធិការ​ជាតិ​ការពារ​អ្នកប្រើប្រាស់

កម្ពុជា-ជប៉ុន បានឯកភាព​គ្នា​ក្នុងការពិនិត្យ​លទ្ធភាព​ក្នុងការបង្កើត​ឱ្យ​មាន​កិច្ចសហ​ប្រតិបត្តិការ​រវាង​គណៈ​កម្មាធិការ​ជាតិ​ការពារ​អ្នកប្រើប្រាស់ ដើម្បី​ការពារ និងលើក​កម្ពស់​ការយល់ដឹង​អំពី​សិទ្ធិ និងអត្ថប្រយោជន៍​របស់​អ្នកប្រើប្រាស់​នៅ​កម្ពុជា។

ការឯកភាពគ្នា​នេះ​ធ្វើ​ឡើង​តាមរយៈ លោក ផាន អូន ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា​ទទួលបន្ទុក​ជាអគ្គ​នាយកដ្ឋាន ក.ប.ប. តំណាង​លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម ​បាន​ទទួល​ជួប​សម្តែង​ការគួរសម​ជាមួយ លោកស្រី Yutaka ARAI សមាជិក​គណៈ​កម្មាធិការកិច្ច​ការពារ​អ្នកប្រើប្រាស់​ជប៉ុន (Consumer Affairs Agency) និងសហការី នៅ​ទីស្នាក់ការកណ្តាល​អគ្គនាយកដ្ឋាន ក.ប.ប. កាលពី​ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣។ នេះ​បើតាម​ការចុះ​ផ្សាយ​របស់ ក.ប.ប។

ក.ប.ប បានឱ្យដឹង​ថា ការជួប​សម្តែង​ការគួរសម​ពី​សំណាក់​គណៈ​ប្រតិភូ​គណៈ​កម្មាធិការកិច្ច​ការពារ​អ្នកប្រើប្រាស់​ជប៉ុន នាថ្ងៃ​នេះ​គឺមាន​គោលបំណង​ជម្រាប​​ជូន​ភាគី​កម្ពុជា​អំពីគោល​នយោបាយ​កិច្ចការពារ​អ្នកប្រើប្រាស់​នៅក្នុង​ប្រទេស​ជប៉ុន ក៏ដូចជា​ការវិវត្ត​ស្ថាប័ន​ កិច្ចការពារ​អ្នកប្រើប្រាស់​ជប៉ុន​ នាពេល​​ថ្មីៗ​​នេះ។ ជាមួយគ្នា​នេះ លោកស្រី​ប្រធាន​គណៈ​ប្រតិភូ ​បានកត់​សម្គាល់​អំពី​សកម្មភាព​នៃការវិវត្ត​យ៉ាងល្អ​នៃកិច្ចការពារ​អ្នកប្រើប្រាស់ ​របស់​រាជរដ្ឋា​ភិបាល​កម្ពុជា តាមរយៈ​ក្រសួង​ពាណិជ្ជកម្ម​ដែលមាន​អគ្គនាយដ្ឋាន ក.ប.ប. ជា​សេនាធិការ។

ក្នុងជំនួប​នោះដែរ លោក ផាន អូន ក៏បានជម្រាប​ជូន​គណៈ​ប្រតិភូគណៈ​កម្មាធិការ​កិច្ចការពារ​អ្នកប្រើប្រាស់​ជប៉ុន ថា​អគ្គនាយកដ្ឋាន​ជាសេនា​ធិការ​របស់​គណៈ​កម្មាធិការ​សំខាន់ៗ​ចំនួន ២ គឺគណៈ​កម្មាធិការ​ជាតិ​ការពារ​អ្នកប្រើប្រាស់ និងគណៈ​កម្មាធិការ​ប្រកួតប្រជែង​កម្ពុជា ដែលមាន​ទិសដៅ​ក្នុង​ការការពារ និងលើកកម្ពស់​ការយល់ដឹង​អំពី​សិទ្ធិ​និងអត្ថប្រយោជន៍​របស់​អ្នកប្រើប្រាស់ ក៏ដូចជា​ធានា​ឱ្យមាន​ការប្រកួតប្រជែង​ដោយ​ស្មើភាព​ក្នុងទីផ្សារ​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា។

ប្រភព​ពី ក.ប.ប. បានឱ្យ​ដឹងទៀត​ថា៖«ជាចុង​បញ្ចប់​ភាគី​ទាំង២ បានឯកភាពគ្នា​ក្នុង​ការពិនិត្យ​លទ្ធភាព​ក្នុងការបង្កើត​ឱ្យ​មានកិច្ច​សហប្រតិបត្តិការ​រវាង​គណៈ​កម្មាធិការ​ជាតិ​ការពារ​អ្នកប្រើប្រាស់ ដែលមាន​អគ្គនាយកដ្ឋាន ក.ប.ប. ជា​សេនាធិការ និងគណៈ​កម្មាធិការ​កិច្ចការការពារ​អ្នកប្រើប្រាស់​ជប៉ុន​ដែលមាន​មជ្ឈមណ្ឌល​ជាតិ​ការពារ​អ្នកប្រើប្រាស់​ជប៉ុន​ជាលេខាធិការដ្ឋាន»៕​

អត្ថបទគួរចាប់អារម្មណ៍