លោក លូ គឹមឈន់ ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ទទួលបន្ទុក​ជាអគ្គ​នាយក​នៃ​កំពង់ផែស្វយ័ត​ក្រុង​ព្រះសីហនុ បាន​ប្តេជ្ញា​ចិត្ត ក្នុងការជំរុញ​ល្បឿន​អភិវឌ្ឍន៍​ចំណតផែ​កុងតឺន័រ​ថ្មី និង​កំពង់ផែ​ទឹកជ្រៅ​ក្រុង​ព្រះសីហនុ ដើម្បី​ឱ្យក្លាយជា​កំពង់ផែ​ទឹក​ជ្រៅ​ដែលមាន​សក្តានុពល​មួយ​របស់​កម្ពុជា។

ការអះអាង​បែប​នេះ បានធ្វើ​ឡើងនៅ​ក្នុង​កិច្ចប្រជុំ​មហាសន្និបាត​ភាគហ៊ុនិក លើក​ទី៦ កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ កាលពី​ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ នៅខេត្ត​ព្រះសីហនុ។

លោក លូ គឹមឈន់ មានប្រសាសន៍​ថា លោកប្តេជ្ញាចិត្ត​ដោយជាក់លាក់ ក្នុងនាម​ក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំ​និងបុគ្គលិក កម្មករ​កំពង់ផែ ថា​នឹងជំរុញ​ល្បឿន​អភិវឌ្ឍន៍​ចំណតផែ​កុងតឺន័រ​ទឹកជ្រៅ​ក្រុង​ព្រះសីហនុ ឱ្យក្លាយជា​កំពង់ផែ​ទឹកជ្រៅ​ដែលមាន​សក្តានុពល​មួយ​របស់​កម្ពុជា ដើម្បី​បង្កើន​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និងសម្រួល​ដល់ការធ្វើ​ពាណិជ្ជកម្ម​សម្រាប់តំបន់​មេគង្គ​និងពិភពលោក​ទាំងមូល ស្របតាម​ស្មារតី​ជំនួប​ពិភាក្សា​របស់​នាយក​រដ្ឋមន្ត្រី​ទាំងពីរ​ប្រទេស ជប៉ុន-កម្ពុជា កាលពី​ដើម​ខែមីនា​ឆ្នាំ២០២២​កន្លងទៅ។

«ចំណត​កុងតឺន័រ​ថ្មី​ដំណាក់កាល​ទី១ នឹងជំរុញ​ឱ្យការដឹក​ជញ្ជូន​ឆ្លងកាត់​កំពង់ផែ​ព្រះសីហនុ កាន់តែ​មមាញឹក មានលក្ខណៈ​ងាយស្រួល និងចូលរួម​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​ជាតិ​កាន់តែ​មានការរីកចម្រើន​ថែមទៀត កំពង់ផែ​តាមរយៈ​ជំនួយ​ពីប្រទេស​ជប៉ុន និងថវិកា​រដ្ឋផ្ទាល់​ផង បាន​និងកំពង់​បន្តសាងសង់​ហេដ្ឋារចនា​សម្ព័ន្ធ​ថ្មីៗ ដូចជា ផែទឹកជ្រៅ ចំណត​កុងតឺន័រ និងទីតាំង​សំខាន់ៗ​មួយ​ចំនួនទៀត»។

បើតាមលោក លូ គឹមឈន់ ក្នុងរយៈពេល ៥ ឆ្នាំ គឺចាប់ពីឆ្នាំ​២០១៨ ដល់​ឆ្នាំ២០២២ ការចេញចូល​នៃទំនិញ​ឆ្លងកាត់​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​មានកំណើន​ជាមធ្យម​ជាង ១០ ភាគរយ។ ដោយសារ​មានការកកស្ទះ​ទំនិញ​នេះ​ហើយ ទើប​កំពង់ផែ​មានគម្រោង​អភិវឌ្ឍន៍ និងពង្រីក​ចំណត​កំពង់ផែ ប៉ុន្តែ​ដោយសារតែ​បញ្ហា​កូវីដ១៩ ទើបធ្វើ​ឱ្យមាន​ការយឺតយ៉ាវ។ ម្យ៉ាងវិញទៀត បច្ចុប្បន្ន​នេះ មានក្រុមហ៊ុន​ចំនួន ១២ និងកប៉ាល់​ចំនួន​ចន្លោះ​ពី ១៦ ទៅ ១៨ កប៉ាល់ ដែលតែងតែ​ធ្វើការចេញចូល​កំពង់ផែ ជាទៀងទាត់។

លោកបានបន្ថែម​ថា កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ បាននិងកំពុង​សាងសង់​ចំណត​កុងតឺន័រ​ថ្មី ​ដំណាក់កាល​ទី១ តម្លៃ​គម្រោង ២០៣ លានដុល្លារ​អាមេរិក ដែលមាន​ប្រវែង ៣៥០ម និងជម្រៅ ១៤.៥ម ដែលត្រូវបាន​អនុញ្ញាត ៩៣ ភាគរយ នៃ​នាវា​កុងតឺន័រ អ៊ី ដែលមានសមត្ថភាព​ផ្ទុក 4,000TEUs (60,000DWT) ចូលកំពង់ផែ​ក្រុង​ព្រះសីហនុ។ ចំណត​នេះ អាចនឹងត្រូវ​ដំណើរការ​នៅពាក់កណ្តាល​ឆ្នាំ ២០២៦ ដែលធ្វើ​ឱ្យ​ការដឹកជញ្ជូន​តាមសមុទ្រ​របស់​កម្ពុជា​ ​អាចប្រៀបធៀប​ជាមួយ​ប្រទេស​ជិតខាង​ បានដោយ​សមត្ថភាព​របស់​វា​អាច​ឱ្យ​កុងតឺន័រ 450,000TEUs ក្នុងមួយ​ឆ្នាំ។

ដោយឡែក ការសាងសង់​ចំណត​កុងតឺន័រ​ថ្មី​ដំណាក់កាល​ទី២ ដែលមាន​ប្រវែង 400m និងជម្រៅ 16.5m ដែលមាន​សមត្ថភាព​ផ្ទុក​កុងតឺន័រ 10,000TEUs ដើម្បី​ទទួល​កប៉ាល់​ទៅកាន់/ពី​តំបន់​ឥណ្ឌា និងប៉ាស៊ីហ្វិក​ទាំងមូល នឹងត្រូវ​ដំណើរការ​នៅ​ឆ្នាំ ២០២៨ ។ សមត្ថភាព​របស់​វា​គឺអាច​ផ្ទុក​កុងតឺន័រ 570,000TEUs ក្នុងមួយ​ឆ្នាំ។

ចំណែកដំណាក់កាល​ទី៣ មាន​ប្រវែង ៤៣០ ម និងជម្រៅ ១៧.៥ម មាន​សមត្ថភាព​ផ្ទុក​កុងតឺន័រ​បាន ១៥ ០០០TEUs នឹងត្រូវបញ្ចប់​នៅ​ឆ្នាំ 2029 ដែលនឹង​ទាក់ទាញ​ខ្សែដឹកជញ្ជូន​ដោយផ្ទាល់​ជាមួយ​អឺរ៉ុប និងអាមេរិកខាងជើង កាត់បន្ថយ​ថ្លៃដឹកជញ្ជូន​ទំនិញ​មក​កម្ពុជា មានសមត្ថភាព​របស់​វា​គឺ 617,000TEUs ក្នុងមួយ​ឆ្នាំ ដែលអាច​នឹងរួមចំណែក​ដល់​កំណើន​សេដ្ឋកិច្ច​កម្ពុជា៕