ភ្នំពេញៈ លោក ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា នៅ​អំឡុងពេល​ចុះ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី​សរុប​ជិត ២ ម៉ឺន​នាក់ មកពី​រោងចក្រ សហគ្រាស​ចំនួន ​១២ ស្ថិតនៅ​ស្រុក​ត្រាំកក់ ខេត្តតាកែវ នា​ព្រឹក​ថ្ងៃទី ​១១ ខែមិថុនា ឆ្នាំ​ ២០២៣​ នេះ បានធ្វើការ​ព្យាករ​ថា ក្នុង​ឆ្នាំ​ ២០២៣ ​នេះ សេដ្ឋកិច្ចកម្ពុជា​នឹង​កើនឡើង​ដល់ ៥,៦ ភាគរយ​ទោះបី​ប្រឈម​បញ្ហា​មួយចំនួន​ក៏ដោយ​។​

​លោក​ហ៊ុន សែន បាន​បញ្ជាក់ថា ប្រទេស​កម្ពុជា​មានការ​លូតលាស់​ផ្នែក​សេដ្ឋកិច្ច​គួរឱ្យកត់សម្គាល់​ក្នុង​រយៈពេល​ជាង​២​ទសវត្សរ៍ មុននឹង​មានការ​វាយលុក​ពី​ជំងឺ​កូ​វីដ​១៩ នៅក្នុង​ឆ្នាំ​២០២០​។ ក្រោយពី​បានក្លាយ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទាប​នៅក្នុង​ឆ្នាំ​២០១៥ កម្ពុជា បានកំណត់​គោលដៅ​ក្នុងការ​ឈានទៅ​សម្រេច​ឱ្យបាន​នូវ​ឋានៈ ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០​។

​លោក​ថ្លែងថា​៖«​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា កាលពី​ឆ្នាំ​២០២២ មាន​កំណើន​ត្រឹមតែ​៥,២​ភាគរយ​ទេ ហើយ​ឆ្នាំនេះ គេ​ព្យាករទុក​គឺ​៥,៦​ភាគរយ​ត្រឹមតែ​ប៉ុណ្ណឹង​ទេ​។​ការ​ងើប​ឡើងវិញ​នៃ​វិស័យ​សេវាកម្ម​កំពុងមាន​ភាព​កាន់តែ​ស្វាហាប់ ភាគច្រើន​ដោយ​តម្រូវការ​របស់​អ្នកប្រើប្រាស់​កើនឡើង​»​។​

​ជាមួយគ្នា​នោះដែរ លោកនាយក​រដ្ឋមន្ត្រី ក៏បាន​លើកឡើង​ដែរ​ថា កម្ពុជា​កាលពី​ឆ្នាំ​១៩៩៧ ទំហំ​នាំចេញ​ក្នុង​វិស័យ​កាត់ដេរ មានតែ​ជាង ២០០​លាន​ដុល្លារ​តែប៉ុណ្ណោះ ប៉ុន្តែ​រហូតមកដល់​ប​ច្ចុ​ប្បន្ន​នេះ វិស័យ​កាត់ដេរ នាំចេញ ១៣​ពាន់​លាន ហើយ​នៅក្នុង​ឆ្នាំ​២០២២ ទំហំ​នៃ​ការនាំចេញ​សរុប​មាន​រហូតដល់​២៩​ពាន់​លាន​ដុល្លារ ខណៈដែល​ទំហំ​ពាណិជ្ជកម្ម​សរុប​ជាង​៥២​ពាន់​លាន​ដុល្លារ ​នោះ​ហើយ​ជា​ផ្នែក​មួយ​នៃ​កំណើនសេដ្ឋកិច្ច មិនមែនជា​បញ្ហា​ដែល​ចេះតែ​មក​សន្យា​នៅក្នុង​អំឡុងពេល​បោះឆ្នោត​នោះទេ​។​

​ធនាគារពិភពលោក កាលពី​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០២៣ កន្លងទៅ បានចេញ​របាយការណ៍​១​ស្តីពី​បច្ចុប្បន្នភាព​សេដ្ឋកិច្ចកម្ពុជា ដោយ​ក្នុង​របាយការណ៍នោះបាន​បញ្ជាក់ថា សេដ្ឋកិច្ច​របស់​កម្ពុជា​កំពុងមាន​សម្ទុះ​ស្វាហាប់​ឆ្ពោះទៅ​ការ​ស្តារឡើងវិញ​ពេញលេញ ដោយសារ​មានការ​ជំរុញ​ពី​ផ្នែក​នាំចេញ និង​ពី​កំណើន​ក្នុង​ផ្នែក​សេវាកម្ម និង​កសិកម្ម​។​

​របាយការណ៍​ដដែល​នោះ បង្ហាញថា ការ​ងើប​ឡើងវិញ​នៃ​សេដ្ឋកិច្ច​ក្នុង​ឆ្នាំ​២០២២​កន្លងទៅ​មាន​សភាព​រឹងមាំ ដោយ​ក្នុងនោះ​សម្រេចបាន​កំណើន​ក្នុង​កម្រិត ៥,២​ភាគរយ​។ សម្ទុះងើបឡើង​វិញ​ក្នុង​ផ្នែក​សេវាកម្ម ជាពិសេស​ក្នុង​ផ្នែក​ពាណិជ្ជកម្ម​, ការធ្វើដំណើរ​និង​បដិសណ្ឋារកិច្ច បាន​នាំ​កម្ពុជា​ត្រឡប់​ទៅរក​កម្រិត​កំណើន​ដែល​ធ្លាប់មាន​កាលពី​មុនពេល​ផ្ទុះ​ជំងឺ​កូ​វីដ​១៩ ក្នុងនោះ​ការមកដល់​នៃ​ភ្ញៀវ​បរទេស​មានការ​កើនឡើង​ខ្លាំង​ស្រប​ពេលដែល​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ​នៃ​ការប្រកួត​កីឡា​ស៊ី​ហ្គេម និង​ប៉ា​រ៉ា​ហ្គេម​នៃ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​។

​របាយការណ៍​បាន​បញ្ជាក់ថា ការ​ស្ទុះ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ចកម្ពុជា​នេះ​បានមក​ក៏ដោយ​សារ​ថ្លៃទំនិញ​ក្នុងស្រុក​មាន​សភាព​ធូរស្រាល​បន្តិច​វិញ ទន្ទឹមគ្នា​នឹង​ការរក្សាបាន​នូវ​លំនឹង​នៃ​ថ្លៃ​ប្រេងឥន្ធនៈ និង​ទំនិញ នៅ​ទូទាំង​ពិភពលោក ផងដែរ​។ នៅក្នុង​បរិបទ​នេះ ធនាគារពិភពលោក​ព្យាករ​ថា កំណើនសេដ្ឋកិច្ច​របស់​កម្ពុជា​នៅក្នុង​ឆ្នាំ​២០២៣ នឹង​ស្ទុះ​ឡើងដល់​កម្រិត ៥,៥​ភាគរយ​។

លោកស្រី ម៉ា​រី​យ៉ា​ម សា​លីម នាយក​គ្រប់គ្រង​នៃ​ធនាគារពិភពលោក​ប្រចាំ​នៅ​កម្ពុជា បានលើកឡើង​ដែរ​ថា ដើម្បី​រក្សា​ឱ្យបាន​នូវ​ដំណើរ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច កម្ពុជា​ចាំបាច់​ត្រូវធ្វើ​ពិពិធ​កម្ម​ផលិតផល និង​ទិសដៅ​ទេសចរណ៍​ឱ្យ​កាន់តែ​សម្បូរបែប​ថែមទៀត​។

លោកស្រី​បញ្ជាក់ថា​៖«​កម្ពុជា​ក៏​ចាំបាច់​ត្រូវ​បង្កើន​សមត្ថភាព​ប្រកួតប្រជែង​របស់ខ្លួន​ដែរ តាមរយៈ​ការពង្រីក​បណ្តាញ​ផ្លូវ​គមនាគមន៍​, កាត់បន្ថយ​របាំង​ពាណិជ្ជកម្ម និង​សម្រួល​នីតិវិធី​គយ​ឱ្យ​កាន់តែ​រលូន​ថែមទៀត​»៕