​ភ្នំពេញៈ កម្ពុជា​រកចំណូលបាន ៧៣៦,៩០​ លាន​ដុល្លារ​ ពី​ការនាំចេញ​ស្រូវ​-​អង្ករ ទៅកាន់​គោលដៅ​ចំនួន ៤៩ ជុំវិញ​ពិភព​លោក ខណៈ​ប្រទេស​ចិន​នៅ​តែ​ជាទី​ផ្សារ​នាំចេញ​អង្ករ​ដ៏​សំ​ខាន់​តាម​ពីក្រោយ​ដោយ​សហ​ភាព​អឺរ៉ុប​។ យោងតាម​ទិន្នន័យ​របស់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជាឱ្យដឹងថា ក្នុង​រយៈពេល ៥ ​ខែ​ដើមឆ្នាំ ​២០២៣ កម្ពុជា សម្រេចការ​នាំចេញ​អង្ករ ២៧៨ ១៨៤ តោន និង​ស្រូវ ២ ១៤២ ៤៨៣​ តោន ​(​ប្រហែល​ ១,៣៧​ លាន​តោន​អង្ករ​)​ និង​គិត​ជា​ទឹកប្រាក់​សរុប ៧៣៦,៩០ លាន​ដុល្លារ​អាមេរិក​។​

​ទិន្នន័យ​លម្អិតបង្ហាញថា ក្នុង​រយៈ​ពេល​ ៥ ខែ ឆ្នាំ​ ២០២៣ កម្ពុជា​សម្រេច​ការនាំចេញ​អង្ករ ២៧៨ ១៨៤​ តោន ដែល​គិត​ជា​ទឹកប្រាក់ ១៩១,៦៤​ លាន​ដុល្លារ តាមរយៈ​ក្រុមហ៊ុននាំចេញ​ចំនួន​ ៤៨​ ទៅកាន់​គោលដៅ​ចំនួន ៤៩ និង​ស្រូវ ២ ១៤២ ៤៨៣​ តោន (​ប្រមាណ ១,៣៧​ លាន​តោន​អង្ករ​) ដែល​គិត​ជា​ប្រាក់​ប្រមាណ ៥៤៥,២៦​ លាន​ដុល្លារ​។ ក្នុងចំណោម​នោះ​អង្ករ​ក្រអូប​គ្រប់​ប្រ​ភេទ​ចំនួន ៨៣,៤៩​ ភាគរយ​, អង្ក​រស ១០,៨៧​ ភាគរយ​, អង្ករ​ចំហុយ ៣,៧១ ភាគរយ និង​អង្ករ​សរីរាង្គ​ចំនួន​ ១,៩៣ ភាគរយ​ត្រូវបាន​នាំចេញ​។​

CRF ឱ្យដឹងថា​៖ «​ប្រទេស​ចិន​ គឺ​នៅតែ​ជាទី​ផ្សារ​ចម្បង​របស់​អង្ករ​កម្ពុជា​ដែល​គ្របដណ្តប់​លើ​ការនាំចេញ​សរុប​ចំនួន ៤២,៤៣​ ភាគរយ​ដែលមាន​ទឹកប្រាក់ ៧៧,៤២ លាន​ដុល្លារ ប្រទេស​ក្នុង​ទ្វីបអឺរ៉ុប​ចំនួន ២៥ គ្របដណ្តប់ ៣៧,៩៣ ​ភាគរយ​ដែល​គិត​ជា​ទឹកប្រាក់​ប្រមាណ ៧១,៩៩ ​លាន​ដុល្លារ និង​ប្រទេស​អា​ស៊ាន​ចំនួន​ ៤ ស្មើនឹង​ ៨,៨៦​ ភាគរយ​»​។

CRF បន្តថា ប្រទេស​ហ្វីលីពីន​ជាទី​ផ្សារ​ថ្មី​មួយ​សម្រាប់​កម្ពុជា​ក្នុង​ខែឧសភា ឆ្នាំ ​២០២៣ ទើប​នាំចេញ​ក្នុង​បរិមាណ​ធំ​លើក​ទី ១ ចំនួន ២ ៥៧៥ តោន ក្រៅពីនោះ​ទីផ្សារ​ផ្សេងៗ​ចំនួន ២០​ គោលដៅ​ស្មើនឹង ១០,៧៨ ភាគរយ​។​

​លោក សុង សារ៉ន ប្រធាន​ក្រុមហ៊ុន​ Amru Rice (Cambodia) បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃទី ​១១ ខែមិថុនា ថា ការនាំចេញ​របស់​ក្រុមហ៊ុន​លោក​នៅតែ​បន្ត​កើន​ឡើងទៅ​ប្រទេស​សំខាន់ៗ​របស់​អឺរ៉ុប និង​អាមេរិក​។​

​លោក​ថ្លែងថា​៖ «​យើង​បាន​កើនឡើង​ប្រហែល ១០​ ភាគរយ​។ យើង​នាំចេញ​ជា​ចម្បង​ទៅ​អឺរ៉ុប និង​អង្ករ​សរីរាង្គ​។ យើង​ទទួលបាន​ការគាំទ្រ​ច្រើន​ពី​ទីផ្សារ​លក់រាយ​នៅ​ទីនោះ​។ ជា​ការពិត​ប្រទេស​ចិន​នៅតែ​ជាទី​ផ្សារ​ធំ​សម្រាប់​អង្ករ​កម្ពុជា ប៉ុន្តែ​សម្រាប់​ក្រុមហ៊ុន​ខ្ញុំ គឺ​នាំចេញ​ជា​ចម្បង​ទៅ​អឺរ៉ុប និង​អាមេរិក​»​។​

​លោក​បញ្ជាក់ថា លោក​មានការ​បារម្ភ​អំពី​ការប្រែប្រួល​អាកាសធាតុ​ដែល​នឹង​ប៉ះពាល់​ដល់​ដំណាំ​នេះ​។ លោក​ប្រាប់ថា​៖ «​យើង​ក៏មាន​ការព្រួយបារម្ភ​ចំពោះ​ការប្រែប្រួល​អាកាសធាតុ​ដែល​ប៉ះពាល់​ដល់​ដំណាំ​។ វា​មិន​ត្រឹមតែ​ជា​កង្វល់​របស់​យើង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជាការ​បារម្ភ របស់​ពិភពលោក​ទាំងមូល​ផងដែរ​»​។​

​លោក ឡាយ ឈុន​ហួរ នាយក​ប្រតិ​​ប​ត្តិ​ក្រុមហ៊ុន City Rice Import Export Co.,Ltd បាន​និយាយ ថា ប្រទេស​ចិន​បាន​ក្លាយជា​ទីផ្សារ​សំខាន់​សម្រាប់​អង្ករ​របស់​កម្ពុជា​ចាប់តាំងពី​ប្រទេស​នេះ​បាន​បើកចំហ​កូតា​សម្រាប់​កម្ពុជា​។​

​លោក​ថ្លែងថា​៖ «​គិត​ត្រឹម​ខែឧសភា យើង​បាន​នាំចេញ​ប្រហែល ៤០ ០០០ តោន ហើយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំមុន​ គឺ​យើង​បាន​កើនឡើង​បន្តិច​។ ខ្ញុំ​មាន​សុទិដ្ឋិនិយម​ថា ចិន​នៅតែ​ជាទី​ផ្សារ​ដ៏​ធំ​បំផុត​របស់​យើង​ចាប់តាំងពី​យើង​នាំចេញ​នៅ​ទីនោះ​។ យើង​ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង​ពី​ប្រជាជន​ចិន​លើ​គុណភាព​អង្ករ​របស់​យើង​»​។​

​ទិន្នន័យ CRF បានបង្ហាញ ក្នុង​ឆ្នាំ ​២០២២ កម្ពុជា​ប្រមូលប្រាក់​បាន​ចំនួន​ ៤១៤,២៩ ​លាន​ដុល្លារ​ពី​ការនាំចេញ​អង្ករ​។ ចំនួន​នេះ​ស្មើ ៣៤,៣៨​ ភាគរយ​នៃ​ទឹកប្រាក់​ដែល​កម្ពុជា​ទទួលបាន​ពី​ការនាំចេញ​ស្រូវ​-​អង្ករ​ សរុប​ដែលមាន​ចំនួន ១,២០៥ ​ពាន់​លាន​ដុល្លារ​៕