ភ្នំពេញៈ ​សេចក្ដីព្រាងច្បាប់​ស្ដីពី «​វិធាន​ដើមកំណើត​ទំនិញ​»​ ដែលមាន​ចំនួន ​៩​ ជំពូក និង​ ៣៥​ មាត្រា ត្រូវបាន​រដ្ឋសភា​អនុម័ត​ទាំងស្រុង នៅ​ថ្ង​ទី ​១២ ខែមិថុនា ឆ្នាំ​ ២០២៣ ​នេះ នៅក្នុង​សម័យប្រជុំ​លើក​ទី​៩ នីតិកាល​ទី​៦ ដែលមាន​សំឡេងគាំទ្រ ៩៦ ​សំឡេង ។​

លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​ជា​តំណាង​រាជរដ្ឋាភិបាល ជា​អ្នកការពារ​សេចក្តីព្រាង​ច្បាប់ បាន​ថ្លែងថា សេចក្តីព្រាងច្បាប់​ស្តីពី​វិធាន​ដើមកំណើត​ទំនិញ ត្រូវបាន​រៀបចំឡើង​ក្នុង​គោលបំណង​កំណត់​អំពីគោលការណ៍​និង​វិធាន​ស្តីពី​ដើមកំណើត​នៃ​ទំនិញ​នាំចេញ​និង​ទំនិញ​នាំចូល ដើម្បី​ជំរុញ​និង​សម្រួល​ពាណិជ្ជកម្ម ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម​និង​ក្រៅ​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម ធានា​នូវ​ដើមកំណើត​ទំនិញ​របស់​កម្ពុជា ក្នុងការ​លើកកម្ពស់​និង​ជំរុញ​ការនាំចេញ​ផលិតផល​កម្ពុជា ព្រមទាំង​ចូលរួម​ទប់ស្កាត់​ការ​ក្លែងបន្លំ​ដើមកំណើតទំនិញ​។

​លោក​បានបញ្ជាក់​​ថា ៖«​សេចក្តីព្រាងច្បាប់​នេះ គឺជា​ការអភិវឌ្ឍ​បន្ថែម​នូវ​លិខិតបទដ្ឋាន​គតិ​យុត្ត​ក្នុង​វិស័យសេដ្ឋកិច្ច​និងពាណិជ្ជកម្ម ដែល​ត្រូវបាន​រៀបចំឡើង​ស្របតាម​គោលការណ៍​អាស៊ាន និង​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក និង​ជា​ផ្នែក​មួយ​ដ៏​មាន​សារៈសំខាន់​នៃ​ប្រព័ន្ធ​ច្បាប់​នៅលើ​ពិភពលោក ដោយ​ដើរ​ទន្ទឹមគ្នា​ជាមួយ​កិច្ចព្រមព្រៀង ពាណិជ្ជកម្ម​សេរី​ទ្វេភាគី តំបន់ និង​ពហុភាគី ដែល​ថ្មីៗ​នេះ​មានដូចជា កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់ជ្រុងជ្រោយ​តំបន់​(​អា​សិប​) កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន និង​កម្ពុជា​-​កូរ៉េ ជាដើម​»​។​

​លោក​ថា រាជរដ្ឋាភិបាល​មានជំនឿថា បន្ទាប់ពី​សេចក្តីព្រាងច្បាប់​នេះ​ត្រូវ​បានអនុម័ត​និង​ចូល​ជា​ធរមាន ច្បាប់​នេះ នឹង​ក្លាយជា​ឧបករណ៍​គតិយុត្ត​ដែលមាន​លក្ខណៈ​ពេញលេញ​និង​គ្រប់​ជ្រុងជ្រោយ ដែលជា​ចំណែក​មួយ​យ៉ាងសំខាន់​ក្នុងការ​ចូលរួម​ជំរុញ​និង​សម្រួល​ពាណិជ្ជកម្ម​ដល់​វិស័យ​ឯកជន ជាពិសេស​ការនាំចេញ​ទំនិញ​របស់​កម្ពុជា ដែល​ទទួលបាន​ការអនុគ្រោះ​ពន្ធ​ពី​ប្រទេស​នាំចូល ដែល​ផ្តល់​ភាពអនុគ្រោះ​ពាណិជ្ជកម្ម​ដល់​កម្ពុជា និង​ក្រោម​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នានា​ដែល​កម្ពុជា​ជា​សមាជិក​។​

«​មិន​ត្រឹមតែ​ប៉ុណ្ណោះ វា​នឹង​រក្សាបាន​នូវ​ផលប្រយោជន៍​សេដ្ឋកិច្ច​ដែល​ទទួលបាន​ពី​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម និង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នានា​ដែល​កម្ពុជា​ជា​សមាជិក រួមទាំង​អាចជួយ​កៀរគរ​ចំណូល​ថវិកាជាតិ​, ចូលរួម​បង្ការ​និង​ទប់ស្កាត់​ការ​ក្លែងបន្លំ​ដើមកំណើត​ទំនិញ ដែល​អាចជួយ​ធានាថា​ ទំនិញ​នាំ​ចេញពី កម្ពុជា​គឺមាន​ដើមកំណើត​នៅ​កម្ពុជា​»​។ លោក ប៉ាន សូរ​ស័ក្តិ បញ្ជាក់ ដោយ​លោក​បន្តថា ៖ «​ហើយ​អនុលោម​តាម​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នានា ដែល​កម្ពុជា​ជា​សមាជិក និង​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម​, ចូលរួមចំណែក​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​និង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​សុខុមាលភាព​សង្គម ជួយ​ឱ្យ​កម្ពុជា​អាចបំពេញ​បាន​នូវ​ការសន្យា​របស់ខ្លួន​ក្រោម​ក្របខ័ណ្ឌ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​»​។

​លោក​បាន​បន្តទៀតថា សេចក្តីព្រាងច្បាប់​នេះ នឹង​ក្លាយជា​កម្លាំងចលករ​ក្នុងការ​ជំរុញ​លំហូរ ពាណិជ្ជកម្ម ធានា​ដើមកំណើត​ទំនិញ​របស់​កម្ពុជា រក្សា​ផលប្រយោជន៍​និង​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ និង​លើកកម្ពស់ សុខុមាលភាព​សង្គម​ឱ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត​។​

​លោកស្រី និ​ន សា​ផុន ប្រធាន​គណៈកម្មការ​ទី​៩ នៃ​រដ្ឋសភា បានលើកឡើង​ដែរ​ថា បន្ទាប់ពី​បានរៀបចំ​សេចក្តីព្រាងច្បាប់​ស្ដីពី​វិធាន​ដើមកំណើត​ទំនិញ​នេះ​រួចរាល់ រាជរដ្ឋាភិបាល​បានស្នើ​សុំ​ជំនាញការ​ពី​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក និង​ពី​អង្គការ​សន្និសីទ​សហប្រជាជាតិ​ស្តីពី​ពាណិជ្ជកម្ម​និងការអភិវឌ្ឍ ដើម្បី​ជួយ​ពិនិត្យ​និង​ផ្ដល់​ធាតុ​ចូល ក្នុង​គោលបំណង​ធានាថា ​សេចក្ដីព្រាងច្បាប់​នេះ​មាន​សង្គតិភាព​ជាមួយ​កិច្ចព្រមព្រៀង​នានា​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​និង​ឧ​ត្ត​មា​នុ​វត្ត​ន៍អន្តរជាតិ​។​

​លោកស្រី បាន​បញ្ជាក់ថា​៖«​សេចក្តីព្រាងច្បាប់​ស្ដីពី​វិធាន​ដើមកំណើត​ទំនិញ​នេះ ត្រូវបាន​ពិនិត្យ ពិភាក្សា និង​កែសម្រួល​ជា​បន្តបន្ទាប់​យ៉ាង​ល្អិតល្អន់​និង​ស៊ីជម្រៅ ដោយ​ឈរលើ​មូលដ្ឋាន​ធាតុ​ចូល​សំខាន់ៗ​ដែល​ទទួលបាន​តាមរ​យៈ​កិច្ចប្រជុំ ជំនាញ​បច្ចេកទេស​និង​កិច្ចប្រជុំ​អន្តរក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​»​។​

អ្នកជំនាញ​សេដ្ឋកិច្ច នៃ​រាជបណ្ឌិត្យសភាកម្ពុជា លោក គី សេរី​វឌ្ឍន៍ បាន​ប្រាប់ឱ្យដឹង​ដែរ​ថា សេចក្ដីព្រាងច្បាប់​ស្ដីពី​វិធាន​ដើមកំណើត​ទំនិញ​មាន​សារៈសំខាន់​ណាស់ ដោយ​បង្កើតឡើង​ដើម្បី​ជួយ​ឱ្យ​ផលិតកម្ម​ក្នុងស្រុក​មានដំណើរ​ការ​។​

លោក​បាន​ប្រាប់ថា​៖«​កន្លងមក​មាន​អ្នកជំនួញ​ខ្លះ គឺ​ខិលខូច ដោយបាន​នាំយក​ទំនិញ​ពី​ប្រទេស​ដទៃ ដូចជា​ប្រទេសជិតខាង​កម្ពុជា​ជាដើម មក​ប្តូរ​នៅពេលដែល​ដឹកជញ្ជូន​ចេញ​តាម​កប៉ាល់​ហើយ​ធ្វើការ​នាំចេញ ដោយ​បញ្ជាក់ថា នាំ​ចេញពី​កម្ពុជា​។​ដូចនេះ​ច្បាប់​នេះ ជួយ​ឱ្យ​យើង​អាច​នាំចេញ​ផលិត​ក្នុងស្រុក​យើង និង​បង្កើន​ផលិតកម្ម​ក្នុងស្រុក​ថែមទៀត​»៕