ភ្នំពេញៈ កម្ពុជា​ប្រមូល​ចំណូល​បាន​ជិត ៥៦០​ លាន​ដុល្លារ​ពី​ការនាំចេញ​ស្បែកជើង ស្រោមជើង និង​វត្ថុ​ប្រហាក់​ប្រហែល​ទៅ​ទីផ្សារ​អន្តរជាតិ​ក្នុង​រយៈ​ពេល ៥​ ខែ​ដើមឆ្នាំ​ ២០២៣ ដោយ​ធ្លាក់​ចុះ​ជាង ២០ ​ភាគរយ​បើ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​ឆ្នាំ​ ២០២២​។ ទោះ​យ៉ាង​ណា​បើ​ចំនួន​ទឹកប្រាក់​នាំចេញ​ក្នុង​ខែឧសភា ធៀប​នឹង​ខែមេសា គឺ​កើន​ឡើង​ជាង ៧​ ភាគរយ​។ នេះ​បើ​យោងតាម​ទិន្នន័យ​ពី​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​។​

​តារាង​ស្ថិតិ​ពាណិជ្ជកម្ម​នាំចេញ​ខែ​ឧសភា បង្ហាញថា ពី​ខែមករា​ដល់​ខែ​ឧសភា ឆ្នាំ ​២០២៣ ការនាំចេញ​ទំនិញ​ក្នុង​ជំពូក​ (HS ២ ​ខ្ទង់​)​ លេខ​កូដ​ ៦៤ ដែល​រួមមាន ស្បែកជើង ស្រោមជើង និង​វត្ថុ​ប្រហាក់ប្រហែល មាន​ទឹកប្រាក់​សរុប ៥៥៨,៥៤​ លាន​ដុល្លារ ធ្លាក់ចុះ ២០,៤ ​ភាគរយ​បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២២ ដែលមាន ៧០២,០៦​ លាន​ដុល្លារ​។ ទឹកប្រាក់​នាំចេញ​ទំនិញ​លេខ​កូដ​ ៦៤ ស្មើនឹង​ប្រមាណ ៦,១ ភាគរយ​ការនាំចេញ​សរុប​របស់​កម្ពុជា​រយៈ​ពេល​ ៥ ​ខែ ឆ្នាំ​ ២០២៣ ដែលមាន ៩ ១៨៣,៤៧​ លាន​ដុល្លារ​។​

​ដោយឡែក​ក្នុង​ខែឧសភា ឆ្នាំ​ ២០២៣ ការនាំចេញ​ស្បែកជើង​វត្ថុ​ប្រហាក់ប្រហែល​មាន​ចំនួន ១២១,៦៣ ​លាន​ដុល្លារ ធ្លាក់​​ចុះ ៧,៤​ ភាគរយ​ពី ១៣១,៤២​ លាន​ដុល្លារ​ធៀប​ខែឧសភា ឆ្នាំមុន​។ ចំណែក​ទឹកប្រាក់​នាំចេញ​ក្នុង​ខែឧសភា ធៀប​ខែមេសា ឆ្នាំ​ ២០២៣ គឺ​កើនឡើង ៧,៥​ ភាគរយ​ពី ១១៣,១៥​ លាន​ដុល្លារ​។​

​លោក លី ឃុន​ថៃ ប្រធាន​សមាគម​ស្បែកជើង​កម្ពុជា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ១២ ខែមិថុនា​ថា មូលហេតុ​នៃ​ការធ្លាក់ចុះ​ទឹកប្រាក់​នាំចេញ​ស្បែកជើង និង​ផលិតផល​ខាងលើ គឺ​ដោយសារតែ​ប្រាក់ចំណូល​របស់​ប្រជាជន​តាម​បណ្តា​ប្រទេស​បញ្ជា​ទិញ​ពី​កម្ពុជា​ជួប​វិបត្តិ​។ ការនាំចេញ​នឹង​កើនឡើង​វិញ​នៅពេល​កំណើន​សេដ្ឋកិច្ចពិភពលោក​ល្អប្រសើរ ពិសេស​វិបត្តិ​សង្គ្រាម​រវាង​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន​បិទ​បញ្ចប់​។ លោក​បន្ថែមទៀតថា វិស័យ​វាយ​ន​ភណ្ឌ​កំពុង​ចូលរួមចំណែក​យ៉ាងច្រើន​ក្នុងការ​បង្កើត​ការងារ និង​ប្រាក់ចំណូល​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​។​

​លោក​បញ្ជាក់ថា​៖ «​វិបត្តិ​សកល​ដែល​កើតមាន​ជា​បន្តបន្ទាប់​បានធ្វើឱ្យ​មនុស្ស​កាត់បន្ថយ​ការចំណាយ​ដូចជា​ស្បែក​ជើង​ដែល​ពីមុន​ត្រូវការ ៤-៥​ គូ​ក្នុង​ ១​ ឆ្នាំ ប៉ុន្តែ​ដោយសារ​សេដ្ឋកិច្ច​គ្រួសារ​ធ្លាក់ចុះ ដូច្នេះ​គេ​ប្រើ​ត្រឹមតែ ២-៣ ​គូ​ប៉ុណ្ណោះ​។ នេះ​ជា​មូល​ហេតុដែល​ធ្វើឱ្យ​ការនាំចេញ​របស់​កម្ពុជា​ធ្លាក់ចុះ​»​។​

​លោក​លើកឡើង​ទៀតថា ទោះ​យ៉ាង​​ណា​សម្រាប់​សមត្ថភាព​ផលិតកម្ម​នៅ​កម្ពុជា​គឺ​មិនបាន​ធ្លាក់ចុះ​ឡើយ គ្រាន់តែ​អ្វីៗ​ត្រូវ​ធ្វើតាម​តម្រូវការ​ទីផ្សារ​។​

​យោងតាម ឃុន​ថៃ ផលិតផល​ស្បែក​ជើង ស្រោមជើង និង​វត្ថុ​ប្រហាក់ប្រហែល ផលិត​នៅ​កម្ពុជា​ត្រូវបាន​គេ​នាំទៅ​ទីផ្សារ​សំខាន់ៗ​ដូចជា អាមេរិក​, កាណាដា​, អឺរ៉ុប​, អង់គ្លេស និង​ប្រទេស​ក្នុង​តំបន់​។ ស្បែកជើង​ផលិត​នៅ​កម្ពុ​ជាមាន​ម៉ាក​អន្តរជាតិ​ល្បីៗ​ជាច្រើន​ដូចជា Adidas, Clarks, និង Timberland ជាដើម​។​

​អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា លោក ហុង វណ្ណៈ និយាយថា ផលិតកម្ម​ស្បែកជើង ស្រោមជើង និង​វត្ថុ​ប្រហាក់ប្រហែល កំពុង​ដើរតួនាទី​ជា​ផ្នែក​សំខាន់​ក្នុង​ការនាំ​ប្រាក់ចំណូល​ចូលជាតិ និង​បង្កើត​ការងារ​ឱ្យ​ប្រជាជន​។ បច្ចុប្បន្ន​កម្ពុជា​ទទួល​បានការ​ចូលមក​បណ្តា​ក់​ទុន​ជា​បន្តបន្ទាប់​ក្នុង​ឧស្សាហ​កម្ម​មួយ​នេះ​។​

​លោក​បន្ថែមថា​៖ «​ដោយសារ​ផលិត​ផល​ទាំងអស់​ខាងលើ​ភាគច្រើន​សម្រាប់​បំពេញតម្រូវការ​ទីផ្សារ​អន្តរជាតិ ដូច្នេះ​នៅពេល​សេដ្ឋកិច្ច​ប្រទេស​បញ្ជា​ទិញ​ធ្លាក់ចុះ ចំណូល​យើង​ក៏​ធ្លាក់ចុះ​ដែរ​»​។​

​ក្នុង​ឆ្នាំ​ ២០២២ ការនាំចេញ​ទំនិញ​ក្នុង​ជំពូក ​(HS ២ ខ្ទង់​)​ លេខ​កូដ​ ៦៤ មាន​ទឹកប្រាក់​សរុប ១ ៧៣៧,១១​ លាន​ដុ​ល្លារ កើនឡើង ២៤,៨ ​ភាគរយ​បើ​ធៀប​ឆ្នាំ​ ២០២១ ដែលមាន ១ ៣៩២,២២​ លាន​ដុល្លារ​។ ទឹកប្រាក់​នាំចេញ​ទំនិញ​លេខ​កូដ​ ៦៤ គឺ​ស្មើនឹង​ប្រមាណ ៧,៧ ​ភាគរយ​នៃ​ការនាំចេញ​សរុប​របស់​កម្ពុជា​ក្នុង​ឆ្នាំ ​២០២២ ដែលមាន​ចំនួន ២២ ៤៨២,៩៤​ លាន​ដុល្លារ​៕