ភ្នំពេញៈកំពង់ផែ​ស្វយ័ត​ភ្នំពេញ (PPAP) ជា​ប្រតិបត្តិ​ករ​កំពង់ផែ​ទន្លេ​ដែល​បាន​ចុះបញ្ជី​ជា​សាធារណៈ​បាន​រាយ ការណ៍​ពី​ការធ្លាក់ចុះ​យ៉ាងខ្លាំង​នៃ​ប្រតិបត្តិការ​អាជីវក​ម្ម​ក្នុង​រយៈពេល​ ៥ ​ខែ ​ដំបូង ​ឆ្នាំនេះ ដែល​បណ្តាលមកពី​ភាព មិន​ច្បាស់លាស់​សេដ្ឋកិច្ច​ក្នុង​តំបន់ និង​ពិភពលោក​ដែល​បង្កឡើង​ពី​ការអូសបន្លាយ​ពេលវេលា​សង្គ្រាម​អ៊ុយ​ក្រែ​ន ប៉ះពាល់​ដល់​តម្រូវការ​សកល និង​ការជំរុញ​ការកើនឡើង​អតិផរណា​។​

​នៅក្នុង​ឯកសារ​ផ្ញើ​ទៅ​ផ្សា​រមូល​ប​ត្រ​កម្ពុជា (CSX) នៅ​ថ្ងៃទី​១៣​ ខែមិថុនា សហគ្រាស​រដ្ឋ​មួយ​នេះ​បានឱ្យដឹងថា ប្រាក់ចំណូល​សរុប​រប​ស់​ខ្លួន​មាន​ចំនួន​ជាង ១៤,១៨៨​ លាន​ដុល្លារ​ ក្នុង​រយៈពេល​ ៥​ ខែ​ ដំបូង ​ធៀប​នឹង​ចំនួន ជាង ​១៨,៧២៦​ លាន​ដុល្លារ ធ្លាក់ចុះ​ ២៤​ ភាគរយ​។ ក្នុងនោះ ប្រាក់ចំណូល​បាន​ពី​ប្រតិបត្តិការ​កំពង់ផែ មាន​ចំនួន​ជាង ១០,៦៥៦ លាន​ដុល្លារ ធ្លាក់ចុះ ២០ ភាគរយ ពី​ជាង ១៣,៣៩៣​ ដុល្លារ​។

ប្រាក់ចំណូល​បាន​ពី​អាជ្ញាធរ​កំពង់ផែ​មាន​ចំនួន​ជាង ​១,៨៧៩ ​លាន​ដុល្លារ ដែល​កើនឡើង ​១០​ ភាគរយ ពី​ចំនួន ជាង ​១,៧​ លាន​ដុល្លារ​។ សេវាកម្ម​ផ្សេងទៀត​មាន​ចំនួន ៤៨៤ ៩៦០​ ដុល្លារ​ ដែល​បាន​កើនឡើង​យ៉ាងខ្លាំង ២៧៩​ភាគរយ​ និង​ប្រាក់ចំណូល​ផ្សេងទៀត ​ទទួលបាន​ជាង​ ១,១៦៧​ លាន​ដុល្លារ ធ្លាក់ចុះ​យ៉ាងខ្លាំង​ចំនួន ៦៧​ ភាគរយ​ពី​ចំនួន​ជាង ​៣,៤៩០​ លាន​ដុល្លារ​។​

​អ្នកស្រី គឹម សុ​ផានី​តា ប្រធាន​នាយកដ្ឋាន​ប្រតិបត្តិការ​ទីផ្សារ​នៃ​ផ្សា​រមូល​ប​ត្រ​កម្ពុជា (CSX)​បាន​ប្រាប់ ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃទី ១៤​ខែមិថុនា ថា​ការធ្លាក់ចុះ​ប្រតិបត្តិការ​អាជីវកម្មរ​បស់​កំពង់ផែ នេះ​គឺ​ត្រឹមតែ រយៈពេល​ខ្លី​ប៉ុណ្ណោះ ដែល​វា​មិន​មានន័យថា​ វា​នឹង​រារាំង​ដល់​កំណើន​កំពង់ផែ​នេះ​ទេ​។​

​កញ្ញា​ថ្លែងថា​៖ «​ខ្ញុំ​គិតថា ដោយសារតែ​ការធ្លាក់ចុះ​អាចជា​រយៈពេល​ខ្លី វិនិយោគិន​អាចមាន​ទំនោរ​ក្នុង​ការរក្សា និង​បន្ត​សង្កេតមើល​ប្រតិបត្តិការ​របស់​កំពង់​ផែ​នេះ​»​។ កញ្ញា​បន្តថា​៖ «​ម្យ៉ាងវិញទៀត​វា​នឹង​ល្អ​ប្រសិនបើ ក្រុមហ៊ុន​អាច​ចែករំលែក​ដល់​វិនិយោគិន​សាធារណៈ​អំពី​ចក្ខុវិស័យ សកម្មភាព និង​ការរំពឹងទុក​របស់​ក្រុមហ៊ុន សម្រាប់​ត្រីមាស​បន្ទាប់ និង​ពេលវេលា​ណាមួយ​នៅ​ឆ្នាំនេះ​»​។​

​យោងតាម​ឯកសារ​របស់​កំពង់ផែ​ផ្ញើ​ទៅ CSX ​នៅ​ថ្ងៃទី​១០ ​ខែមករា បានឱ្យដឹងថា កំពង់ផែ​នេះ​បានទទួល នាវា​ដឹកទំនិញ​ចំនួន​៣ ៧៨៣​ គ្រឿង ​នៅ​កំពង់ផែ​របស់ខ្លួន ​ក្នុង​ឆ្នាំ​២០២២​ កើនឡើង ​៦៤,៣៤​ ភាគរយ​ពី​ចំនួន ​២ ៣០២ ដែល​បាន​កត់ត្រា​ក្នុង​ឆ្នាំ ២០២១​។​

​ទន្ទឹមនឹងនោះ ការដឹកជញ្ជូន​ប្រេង ឧស្ម័ន និង​ទំនិញ​បាន​កើនឡើង ​៥,១៦​ ភាគរយ ​ដល់ ​៤,០៤៤​ លាន​តោន ហើយ​ការដឹកជញ្ជូន​តាម​កុងតឺន័រ​ កើនឡើង ១៩,៧២ ​ភាគរយ​ ដល់​ ៤១៧,៦៩៦TEUs (​ទំហំ​ឯក​តា​ ២០ ​ហ្វ៊ី​ត​) ។​

TEU គឺជា​ឯក​តា​នៃ​សមត្ថភាព​ដឹកទំនិញ ​ដែល​មិន​ជាក់លាក់ ​ដែល​ប្រើ​ក្នុង​ឧស្សាហកម្ម​ដឹកជញ្ជូន​ប្រហែល​ស្មើនឹង​កុងតឺន័រ ​ដែលមាន​វិមាត្រ​ខាងក្នុង ​ដែលមាន​ប្រវែង​ប្រហែល ២០​ ហ្វ៊ី​ត ទទឹង ៨ ​ហ្វ៊ី​ត និង​កម្ពស់​ ៨,៥​ ហ្វ៊ី​ត ឬ​បរិមាណ​ប្រហែល ៣៨,៥ ​ម៉ែត្រគុប​។​

PPAP ​ក៏បាន​កត់សម្គាល់​ផងដែរ​ថា នាវា​ដឹក​អ្នកដំណើរ​ចំនួន ​១០៩ ​គ្រឿង ​ដែល​ផ្ទុក​មនុស្ស​ចំនួន​ ៦ ៩៤៧​ នាក់​ បាន​ចូល​ចត​នៅ​កំពង់ផែ​របស់ខ្លួន ​ក្នុង​ឆ្នាំ​២០២២ ​កើនឡើង​ពី​ ០ ក្នុង​ឆ្នាំ ២០២១​។​ ​កាលពីមុន​ PPAP បាន​រាយ​ការណ៍​ពី​ប្រាក់ចំណូល​បាន​ពី​សកម្មភាព​អាជីវកម្ម​ជាង​ ៣៧ ​លាន​ដុល្លារ​ នៅក្នុង​រយៈពេល​ ១១​ ខែ ​ឆ្នាំមុន​ កើនឡើង ​២២ ​ភាគរយ​ ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។​

​បើ​ធ្វើការ​ប្រៀបធៀប​កាលពី​ឆ្នាំមុន ​PPAP បាន​រាយការណ៍​ពី​ប្រាក់ចំណេញ​សុទ្ធ​ចំនួន ​១២,៧​ លាន​ដុល្លារ កើនឡើង​ ២៩​ ភាគរយ​ធៀប​នឹង​ឆ្នាំ​២០២០ ​និង​កុងតឺន័រ​ឆ្លងកាត់​មាន​ចំនួន ៣៤៨ ៨៩៨ TEUs​ កើនឡើង​ជិត ​២០,០​ ភាគរយ​ពី​ចំនួន ២៩០ ៨៥៧ TEUs ក្នុង​ឆ្នាំ​២០២០ ៕