
វិភាគដោយ៖ លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុនៃក្រុមហ៊ុន PP Link Securities

តាមលក្ខណៈបច្ចេកទេស តម្លៃមាសត្រូវបានជួញដូរក្នុងទិសដៅឡើងចុះ (Sideway) ចាប់តាំងពីថ្ងៃទី ១៨ ខែមិថុនា ជាមួយកម្រិតតម្លៃទាប ១ ៩៣០ ដុល្លារ (ក្នុង ១ អោនស៍) និងកម្រិតតម្លៃខ្ពស់ ១ ៩៨៣ ដុល្លារ។ ការណ៍នេះ ប្រហែលជាដោយសារទីផ្សារកំពុងទន្ទឹងរង់ចាំការប្រកាសអត្រាការប្រាក់របស់ធនាគារកណ្ដាលសហរដ្ឋអាមេរិក (Fed) ដែលគ្រោងនឹងចេញ ផ្សាយនៅថ្ងៃព្រហស្បតិ៍ (ម៉ោង ១:០០ ព្រឹកនៅកម្ពុជា)។
បន្ទាប់ពីការចេញផ្សាយ តម្លៃមាសអាចនឹងមានការប្រែប្រួលខ្លាំង ដោយសារលទ្ធផលនៃអត្រាការប្រាក់របស់ Fed។ ជាមួយនឹងអត្រាអតិផរណាបច្ចុប្បន្ន ៤.០៥% ដែលច្រើនជាង ២ ដង នៃកម្រិតគោលដៅ (២%) Fed អាចនឹងដំឡើងអត្រាការប្រាក់ ០.២៥% បន្ថែមទៀត។ បើដូច្នេះមែន តម្លៃមាសនឹងធ្លាក់ចុះបណ្ដោះអាសន្ន ដោយសារវិនិយោគិននឹងលក់ប្រាក់ដុល្លារចេញសម្រាប់យកប្រាក់ចំណេញ។
ប៉ុន្ដែប្រសិនបើមិនមានការដំឡើងអត្រាការប្រាក់ទេ តម្លៃមាសនឹងអាចឡើងយ៉ាងគំហុកដល់ប្រហែល ២ ០០០ ដុល្លារ។ យោងតាមគេហទំព័រ forexfactory.com វាត្រូវបានព្យាករថា Fed នឹងមិនដំឡើងអត្រាការប្រាក់ទេ។ គេហទំព័រ Reuters បានរាយការណ៍ថា កិច្ចប្រជុំគោលនយោបាយរូបិយវត្ថុរបស់ធនាគារកណ្តាលអឺរ៉ុប និងធនាគារកណ្តាលជប៉ុន ក្នុងសប្តាហ៍នេះ ក៏ចូលរួមកំណត់អនាគតនៃអត្រាការប្រាក់សហរដ្ឋអាមេរិកផងដែរ។
សម្រាប់ការវិភាគជួញដូរក្នុងសប្តាហ៍នេះ ទោះបីជាសហរដ្ឋអាមេរិកដំឡើង ឬមិនដំឡើងអត្រាការប្រាក់របស់ខ្លួន តម្លៃមាសនៅតែអាចកើនឡើង។ ក្នុងករណីថា បើមានការដំឡើង នោះតម្លៃមាសអាចនឹងធ្លាក់ចុះក្នុងរយៈពេលខ្លី ហើយត្រឡប់មករកទំនោរកើនឡើងវិញ៕
