
ការដឹកជញ្ជូនទំនិញតាមច្រកព្រំដែនអន្តរជាតិដូង កម្ពុជា-ថៃ នាពេលកន្លងទៅ។ រូបថត ហេង ជីវ័ន
ភ្នំពេញៈ កម្ពុជាបាននាំទំនិញទៅប្រទេសថៃក្នុងទឹកប្រាក់ជាង ៤៨០ លានដុល្លារនារយៈពេល ៥ ខែដើមឆ្នាំ ២០២៣ កើនឡើងជិត ១០ ភាគរយបើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២២ ខណៈពាណិជ្ជកម្មនៃប្រទេសទាំង ២ មានចំនួនជាង ១,៧ ពាន់លានដុល្លារ។ នេះបើតាមអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។
ទិន្នន័យស្ថិតិជញ្ជីងពាណិជ្ជកម្មទំនិញនាំចេញ-នាំចូល ឱ្យដឹងថា ពីខែមករា-ខែឧសភា ឆ្នាំ ២០២៣ ការនាំទំនិញពីកម្ពុជាទៅប្រទេសថៃ មានទឹកប្រាក់ ៤៨០,២៤ លានដុល្លារ កើនឡើង ៩,៤៦ ភាគរយ ចំណែកទំនិញដែលថៃនាំមកកម្ពុជាវិញមាន ១ ២២៤,៧៨ លានដុល្លារ ធ្លាក់ចុះ ១៤,៤ ភាគរយ។
សម្រាប់ពាណិជ្ជកម្មទ្វេភាគីគឺមានទឹកប្រាក់ ១ ៧០៥,០២ លានដុល្លារ ថយចុះ ៨,៨ ភាគរយពីចំនួន ១ ៨៦៩,១៥ លានដុល្លារ។ យោងតាមទិន្នន័យ គឺជញ្ជីងពាណិជ្ជកម្មកម្ពុជា មានឱនភាព ៧៤៤,៥៥ លានដុល្លារ ខណៈរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២ គឺមានរហូតដល់ ៩៩១,៧៤ លានដុល្លារ។ ថៃ គឺជាដៃគូពាណិជ្ជកម្មធំជាងគេទី ៤ របស់កម្ពុជា ដែលតាមពីក្រោយប្រទេសចិន អាមេរិក និងវៀតណាម។
សម្រាប់ខែឧសភា ឆ្នាំ ២០២៣ ពាណិជ្ជកម្មរវាងប្រទេសទាំង ២ មានចំនួន ៣៥២,៦១ លានដុល្លារ ថយចុះ ៥,៤២ ភាគរយបើធៀបនឹងខែឧសភា ឆ្នាំ ២០២២ ដោយកម្ពុជានាំចេញ ៨៦,៧៧ លានដុល្លារ កើនឡើង ៥២,១ ភាគរយ និងទំនិញនាំពីថៃ ២៦៥,៨៣ លានដុល្លារ ថយចុះ ១៥,៨ ភាគរយ។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង បានប្រាប់ថា ចំនួនទឹកប្រាក់ទំនិញដែលកម្ពុជានាំទៅប្រទេសថៃ ភាគច្រើនបានមកពីផលិតផលកសិកម្ម និងគ្រឿងបង្គុំអេឡិចត្រូនិកអគ្គិសនីដែលផលិតនៅតំបន់សេដ្ឋកិច្ចនៅតាមព្រំដែន។ កំណើនទឹកប្រាក់នាំចេញរបស់កម្ពុជាបង្ហាញថា សមត្ថភាពនៃផលិតកម្មកម្ពុជាកំពុងកើនឡើង ខណៈចំនួនក្រុមហ៊ុនដែលមកវិនិយោគនៅកម្ពុជាគឺមានកាន់តែច្រើន និងមានលក្ខណៈចម្រុះស្ទើរគ្រប់វិស័យ។ លោកបន្តទៀតថា ការកើនឡើងប្រាក់ចំណូលពីការនាំចេញនេះ គឺមិនត្រឹមតែជួយដល់កំណើនសេដ្ឋកិច្ចជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយបង្កើតការងារសម្រាប់ប្រជាជនផងដែរ។
លោកលើកឡើងថា៖ «ការកែសម្រួលលក្ខខណ្ឌ និងច្បាប់វិនិយោគជាបន្តបន្ទាប់បានជួយឱ្យសមត្ថភាពផលិតកម្ម និងគុណភាពទំនិញកម្ពុជាកាន់តែល្អ»។
អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បានប្រាប់ថា ទោះបីការនាំចេញរបស់កម្ពុជាកើនឡើង ប៉ុន្តែបើពិនិត្យទៅលើចំនួនទឹកប្រាក់នៃការផ្លាស់ប្តូរទំនិញរវាងប្រទេសទាំង ២ គឺនៅឃ្លាតគ្នាឆ្ងាយ។
កម្ពុជាត្រូវតែខិតខំធ្វើពិពិធកម្មប្រភេទមុខទំនិញ និងគុណភាពផលិតផលរបស់ខ្លួនឱ្យប្រសើរបន្ថែមទៀត។
លោកនិយាយថា៖ «ដើម្បីឱ្យជញ្ជីងពាណិជ្ជកម្មអន្តរជាតិមានឧត្តមភាព កម្ពុជាត្រូវខំពង្រឹងខ្លួនឱ្យកាន់តែខ្លាំង តាមរយៈការទាក់ទាញការវិនិយោគបន្ថែម បន្ទាបថ្លៃដើមផលិត និងពង្រឹងសមត្ថភាពកម្លាំងពលកម្ម»។
ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ថៃ ក្នុងឆ្នាំ ២០២២ មានតម្លៃសរុប ៤ ៦៦៤,២៧ លានដុល្លារ កើនឡើង ១៤,២ ភាគរយធៀបនឹងឆ្នាំ ២០២១ ក្នុងនោះកម្ពុជានាំចេញ ៨៣១,៧៧ លានដុល្លារ កើន ៣៤,១ ភាគរយ និងថៃ នាំមកវិញ ៣ ៨៣២,៥ លានដុល្លារ កើន ១០,៧ ភាគរយ។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ៕