​ភ្នំពេញៈ មន្ត្រី​ពាណិជ្ជកម្ម​ថៃបានឱ្យដឹងថា ចំនួន​ផលិតផល​កម្ពុជា​កំពុងមាន​សម្ទុះ​កើនឡើង និង​ទទួលបាន​ការគាំទ្រ​នៅក្នុង​ទីផ្សារ​ថៃ ដែល​នេះ​ឆ្លុះបញ្ចាំង​ពី​ការកើនឡើង​តម្រូវការ ខណៈ​ប្រទេស​ទាំង​ ២ ​កំពុង​អនុវត្ត​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី និង​មានបំណង​ធ្វើឱ្យ​សម្រេចបាន​ពាណិជ្ជកម្ម​ទ្វេភាគី​ក្នុងតម្លៃ ១៥ ពាន់​លាន​ដុល្លារ​នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាងមុខ​។​

​ទិន្នន័យ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជាឱ្យដឹងថា ទំហំ​នៃ​ការជួញដូរ​រវាង​ប្រទេស​ទាំង ​២ ពី​ខែមករា​ដល់​ខែឧសភា ឆ្នាំ​ ២០២៣ មាន​ចំនួន ១,៧០៥ ​ពាន់​លាន​ដុល្លារ ធ្លាក់ចុះ ៨,៧៨​ ភាគរយ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំមុន ពី​ចំនួន ១,៨៦៩ ​ពាន់​លាន​ដុល្លារ​។​

​ក្នុងនោះ​ការនាំ​ទំនិញ​កម្ពុជា​ទៅ​ប្រទេស​ថៃ សម្រេចបាន​ជាង ៤៨០​ លាន​ដុល្លារ កើន​ឡើង ៩,៤៧​ ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​នៃ​ឆ្នាំ ​២០២២ និង​ការនាំ​ចូល​ពី​ថៃ មាន​ចំនួន ១,២២៥ ​ពាន់​លាន​ដុល្លារ ធ្លាក់​ចុះ ១៤,៣៨ ភាគរយ​។​

​នៅក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃទី​ ២១ មិថុនា លោក Nirawat Rangseekanjana ទីប្រឹក្សា​ពាណិជ្ជកម្ម​ស្ថានទូត​ថៃ​ប្រចាំ​កម្ពុជា បានឱ្យដឹងថា នាពេលខាងមុខ​ពាណិជ្ជកម្ម​ថៃ​នឹង​ផ្តោតលើ​ផលិតផល​ម្តាយ និង​ទារក ឆ្នាំ​ ២០២៣ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​រាជធានី​ភ្នំពេញ ថ្ងៃទី ​៣០ ខែមិថុនា​។​

​លោក​ពន្យល់ថា កម្ពុជា និង​ថៃ គឺជា​សមាជិក​អាស៊ាន​ដែលមាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ក្នុង​អាស៊ាន​។ ជាមួយនឹង​ FTA ទាំងនេះ ផលិតផល​ជាង​៩០​ភាគរយ​សម្រាប់​ពាណិជ្ជ​កម្ម​ទ្វេភាគី​ក្នុង​អាស៊ាន​ត្រូវបាន​អនុវត្ត​ដោយ​ពន្ធ​សូន្យ​។​

​លោក​ថ្លែងថា​៖ «​យើង​បាន​កត់សម្គាល់ឃើញ​ការនាំ​ចេញពី​កម្ពុជា​ទៅ​ប្រទេស​ថៃ​ក្នុង​រយៈ​​ពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ​កំពុង​កើនឡើង​ដោយសារតែ​តម្រូវការ​កាន់តែច្រើន​លើ​ផលិត​ផល​កម្ពុជា ដូចជា ក្នុង​វិស័យ​កសិកម្ម និង​វាយ​ន​ភណ្ឌ ហេតុ​​នេះហើយ​បានជា​យើង​ឃើញថា ចំនួន​ការនាំ​ចេញពី​កម្ពុជា​ទៅ​ថៃ​មានការ​កើនឡើង​»​។​

​លោក​លើកឡើងថា​៖ «​ការនាំ​ចូល​សរុប​ពី​ប្រទេស​ថៃ​ធ្លាក់ចុះ​តិចតួច​ក្នុង​រយៈពេល ៥​ ខែ​នេះ​គឺ​ដោយសារតែ​ផលិតផល​មួយចំនួន​ត្រូវបាន​ផលិត​នៅ​កម្ពុជា​តែម្តង​។ យ៉ាងណា​ខ្ញុំ​នៅតែមាន​សុទិដ្ឋិនិយម​ថា ការផ្លាស់​ប្តូរ​ពាណិជ្ជកម្ម​ទ្វេភាគី​នឹង​នៅ​តែ​រឹងមាំ ហើយនឹង​សម្រេចបាន​តាម​ទិសដៅ​ដែល​បាន​កំណត់ដោយ​រដ្ឋាភិបាល​ទាំង​ ២​ ដែលមាន​ ១៥ ​ពាន់​លាន​ដុល្លារ​»​។​

​លោកស្រី Jiranun Wongmonkol ប្រធាន​ក្រុមប្រឹក្សា​ធុ​រ​​កិច្ច​ថៃ​ប្រចាំ​នៅ​កម្ពុជា ​(TBCC) ​ក៏បាន​យល់ស្រប​នឹង​ការលើក​ឡើង​របស់លោក Nirawat ដែរ ខណៈ​លោកស្រី​បាន​សង្កត់ធ្ងន់ថា បច្ចុប្បន្ន​មាន​ផលិតផល​ជា​ច្រើន​ត្រូវបាន​ផលិត ប៉ុន្តែ​នៅ​តែមាន​ឱកាស​ច្រើន​សម្រាប់​ផលិតផល​របស់​ប្រទេស​ថៃ​។​

​លោកស្រី​ប្រាប់ថា​៖ «​យើង​មើលឃើញថា​ពាណិជ្ជកម្ម​ទ្វេ​ភាគី​រវាង​ប្រទេស​យើង​ទាំង​ ២ នៅតែ​រីកចម្រើន​។ អ្វីដែល​គួរឱ្យ​ចាប់អារម្មណ៍​នោះ​គឺ​ការនាំ​ចេញពី​កម្ពុជា​ទៅ​ប្រទេស​ថៃ​កំពុង​កើនឡើង ដែល​នេះ​ឆ្លុះបញ្ចាំង​ពី​តម្រូវ​ការដែល​កើនឡើង​នៅក្នុង​ប្រទេស​ថៃ ខណៈ​ការនាំ​ពី​ប្រទេស​ថៃ​មក​កម្ពុជា​បាន​ធ្លាក់​ចុះ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ​។ ការធ្លាក់ចុះ​នេះ​គឺ​ដោយសារតែ​ផលិតផល​មួយចំនួន​អាច​ផលិត​នៅ​កម្ពុជា ដូចនេះ​មិនចាំបាច់​នាំចូល​ផលិត​​ផល​ទាំង​នោះមក​កម្ពុជា​ទេ​»​។​

​លោក សរ សារិន អនុប្រធាន​ជាន់ខ្ពស់​នៃ​ក្រុមប្រឹក្សា​ធុរកិច្ច​កម្ពុជា ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​បាងកក បាន​និយាយថា​ថៃ​នៅតែ​ជា​ដៃគូ​ពាណិជ្ជកម្ម​ឈានមុខ​គេ​របស់​កម្ពុជា ខណៈ​កម្ពុជា​កំពុង​បង្កើន​ការនាំ​ចេញទៅ​ទីផ្សារ​ថៃ​។​

​លោក​ថ្លែងថា​៖ «​ការនាំចេញ​របស់​យើង​ទៅ​ប្រទេស​ថៃ បាន​កើន​ជា​បណ្តើរៗ ដោយសារ​យើង​កំពុងតែ​ពង្រឹងគុណភាព​ផលិតផល​។ នោះ​ហើយ​ជា​មូល​ហេតុដែល​តួនាទី​របស់ខ្ញុំ​ជាមួយ​ក្រុមប្រឹក្សា​ធុរកិច្ច​កម្ពុជា​នឹង​នាំយក​ផលិតផល​កម្ពុជា​កាន់តែ​ច្រើន​ដាក់លក់​នៅ​ទីផ្សារ​ទំនើប​ក្នុងប្រទេស​ថៃ​»៕