
រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យសម្រេចបង្កើតនិងបំពេញបន្ថែមអគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល ឱ្យស្ថិតនៅក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីធានាប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពនៃការដឹកនាំ គ្រប់គ្រង និងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា។
ក្នុងអនុក្រឹត្យដែលចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២៣ បានឱ្យដឹងថា អនុក្រឹត្យនេះ មាន ៣ ជំពូក និង ១០ មាត្រា ដែលបានចែងពី បេសកកម្ម តួនាទី ភារកិច្ច និងរចនាសម្ព័ន្ធ។
អនុក្រឹត្យគូសបញ្ជាក់ថា៖ «អគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល បំពេញមុខងារជាសេនាធិការឱ្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លើបេសកកម្មដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលកម្ពុជា ដោយឈរលើគោលការណ៍សេដ្ឋកិច្ចទីផ្សារនិងសមធម៌សង្គម អនុលោមតាមគោលនយោបាយ យុទ្ធសាស្ត្រ ផែនការ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត ពាក់ព័ន្ធនឹងសេដ្ឋកិច្ចឌីជីថល»។
អគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល មានតួនាទី និងភារកិច្ចដូចជា ចូលរួមរៀបចំនិងអនុវត្តគោលនយោបាយ យុទ្ធសាស្ត្រ ផែនការ គម្រោង កម្មវិធី និងផែនការសកម្មភាព ពាក់ព័ន្ធនឹងសេដ្ឋកិច្ចឌីជីថលនិងចូលរួមរៀបចំនិងអនុវត្តច្បាប់និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត ពាក់ព័ន្ធនឹងសេដ្ឋកិច្ចឌីជីថល។
រៀបចំនិងអនុវត្តគោលការណ៍ណែនាំឬបទដ្ឋានបច្ចេកទេសនានាសំដៅគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងចូលរួមស្រាវជ្រាវ វិភាគ តាមដាន និងវាយតម្លៃការវិវឌ្ឍនិងនិន្នាការសេដ្ឋកិច្ចឌីជីថលក្នុងបរិការណ៍តំបន់និងសកល។ ដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថលដែលគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍន៍ថ្នាលឌីជីថលគ្រឹះនិងថ្នាលសេដ្ឋកិច្ចឌីជីថល ជាគុណប្រយោជន៍ដល់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល។
ប្រភពដដែលបន្តថា អគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល ត្រូវចូលរួមរៀបចំកិច្ចសន្យានិង/ឬកិច្ចព្រមព្រៀងសេដ្ឋកិច្ចឌីជីថលក្នុងបរិការណ៍ជាតិ តំបន់ និងសកល ចូលរួមរៀបចំសេចក្តីព្រាងច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ ច្បាប់ហិរញ្ញវត្ថុកែតម្រូវ និងច្បាប់ទូទាត់ថវិកា។ កសាងភាពជាដៃគូ ព្រមទាំងធ្វើកិច្ចសហការនិងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឌីជីថល ក្នុងបរិការណ៍ជាតិ តំបន់ និងសកល និងជាមួយនឹងអង្គការអន្តរជាតិនិង/ឬដៃគូអភិវឌ្ឍ។ ត្រូវរៀបចំនិងលើកកម្ពស់ការអប់រំ ការបណ្ដុះបណ្តាល និងការផ្សព្វផ្សាយពាក់ព័ន្ធនឹងសេដ្ឋកិច្ចឌីជីថល និងរៀបចំរបាយការណ៍វឌ្ឍនភាពការងារនិងសមិទ្ធកម្មរបស់អគ្គនាយកដ្ឋានប្រចាំខែ ត្រីមាស ឆមាស និងឆ្នាំ បំពេញតួនាទីនិងភារកិច្ចផ្សេងទៀតតាមការប្រគល់ជូនពីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
អគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល មាននាយកដ្ឋានក្រោមឱវាទចំនួន ៣ រួមមាន នាយកដ្ឋានកិច្ចការទូទៅ នាយកដ្ឋានហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចឌីជីថល និងនាយកដ្ឋានកម្មវិធីសេដ្ឋកិច្ចឌីជីថល។
ពាក់ព័ន្ធបច្ចេកវិទ្យាឌីជីថលនេះដែរ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៅក្នុងកម្មវិធី សំណេះសំណាលជាមួយសិស្ស-និស្សិត ស្រុកបាទី ខេត្តតាកែវ កាលពីថ្ងៃទី ២២ ខែ មិថុនា បានលើកឡើងអំពីការអភិវឌ្ឍធនធានមនុស្សដើម្បីលើកកម្ពស់ចំណេះដឹងឌីជីថល ការជំរុញចាប់យកឌីជីថល និងការបង្កើតកម្មវិធីប្រកួតប្រជែងផ្នែកឌីជីថលផងដែរ។ លោកក៏បានលើកឡើងអំពីវឌ្ឍនភាពការងាររបស់ក្រសួងប្រៃសណីយ៍ ដែលបានធ្វើកំណែទម្រង់ផ្ទៃក្នុងដើម្បីធ្វើឱ្យប្រព័ន្ធការងារមានភាពងាយស្រួល និងឆាប់រហ័ស និងដាក់ឱ្យប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងការជំរុញប្រសិទ្ធភាពការងារ៕