អគ្គនាយកដ្ឋាន​គយ ​និង​រដ្ឋាករ​កម្ពុជា បានឱ្យដឹងថា គិត​ត្រឹម​ពេលបច្ចុប្បន្ន កម្ពុជា​កំពុង​អនុវត្ត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ចំនួន ១០ បានធ្វើឱ្យ​កម្ពុជា​បាត់បង់​ចំណូល​ពន្ធ​ប្រមាណ​ជាង​៤០០​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយឆ្នាំ ប៉ុន្តែ​កម្ពុជា​ទទួលបាន​មកវិញ គឺ​កំណើនសេដ្ឋកិច្ច​ជារួម តាមរយៈ​កំណើន​វិនិយោគ និង​កំណើន​ទីផ្សារ​នាំចេញ​ទំនិញ​ទៅ​ក្រៅប្រទេស​ជាដើម​។​

​បើតាម​អគ្គនាយកដ្ឋាន​គយ ការបាត់បង់​ចំណូល​ពន្ធ​ប្រមាណ​ជាង​៤០០​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំនេះ ដោយសារតែ ការអនុវត្ត​កិច្ចព្រមព្រៀង​សេរី ទ្វេភាគី ឬ​ពហុភាគី ត្រូវ​បានការ​រួច​របាំង​ពន្ធ​ភាគច្រើន ទៅមុខ​ទំនិញ​ដែល​កិច្ចព្រមព្រៀង​នៃ​បណ្តា​ប្រទេស​ហត្ថលេខី​បានកំណត់​។ ដូចនេះ នៅពេលដែល​មានការ​អនុវត្ត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី កម្ពុជា​នាំចេញ​ទៅ​ប្រទេស​ដៃគូ ត្រូវ​រួច​ពន្ធ ហើយ​ប្រទេស​ដៃគូ​នាំ​ចូលមក​កម្ពុជា​វិញ ក៏ត្រូវ​រួច​ពន្ធ​វិញ​ដូចគ្នា​។ ហេតុនេះហើយ ទើប​ក្រសួង​ពាក់ព័ន្ធ ជាពិសេស​ក្រសួងពាណិជ្ជកម្ម និង​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ បាននិងកំពុង​ខិតខំ​ជំរុញ​ការផលិត និង​កែច្នៃ​នាំចេញ​ឱ្យបាន​ច្រើនជាង​នាំចូល ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ​។

​គិត​ត្រឹម​ឆ្នាំ​២០២៣​នេះ កម្ពុជា​កំពុង​អនុវត្ត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ចំនួន ១០ រួមមាន (១) កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទំនិញ​អាស៊ាន (ATIGA), (២) កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាស៊ាន​-​ចិន (ACFTA), (៣) កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាស៊ាន​-​កូរ៉េ (AKFTA), (៤) កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាស៊ាន -​ឥណ្ឌា (AIFTA), (៥) កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាស៊ាន​-​អូស្ត្រាលី​-​នូ​វែ​ល​សេ​ឡង់ (AANZFTA), (៦) កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​ទូលំទូលាយ​អាស៊ាន​-​ជប៉ុន (AJCEP), (៧) កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ (RCEP), (៨) កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាស៊ាន​-​ហុងកុង (AHKFTA), (៩) កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន (CCFTA) និង (១០) កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​កូរ៉េ (CKFTA)​។

​លោក សែ សុឃន អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា នៅ​ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី “​វិធាន​ដើមកំណើត​ទំនិញ សម្រាប់​វិស័យ​ឯកជន​” នៅ​សាលា​ជាតិ​គយ កាលពីពេល​ថ្មីៗ​នេះ បាន​បញ្ជាក់ថា​៖«​កម្ពុជា​ក៏បាន​បញ្ចប់​ការចរចា​ជាមួយ​ប្រទេស​អេ​មី​រ៉ាត់​អារ៉ាប់​រួម និង​កំពុង​ចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ប្រទេស​ជា​ដៃគូ​ផ្សេងទៀត​ផងដែរ​។

​លោក​បាន​បញ្ជាក់ថា​៖«​កន្លងមក​ការអនុវត្ត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទាំងនេះ​បានធ្វើឱ្យ​កម្ពុជា​បាត់បង់​ចំណូល​ពន្ធ​ប្រមាណ​ជាង​៤០០​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយឆ្នាំ ហើយ​ដែល​រំពឹងថា​នឹង​កើន​ឡើងជា​បន្តបន្ទាប់​ថែមទៀត​នាពេល​អនាគត​»​។

​ទោះជា​យ៉ាងណាក៏ដោយ លោក​អះអាងថា អ្វីដែល​កម្ពុជា​ទទួលបាន​មកវិញ គឺ​កំណើនសេដ្ឋកិច្ច​ជារួម តាមរយៈ​កំណើន​វិនិយោគ​និង​ផលិតកម្ម​ក្នុងស្រុក និង​កំណើន​ទីផ្សារ​នាំចេញ​ទំនិញ​ទៅ​ក្រៅប្រទេស ជាដើម ៕