ភ្នំពេញៈ លោក​ កៅ ថាច អគ្គ​នាយក​ធនាគារ​អភិវឌ្ឍន៍​ជនបទនិង​កសិកម្ម ​(ARDB) បានស្នើ​ដល់​ម្ចាស់​រោង​ម៉ាស៊ីន​កិន​ស្រូវ ក្រុមហ៊ុននាំចេញ​អង្ករ ប្រចាំខេត្ត​ពោធិ៍សាត់ បាត់ដំបង និង​បន្ទាយមានជ័យ​ជួយ​ទិញស្រូវ​ពី​កសិករ​ឱ្យ​អស់ពី​លទ្ធភាព​ក្នុងតម្លៃ​ទីផ្សារ​។​

​នៅក្នុង​កិច្ចប្រជុំ​ឯ​ខេត្ត​បាត់​ដំបង​ជាមួយ​សភាពាណិជ្ជកម្ម​និង​ម្ចាស់​រោង​ម៉ាស៊ីនកិនស្រូវ​ក្រុមហ៊ុននាំចេញ​អង្ករ​ប្រចាំខេត្ត​ពោធិ៍សាត់ បាត់ដំបង កាលពី​ថ្ងៃទី​ ២៤ ខែមិថុនា ឆ្នាំ ២០២៣ លោក​ កៅ ថាច បានស្នើ​សុំ​ថា សម្រាប់​រដូវ​ប្រមូល​ផល​ស្រូវ​ខាងមុខ សុំ​ម្ចាស់​រោង​ម៉ាស៊ីនកិនស្រូវ​ទាំងអស់​មេត្តាជួយ​ទិញស្រូវ​ពី​កសិករ​ឱ្យ​អស់ពី​លទ្ធ​ភាព​ក្នុងតម្លៃ​ទីផ្សារ​។​

​លោក​បាន​ថ្លែងថា​៖ «​ខ្ញុំ​សង្ឃឹម​យ៉ាង​មុតមាំ​ថា ម្ចាស់​រោង​ម៉ាស៊ីន​ទាំងអស់​នឹង​សហការគ្នា​ដោយ​សាមគ្គីភាព​ដើម្បី​លើកស្ទួយ​ជីវភាព​កសិករ និង​ជំរុញ​ឱ្យ​ផែនការ​នាំចេញ​អង្ករ​ ១​ លាន​តោន​របស់​រាជរដ្ឋាភិបាល ទទួលបាន​ជោគជ័យ​។ដោយ​ទទួលបាន​ការទុកចិត្ត​ពី​រាជរដ្ឋាភិបាល ធនាគារ​អភិវឌ្ឍន៍ ជនបទ និង​កសិកម្ម នៅតែ​បន្ត​ផ្ត​ល់ឥណ​ទាន​ដល់​ម្ចាស់​រោង​ម៉ាស៊ីន​ធ្វើការ​ប្រមូល​ទិញស្រូវ​ពី​កសិករ​ក្នុង​រដូវ​ប្រមូល​ផល​ខាងមុខ​»​។

​ជាមួយគ្នានេះ លោក​ កៅ ថាច ក៏បាន​ស្នើ​ដល់​ម្ចាស់​រោង​ម៉ាស៊ីនកិនស្រូវ គួរ​បង្កើត​ទីផ្សារ​ទិញ​ស្រូវ​ក្នុង​តំបន់​របស់ខ្លួន​ឱ្យបាន​ច្រើន​កន្លែង ដើម្បី​បង្ក​ភាព​ងាយ​​ស្រួល​ដល់​កសិករ​ប្រមូលផ្តុំ​យក​ស្រូវ​មក​លក់ និង​បន្ថយ​ចំណាយ​ថ្លៃ​ដឹក​របស់​ពួកគាត់​។

​លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​ស្នើសុំ​ដល់​តំណាង​អ្នកទិញ​ស្រូវ​របស់​រោង​ម៉ាស៊ីន ដោយ​ធ្វើការ​ទូទាត់​ប្រាក់​នៃ​ការទិញ​-​លក់​ស្រូវ​ពី​បងប្អូន​កសិករ តាមរយៈ APP របស់​ធនាគារ ARDB ដែល​អាច​ផ្ទេរ​ទៅ​ធនាគារ​ផ្សេងៗ​បាន​យ៉ាង​ងាយស្រួល​និង​រហ័ស​»​។

​លោក​បាន​បន្តថា​៖ «​ក្នុងន័យនេះ​ខ្ញុំ​សូម​លើកទឹកចិត្ត​ឱ្យ​ម្ចាស់​រោង​ម៉ាស៊ីន​ទាំងអស់ នៅពេល​ខ្វះ​ថវិកា​ទិញស្រូវ​អាច​ស្នើសុំ​ឥណទាន​បន្ថែម​ពី​ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម​បាន គ្រាន់តែ​បំពេញ​តាម​លក្ខខណ្ឌ​គុណវុឌ្ឍិ​របស់​ធនាគារ​តែប៉ុណ្ណោះ ឬក៏​ដាក់​ស្តុក​ស្រូវ​-​អង្ករ ជា​ទ្រព្យ​ធានា​»​។

​ក្នុងឱកាស​នោះ លោក កៅ​ ថាច បាន​ស្នើឱ្យ​ម្ចាស់​រោង​ម៉ាស៊ីន​ចេះ​សាមគ្គី​គ្នា​ដោយ​កុំ​ប្រកួត​​ប្រជែង​គ្នា​និង​សូម​រួបរួមគ្នា​ដើម្បី​លើកស្ទួយ​វិស័យ​ស្រូវ​អង្ករ​កម្ពុជា​ឱ្យមាន​ភាព​រីកចម្រើន​។​

​លោក យ៉ង សាំង​កុមារ រដ្ឋ​លេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ បានឱ្យដឹង​នៅ​ថ្ងៃទី​ ២៥ ខែមិថុនា ថា កន្លងទៅ ក្រសួងកសិកម្ម​បានធ្វើ​ការ​ច្រើន​ទាក់ទង​នឹង​ការជំរុញ​ឱ្យមាន​ការចុះ​កិច្ចសន្យា​ជាមួយ​រោង​ម៉ាស៊ីនកិនស្រូវ និង​សហ​គម​ន៍​កសិកម្ម ក៏ដូចជា​កសិករ ដើម្បី​អាច​រក្សា​ស្ថិរភាព​តម្លៃ​។​

​លោក​ថា​៖ «​បញ្ហា​ដើមទុន​ប្រមូល​ទិញស្រូវ ក៏​ជា​អ្វីដែល​យើង​បានគិត​គូរ​ដែរ ជាពិសេស​ការជំរុញ​លើកទឹកចិត្ត​ដល់​ម្ចាស់​រោង​ម៉ាស៊ីនកិនស្រូវ ក្រុមហ៊ុននាំចេញ​អង្ករ​នានា ទទួលបាន​កម្ចី​ពី​ធនាគារ​ ARDB ដែលមាន​អត្រា​ការប្រាក់​សមរម្យ​»​។​

​បើតាម​ ARDB ការប្រើ​ឥណទាន​ក្រោម​គម្រោង​ហិរញ្ញ​ប្ប​​ទាន​ពិសេស​របស់​រាជរដ្ឋាភិបាល​ដើម្បី​ធានា​ស្ថិរភាព​ថ្លៃ​ស្រូវ ដែល​បានផ្តល់​ជូន​តាមរយៈ ARDB នៅ​ទីតាំង​រោង​ម៉ាស៊ីនកិនស្រូវ និង​ក្រុមហ៊ុន​ចំនួន ​៥ ក្នុងស្រុក​មោងឫស្សី ខេត្តបាត់ដំបង និង​បន្ទាយមានជ័យ​រួមមាន ធនាគារ​ស្រូវ​កម្ពុជា​, រោង​ម៉ាស៊ីនកិនស្រូវ​ភួ ពុ​យ​, រោង​ម៉ាស៊ីនកិនស្រូវ ឡាយ សែ​,​រោង​ម៉ាស៊ីនកិនស្រូវ ហ្វា​ង លី និង​រោង​ម៉ាស៊ីន​កិន​-​ស្រូវ ស៊ីវ ឡាយ​។​

​បើតាម​របាយការណ៍​ពី​ក្រសួងកសិកម្ម ផលិតផល​កសិកម្ម​ ៨,៦​ លាន​តោន​ ស្មើនឹង​តម្លៃ​សរុប​ជិត​ ៥ ​ពាន់​លាន​ដុល្លារ​ត្រូវបាន​កម្ពុជា​នាំចេញ​នៅក្នុង​ឆ្នាំ ២០២២ ខណៈ​វិស័យ​កសិកម្ម​បានរួម​ចំណែក​ជាង​ ២២ ​ភាគ​រយ​នៃ​ផលិតផល​សរុប​ក្នុង​​ស្រុក​ (GDP)​ កម្ពុជា​៕​