​ភ្នំពេញៈ ការនាំ​ទំនិញ​ពី​កម្ពុជា​ទៅ​សិង្ហ​បុរី បាន​ហក់​ឡើង​យ៉ាងខ្ពស់​ក្នុង​រយៈពេល ៥​ ខែ​ដំបូង​ឆ្នាំ​ ២០២៣ ដោយមាន​ទឹក​ប្រា​ក់ជាង ៣៤៣​ លាន​ដុល្លារ កើន​ជាង ៥០០ ​ភាគរយ​ បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២២​។ នេះ​បើ​យោងតាម​អគ្គនាយក​​ដ្ឋា​ន​គយ និង​រដ្ឋាករ​កម្ពុជា ​(GDCE)​។​

​ទិន្នន័យ​របស់ GDCE ឱ្យដឹងថា ពី​ខែមករា ដល់​ខែឧសភា ឆ្នាំ​ ២០២៣ កម្ពុជា​បាន​នាំចេញ​ទំនិញ​ទៅ​ប្រទេស​​សិង្ហ​បុរី ក្នុង​ទឹកប្រាក់ ជាង​ ៣៤៣ ​លាន​ដុល្លារ កើនឡើង ជាង ៥០៨​ ភាគរយ​ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២២ ដែលមាន​ចំនួន​តែ ៥៦,៤៥​ លាន​ដុល្លារ​។ ចំណែក​ទំនិញ​ដែល​សិង្ហ​បុរី​នាំមក​កម្ពុ​ជាមាន​ចំនួន​ជាង ៣១៥​ លាន​ដុល្លារ ធ្លាក់ចុះ ៨១,១ ​ភាគរយ​ពី​ចំនួន ជាង​ ១,៦ ​ពាន់​លាន​ដុល្លារ​។​

​បើតាម​ទិន្នន័យ​ខាងលើ គឺ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ ២ មាន​ទឹកប្រាក់​សរុប ជិត ៦៥៩​ លាន​ដុល្លារ ធ្លាក់ចុះ ៦១,៨​ ភាគរយ​ពី​ចំនួន​ជាង ​១ ,៧ លាន​ដុល្លារ​។ សិង្ហ​បុរី គឺជា​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​ធំជាងគេ​ទី​៦ របស់​កម្ពុជា ដោយ​តាម​ពីក្រោយ​ប្រទេស​ចិន អាមេរិក វៀតណាម ថៃ និង​ជប៉ុន​។ សម្រាប់​ជញ្ជីងពាណិជ្ជកម្ម​ទ្វេភាគី គឺ​កម្ពុ​ជាមាន​ឧត្តមភាព​ប្រមាណ ២៧,៨៥ ​លាន​ដុល្លារ ខណៈ​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​ ២០២២ គឺ​ជញ្ជីងពាណិជ្ជកម្ម​កម្ពុជា មាន​ឱនភាព​រហូតដល់ ១ ៦១០,១៩​ លាន​ដុល្លារ​។​

​អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជ​បណ្ឌិត្យសភា​កម្ពុជា លោក ហុង វណ្ណៈ បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ ក្នុង​ថ្ងៃទី​ ២៨ ខែមិថុនា​ថា ការ​កើន​​ឡើង​នៃ​សមត្ថភាព​ផលិតកម្ម​ក្នុងស្រុក និង​ការបង្កើតឱ្យមាន​ផលិតផល​ថ្មីៗ​កាន់តែច្រើន គឺ​កំពុង​ចូលរួមចំណែក​យ៉ាងសកម្ម​ក្នុងការ​លើកកម្ពស់ សមត្ថភាព​នាំចេញ​របស់​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ​។

សិង្ហ​បុរី គឺជា​ទីផ្សារ​សំខាន់​មួយ​របស់​កម្ពុជា ព្រោះ​ក្រៅពី​ទទួល​ទិញ​ទំនិញ​ពី​កម្ពុជា​ដើម្បី​បំពេញ​តម្រូវ​ការ​ក្នុងប្រទេស សិង្ហ​បុរី​ក៏បាន​នាំ​ទំនិញ​មួយចំនួន​ពី​កម្ពុជា​យកទៅ​កែច្នៃ និង​វេច​ខ្ចប់​ដើម្បី​នាំ​ចេញទៅ​លក់​បន្ត​នៅ​ទីផ្សារ​អន្តរ​ជាតិ​។ លោក​បន្តថា ការធ្វើ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ ២ ត្រូវ​រំពឹងថា នឹង​កើនឡើង​បន្ថែមទៀត​នាពេលខាងមុខ ខណៈ​កម្ពុជា និង​សិង្ហ​បុរី គឺ​សុទ្ធតែជា​សមាជិក​នៃ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់​ (RCEP)​ ផងដែរ​។​

​លោក​ថ្លែងថា​៖ «​លទ្ធផល​នៃ​ការខិតខំ​របស់​រដ្ឋាភិបាល និង​ផ្នែក​ឯកជន បានធ្វើឱ្យ​កម្ពុ​ជាមាន​ផលិតផល​កាន់តែច្រើន​ប្រភេទ​សម្រាប់​ឆ្លើយតប​នឹង​គ្រប់​តម្រូវការ​របស់​អ្នកបញ្ជា ទិញ​។ ដំណើរការ​នៃ​ការធ្វើ​ពិពិធ​កម្ម​ទំនិញ​ផលិត​នៅ​កម្ពុជា កំពុង​ស្ថិតនៅ​លើផ្លូវ​ដ៏​ល្អ និង​មាន​ភាពរស់រវើក​»​។ លោក​បន្តថា​៖«​កំណើន​ទឹក​ប្រាក់​នាំចេញ​ទំនិញ​ទៅ​ទីផ្សារ​អន្តរជាតិ ក៏​បញ្ជាក់​ពី​ភាពរឹងមាំ​នៃ​ខឿនសេដ្ឋកិច្ច​របស់​កម្ពុជា​ផងដែរ​»​។​

​ទោះយ៉ាងណា អ្នកជំនាញ​សេដ្ឋកិច្ច​ខាងលើ​អះអាងថា កម្ពុជា​ត្រូវតែ​ខិតខំ​បន្ថែមទៀត​ក្នុងការ​កែច្នៃ​ធនធាន​ក្នុងប្រទេស​របស់ខ្លួន ដើម្បី​កាត់បន្ថយ​ការនាំ​ចូល​ពី​បរទេស និង​បង្កើត​តម្លៃបន្ថែម​សម្រាប់​ការនាំចេញ ទំនិញ​។​

​អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជ​​កម្ម លោក ប៉ែន សុ​វិជាតិ ធ្លាប់បាន​លើកឡើងថា ជាទូទៅ​ការដោះដូរ​ពាណិជ្ជកម្ម តែងតែ​ប្រែប្រួល​ជា​រឿង​ធម្មតា ដោយ​វា​អាស្រ័យទៅលើ​តម្រូវការ​តិច ឬ​ច្រើន​។ ភាគច្រើន​មុខទំនិញ​ដែល​កម្ពុជា​នាំទៅ​ប្រទេស​សិង្ហ​បុរី គឺជា​ផលិតផល​ក​សិ​កម្ម ខណៈ​ទំនិញ​នាំ​ពី​សិង្ហ​បុរី មានដូចជា ប្រេងឥន្ធនៈ កៅស៊ូ​ក្រាល​ថ្នល់ សារធាតុ​គីមី​ឧស្សា​ហក​ម្ម គ្រឿងអគ្គិសនី និង​ភេសជ្ជៈ ជាដើម​។​

​លោក​ថ្លែងថា​៖ «​មូលហេតុ​មិនធំ​ដុំ​ទេ ព្រោះ​ការធ្វើ​ពាណិជ្ជ​កម្ម​គឺ​ដូច​តម្លៃនៅលើទីផ្សារ​អ៊ីចឹង ថ្ងៃ​ខ្លះ​លក់ដាច់​បាន​ច្រើន ថ្ងៃ​ខ្លះ​លក់ដាច់​បាន​តិច ហើយ​វា​មិនអាច​គ្រប់​រឿង​សុទ្ធតែជា​បញ្ហា ឬ​រាល់​ការប្រែប្រួល​សុទ្ធតែជា​បញ្ហា​នោះទេ​»​។​

​ធនាគារជាតិ​នៃ​កម្ពុជា ​(NBC) បានឱ្យដឹងថា គិត​ត្រឹម​ចុងឆ្នាំ​ ២០២១ សិង្ហ​បុរី គឺជា​ប្រទេស​ដែល​មក​វិនិយោគ​ផ្ទាល់​នៅ​កម្ពុជា​ច្រើនជាងគេ​លំដាប់​ទី​ ៣ ដោយមាន​ទឹកប្រាក់ ២,៧ ពាន់​លាន​ដុល្លារ​, តាម​ពីក្រោយ​ប្រទេស​ចិន ដែលមាន​ទឹក​​ប្រាក់ ១៨ ​ពាន់​លាន​ដុល្លារ​, និង​កូរ៉េខាងត្បូង ៤,៩​ ពាន់​លាន​ដុល្លារ​។

​ក្នុង​ឆ្នាំ​ ២០២២​ កន្លងទៅ ការ​ធ្វើ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​សិង្ហ​បុរី មាន​ទឹកប្រាក់​សរុប ​៣,៣២៣ ​ពាន់​លាន​ដុល្លារ ធ្លាក់ចុះ ៣៦,៣ ​ភាគរយ​ធៀប​ឆ្នាំ ២០២១ ដែលមាន​ចំនួន ៥ ២១៧​ លាន​ដុល្លារ​។ ដែល​ក្នុងនោះ​កម្ពុជា​នាំចេញ​ទំនិញ​ទៅ សិង្ហ​បុរី ៩២,៥៧ ​លាន​ដុល្លារ ដែល​ធ្លាក់ចុះ ២២,៨ ​ភាគរយ ចំណែក​សិង្ហ​បុរី​នាំមក​កម្ពុជា ជាង​ ៣,២៣០​ លាន​ដុល្លារ ធ្លាក់ចុះ ៣៦,៦​ ភាគរយ​៕