លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​កម្មសិទ្ធិ​បញ្ញា បាន​ឱ្យដឹង​ថា នៅ​ឆ្នាំ ២០២៣ នេះ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​កម្មសិទ្ធិបញ្ញា បាន​បញ្ចប់​សេចក្តីព្រាង​គោលនយោបាយ​ជាតិ​ស្តីពី​កម្មសិទ្ធិ​បញ្ញា ឆ្នាំ ២០២៣-២០២៨ និង​ត្រៀម​ដាក់ជូន​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី នាពេល​ឆាប់ៗ​ខាងមុខនេះ។​

លោក​បាន​បញ្ជាក់ថា សេចក្តីព្រាង​នេះ មាន​ចក្ខុវិស័យ​ក្នុងការ​អភិវឌ្ឍ​ប្រព័ន្ធ​កម្មសិទ្ធិបញ្ញា​នៅ​កម្ពុជា​ឱ្យ​ក្លាយទៅជា​កម្លាំងចលករ​មួយ​លើ​កិច្ចការ​អភិវឌ្ឍ​សេដ្ឋកិច្ច ពាណិជ្ជកម្ម ឧស្សាហកម្ម វប្បធម៌ ទេសចរណ៍ និង​កសិកម្ម តាមរយៈ​ការលើក​កម្ពស់​កិច្ចការពារ​កម្មសិទ្ធិបញ្ញា កេរ្តិ៍ឈ្មោះ​ម៉ាក និង​ផលិតផល​របស់​កម្ពុជា និង​ការបង្កើត​ស្នាដៃ​វប្បធម៌។ សេចក្តីព្រាង​នេះ​ក៏នឹង​ជំរុញ​ការប្រើប្រាស់​កម្មសិទ្ធិបញ្ញា ដើម្បី​លើកកម្ពស់​ការស្រាវជ្រាវ និង​អភិវឌ្ឍន៍ ក្នុងការ​បង្កើត​ផលិតផល​បច្ចេកវិទ្យា ជំរុញ​គំនិត​ច្នៃប្រឌិត ការបង្កើត​ថ្មី និង​ឧស្សាហកម្ម​វប្បធម៌ ឱ្យ​ឆ្លើយតប​ទៅនឹង​បរិបទ​សេដ្ឋកិច្ច​និង​សង្គម​ឌីជីថល ព្រមទាំង​បដិវត្ត​ឧស្សាហកម្ម​ជំនាន់ទី ៤ ដើម្បី​ចូលរួម​ចំណែក​ក្នុងការ​សម្រេច​បាន​នូវ​ចក្ខុវិស័យ​នៅ​កម្ពុជា​ឆ្នាំ ២០៥០។​

លោក ប៉ាន សូរ​ស័ក្តិ បានលើកឡើង​បែបនេះ ក្នុងពេល​ដឹកនាំ​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​កម្មសិទ្ធិ​បញ្ញា​ឆ្នាំ ២០២២ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ ២០២៣ កាលពី​ថ្ងៃទី ២៩ ខែមិថុនា​នេះ របស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​កម្មសិទ្ធិបញ្ញា (គ.ក.ប.) ដើម្បី​គោរព​រាយការណ៍​ជូន​ប្រមុខ​រាជរដ្ឋាភិបាល និង​ពិនិត្យ​លើ​សេចក្តីព្រាង​អនុក្រឹត្យ​ស្តីពី​វិធានការ​រដ្ឋបាល​សម្រាប់​ការអនុវត្ដ​សិទ្ធិ​កម្មសិទ្ធិបញ្ញា។​

ក្នុងឱកាស​នេះ លោក​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​សមាជិក​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​កម្មសិទ្ធិបញ្ញា និង​សមាជិក​លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​កម្មសិទ្ធិបញ្ញា ដែល​បាន​ខិតខំ​បំពេញ​ការងារ​រហូត​ទទួល​បាន​លទ្ធផល​ការងារ​គួរជាទី​មោទនៈ ដោយ​សម្រេច​បាន​នូវ​សមិទ្ធផល​សំខាន់ៗ​ជាច្រើន​រួមមាន​។ ក្នុងនោះ​រួមមាន ១-​ការចុះបញ្ជី​កម្មសិទ្ធិបញ្ញា ជាពិសេស​ការចុះបញ្ជី​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ និង​ម៉ាក​សមូហភាព​ទាំង​នៅ​កម្ពុជា និង​បណ្តា​ប្រទេស​សំខាន់ៗ ២-​ការចូល​ជា​សមាជិក​នៃកិច្ច​ព្រមព្រៀង អនុសញ្ញា និង​សន្ធិសញ្ញា​អន្តរជាតិ ៣-​ការរៀបចំ​សេចក្តី​ព្រាង​ច្បាប់ និង​អនុក្រឹត្យ​ពាក់ព័ន្ធ​នឹង​កម្មសិទ្ធិបញ្ញា​។ ទី​៤-​កិច្ចសហ​ប្រតិបត្តិការ​អន្តរជាតិ តាមរយៈ​ការចុះ​អនុស្សរណៈ​នៃការ​យោគយល់​គ្នា​ជាមួយ​អង្គភាព​កម្មសិទ្ធិ​បញ្ញា​មួយចំនួន និង​ការងារ​អនុវត្ត​គម្រោង​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​ជាតិ និង​អន្តរជាតិ ៥-​ការងារ​លើកកម្ពស់​ចំណេះដឹង​សាធារណៈ និង​ការផ្សព្វផ្សាយ​ច្បាប់ និង ៦-​ទទួល​ជោគជ័យ​ក្នុងការ​បង្ក្រាប​និង​ទប់ស្កាត់​បទល្មើស​កម្មសិទ្ធិ​បញ្ញា ដែលមាន​លទ្ធផល​ជាច្រើន​គួរឱ្យ​កត់សម្គាល់។​

លោក​ក៏បាន​បញ្ជាក់​ផងដែរ​ថា កម្ពុជា​សម្រេចបាន​នូវ​លទ្ធផល​គួរ​ជាទី​មោទនៈ​លើ​វិស័យ​កម្មសិទ្ធិបញ្ញា ដោយ​ឆ្នាំ​កន្លងទៅ​ក្រុម​ការងារ​ចរចា​ជំពូក​កម្មសិទ្ធិបញ្ញា បាន​ចូលរួម​យ៉ាងសកម្ម​នៅក្នុង​កិច្ចចរចា កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ថ្នាក់​តំបន់ (RCEP) ដែល​ទើបនឹង​ចូលជា​ធរមាន​កាលពី​ឆ្នាំ ២០២២ និង​កិច្ចចរចា​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​កម្ពុជា-អេមីរ៉ាតអារ៉ាប់រួម ដែល​បាន​ចាប់ផ្តើម​ចរចា​ក្នុង​ឆ្នាំ ២០២២ និង​ទើបបាន​ចុះហត្ថលេខា កាលពី​ថ្ងៃទី ០៨ ខែ​មិថុនា ឆ្នាំ ២០២៣។​

លោក ប៉ាន សូរ​ស័ក្តិ បញ្ជាក់ថា៖ «​កិច្ចព្រមព្រៀង​ទាំងនេះ​នឹង​ក្លាយជា​កម្លាំង​ចលករ​បន្ថែម ប្រកបដោយ​សក្តានុពល និង​កាលានុវត្តភាព​ថ្មី នៅក្នុង​តំបន់​អាស៊ី និង​មជ្ឈឹមបូព៌ា ដែល​ការណ៍​នេះ​នឹង​ក្លាយជា​សក្ខីភាព សម្រាប់​ឆ្លុះបញ្ចាំង​ពីការ​ទទួលស្គាល់​ជាសកល​ពី​គ្រប់​មជ្ឈដ្ឋាន​នូវ​ការអភិវឌ្ឍ​របស់​ប្រទេស​កម្ពុជា​ប្រកបដោយ​វិបុលភាព និង​សន្តិភាព​នៅក្នុង​យុគសម័យ​ឌីជីថល»។​

បន្ថែម​ពីនេះ ក្នុងនាម​ប្រធាន​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​កម្មសិទ្ធិបញ្ញា លោក​បាន​ស្នើសុំ​ដល់​សមាជិក​សមាជិកា​នៃ​អង្គប្រជុំ​ទាំងមូល ចូលរួម​ពិនិត្យ និង​ផ្តល់​ធាតុ​ចូល​បន្ថែម​លើ​សេចក្តីព្រាង​អនុក្រឹត្យ​ស្តីពី​វិធានការ​រដ្ឋបាល​សម្រាប់​ការអនុវត្ត​សិទ្ធិ​កម្មសិទ្ធិបញ្ញា ដែលជា​លិខិតបទដ្ឋាន​គតិយុត្ត​មួយ សម្រាប់​អនុវត្ត​សិទ្ធិ​កម្មសិទ្ធិបញ្ញា និង​ធានាបាន​កិច្ចការពារ​ឱ្យមាន​ប្រសិទ្ធភាព​នៃ​សិទ្ធិ​របស់​ម្ចាស់​កម្មសិទ្ធិបញ្ញា។ ព្រមទាំង​ការពារ​ផលប្រយោជន៍​អ្នកប្រើប្រាស់​ប្រឆាំងនឹង​ការធ្វើ​ចរាចរ​នៃ​ផលិតផល​ក្លែងក្លាយ ជាពិសេស​ការអនុវត្ត​សិទ្ធិ​កម្មសិទ្ធិបញ្ញា ដើម្បី​លុបបំបាត់​អំពើ​នៃការ​ប្រកួតប្រជែង​មិន​ស្មោះត្រង់ ដោយ​ជំរុញ​ឱ្យមាន​ការគោរព​កម្មសិទ្ធិបញ្ញា​ចំណោម​សាធារណៈ​ទូទៅ បង្កើន​ជំនឿ​ទុកចិត្ត​ពី​អតិថិជន ពាណិជ្ជកម្ម​ស្មើភាព និង​ទាក់ទាញ​វិនិយោគ៕