ភ្នំពេញៈ កម្ពុជា និងចិនជំរុញការពង្រឹងការគ្រប់គ្រងគ្រោះអាសន្ន និងការអភិវឌ្ឍទីក្រុងប្រកបដោយភាពធន់ ដោយក្រុមមន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយកម្ពុជាបានបំពេញទស្សនកិច្ចសិក្សានៅទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី ប្រទេសចិន រយៈពេល ៦ ថ្ងៃ។

លោក គីម វីរៈ អគ្គលេខាធិការនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (NCDM) បានដឹកនាំគណៈប្រតិភូចូលរួមក្នុងកម្មវិធីទស្សកិច្ចសិក្សា និងសិក្ខាសាលាភាពជាដៃគូ «រវាងទីក្រុងនិងទីក្រុង» ស្តីពីការពង្រឹងការគ្រប់គ្រងគ្រោះអាសន្ននិងការអភិវឌ្ឍទីក្រុងប្រកបដោយភាពធន់រវាងប្រទេសទាំង២ ពីថ្ងៃទី២៦ ខែមិថុនា ដល់ថ្ងៃទី១ ខែកក្កដា នៅទីក្រុងណាននីង។

កម្មវិធីទស្សកិច្ចសិក្សា សហការរៀបចំដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងក្រសួងគ្រប់គ្រងគ្រោះអាសន្ន នៃប្រទេសចិន តំបន់ស្វយ័តក្វាងស៊ី របស់ចិន។

NCDM បញ្ជាក់ក្នុងTelegram នាថ្ងៃទី៣០ ខែមិថុនា ថា សិក្ខាសាលានេះមានការចូលរួមពី លោក Xu Yongke អភិបាលរងតំបន់ស្វយ័តក្វាងស៊ី តំណាងADB តំណាងអង្គការអន្តរជាតិ វិស័យឯកជន និងមន្ត្រីរបស់ក្រសួងគ្រប់គ្រងគ្រោះអាសន្ននៃប្រទេសចិន។

ទស្សនកិច្ចសិក្សានេះមានគោលបំណងពង្រឹងភាពជាដៃគូកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងជាវេទិកាសម្រាប់ការផ្លាស់ប្តូរគំនិតស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ និងវិស័យផ្សេងៗទៀតដែលមានផលប្រយោជន៍ទៅវិញទៅមក។

NCDM បញ្ជាក់ថា ទស្សនកិច្ចសិក្សានេះបានរឹតចំណងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការការងារ ក្នុងការរួមគ្នាគ្រប់គ្រង នឹងដោះស្រាយវិបត្តគ្រោះមហន្តរាយ ទាំងនៅក្នុងតំបន់ដើម្បីជាឧត្តមប្រយោជន៍ ផ្តល់ភាពសុខដុមរនាដល់ប្រជាជន។

NCDM បន្តថា៖ «វេទិកានឹងស្វែងយល់ពីរបៀបពង្រឹងការដឹកនាំគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ និងរបៀបបង្កើតប្រព័ន្ធកាន់តែរឹងមាំ ក្នុងការគ្រប់គ្រងហានិភ័យគ្រប់ប្រភេទ រវាងទីក្រុង និងទីក្រុង ក្នុងតំបន់អាស៊ាន»៕