កម្ពុជា​កំពុង​សម្លឹងមើល​ការពង្រីក​ប្រព័ន្ធ​ទូទាត់​ឆ្លង​ប្រទេស​ជាមួយ​ប្រទេសរ​វ៉ាន់ដា​តាមរយៈ​ការលើកកម្ពស់​ប្រព័ន្ធ​ទូទាត់​ប្រាក់​បាគង ដើម្បី​លើកកម្ពស់​វិស័យ​ឌីជីថល និង​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ (Fintech) រវាង​ប្រទេស​នានា​។​

​គណៈប្រតិភូ​Fintech កម្ពុជា ដឹកនាំ​ដោយ​ធនាគារជាតិ​នៃ​កម្ពុជា និង​សហការ​រៀបចំ​ដោយ​សមាគម​ហិរញ្ញវត្ថុ និង​បច្ចេកវិទ្យា​កម្ពុជា (CAFT)​និង​សមាគម​ធនាគារ​នៅ​កម្ពុជា បាន​ចូលរួម​ព្រឹត្តិការណ៍​Fintech​នៅ​ប្រទេស​Rwanda នៅ​ថ្ងៃទី​២០-២៦ ខែមិថុនា ក្នុង​គោលបំណង​បង្ហាញ​ពី​សក្ដានុពល​នៃ​ការផ្លាស់ប្តូរ​នវានុវត្តន៍​fintech​របស់​កម្ពុជា ជំរុញ​ភាពជា​ដៃគូ​ឆ្លងដែន និង​ជំរុញ​ទិដ្ឋភាព​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​របស់​ប្រទេស​ទៅដល់​កម្រិត​ខ្ពស់​ថ្មី​។​

​លោក​Remi Pell​ប្រធាន​CAFT បានធ្វើ​បទ​បង្ហាញ​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​មួយ​បានបង្ហាញ​ពី​ការរីកចម្រើន​នៃ​ប្រព័ន្ធ​fintech​របស់​កម្ពុជា​។ លោក​បាន​គូសបញ្ជាក់​អំពី​ភាពលេច​ធ្លោ​នាពេល​បច្ចុប្បន្ន​នៃ​អ៊ី​វ៉ា​ឡេ​ត និង​ក្រុមហ៊ុន​ផ្តល់​សេវា​ទូទាត់​នៅក្នុង​ប្រទេស​កម្ពុជា ទន្ទឹមនឹង​ការទន្ទឹងរង់ចាំ​ការលេចឡើង​នៃ​ក្រុមហ៊ុន​ថ្មីៗ នៅក្នុង​វិស័យ​Insurtech, Regtech​និង Neobank​។​

​លោក​ថ្លែងថា​៖ «​គួរ​ឲ្យ​កត់សម្គាល់ កំណើន​នៃ​ពាណិជ្ជកម្ម​អេឡិចត្រូនិក និង​ប្រតិបត្តិការ​គ្មាន​សាច់ប្រាក់​បាន​ជំរុញ​យ៉ាងសំខាន់​នូវ​ការទទួលយក​យ៉ាង​ទូលំទូលាយ​នៃ​ដំណោះស្រាយ​ទូទាត់​ឌីជីថល​រវាង​ពាណិជ្ជករ និង​អ្នកប្រើប្រាស់​»​។​

​លោក​Pell បានបញ្ជាក់​ពី​តួនាទី​ដ៏​សំខាន់​ថា​ដំណោះស្រាយ​ប្រព័ន្ធ​ទូទាត់​និង​កិច្ចសន្យា​ឆ្លាត​វៃ​នឹង​ដើរតួ​ក្នុង​អនាគត​នៃ​ទិដ្ឋភាព​ហិរញ្ញវត្ថុ​របស់​កម្ពុជា​។ ទោះជា​យ៉ាងណាក៏ដោយ លោក​បានទទួល​ស្គាល់​នូវ​តម្រូវការ​បន្ទាន់​ស​ម្រា​ប់​អ្នកជំនាញ​ក្រុមហ៊ុន​ផ្តល់​ដំណោះស្រាយ អ្នក​ច្នៃប្រឌិត សហគ្រិន​ឆ្នើម និង​វិនិយោគិន​ក្នុង​វិស័យ​ទាំងនេះ ដោយសារ​កម្ពុជា​បច្ចុប្បន្ន​ខ្វះខាត​ធនធាន​ទាំងនេះ​។​

​លោក​ថ្លែងថា​៖ «​ឱកាស​ជាច្រើន​ដែល​ស្ថិតនៅក្នុង​ដំណោះស្រាយ​ប្រព័ន្ធ​ទូទាត់ រួមទាំង​កម្មវិធី​បង្កើន​ជំនាញ និង​ការបណ្តុះបណ្តាល ការអភិវឌ្ឍ​ដំណោះស្រាយ​កិច្ចសន្យា​ឆ្លាត​វៃ​ប្រកបដោយ​តម្លាភាព និង​កម្មវិធី​របស់​ពួកគេ​លើ​វិស័យ​ផ្សេងៗ​ដូចជា ហិរញ្ញវត្ថុ គណនេយ្យ និង​ទំនាក់ទំនង​»​។​

​លោកស្រី ជា សិរី ទេសាភិបាលរង​បាន​ថ្លែង​ក្នុង​សិក្ខាសាលា​មួយ​កាលពី​ថ្ងៃទី​២០ ខែមិថុនា នៅ​ស្រុក​ស្ទោង ខេត្តកំពង់ធំ​ថា​ធនាគារជាតិ​នៃ​កម្ពុជា​ក៏​កំពុង​សហការ​ជាមួយ​ប្រទេស​ជាច្រើន​ទៀត​ទាំង​នៅក្នុង​តំបន់​អាស៊ី អាហ្វ្រិក អាមេរិក​ឡាទីន និង​អឺរ៉ុប ដើម្បី​បង្កើន​វិសាលភាព​ប្រើប្រាស់​ប្រព័ន្ធ​ទូទាត់​ដែលមាន​សុវត្ថិភាព ចំណាយ​ទាប និង​ទទួលបាន​ប្រាក់​ឆាប់រហ័ស​ដើម្បី​ជំរុញ​សកម្មភាព​សេដ្ឋកិច្ច​ឆ្លងដែន​។​

​លោកស្រី​ថ្លែងថា ចំពោះ​កម្ពុជា​គឺ​បាន​ត​ភ្ជាប់​ជាមួយ​ប្រទេស​ថៃ និង​ម៉ាឡេស៊ី​រួចហើយ​តាមរយៈ ប្រព័ន្ធ​ទូទាត់​បាគង និង​កំពុងត​ភ្ជាប់​ជាមួយនឹង​ប្រទេស​វៀតណាម ឡាវ មី​យ៉ាន់​ម៉ា ចិន និង​ឥណ្ឌា​។​

​លោកស្រី​បាន​ពន្យល់ថា ប្រព័ន្ធ​ទូទាត់​នេះ​អនុញ្ញាតឱ្យ​ប្រជាជន​កម្ពុជា​នៅក្នុង​ប្រទេស​ថៃ​ធ្វើការ​ស្កេ​ន និង​ទូទាត់​ដោយ​ប្រើ​គណនី​ប្រាក់រៀល ក៏ដូចជា​ជនជាតិ​ថៃ​នៅក្នុង​ប្រទេស​កម្ពុជា​ដើម្បី​ស្កេ​ន និង​ទូទាត់​ជា​រូបិយប័ណ្ណ​ក្នុងស្រុក ដែល​លោកស្រី​បានឱ្យដឹងថា​នឹង​ជំរុញ​ការប្រើប្រាស់​ប្រាក់រៀល​។​

​លោកស្រី​បាន​បញ្ជាក់ថា​ប្រព័ន្ធ​ទូទាត់​បាគង​បានធ្វើឱ្យ​ប្រជាជន​នៅតាម​ជនបទ​ដែល​មិនសូវមាន​ជីវភាព​ធូរធារ​អាច​ប្រើប្រាស់ និង​ទទួលបាន​អត្ថប្រយោជន៍​ពី​សេវា​ហិរញ្ញវត្ថុ​ផ្លូវការ​។​

​លោកស្រី​លើកឡើងថា កន្លងមក​ប្រព័ន្ធ​ទូទាត់ បាគង បានទទួល​ពានរង្វាន់ និង​ការកោតសរសើរ​ជា​បន្តបន្ទាប់ ខណៈ​កាលពី​ខែឧសភា កន្លងទៅ​លោក Kishida Fumio នាយករដ្ឋមន្ត្រី​ជប៉ុន ក៏បាន​កោតសរសើរ​ប្រព័ន្ធ​បាគង ដែលជា​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​គំរូ​មួយ​រវាង​ធនាគារកណ្ដាល​កម្ពុជា និង​ក្រុមហ៊ុន​បច្ចេកវិទ្យា​មួយ​មកពី​ប្រទេស​ជប៉ុន​)​។​

​ត្រឹម​ចុងឆ្នាំ​២០២២ ចំនួន​គណនី​អ៊ី​វ៉ា​ឡេ​ត ដែល​បាន​ចុះឈ្មោះ​បាន​កើន​ដល់ ១៩,៥ លាន ហើយ​ចំនួន​ប្រតិបត្តិ​ការសរុប​បាន​កើនឡើង​ពី ៧០៨​លាន​ដល់ ១ ពាន់​លាន​ដុល្លារ ជាមួយ​ចំនួន​ទឹកប្រាក់​សរុប ២៧២,៨ ពាន់​លាន​ដុល្លារ (​កើន ៣៤ ភាគរយ​) ប្រហែល ៩ ដង​នៃ​ផលិតផល​ក្នុងស្រុក​សរុប (GDP)​។ នេះ​បើតាម​របាយការណ៍​រប​ស់ NBC៕​ LA