ភ្នំពេញៈ រាជរដ្ឋាភិបាល បាន​កំណត់ថា ចំណូល​ថវិការដ្ឋ​សរុប​សម្រាប់​ឆ្នាំ ២០២៤ គ្រោង​សម្រេច​ឱ្យបាន ២៣,០៧​ ភាគរយ​ខណៈ​ចំណាយ​សរុប​នៃ​ថវិការដ្ឋ នឹង​កំណត់​ក្នុង​រង្វង់​ ២៦,២៩​ ភាគរយ នៃ​ផលិតផល​ក្នុងស្រុក​សរុប (​ផ​.​ស​.​ស​)​។ នេះ​បើតាម​សារាចរ​របស់​រាជរដ្ឋាភិបាល​ស្តីពី​ការរៀបចំ​ផែនការ​យុទ្ធសាស្ត្រ​ថវិកា​ឆ្នាំ​ ២០២៤-២០២៦ និង​ការរៀបចំ​សេចក្តីព្រាងច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​ ២០២៤​។​

​សារាចរ​ដែល​ចុះហត្ថលេខា​ដោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចុះ​ថ្ងៃទី​ ២៩ ខែមិថុនា ឆ្នាំ​ ២០២៣ បានឱ្យដឹងថា ចំណូល​ចរន្ត​ថវិការដ្ឋ​ត្រូវ​សម្រេច​ឱ្យបាន​ប្រមាណ ២២,៣៣ ​ភាគរយ នៃ​ផ​.​ស​.​ស​.​នេះ​គឺ​កើនឡើង​ ០,៨ ​ពិន្ទុ​ភាគ​​រយ​នៃ​ផ​.​ស​.​ស​.​ឬ​កើនឡើង​ ១៣,៣​ ភាគរយ ធៀប​នឹង​ច្បាប់​ថវិកា​ឆ្នាំ​ ២០២៣​។

​នៅក្នុង​នេះ​ចំណូល​ពី​អគ្គនាយកដ្ឋាន​​គយ និង​រដ្ឋាករ​ត្រូវ​គ្រោង​សម្រេច​ឱ្យបាន ៧,៧៨ ​ភាគរយ នៃ​ផ​.​ស​.​ស គឺ​ថយចុះ ០,៧៣ ​ពិន្ទុ​ភាគរយ​នៃ​ផ​.​ស​.​ស ឬ​ថយ​ចុះ​ ០,២​ ភាគរយ ធៀប​នឹង​ច្បាប់​ថវិកា​ឆ្នាំ​ ២០២៣, ចំណូល​ពី​អគ្គនាយកដ្ឋាន​ពន្ធដារ ត្រូវ​គ្រោង​សម្រេច​ឱ្យបាន ១១,៧៩​ ភាគរយ នៃ ផ​.​ស​.​ស​. គឺ​កើនឡើង ០,៧៤ ​ពិន្ទុ​ភាគរយ​នៃ​ផ​.​ស​.​ស​ឬ​កើន​ឡើង ១៦,៦​ ភាគរយ ធៀប​នឹង​ច្បាប់​ថវិកា​ឆ្នាំ​ ២០២៣ និង​ចំណូល​មិនមែន​សារពើពន្ធ ត្រូវ​គ្រោង​សម្រេច​ឱ្យបាន ២,៧៦ ​ភាគរយ នៃ ផ​.​ស​.​ស​.​។​

​ចំណូល​ផ្សេងៗ​ក្នុងប្រទេស​ត្រូវ​សម្រេច​ឱ្យបាន​ ០,២៥​ ភាគរយ​,​ចំណូល​ផ្សេងៗ​ដោយ​ហិរញ្ញប្បទាន​ក្រៅប្រទេស​សម្រាប់​អនុវត្ត​គម្រោង​វិនិយោគ សាធារណៈ គ្រោង​សម្រេច​ឱ្យបាន ០,៤៤​ ភាគរយ ហើយ​មូលនិធិ​ទ្រទ្រង់​ថវិកា​គ្រោង សម្រេច​ឱ្យបាន​ ០,០៥ ​ភាគរយ នៃ ផ​.​ស​.​ស​.​។​

​ដោយឡែក ចំណាយ​សរុបថ​វិការ​ដ្ឋ នៅ​ឆ្នាំ​ ២០២៤ នឹង​កំណត់​ក្នុង​រង្វង់ ២៦,២៩ ភាគរយ​នៃ ផ​.​ស​.​ស​. គឺ​ថយចុះ ៣,៦៨ ពិន្ទុ​ភាគរយ​នៃ ផ​.​ស​.​ស​. ឬ​ថយចុះ ៤,២ ​ភាគរយ ធៀប​នឹង​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​ ២០២៣ (​ហៅ​កាត់​ថា ច្បាប់​ថវិកា​ឆ្នាំ​ ២០២៣)​។ ក្នុងនោះ ចំណាយ​សរុបថ​វិកា​ថ្នាក់ជាតិ ២៤,៤២​ ភាគរយ​,​ចំណាយ​សរុប​ថវិកា​ថ្នាក់ក្រោម​ជាតិ ២,៩៦ ​ភាគ​រយ ដោយ​រួមបញ្ចូល​ទាំង​ការឧបត្ថម្ភ​ធន​ដល់​ថ្នាក់ក្រោម​ជាតិ​ចំនួន ១,០៩ ​ភាគ​​រយ នៃ ផ​.​ស​.​ស​.​។

​ជារួម ការអនុវត្ត​វិធានការ​ផ្នែក​ចំណូល និង​ផ្នែក​ចំណាយ​ខាងលើ​នឹង​ជួយ​សម្រេចបាន​នូវ​អតិរេក​ថវិកា​ចរន្ត​ស្មើនឹង​ប្រមាណ ៣,៨៩ ​ភាគ​​រយ នៃ ផ​.​ស​.​ស​. និង​ឱនភាព​ថវិកា​សរុប​ក្នុង​រង្វង់​ ៣,២២​ ភាគរយ​នៃ ផ​.​ស​.​ស​. ក្នុង​ឆ្នាំ​ ២០២៤ ដើម្បី​បង្កើន​កា​រវិ​និ​យោគ និង​បង្កើត​តម្លៃបន្ថែម​លើ​មូលដ្ឋាន​កំណើនសេដ្ឋកិច្ច​ដែលមាន​ស្រាប់ ជាមួយនឹង​ការជំរុញ​និង​មាន​ផលិតភាព​ខ្ពស់​។

​ក្រៅពីនេះ​នឹងមាន​ការវិនិយោគ​ទៅលើ​ប្រភព​ថ្មី​នៃ​កំណើន​ដែលមាន​សក្តានុពល​សេដ្ឋកិច្ច បន្ត​ពង្រឹងសមត្ថភាព​ស្ថាប័ន និង​លើកកម្ពស់​សមត្ថភាព​ម​ន្ត្រី របប​សោធន​ជូន​និវត្តន៍​ជន និង​ជំនួយ​សង្គម​ផ្សេងៗ​ក៏ដូចជា​ការបន្ត​ដំឡើង​បៀវត្សរ៍​អប្បបរមា​ជូន​មន្ត្រីរាជការ ដើម្បី​លើកកម្ពស់​សុខុមាលភាព​សង្គម កសាង​ភាព​ធន់​នៃ​សង្គម​កម្ពុជា និង​ធានា​សម្រេច​ឱ្យបាន​នូវ​គោលដៅ​អភិវឌ្ឍន៍​សំខាន់ៗ ដែលមាន​ចែង​ក្នុង​របៀបវារៈ​គោ​លន​យោ​បាយ នៅក្នុង​ឆ្នាំ​ដំបូង​នៃ​រាជរដ្ឋាភិបាល នីតិកាល​ទី ​៧​។​

​នៅក្នុង​វេទិកា​តុមូល​ស្តីពី​វិបត្តិ​សេដ្ឋ​កិច្ច​សកល ដែល​រៀបចំ​ដោយ​រាជបណ្ឌិត្យ​សភា​កម្ពុជា កាលពីពេល​ថ្មីៗ​នេះ លោក ផាន់ ផល្លា រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋ​កិច្ច និង​ហិរញ្ញវត្ថុ បាន​លើកឡើងថា តាម​ការ​ព្យាករ​ពី​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) បង្ហាញថា សេដ្ឋកិច្ច​សកល នឹងមាន​កំណើន​ ៣​ភាគរយ ក្នុង​ឆ្នាំ​ ២០២៤ ខណៈ​ស្ថាប័ន​នេះ​អះអាងថា សេដ្ឋកិច្ច​សកល​នឹងមិន​ត្រឡប់​ទៅរក​កំណើន​ខ្ពស់​វិញ​ទេ រហូតដល់​ឆ្នាំ​ ២០២៩​។ លោក​បន្ថែមថា រាជរដ្ឋាភិបាល បានរៀបចំ​គោល​នយោបាយ​ជាច្រើន ដើម្បី​រុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា ឱ្យដល់​គោលដៅ​ដែល​បាន​ព្យាករ​ទុក តាមរយៈ​ការរៀបចំ​ផែន​​ការ​យុទ្ធសាស្ត្រ​ថវិកា​ឆ្នាំ​ ២០២៤-២០២៦ និង​ការរៀបចំ​សេចក្តីព្រាងច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​ ២០២៤​។

ចំ​​ពោះ​កម្ពុជា​វិញ​លោក ផាន់​ ផល្លា បាន​បញ្ជាក់ថា​៖ «​ការគិតគូរ មិនមាន​អ្វី​ក្រៅពី​ការពង្រឹង​ខ្លួនឯង​នោះទេ ដោយ​ពង្រឹង​ទៅលើ​ធនធានមនុស្ស​ពង្រឹង​លើ​ភាព​ធន់​ការ​គាំពារ​សង្គម​ពង្រឹង​លើ​ការអភិវឌ្ឍ​វិស័យ​ឯកជន​ពង្រឹង​ភាព​ប្រកួតប្រជែង និង​ហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជា​សង្គម​សេដ្ឋកិច្ច​ឌីជីថល​ជាដើម ដែល​នេះ​ជាការ​ងារ​ធំៗ​ជា​ទិសដៅ​ដែល​យើង​ធ្វើ​បន្តទៀត​»​។​

​ជាមួយគ្នានេះ លោក គី សេរី​វឌ្ឍន៍ អ្នក​​ជំនាញ​សេដ្ឋកិច្ច នៃ​រាជបណ្ឌិត្យសភា​កម្ពុជា បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី​ ២ ខែ​កក្កដា​ថា ប្រទេស​នីមួយៗ មិនមែន​តែ​កម្ពុជា​ទេ ចំណូល​ដែល​រដ្ឋាភិបាល​ប្រមូលបាន​ ៦០ ​ភាគរយ គឺ​បានមកពី​ចំណូល​ពន្ធ គឺ​ពន្ធដារ និង​ពន្ធគយ​។ លោក​បាន​ថ្លែងថា​៖ «​អ្វីដែល​យើង​មិនបាន​យកចិត្ត​​ទុកដាក់​នោះ គឺ​ចំណូល​មិនមែន​សារពើ​ពន្ធ ខណៈដែល​ចំណូល​សារពើពន្ធ​នេះ រដ្ឋាភិបាល​មិនទាន់​បង្ហាញ​ពី​ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង​នៅឡើយ​ទេ​។ ដូច្នេះ​រដ្ឋាភិបាល​គួរ​ធ្វើការ​បង្ហាញ​បន្ថែមទៀត​ពី​ចំណូល​មិនមែន​សារពើពន្ធ​នេះ​។ ឧទាហរណ៍​ដូចជា ចំណូល​ដែល​បានមកពី​ការឆ្លង​ស្រឡាង និង​សួយ​សារ​អា​ករ​នៃ​ការ​បូម​ខ្សាច់​លក់​ជាដើម​»​។​

​បើតាម​ផែនការ​យុទ្ធសាស្ត្រ​ថវិកា​ឆ្នាំ ២០២៤-២០២៦ បាន​បង្ហាញថា ការ​ព្យាករ​កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុង​អត្រា ៦,៦​ ភាគរយ សម្រាប់​ឆ្នាំ​ ២០២៤ គឺ​ត្រូវបាន​គិតគូរ​ក្នុង​កម្រិត​បន្ទាត់​មូលដ្ឋាន (Baseline projection) ស្រប​ពេលដែល​ទស្សនវិស័យ​សេដ្ឋកិច្ច​សកល និង​តំបន់ កាន់​តែមាន​ភាពមិនប្រាកដ​ប្រជា​ខ្ពស់​។ ផ្អែកលើ​សម្មតិកម្ម​ក្នុង​កម្រិត​បន្ទាត់​មូលដ្ឋាន​នេះ សេដ្ឋកិច្ចកម្ពុជា​ក្នុង​ឆ្នាំ​ ២០២៤ ត្រូវបាន​គាំទ្រ​ដោយ​៖ វិស័យ​កសិកម្ម ត្រូវបាន​ព្យាករ​ថា នឹង​សម្រេចបាន​កំណើន​ក្នុង​រង្វង់ ១,១​ ភាគរយ​; វិស័យ​ឧស្សាហកម្ម ត្រូវបាន​ព្យាករ​ថា នឹង​សម្រេចបាន​កំណើន​ក្នុង​អត្រា ៨,៥ ​ភាគរយ និង​វិស័យ​សេវាកម្ម ត្រូវបាន​ព្យាករ​ថា នឹង​បន្ត​និន្នាការ​កើនឡើង​ក្នុង​អត្រា ៦,៩ ​ភាគរយ​៕