ភ្នំពេញៈ ទឹកប្រាក់​ជិត ៧,៣ ​ពាន់​លាន​ដុល្លារ​ត្រូវបាន​កម្ពុជា​បញ្ចេញ​លើ​ការ​នាំចូល​ទំនិញ​ពី​ប្រទេស​ចំនួន ៣ ដែល​ចំនួន​នេះ​ស្មើ​ជាង ៧០​ ភាគរយ​នៃ​ចំនួន​ទឹកប្រាក់​នាំចូល​ទំនិញ​សរុប​របស់​កម្ពុជា​ក្នុង​រយៈពេល ៥ ​ខែ​ដើមឆ្នាំ​ ២០២៣​។ នេះ​បើតាម​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​ (GDCE)​។​

​ស្ថិតិ​ទំនិញ​ពាណិជ្ជកម្ម​នាំចូល​ជាមួយ​ប្រទេស​សំខាន់ៗ​របស់ GDCE ឱ្យដឹងថា ពី​ខែមករា​-​ខែ​​ឧសភា ឆ្នាំ​ ២០២៣ កម្ពុជា​បាន​នាំចូល​ទំនិញ​ពី​ទីផ្សារ​អន្តរជាតិ​សរុប ១០ ១០៩,០៨​ លាន​ដុ​ល្លារ ធ្លាក់ចុះ ២២,៦ ​ភាគរយ ពី​ចំនួន ១៣ ០៥៧,០៤​ លាន​ដុល្លារ​កាលពី​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​ ២០២២​។ សម្រាប់​ទំនិញ​ដែល​កម្ពុជា​នាំ​មកពី​ប្រទេស​ទាំង​ ៣ គឺ​ចំនួន ៧ ២៥៩,០២​ លាន​ដុល្លារ ស្មើនឹង​ប្រមាណ ៧១,៨​ ភាគរយ​នៃ​ការនាំ​ចូល​សរុប​រយៈពេល ៥ ​ខែ​។​

​បើតាម​អគ្គនាយកដ្ឋាន​គយ​គឺ​ប្រទេស​ចិន ឈរ​នៅ​លេខ​ ១ ដោយមាន​ប្រាក់ ៤ ៤៨៧,៥​ លាន​ដុល្លារ ស្មើនឹង ៤៤,៤​ ភាគរយ​នៃ​ការនាំ​​ចូល​សរុប​ (​កើនឡើង ០,៤​ ភាគរយ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំមុន​), វៀតណាម ១ ៥៤៦,៧៤​ លាន​ដុល្លា ស្មើ ១៥,៣ ​ភាគ​រយ ​(​ធ្លាក់ចុះ ៩,៦​ ភាគរយ​) និង​ថៃ ១ ២២៤,៧៨​ លាន​ដុល្លារ ស្មើនឹង ១២,១ ភាគរយ ​(ធ្លាក់ចុះ ១៤,៤​ ភាគរយ​)​។​

​បើតាម GDCE ប្រទេស​សិង្ហ​បុរី ដែល​កាលពី​រយៈពេល ៥​ ខែ ដើមឆ្នាំ​ ២០២២ ឈរ​នៅ​លេខ​រៀង​ទី​៣ ជាមួយ​ទឹកប្រាក់ ១ ៦៦៦,៦៤​ លាន​ដុល្លារ បាន​ធ្លាក់​មក​នៅ​លេខ​ ៥ វិញ​ដោយមាន​ទឹកប្រាក់ ៣១៥,៥៧ ​លាន​ដុល្លារ​។​

​អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ២ ខែកក្កដា​ថា ភាគច្រើន​នៃ​ផលិតផល​ដែល​កម្ពុជា​នាំចូល​ពី​ក្រៅ​ប្រ​ទេស គឺជា​វត្ថុធាតុដើម ឬ​គ្រឿងផ្សំ​បម្រើឱ្យ​ការកែច្នៃ​ក្នុងស្រុក​ដើម្បី​នាំ​ចេញទៅ​ទីផ្សារ​អន្តរជាតិ​។ ជាមួយគ្នានេះ​កម្ពុជា​ក៏បាន​នាំចូល​សម្ភារ​សំណង់ និង​គ្រឿង​សង្ហារិម មួយចំនួន​សម្រាប់​គាំទ្រ​ដល់​ដំណើរ​វិវឌ្ឍន៍​នៃ​សំណង់​ក្នុងប្រទេស​ផង​​ដែរ​។ លោក​បន្តថា ប្រទេស​ទាំង​ ៣ នេះ​នឹង​ដើរតួនាទី​សំខាន់​ថែមទៀត​សម្រាប់​ជំរុញ​កំណើន​សេដ្ឋកិច្ចកម្ពុជា​។​

​លោក​ថ្លែងថា​៖ «​ការរីកចម្រើន​ជា​បន្ត​បន្ទាប់​នៃ​សមត្ថភាព​ចង្វាក់​ផលិតកម្ម​ក្នុងស្រុក បាន​ជំរុញ​ឱ្យ​កម្ពុជា​នាំចូល​វត្ថុ​ធាតុ​ដើម​ដែល​ខ្លួន​មិន​មានមក​កែច្នៃ​ដើម្បី​នាំចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​»​។​

​លោក​ប្រាប់ទៀតថា នៅពេល​កំណើនសេដ្ឋកិច្ច​សកល​កាន់តែ​ល្អ ការនាំ​ទំនិញ​ពី​ប្រទេស​ទាំងនេះ​នឹងមាន​បរិមាណ​កាន់តែច្រើន ហើយ​ពេលនេះ​សម្ទុះ​នាំ​ចេញ​របស់​កម្ពុជា​ក៏​កាន់តែខ្លាំង​ដែរ​។​

​បើតាម​លោក លឹម ហេង ផលិតផល​ដែល​កម្ពុជា​នាំ​មកពី​ប្រទេស​ទាំង​ ៣ គឺ​ភាគច្រើន​ជា​ផលិតផល​វាយ​ន​ភណ្ឌ គ្រឿងសំណង់ ឧបករណ៍​អគ្គិសនី​​អេ​ឡិច​ត្រូ​និក និង​គ្រឿង​ម៉ាស៊ីន​ជាដើម​។​

​អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា លោក ហុង វណ្ណៈ និយាយថា រយៈពេល​ប្រហែល ២ ​ទសវត្ស​រ៍ហើយ​ដែល​កម្ពុជា​នាំចូល​ទំនិញ​ក្នុង​បរិមាណ​ច្រើន​ពី​ប្រទេស​ទាំង​ ៣ ដោយ​ទំនិញ​នាំ​ចូល គឺមាន​ស្ទើរ​គ្រប់មុខ​រាប់​ចាប់តាំងពី​បន្លែ​ផ្លែឈើ វត្ថុធាតុដើម ថាមពល ប្រេង​​ឥន្ធនៈ បច្ចេកវិទ្យា សម្ភារ​សំណង់​... រហូតដល់​គ្រឿងចក្រ​ធំៗ​។ លោក​បន្តថា ភាពល្អប្រសើរ​នៃ​ទំនាក់ទំនង​ពា​ណិ​​ជ្ជ​កម្ម​ប្រទេស​ដៃគូ​ទាំង​ ៣ គឺ​ដោយសារ​នយោបាយ​ការទូត​នៃ​ប្រទេស​ទាំង​ ៣ ល្អប្រសើរ និង​រឹងមាំ​។​

​លោក​បញ្ជាក់ថា​៖ «​សម្រាប់​មូលហេតុ​ដែល​កម្ពុជា​នាំចូល​ទំនិញ​ពី​ប្រទេស​ទាំង ៣ ច្រើន គឺ​ដោយសារ​មាន​ព្រំដែន​នៅជាប់​គ្នា ​(​វៀតណាម និង​ថៃ​) និង​នៅក្នុង​តំបន់​តែ ១ (​ចិន​) ខណៈ​បរិមាណ គុណភាព និង​តម្លៃ​នៃ​ផលិតផល​របស់​ប្រទេស​ទាំង​ ៣ ក៏​ដើរ​ស្រប​នឹង​ការចង់បាន​ពី​សំណាក់​ប្រជាជន និង​រោងចក្រ​/​សហគ្រាស​នៅ​កម្ពុជា​ដែរ​»​។​

​ការ​នាំចូល​ទំនិញ​ពី​ប្រទេស​ទាំង ​៣ មក​កម្ពុជា កាលពី​ឆ្នាំ ​២០២២ មាន​ចំនួន​សរុប ១៨ ២៤៥,១៨​ លាន​ដុល្លារ ស្មើ ៦០,៩​ ភាគរយ​នៃ​ការនាំ​ចូល​សរុប​របស់​កម្ពុជា​ដែលមាន ២៩ ៩៤១,៦​ លាន​ដុល្លារ​។ នេះ​បើតាម GDCE៕