ភ្នំពេញៈ អ្នកតំណាង​នៅក្នុង​វិស័យ​ធនាគារ និង​អ្នកវិភាគ​សេដ្ឋកិច្ច លើក​ឡើង​ថា ប្រកាស​ ២ ដែល​ដាក់ចេញ​ដោយ​ធនាគារជាតិ​នៃ​កម្ពុជា​ (NBC) ស្តីពី​ដើមទុន​បទ​ប្បញ្ញត្តិ និង​ប្រកាស​ស្តីពី​ហានិភ័យ​ឥណទាន​សម្រាប់​អនុ​បាត​ភាព​គ្រប់គ្រាន់​នៃ​ដើមទុន​របស់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ គឺជា​ការចាត់​ថ្នាក់​ទ្រព្យ​​សកម្ម​របស់​គ្រឹះស្ថាន​ទាំងនេះ​ឱ្យ​កាន់​​តែមាន​ភាពច្បាស់លាស់​សំដៅ​ធ្វើឱ្យ​កាន់​តែមាន​ភាពរឹងមាំ​នៃ​ដើមទុន​។​

​កាលពី​ថ្ងៃទី​ ២៩ ខែមិថុនា NBC បានឱ្យដឹងថា ប្រកា​សទាំង​ ២​ នេះ គឺជា​ផ្នែក​មួយ​នៃ​ក្របខ័ណ្ឌ​ភាព​គ្រប់គ្រាន់​នៃ​ដើមទុន ឬ​សាធន​ភាព​សម្រាប់​គ្រឹះ​ស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ​។ សម្រាប់​ប្រកាស​ស្តីពី ដើមទុន​បទ​ប្បញ្ញត្តិរ​បស់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ មានបំណង​ពង្រឹង​ដើមទុន និង​ភាព​ធន់​របស់​គ្រឹះ​ស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​ទទួល​ប្រាក់​​បញ្ញើ​ក្នុងការ​ទប់ទល់​នឹង​ហានិភ័យ​ផ្សេងៗ​។​

NBC រំលេច​ថា​៖ «​ប្រកាស​នេះ ក៏​ឆ្លុះ​បង្ហាញ​ពី​ការត្រៀម​លក្ខណៈ​ជាស្រេច​របស់​ធនាគារជាតិ​នៃ​កម្ពុជា​ក្នុងការ​រួមចំណែក​ដល់​ការអភិវឌ្ឍ​ទីផ្សារ​ហិរញ្ញវត្ថុ​ទៅ​អនាគត តាមរយៈ​ការកំណត់​ជាមុន​នូវ​លក្ខខណ្ឌ​ការទទួល​​ស្គាល់​ឧបករណ៍​ហិរញ្ញវត្ថុ​នៅក្នុង​ដើមទុន​ថ្នាក់​ទី​១ និង​ថ្នាក់​ទី​២ របស់​គ្រឹះស្ថាន​។ ការ​អនុ​​វត្ត​តាម​វិធាន និង​ស្តង់ដា​អន្តរ​ជាតិ ដែល​កំណត់​ក្នុង​ប្រកាស​នេះ​ក៏​នឹង​ជួយ​លើកកម្ពស់​កេរ្តិ៍​ឈ្មោះ​ប្រព័ន្ធ​ធនាគារ​កម្ពុជា​ទាំងមូល និង​បង្កើន​ជំនឿ​ទុកចិត្ត​ដល់​វិនិយោគិន និង​ស្ថាប័ន​ផ្ដល់​កម្ចី​នានា ជាពិសេស​ស្ថាប័ន​ផ្តល់​កម្ចី​ពី​បរទេស​»​។​

​សម្រាប់​ប្រកាស​ស្តីពី​ហា​និ​ភ័យ​ឥណទាន​សម្រាប់​អនុ​បាត​ភាព​គ្រប់គ្រាន់​នៃ​ដើមទុន​របស់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ ក៏ត្រូវ​បានរៀបចំ​ឡើង​ក្នុង​គោលបំណង​ដាក់ចេញ​នូវ​ការណែនាំ​នៃ​ការ​ថ្លឹង ហានិភ័យ​ឥណទាន​យ៉ាង​ទូលំ​ទូលាយ ដែល​ការ​ថ្លឹង​នេះ​មាន​កម្រិត​ខុសៗ​គ្នា​ផ្អែកលើ​ប្រភេទ​ឥណទាន និង​អ្នក​ខ្ចី ឬ​សម​ភាគី និង​ឆ្លុះ​បង្ហាញ​ពី​កម្រិត​ហា​និ​​ភ័យ​ដែល​គ្រឹះស្ថាន​អាច​ប្រឈម​ជាក់ស្តែង សំដៅ​ពង្រឹង​ប្រសិទ្ធ​ការគ្រប់គ្រង​ហានិភ័យ​។​

«​ធនាគារជាតិ​នៃ​កម្ពុជា ថ្លឹង​ថ្លែង និង​គិតគូរ​យ៉ាង​ហ្មត់ចត់​ដល់​ការជំរុញ​ការអភិវឌ្ឍ​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ និង​កំ​ណើ​ន​សេដ្ឋកិច្ច​នៅ​កម្ពុជា ព្រម​ទាំង​ចូលរួម​ជាមួយ​រដ្ឋាភិបាល​ក្នុងការ​ជំរុញ​ការអនុវត្ត​គោល​នយោបាយ​ពាក់ព័ន្ធ​។ ក្នុងនោះ​ក៏មាន​ការយកចិត្តទុកដាក់​ជា​ពិសេស​ចំពោះ​ការគាំទ្រ​ការបោះ​ផ្សាយ​មូល​ប​ត្រ​រដ្ឋ​តាមរយៈ​ការ​​ថ្លឹង​ហានិភ័យ​សូន្យ​ភាគរយ ដើម្បី​ជំរុញ​ឱ្យ​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​ចូលរួម​វិនិយោគ​លើ​មូល​ប​ត្រ​រដ្ឋ និង​លើកកម្ពស់​លទ្ធភាព​រប​ស់​រដ្ឋាភិបាល​ក្នុងការ​ប្រមូល​ទុន​ដើម្បី​អភិវឌ្ឍ​ប្រ​ទេស​»​។ នេះ​បើតាម NBC​។​

​លោក តូច ចៅ​ចេក អគ្គ​នា​យក​ធនាគារ​ប្រៃសណីយ៍​កម្ពុជា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី ២ ខែកក្កដា​ថា ប្រកាស​ថ្មី​ទាំង​ ២​ ដែល NBC ប្រកាស​ថ្មី គឺ​ក្នុងទិសដៅ​ដើម្បី​ធ្វើឱ្យ​គ្រឹះស្ថាន​ធនាគារ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ដែល​ទទួល​ប្រាក់​បញ្ញើ​កាន់​តែមាន​ភាពរឹងមាំ​នៃ​ដើមទុន​របស់​ស្ថាប័ន​ទាំងនោះ​។​

​លោក​បញ្ជាក់ថា​៖ «​ការអនុវត្ត​ប្រកា​សទាំង​ ២ នេះ គឺ​ពុំ​មានអី​តឹងរ៉ឹង​នោះទេ ដោយសារ​យើង​ឃើញ​មាន​ចំណុច​ល្អ​មួយចំនួន ឧទាហរណ៍​កន្លងមក​យើង​ចាត់​ថ្នាក់​ទ្រព្យសកម្ម ដោយសារតែ​យើង​គិតថា ទ្រព្យសកម្ម​ខ្លះ​គឺមាន​ហានិភ័យ ១០០ ​ភាគរយ និង​ទ្រព្យ​ខ្លះទៀត ៥០​ ភាគរយ និង​ទ្រព្យ​ខ្លះ​គឺ​គ្មាន​ហានិភ័យ​។ ដូច្នេះ​សម្រាប់​ប្រកាស​ថ្មី​នេះ គឺ​គេ​ថែម​ដើមទុន ប៉ុន្តែ​គេ​បន្ថយ​លក្ខខណ្ឌ​នៃ​ហានិភ័យ​ទ្រព្យ​សកម្ម​។ តួយ៉ាង​កន្លងមក​បើ​យើង​ឱ្យគេ​ខ្ចី ១០០ ​ភាគរយ គឺមាន​ហានិភ័យ ១០០ ​ភាគរយ ប៉ុន្តែ​ឥឡូវនេះ​គេ​ចាត់​ចំណាត់​ថ្នាក់​របស់​វា​។ ឧទាហរណ៍​បើ SMEs នេះ​ចុះបញ្ជី​បាន​ត្រឹម​ត្រូវ គឺ​មិនមាន​ហានិភ័យ​ ១០០ ​ភាគរយ​នោះទេ បើតាម​ប្រកាស​ថ្មី​គឺមាន​ហានិភ័យ​ត្រឹមតែ ៧៥​ ភាគរយ​ទេ ហើយ​បើសិន​យើង​សហការ​ជាមួយ CGCC គឺ​មិនមាន​ហានិភ័យ​នោះទេ ហើយ​បើសិន​យើង​ទិញ​សញ្ញា​បណ្ណ​របស់​រដ្ឋ​ក៏​អត់​មាន​ហានិភ័យ​ដែរ ដូច្នេះ ប្រកាស​ថ្មី​នេះ​គឺមាន​ចំណុច​ល្អ​ច្រើន​»​។​

​លោក គី សិរី​វឌ្ឍន៍ អ្នក​ស្រាវ​​ជ្រាវ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា លើកឡើង​ផងដែរ​ថា ប្រកា​សទាំង ​២ ​នេះ​គឺ​ពិតជា​សំដៅ​ដល់​ការពង្រឹង​ការ​អនុ​វត្ត​ក្នុង​វិស័យ​ធនាគារ និង​ហិរញ្ញ​វត្ថុ​ដែលជា​វិស័យ​ស្នូល​ក្នុងការ​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ​។​

​លោក​បាន​ថ្លែងថា​៖ «​បើ​យើង​ពិនិត្យ​ទៅលើ​ប្រកា​សទាំង​ ២ ​នេះ​គឺ​បានបញ្ជាក់​យ៉ាងច្បាស់​​លាស់​ពី​ការបង្ការ​ហានិភ័យ​នានា និង​បានកំណត់​ច្បាស់​នូវ​លក្ខខណ្ឌ​នានា​សំដៅ​ធ្វើ​យ៉ាង​ណា​ឱ្យ​ដើមទុន​របស់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​កាន់តែ​រឹងមាំ ហើយ​ការអនុវត្ត​ក៏​ច្បាស់​លាស់​ជាង​មុន​ផងដែរ​»​។​

​បើ​តាមប្រកាសនេះ គឺ NBC ផ្តល់​ការគាំទ្រ និង​លើកទឹកចិត្ត​ដល់​ការផ្តល់​ឥណទាន​ឱ្យទៅ​សហគ្រាស​ធុន​មីក្រូ តូច និង​មធ្យម ដែលមាន​ការចុះបញ្ជី​ត្រឹមត្រូវ និង​មាន​របាយការណ៍​ហិរញ្ញវត្ថុ​សមស្រប តាមរយៈ​ការ​ថ្លឹង​ហានិភ័យ​ត្រឹមតែ ៧៥ ​ភាគរយ ដើម្បីឱ្យ​សហគ្រាស​ទាំងនោះ​អាច​ទទួល​ឥណទាន​ក្នុង​អត្រា​ការប្រាក់​សមរម្យ ពី​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ និង​រួមចំណែក​ពង្រឹង​ការអនុវត្ត​វិធានការ​ប្រមូល​ពន្ធ​៕​