ភ្នំពេញៈ គម្រោង​វិនិយោគឯកជន នៅក្រៅ​តំបន់​សេដ្ឋកិច្ចពិសេស​ជិត ៣០ ដែលមាន​ទុន​វិនិយោគ​ជិត ២០០​ លាន​ដុល្លារ ត្រូវបាន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC)​ អនុម័ត​ឱ្យ​ដំ​ណើ​រការ ក្នុង​ត្រីមាស​ទី​ ១ ឆ្នាំ​ ២០២៣ ដែល​ការអនុម័ត​នេះ គឺ​ធ្លាក់ចុះ​ទាំង​ចំនួន​គម្រោង និង​ទុនវិនិយោគ​បើ​ធៀប​រយៈ​​ពេល​ដូចគ្នា​ឆ្នាំ​ ២០២២​។​

​របាយការណ៍​និន្នាការ​សេដ្ឋ​​កិច្ច​កម្ពុជា​របស់​ក្រសួង​សេដ្ឋ​កិច្ច និង​ហិរញ្ញវត្ថុ ទើប​ចេញផ្សាយ​ថ្មីៗ​នេះ​ឱ្យដឹងថា ចាប់ពី​ខែមករា​-​ខែមីនា ឆ្នាំ ​២០២៣ CDC បានអនុម័ត​ឱ្យ​គម្រោង​វិនិយោគឯកជន​នៅក្រៅ​តំបន់​សេដ្ឋកិច្ច​ពិសេស ២៧​ គម្រោង ធ្លាក់ចុះ ១៣ ​គម្រោង​បើ​ធៀប​នឹង​ត្រីមាស​ទី​ ១ ឆ្នាំ ​២០២២​។ គម្រោង​ទាំង​ ២៧ មាន​ទុន​វិ​និ​យោគ​សរុប ១៩៣ ​លាន​ដុល្លារ ធ្លាក់ចុះ ៩០,៩​ ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំមុន និង​លទ្ធភាព​បង្កើត​ការងារ​ថ្មី បាន​ជាង ៤៣​ ពាន់​នាក់ កើនឡើង ២៤,៨ ​ភាគរយ​។​

​ឯកសារ​របាយការណ៍​និ​ន្នា​ការ​សេដ្ឋកិច្ចកម្ពុជា បានឱ្យដឹងថា ផលប៉ះពាល់​សេដ្ឋកិច្ច​ក្នុង​តំបន់​បានធ្វើឱ្យ​ឥទ្ធិពល​នៃ​កំ​ណើ​ន​សេដ្ឋកិច្ច​សកល​មិនសូវ​ដំណើរ​ទៅមុខ​ដោយ​រលូន​នោះទេ ដែល​ជំ​រុញឱ្យ​រដ្ឋាភិបាល​ដាក់ចេញ​វិធានការ​អន្តរាគមន៍​មួយចំនួន​។ ឯកសារ​បញ្ជាក់ថា​៖ «​ក្នុងន័យនេះ រាជរដ្ឋាភិបាល​ក៏​បាននិងកំពុង​បន្ត​អនុវត្ត​វិធាន​ការអន្តរាគមន៍ ជាពិសេស​ការ​​ដាក់ចេញ​កញ្ចប់​អន្តរាគមន៍​សម្រាប់​គ្រួសារ​ងាយ​រង​ហា​និ​ភ័យ ដោយសារ​ការកើនឡើង​អតិផរណា ដែល​នឹង​ជួយ​កាត់​បន្ថយ​ផលប៉ះពាល់​លើ​ជីវភាព​ប្រជាជន ក៏ដូចជា​ទ្រទ្រង់​ដល់​កំណើនសេដ្ឋកិច្ច​សម្រាប់​ឆ្នាំ​ ២០២៣ ជារួម​។​

​អ្នកសេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា លោក ហុង វណ្ណៈ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ២ ខែកក្កដា​ថា បើ​ទោះ​ស្ថាន​ភាព​សេដ្ឋកិច្ចពិភពលោក​ពេល​នេះ​ល្អ​ជាង​ក្នុងអំឡុងពេល​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​ ១៩ (​ឆ្នាំ​២០២០-២០២២) ក៏​ការ​បណ្តាក់ទុន​នៅ​គ្រប់​ប្រទេស​លើ​ពិភពលោក​មិនទាន់​ងើបឡើង​វិញ​ឡើយ​។ មូលហេតុ​ចម្បង​ដែល​ធ្វើឱ្យ​អ្នកវិនិយោគ​ភាគច្រើន​មិន​ហ៊ាន​បញ្ចេញ​ទុន គឺ​ដោយសារ​ក្តីបារម្ភ​ពី​ជម្លោះ​ប្រដាប់អាវុធ​រវាង​ប្រទេស​រុស្ស៊ី​-​អ៊ុយ​ក្រែ​ន ដែល​កំពុង​មានការ​ជាប់​ពាក់ព័ន្ធ​ទៅនឹង​ប្រទេស​ធំៗ​ជាច្រើន​។​

​លោក​បញ្ជាក់ថា​៖ «​ភាពមិន​ស្របគ្នា​នៃ​គំនិត​នយោបាយ និង​សេដ្ឋកិច្ច​របស់​ប្រទេស​ធំៗ បាន​បង្ក​ជា​ក្តីបារម្ភ​ដល់​អ្នក​វិ​និ​យោគ​ក្នុង​ការបញ្ចេញ​ប្រាក់​ធ្វើ​អ្វីមួយ​»​។​

​លោក​បន្តថា នៅក្នុង​ដំណាក់​កាល​នេះ ការវិនិយោគ គឺ​ភាគ​ច្រើន​ត្រូវបាន​ធ្វើឡើង​ដោយ​អ្នក​នៅក្នុង​ស្រុក និង​ប្រទេស​ក្នុង​តំបន់​ដែល​នៅ​ជិតៗ​ប៉ុណ្ណោះ​។ លោក​លើកឡើងថា​៖ «​អំឡុង​ពេលនេះ គឺជា​ឱកាស​ដែល​ប្រទេស​នីមួយៗ​ត្រូវខិតខំ​ពង្រឹង និង​បង្កើត​សមត្ថភាព​ផលិតកម្ម​នៅក្នុង​ស្រុក​របស់ខ្លួន​ឱ្យ​កាន់​​តែ​ខ្លាំង​បន្ថែមទៀត​»​។​

​ប្រធាន​សម្ព័ន្ធ​សមាគម​សហ​គ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា លោក តែ តាំង​ប៉ ធ្លាប់​និយាយថា ឱកាស​ក្នុងការ​ទាក់ទាញ​អ្នកវិនិយោគ​ឱ្យមក​បណ្តាក់ទុន​នឹងមាន​កាន់តែច្រើន​ថែមទៀត បើសិន​តម្លៃ​អគ្គិសនី​នៅ​កម្ពុជា​អាច​ធ្លាក់ចុះ​ទាប​ជាង​ពេលនេះ ឬ​ប្រហាក់ប្រហែល​ប្រទេស​ជិត​ខាង​។

​គ្រប់​ចង្វាក់​ផលិតកម្ម គឺ​សុទ្ធតែ​ត្រូវការ​ថាមពល ដូច្នេះ​បើ​តម្លៃ​អគ្គិសនី​ទាប ថ្លៃដើម​ផលិត​ក៏​ទាប ដែល​នេះ​នឹង​ជួយ​ធ្វើឱ្យ​សមត្ថភាព​ប្រកួតប្រជែង​លើ​ទីផ្សារ​អន្តរជាតិ​កើនឡើង​។​

​លោក​ប្រាប់ថា​៖ «​តម្លៃ​ប្រេង និង​តម្លៃ​អគ្គិសនី ជា​កត្តា​គួបផ្សំ​ដ៏​សំខាន់​ក្នុងការ​ទាក់ទាញ​វិ​និ​យោគិន ព្រោះ​ប្រេង និង​អគ្គិសនី គឺជា​ធាតុ​ផ្សំ​ដ៏​សំខាន់​សម្រាប់​ផលិតកម្ម ក្រៅពី​ការចំណាយ​លើ​វត្ថុធាតុដើម និង​កម្លាំង​ពល​កម្ម​។ កាលណា​តម្លៃ​ប្រេង រួម​ទាំង​តម្លៃ​អគ្គិសនី​មាន​ស្ថិរភាព និង​តម្លៃ​ទាប វិនិយោគិន​នឹង​មើលឃើញ​ឱកាស​ផ្សេងៗ​ចេញពី​កត្តា​ទាំងអស់នោះ​»​។​

​កាលពី​ឆ្នាំ​ ២០២២ គម្រោង​វិនិយោគឯកជន​ចំនួន ១៣២ ត្រូវបាន CDC អនុម័ត ដោយ​កើនឡើង ២៤​ គម្រោង​ធៀប​ឆ្នាំ​ ២០២១​។ គម្រោង​ទាំង ១៣២ មាន​ទុនវិនិយោគ ៣ ២៣០​ លាន​ដុល្លារ កើនឡើង ៨៧,៩ ​ភាគរយ និង​បង្កើត​ការងារ​បាន ១២,២​ ម៉ឺន​នាក់​។ នេះ​បើតាម​ឯកសារ​និន្នាការ​សេដ្ឋកិច្ចកម្ពុជា ប្រចាំឆ្នាំ ​២០២២៕