ភ្នំពេញៈ កម្ពុជា​កំពុង​ដំណើរ​ការកែលម្អ​ផ្លូវដែក​ភាគខាងត្បូង​ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះសីហនុ ពី​ល្បឿន​យឺត​ឱ្យទៅ​ល្បឿន​លឿន ដើម្បី​ឆ្លើយតប​ទៅនឹង​ការ​កើន​ឡើង​នៃ​តម្រូវការ​អ្នកដំណើរ និង​ការដឹកជញ្ជូន​ទំនិញ​ពេលបច្ចុប្បន្ន​។ នេះ​បើ​យោងតាម​មន្ត្រីជាន់ខ្ពស់​ក្រសួង​សា​ធារ​ណ​ការ និង​ដឹកជញ្ជូន​។​

​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ថ្លែង​ក្នុង​កម្មវិធី​មួយ​កាលពី​សប្តាហ៍​មុន នៅ​ផ្សារ​អ៊ី​អន​មានជ័យ ថា បន្ទាប់ពី​បញ្ចប់​ការសិក្សា​លើ​ការធ្វើឱ្យ​ប្រសើរឡើង​ខ្សែ​រថភ្លើង​ភាគ​ខាងជើង​រវាង​ភ្នំពេញ​-​ប៉ោយប៉ែត បច្ចុប្បន្ន​ក្រសួង​កំពុងធ្វើការ​សិក្សា​ដើម្បី​ធ្វើឱ្យ​ប្រសើរឡើង​ខ្សែ​រថភ្លើង​ខាងត្បូង​ទៅជា​រថភ្លើង​ល្បឿន​លឿន​ផងដែរ​។​

​លោក​ថ្លែងថា​៖ «​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​ភ្នំពេញ​-​ប៉ោយប៉ែត​ យើង​ក៏បាន​បញ្ចប់​ការសិក្សា​ផងដែរ​ដែល​អាចរ​ត់បា​ន​ ១៦០ ​គីឡូម៉ែត្រ​ក្នុង ​១​ ម៉ោង​។ សព្វថ្ងៃនេះ ផ្លូវ​រថភ្លើង​អាច​រត់​បាន​ក្នុង​ល្បឿន​ពី ៣០ ឬ ៤០ ​គីឡូម៉ែត្រ​ក្នុង​ ១ ​ម៉ោង ឬ​ច្រើន​បំផុត ៨០ ​គីឡូម៉ែត្រ​ក្នុង ១​ ម៉ោង​ប៉ុណ្ណោះ​នៅ​ខ្សែ​ភាគខាងត្បូង​ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះសីហនុ​។ បើ​យើង​អាច​កសាង​ផ្លូវ​រថភ្លើង​នេះ​បាន​ ១៦០ ​គីឡូម៉ែត្រ​ក្នុង ​១​ ម៉ោង វា​នឹង​ក្លាយជា​រឿង​ដ៏​ល្អ​។ ឥឡូវ​យើង​កំពុង​សិក្សា​ផ្លូវ​រថភ្លើង​ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះសីហនុ ក៏បាន​ដំឡើង​ល្បឿន​ដល់ ១៦០ គីឡូម៉ែត្រ​ក្នុង​ ១​ ម៉ោង​»​។​

​លទ្ធផល​បឋម​នៃ​ការសិក្សា​ពី​លទ្ធភាព​ក្នុងការ​ធ្វើឱ្យ​ប្រសើរឡើង​ផ្លូវ​រថភ្លើង​ភ្នំពេញ​-​ប៉ោយ​​ប៉ែត ​ជា​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​ដំបូង​គេ​របស់​កម្ពុជាបង្ហាញថា ​គម្រោង​នេះ​នឹងត្រូវ​ចំណាយ​ជាង ៤​ ពាន់​លាន​ដុល្លារ ហើយនឹង​ចំណាយ​ពេលវេលា​ប្រហែល ៤ ​ឆ្នាំ​ដើម្បី​បញ្ចប់​។​

​ការសិក្សា​នេះ​ធ្វើឡើង​ដោយ​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន ថ្នល់​ចិន ​(CRBC)​ ដែលជា​ក្រុមហ៊ុន​នៅ​ពីក្រោយ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ​។ នៅពេល​សាងសង់​រួច​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​នេះ​នឹង​ផ្តោតលើ​ការធ្វើដំណើរ​របស់​អ្នកដំណើរ និង​ការ​ដឹកជញ្ជូន​ទំនិញ​អន្តរជាតិ​រវាង​កម្ពុជា និង​ថៃ​។ នេះ​បើ​យោងតាម​ការលើកឡើងរ​ប​ស់លោក ស៊ុន ចាន់ថុល​។​

​រថភ្លើង​នេះ​នឹង​អាចធ្វើ​ដំណើរ​ក្នុង​ល្បឿន​អតិបរមា ១៦០​ គីឡូ​​ម៉ែត្រ​ក្នុង​ ១​ ម៉ោង ដោយមាន​ស្ថានីយ​សរុប ៣៣ ​នៅតាម​ដង​ផ្លូវ​។ ស្ពាន​អាកាស​ជាង ៣០០ នឹងត្រូវ​សាងសង់​ដើម្បី​ចៀសវាង​ការប៉ះទង្គិច​គ្នា​រវាង​រថភ្លើង និង​យានជំនិះ​នៅលើ​ផ្លូវ​ប្រសព្វ​ជា​មួយ​ផ្លូវដែក​។ តួ​រថភ្លើង​នឹងត្រូវ​បែង​ចែកជា​ផ្នែកៗ​មួយ​សម្រាប់​អ្នកដំណើរ និង​ទំនិញ​។​

​លោក ស៊ិន ច​ន្ធី ប្រធាន​សមាគម​ភ័ស្តុភារ​កម្ពុជា ​(CLA) ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី ​៤ ខែកក្កដា​ថា ការតភ្ជាប់​ផ្លូវដែក​ទាំង ​២ មាន​សារៈសំខាន់​ណាស់​ក្នុងការ​ផ្តល់នូវ​ជម្រើស​ដឹកជញ្ជូន​បន្ថែមទៀត​សម្រាប់​អ្នកជំនួញ​ព្រោះ​វា​នឹង​រួមចំណែក​ជួយ​កាត់​បន្ថយ​ថ្លៃដើម​ដឹកជញ្ជូន និង​បង្កើន​សមត្ថភាព​ប្រកួតប្រជែង​របស់​ប្រទេស​។ លោក​បន្តថា ផ្លូវដែក​ល្បឿន​លឿន​នឹង​កាន់​តែមាន​សារៈសំខាន់​គឺ​មិន​ត្រឹមតែ​ដឹកជញ្ជូន​ទំនិញ​ជាមួយ​ប្រទេសជិតខាង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​លើកកម្ពស់​ការ​ដឹកជញ្ជូន​អ្នកដំណើរ​ផងដែរ​។​

​លោក​ថ្លែងថា​៖ «​យើង​សង្កេតឃើញថា បច្ចុប្បន្ន​ការដឹក​ទំនិញ​តាមផ្លូវ​រថភ្លើង​ក៏​ជា​ជម្រើស​ល្អ​មួយទៀត​សម្រាប់​យើង​ដែរ​។​បើ​រដ្ឋាភិបាល​អាចធ្វើឱ្យ​ក្លាយទៅជា​រថភ្លើង​ល្បឿន​លឿន វា​នឹង​ជួយ​យើង​ក្នុងការ​ដឹកជញ្ជូន​ទំនិញ​កាន់តែ​លឿន​ទៅ​គោល​ដៅ​ទាំង​ក្នុង និង​ក្រៅប្រទេស​»​។ លោក​បន្តថា​៖ «​ការណ៍​នេះ​មិន​ត្រឹមតែ​ផ្តល់​អត្ថប្រយោជន៍​ដល់​កំណើនសេដ្ឋកិច្ច​យើង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​រួមចំណែក​កាត់បន្ថយ​ថ្លៃ​ដឹកជញ្ជូន និង​បង្កើន​ការប្រកួតប្រជែង​នៅក្នុង​វិស័យ​ផលិតកម្ម​ផងដែរ​»​។​

​ប្រទេស​កម្ពុ​ជាមាន​ផ្លូវ​រថភ្លើង​ចំនួន ២ ​ខ្សែ ដោយ​ខ្សែ​ភាគ​ខាង​ជើងមាន​ប្រវែង ៣៨៦ ​គីឡូម៉ែត្រ ចេញពី​ភ្នំពេញ​ទៅ​ប៉ោយប៉ែត ព្រំដែន​កម្ពុជា​-​ថៃ​។ ផ្លូវ​នេះ​ត្រូវបាន​សាងសង់​ពី​ឆ្នាំ​ ១៩២៩-១៩៤២ ក្នុងសម័យ​អាណា​និ​គម​បារាំង ចំណែក​ផ្លូវ​រថភ្លើង​ភាគខាងត្បូង សាងសង់​ចន្លោះ​ពី​ឆ្នាំ​ ១៩៦០-១៩៦៩ នា​សម័យ​សង្គមរាស្ត្រនិយម ដោយមាន​ជំនួយ​ពី​ប្រទេស​បារាំង អា​ល្លឺ​ម៉​ង់​ខាងលិច និង​ចិន ហើយ​មាន​ចម្ងាយ​ផ្លូវ​សរុប ២៦៤ គីឡូម៉ែត្រ​។​

​ផ្លូវ​រថភ្លើង​ទាំង ​២​ ខ្សែ​រង​ការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ​ដោយ​ផ្នែក​ខ្លះ​ត្រូវ​បំផ្លាញ​ទាំងស្រុង​នៅក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​។ បន្ទាប់មក​ផ្លូវដែក​ទាំងនេះ​ត្រូវបាន​សាងសង់ និង​ស្តារឡើងវិញ តាមរយៈ​កិច្ចសហការ​រវាង​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ជាមួយ​ក្រុមហ៊ុន​ Royal Railway Co Ltd៕