​ភ្នំពេញៈ ធនាគារជាតិ​នៃ​កម្ពុជា ​(NBC) បាន​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​ប្រព័ន្ធ​ខេ​ម​បូ​ឌា​ន​ស៊ែ​ស្វី​ច​ (CSS)​ ដែល​អនុញ្ញាតឱ្យ​អតិថិជន​អាចធ្វើ​ប្រតិបត្តិ​ការទូទាត់​ឆ្លង​គ្រឹះស្ថាន​ជា​សមាជិក សំដៅ​រួមចំណែក​ដល់​ការអភិវឌ្ឍ​ប្រព័ន្ធ​ទូទាត់​នៅ​កម្ពុជា​ឱ្យ​ស្របតាម​ការអភិវឌ្ឍ​ប្រព័ន្ធ​បច្ចេកវិទ្យា​ក្នុង​តំបន់ និង​ពិភពលោក​។

​ការដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នៃ​ប្រព័ន្ធ CSS ធ្វើឡើង​បន្ទាប់ពី​ការដាក់ឱ្យ​ដំណើរការ​សាកល្បង​តាំងពី​ខែតុលា ឆ្នាំ​ ២០១៧​។​

​ទេសាភិបាលរង​ធនាគារជាតិ​នៃ​កម្ពុជា ​(NBC) លោកស្រី ជា សិរី បាន​ថ្លែង​នៅក្នុង​ពិធី​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​ប្រព័ន្ធ​ខេ​ម​បូ​ឌា​ន​ស៊ែ​ស្វី​ច (CSS) នា​ថ្ងៃទី​ ៤ ខែកក្កដា​ថា ធនាគា​ជាតិ​នៃ​កម្ពុជា វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ក្រុមការងារ​ធនាគារជាតិ​នៃ​កម្ពុជា និង​គ្រឹះស្ថាន​សមាជិក​ប្រព័ន្ធ​ដែល​បាន​អភិវឌ្ឍ​ប្រព័ន្ធ​នេះ​ឡើង ដើម្បី​ជា​មធ្យោបាយ​ងាយស្រួល​សម្រាប់​អតិថិជន​របស់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​ទាំងអស់​ធ្វើ​ប្រតិបត្តិ​ការទូទាត់​ឆ្លង​គ្រឹះស្ថាន​តាម​បណ្ណ​ទូទាត់​ឥណ​ពន្ធ CSS លើ​គ្រប់​ម៉ាស៊ីន ATM/POS របស់​គ្រឹះស្ថាន​សមាជិក និង​ជា Local Switch សម្រាប់​ប្រទេស​កម្ពុជា​ដើម្បី​ធ្វើ​សមាហរណកម្ម​ជាមួយ​ប្រទេស​ក្នុង​តំបន់​។​

​លោកស្រី​បន្ថែមថា នៅ​អំឡុងពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ប្រតិបត្តិ​ការទូទាត់​ឌីជីថល​បាន​រីកចម្រើន​គួរឱ្យ​កត់​​សម្គាល់ តាមរយៈ​ការដាក់ឱ្យ​ប្រើប្រាស់​សេវា និង​ឧបករណ៍​ទូទាត់​ថ្មីៗ ដោយ​គ្រឹះស្ថាន​ធនាគារ គ្រឹះស្ថាន​មីក្រូ​ហិ​​រញ្ញ​វត្ថុ​ទទួល​ប្រាក់​បញ្ញើ និង​គ្រឹះស្ថាន​ផ្តល់​សេវាកម្ម​ទូទាត់​សង​ប្រាក់ ដូចជា សេវាកម្ម​ធនាគារ​ចល័ត បណ្ណ​ទូទាត់ (Contactless) បណ្ណ​ទូទាត់​និមិត្ត ​(Virtual card) ការទូទាត់​ចល័ត និង​ការទូទាត់​តាម​ឃ្យូ​អរ​កូត ដែល​កំពុងមាន​ប្រជាប្រិយភាព​លើ​ទីផ្សារ បង្ហាញ​សញ្ញា​វិជ្ជមាន​ឆ្ពោះទៅ​បដិវត្ត​កម្ម​សេដ្ឋ​កិច្ច​ឌីជីថល​លើ​ពិភពលោក​។​

​លោកស្រី​ប្រាប់ថា​៖ «​ដើម្បី​ទ្រទ្រង់​ដល់​ការស្តារ​សេដ្ឋកិច្ច​ឡើងវិញ និង​ការ​​រីកចម្រើន​ទៅមុខ ការអភិវឌ្ឍ​ប្រព័ន្ធ​ទូ​ទាត់​ជា​ការងារ​អាទិភាព​សំខាន់​សម្រាប់​ធនាគារជាតិ​នៃ​កម្ពុជា ក្នុង​ការផ្តល់​មធ្យោបាយ​ទូទាត់​ប្រកបដោយ​ន​វា​នុ​វត្ត​ន៍ ភាពរឹងមាំ សុវត្ថិភាព និង​ប្រសិទ្ធ​ភាព ដើម្បី​សម្រួលការ​ទូទាត់​ពាណិជ្ជ​កម្ម​ទាំង​ក្នុងប្រទេស និង​តំបន់​»​។​

​លោកស្រី​បន្តទៀតថា​៖ «​ការអភិវឌ្ឍ​ប្រព័ន្ធ CSS ជា​គំនិត​ផ្តួចផ្តើម​ថ្មី​មួយទៀត​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា​ក្នុងការ​សម្រួល​ប្រតិបត្តិ​ការទូទាត់​សង​ប្រាក់​តាមរយៈ​បណ្ណ​ទូទាត់​នៅ​ប្រទេស​កម្ពុជា ដែល​អាចឱ្យ​អតិថិជន​ធ្វើ​ប្រតិ​ប​ត្តិ​ការ​តាម​បណ្ណ​ទូទាត់​ឥណទាន​ពន្ធ CSS លើ​ម៉ាស៊ីន ATM ដូចជា​ការដក​សាច់ប្រាក់ ការពិនិត្យ​សមតុល្យ ការ​បោះពុម្ព​របាយការណ៍​ស​ង្ខេ​ប ការ​ប្រើប្រាស់​សេវា​ទូទាត់​រហ័ស និង​ការ​ប្តូរ​លេខ​សម្ងាត់​»​។​

​ទន្ទឹមនេះ​អតិថិជន​ក៏​អាចធ្វើ​ប្រតិបត្តិ​ការ​តាម​បណ្ណ​ទូទាត់​ឥណ​ពន្ធ CSS លើ​ម៉ាស៊ីន POS ដូចជា​ការទិញ​ទំនិញ ការពិនិត្យ​សមតុល្យ ការដក​សាច់ប្រាក់ ការបញ្ជូន​មូលនិធិ​ត្រឡប់ ​(Refund) និង Purchase reversal​។​

​លោក សុខ វឿន ប្រធាន​ក្រុមប្រឹក្សា​ភិ​បាល​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា បានលើកឡើង​ក្នុង​ពិធី​នោះ​ថា ស្ថិតក្នុង​បរិការណ៍​នៃ​ប្រក្រតី​កម្ម​ថ្មី​ដែល​បច្ចេក​វិទ្យា​ថ្មីៗ​ត្រូវបាន​ដាក់ឱ្យ​ប្រើប្រាស់​កាន់​តែ​ច្រើន ធនាគារជាតិ​នៃ​កម្ពុជា​បានធ្វើ​ទំនើបកម្ម​ហេ​ដ្ឋា​រចនាសម្ព័ន​ទូទាត់ និង​ដាក់ឱ្យ​ប្រើប្រាស់​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​សម្រាប់​ទូទាត់​ជា​បន្តបន្ទាប់ ដើម្បី​លើក​កម្ពស់​សុវត្ថិភាព និង​ប្រសិទ្ធភាព​។​

​លោក​ថ្លែងថា​៖ «​ប្រព័ន្ធ CSS ដែល​បាន​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នេះ ពិត​ជាមាន​សារៈសំខាន់​ក្នុង​ការលើក​កម្ពស់​វិស័យ​ហិរញ្ញវត្ថុ​ទាំងមូល តាម​រយៈ​ការពង្រីក​វិសាលភាព​ប្រតិបត្តិការ​របស់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​។ ប្រព័ន្ធ CSS បានផ្តល់​អត្ថប្រយោជន៍ និង​ភាពងាយស្រួល​ច្រើន​ដល់​អតិថិ​ជន​ក្នុង​ការធ្វើ​ប្រតិបត្តិការ​អន្តរ​ធនាគារ ដោយ​អនុញ្ញាតឱ្យ​អតិថិជន​ដែលមាន​កាត ATM អាចធ្វើ​ការទូទាត់​ការ​ចំ​ណាយ​ជាមួយ​ម៉ាស៊ីន​ឆូត​កាត (POS) ជាមួយ​គ្រឹះស្ថាន​ជា​សមាជិក ប្រកប​ដោយ​ភាពងាយស្រួល និង​ឆាប់រហ័ស​។ លើសពីនេះ​អតិថិជន​ក៏​អាចធ្វើ​ប្រតិ​​ប​ត្តិ​ការ​នៅតាម​ម៉ាស៊ីន ATM រាប់ពាន់​កន្លែង​របស់​គ្រឹះស្ថាន​ដែលជា​សមាជិក​ខេ​ម​បូ​ឌា​ន​ស៊ែ​ស្វី​ច ទូទាំងប្រទេស​»​។​

​បើតាម​លោកស្រី ជា សិរី ជាមួយនឹង​ការរីកចម្រើន​ដូច​បាន​រៀបរាប់​ខាងលើ ធនាគារជាតិ​នៃ​កម្ពុជា​ក៏បាន​ពង្រឹង និង​រៀបចំ​បទ​ប្បញ្ញត្តិ​សមស្រប​លើ​ការ​ត្រួតពិនិត្យ ការគ្រប់គ្រង​ផលិតផល និង​សេវា​ទូទាត់​ថ្មីៗ និង​គ្រឹះស្ថាន​ផ្តល់​សេវា​ទូទាត់​សង​ប្រាក់ ស្របតាម​បទ​ប្បញ្ញត្តិ​ជាតិ អន្តរជាតិ និង​ឧ​ត្ត​មា​នុ​វត្ត​​អន្តរជាតិ សំដៅ​លើកកម្ពស់​ជំនឿ​ចិត្ត​របស់​សាធារណជន​លើ​ប្រព័ន្ធ​ទូទាត់​សង​ប្រាក់ និង​ការធ្វើសមាហរណកម្ម​ក្នុង​តំបន់​។​

​លោកស្រី​ថា​៖ «​ខ្ញុំ​សូម​លើកទឹកចិត្ត​ឱ្យ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ទាំងអស់​ផ្តល់​ការ​គាំទ្រ និង​យកចិត្តទុកដាក់​ជំរុញ​ការ​អនុវត្ត​គោលនយោបាយ​ផ្សេងៗ​របស់​ប្រព័ន្ធ CSS និង​អភិវឌ្ឍ​បន្ថែម​នូវ​មុខងារ Contactless លើ​ប្រព័ន្ធ​នេះ​។ ខ្ញុំ​សង្ឃឹមថា ការដាក់ឱ្យ​ដំណើរការ​ប្រព័ន្ធ​នេះ​នឹង​ផ្តល់​ជា​ជម្រើស​បន្ថែមទៀត​សម្រាប់​អតិថិជន​ធ្វើ​ប្រតិបត្តិ​ការទូទាត់​ឆ្លង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ បង្កើន​តម្លាភាព​តាមរយៈ​ការទូទាត់​អេ​ឡិច​​ត្រូ​និក កាត់បន្ថយ​ចរាចរណ៍​សាច់ប្រាក់​នៅលើ​ទីផ្សារ បង្កើន​នូវ​ប្រសិទ្ធភាព​ក្នុងការ​ប្រើប្រាស់​ធនធាន​ហិរញ្ញវត្ថុ និង​រួមចំណែក​អភិវឌ្ឍ​សេដ្ឋកិច្ច​ឌីជីថល​ស្របតាម​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល​»៕