តម្លៃ​ប្រេង​ឆៅ​បាន​បន្ត​ស្ទុះ​ងើបឡើង​វិញ​ពី​តំបន់ Sideway ក្នុង​ចន្លោះ​ពី ៦៧ ទៅ ៧៤ ​ដុល្លារ (​ក្នុង​មួយ​បារ៉ែល​) ហើយ​បាន​ជួញដូរ​នៅ​កម្រិត​ខ្ពស់​ប្រហែល ៧១​ ដុល្លារ នៅ​ដើម​សប្តាហ៍​នេះ​។ តាម​លក្ខណៈ​បច្ចេកទេស ប្រេង​ឆៅ​ត្រូវបាន​ជួញដូរ​ ក្នុង​កម្រិត​តម្លៃ​មធ្យម​រយៈពេល​ ២០០ ​ថ្ងៃ ឬ​នៅ​តម្លៃ ៧០​ ដុល្លារ បើ​ផ្អែក​លើ​​ក្រាប​​តម្លៃ​រយៈពេល​មួយ​ម៉ោង​។​

មាន​កត្តា​មួយចំនួន​ដែល​អាច​ជំរុញ​ឱ្យ​តម្លៃ​ប្រេង​ឆៅ​មានការ​ប្រែប្រួល​។ គេហទំព័រ Reuters បាន​រាយការណ៍​ថា កាលពី​ថ្ងៃ​ចន្ទ ប្រទេស​អា​រ៉ា​ប៊ី​សា​អ៊ូឌីត​ បាន​និយាយថា ​ខ្លួន​នឹង​បន្ត​កាត់បន្ថយ​ទិន្នផល​របស់​ខ្លួន​​ចំនួន ១ ​លាន ​បារ៉ែល ​ក្នុង​ ១ ថ្ងៃ ដល់​ខែសីហា ខណៈពេលដែល​ប្រទេស​រុស្ស៊ី​បាន​ស្ម័គ្រចិត្ត​កាត់បន្ថយ​ទិន្នផល និង​កម្រិត​នាំចេញ ៥០០ ០០០ ​បារ៉ែល​ ក្នុង ​១ ថ្ងៃ ហើយ​អាល់​ហ្សេ​រី​បាន​ស្ម័គ្រចិត្ត​កាត់​ចំនួន ២០ ០០០ បារ៉ែល​ ក្នុង​មួយថ្ងៃ​។ ទីផ្សារ​កំពុង​រង់ចាំ​មើល​តួលេខ​ ជាក់ស្ដែង​ជាមួយ នឹង​ការរំពឹងទុក​នៃ​និន្នាការ​កើន​ឡើង​។

វា​ក៏មាន​ចំណុច​គាំទ្រ​សម្រាប់​ទំនោរ​ធ្លាក់ចុះ​ក្នុង​រយៈពេល​វែង​ផងដែរ​។ ការ ព្រួយបារម្ភ​នៅក្នុង​តម្រូវការ​ប្រេង​ពី​ការ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច​របស់​ចិន គឺជា​សូចនាករ​ដំបូង ពីព្រោះថា​សកម្មភាព​ផលិតកម្ម​របស់​ប្រទេស​ចិន​បាន​ចុះ​ក្នុង​រយៈពេល​ ៣ ខែ​ចុងក្រោយ​ជាប់ៗ​គ្នា​រួចមកហើយ​។

ម្យ៉ាងវិញទៀត សហរដ្ឋអាមេរិក​ក៏បាន​បង្កើន​ទិន្នផល​របស់ខ្លួនជាមួយ​ការ​រំពឹងទុក​នៃ​ការកើនឡើង ៧២០ ពាន់ ដល់ ១២,៦១ លាន បារ៉ែល​ ក្នុង​ ១ ថ្ងៃ ​ក្នុងឆ្នាំនេះ។ បន្ថែម​ពីនេះ ធនាគារកណ្តាល​ឈានមុខ​គេ រួមទាំង​ធនាគារ កណ្តាល​អាមេរិក កំពុង​ព្រមាន​ថាការដំឡើង​អត្រា​ការប្រាក់​អាច​នឹង​កើតមានបន្ថែម​។​ដូច្នេះ សម្រាប់​ការវិភាគ​ជួញដូរ​ក្នុង​សប្តាហ៍​នេះ តម្លៃ​ប្រេង​ឆៅ​អាច​ប្រែប្រួល​ក្នុង​ចន្លោះ​ពី ៦៥,៥ ទៅ ៧១,៥ ដុល្លារ​៕​