ភ្នំពេញៈ សាជីវកម្ម​ធានា​ឥណ​ទាន​កម្ពុជា ​(CGCC)​ ដែល​គ្រប់​គ្រង​ដោយ​រដ្ឋ រួមជាមួយ​គ្រឹះ​​ស្ថាន​ហិរញ្ញវត្ថុ​ចូលរួម​ (PFIs) ធនាគារ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ​ផ្សេងទៀត បាន​សហការគ្នា​ផ្តល់​មូលនិធិ​បន្ថែម​ដល់​ដើម្បី​ផ្តល់​ទៅ​មីក្រូ​សហគ្រាស​ធុន​តូច និង​មធ្យម (MSMEs)​ ក្នុងការ​ទទួលបាន​ប្រភព​មូលនិធិ​បន្ថែម​។​

​កាលពី​ថ្ងៃទី​ ២៩ ខែមិថុនា ឆ្នាំ​ ២០២៣ ធនាគារជាតិ​នៃ​កម្ពុជា ​(NBC) បានប្រកាស​ពី​ការអនុវត្ត​ប្រកាស​ស្តីពី​ហា​និ​ភ័យ​ឥណទាន​សម្រាប់​កម្រិត​ភាព​គ្រប់គ្រាន់​មូលធន​នៅក្នុង​ធនាគារ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ដែល​ទទួល​ប្រាក់​បញ្ញើ​។ នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ដែល​ចេញផ្សាយ​នៅ​ថ្ងៃ​ដដែល​អំពី​ប្រកាស​នេះ NBC បាន​បញ្ជាក់ថា គោលបំណង​របស់​ប្រកាស​នេះ គឺ​ដើម្បី​អភិវឌ្ឍ​ការ​ថ្លឹងថ្លែង​ហានិភ័យ​ឥណទាន​ដ៏​ទូលំទូលាយ ដែល​ប្រែប្រួល​ទៅតាម​ប្រភេទ​ឥណទាន អ្នក​ខ្ចី ឬ​សម​ភាគី និង​ឆ្លុះបញ្ចាំង​ពី​កម្រិត​នៃ​ហានិភ័យ​ដែល​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​អាច​ប្រឈមមុខ​យ៉ាងពិត​ប្រាកដ ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង​ហានិភ័យ​។​

CGCC បានឱ្យដឹង​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី​ ៣ ខែកក្កដា ដែល​ដកស្រង់​សម្ដី NBC ដោយ​លើកឡើងថា ការអនុវត្ត​វិធានការ​ប្រុងប្រយ័ត្ន និង​មាន​តុល្យ​ភាពល្អ និង​ការ​គិតគូរ​ដោយ​ប្រុងប្រយ័ត្ន​ដើម្បី​លើកកម្ពស់​ការអភិវឌ្ឍ​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ និង​កំ​ណើ​ន​សេដ្ឋកិច្ចជាតិ ក៏ដូចជា​គាំទ្រ​រដ្ឋាភិបាល​ក្នុងការ​អនុវត្ត​គោលនយោបាយ​ពាក់ព័ន្ធ​រួមទាំង​ការយកចិត្តទុកដាក់​ជា​ពិ​សេស​ចំពោះ​ការគាំទ្រ CGCC ជាមួយនឹង​ការថ្លឹងថ្លែង​ហា​និ​ភ័យ​សូន្យ​ភាគរយ​នៅលើ​ផ្នែក​រង​ផលប៉ះពាល់​ដែល​ត្រូវបាន​ធានា​ក្នុង​បំណង​ជួយ​សម្រួល​ដល់​មីក្រូ​សហគ្រាស​ធុន​តូច និង​មធ្យម ក្នុងការ​ទទួលបាន​ប្រភព​មូលនិធិ​បន្ថែម​។​

​សេចក្ដីប្រកាស​ព័ត៌មាន​បាន​បញ្ជាក់ថា​៖ «CGCC គឺជា​សា​ជីវ​កម្ម​ធានា​ឥណទាន​ដំបូង​គេ​បង្អស់​ក្នុងប្រទេស​កម្ពុជា ដែល​បង្កើតឡើង​ដោយ​ការសម្រេច​របស់លោក​នាយ​ក​រដ្ឋមន្ត្រី ហ៊ុន​ សែន ជា​សហគ្រាស​គ្រប់គ្រង​ដោយ​រដ្ឋ ក្រោម​អាណាព្យាបាល​ផ្នែក​បច្ចេកទេស និង​ហិរញ្ញវត្ថុ​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិ​​រញ្ញ​វត្ថុ​។ បេសកកម្ម​ចម្បង​របស់ CGCC នឹង​ផ្តល់​ការធានា​ឥណ​ទាន​ដល់​អ្នកផ្តល់​ប្រាក់កម្ចី​លើ​ប្រាក់កម្ចី​ដែល​ធ្វើ​ឡើងដល់​អាជីវកម្ម​ដោយ​ផ្អែកលើ​ស្តង់ដា​អន្តរជាតិ​ដើម្បី​ចែករំលែក​ហា​និ​ភ័យ​ជាមួយ​អ្នក​ឱ្យ​ខ្ចី និង​កែលម្អ​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​»​។

​លោក តូច ចៅ​ចេក អគ្គ​នា​យក​ធនាគារ​ប្រៃសណីយ៍​កម្ពុជា​ដែល​ក៏​ជា PFIs ផងដែរ បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ កាលពី​ថ្ងៃទី​ ២ ខែកក្កដា​ថា ប្រកាស​ថ្មី​នេះ កំណត់​តម្លៃ​គោល និង​ស្តង់ដា​ច្បាស់លាស់​បន្ថែមទៀត​សម្រាប់​ការ​គណនា​ទ្រព្យសកម្ម​ដែល​ថ្លឹងថ្លែង​ហានិភ័យ​។ លោក​បន្តថា ឧបករណ៍​នេះ​នឹង​បង្កើន​សន្តិសុខ ក៏ដូចជា​ភាព​គ្រប់​គ្រាន់​នៃ​ដើមទុន និង​ភាព​ធន់​ក្នុងចំណោម​គ្រឹះស្ថាន​ហិរញ្ញ​វត្ថុ​នៅ​កម្ពុជា​។​

​ដោយ​ផ្តល់នូវ​ឧទាហរណ៍​ដោយ​ប្រើ​គោលការណ៍​ណែនាំ​របស់​ឯកសារ​នេះ លោក ចៅ​ចេក បាន​បញ្ជាក់ថា មូលសញ្ញា​​បណ្ណ​រដ្ឋ ត្រូវបាន​ទទួលស្គាល់ថា មាន​ហានិភ័យ​តិចជាង​មូល​ប​ត្រ​ផ្សេងទៀត​។​

​នៅក្នុង​ឧទាហរណ៍​មួយទៀត លោក ចៅ​ចេក បាន​បញ្ជាក់ថា សហគ្រាស​ធុន​តូច និង​មធ្យម (SME)​ ដែល​ត្រូវបាន​ចុះបញ្ជី​ត្រឹមត្រូវ និង​ស្វែងរក​ប្រាក់កម្ចី ដោយមាន​ជំនួយ​ពី CGCC ដែលជា​សាជីវកម្ម​ធានា​ឥណ​ទាន​គ្រប់គ្រង​ដោយ​រដ្ឋ​របស់​ប្រទេស​កម្ពុជា មាន​ហានិភ័យ​តិចជាង​ដៃគូ​របស់​ពួកគេ​ដែល​មិនបាន​ចុះបញ្ជី​។​

​យោង​តាមប្រកាសនេះ NBC បានបង្ហាញ​ការគាំទ្រ​សម្រាប់​ការផ្តល់​ប្រាក់កម្ចី​ដល់​អាជីវកម្ម​ខ្នាតតូច ដោយ​កត់សម្គាល់ថា ការថ្លឹងថ្លែង​ហានិភ័យ​នៃ​តម្លៃ​គោល​ត្រូវបាន​កាត់បន្ថយ​មក​ត្រឹម ៧៥​ ភាគរយ​សម្រាប់​សហ​គ្រាស​ធុន​តូច និង​មធ្យម​ដែល​បាន​ចុះបញ្ជី​ត្រឹមត្រូវ ហើយ​ដែល​អាចធ្វើ​របាយការណ៍​ហិរញ្ញ​វត្ថុ​សមស្រប​៕