​ភ្នំពេញៈ​ ​ធនា​គារ​ជាតិ​នៃ​កម្ពុជា និង​​ក្រុមហ៊ុ​ន​ UnionPay International នៅ​ថ្ងៃទី​ ១០ ខែ​កក្កដា​ បាន​អនុ​ស្សរណៈ​យោគ​យល់​​គ្នា​ស្តីពី «​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ទូទាត់​សង​ប្រាក់​ឆ្លង​ដែន​តាម ​QR-Code»​ ដើម្បី​ជំរុញ​ការ​ប្រើ​ប្រាស់​ប្រាក់​រៀល​របស់​កម្ពុជា និង​ប្រាក់​យន់រ​បស់​ចិន​ឱ្យ​មាន​លក្ខណៈ​ទូលំ​ទូលាយ​បន្ថែម​ទៀត​នៅ​ក្នុង​ប្រទេស​ទាំង ​២។​

​លោក​ស្រី ជា សិរី ទេសា​ភិបា​លរង​ធនា​គារ​ជាតិនៃ​កម្ពុជា (NBC) បាន​ថ្លែង​នា​ឱកាស​នោះ​ថា ​ការចុះ​អនុស្សរ​ណៈ​នេះ នឹង​ផ្តល់​នូវ​ក្រប​ខ័ណ្ឌ​សហ​ប្រតិ​បត្តិការ​រវាង​UnionPay និង​ប្រព័ន្ធ​បាគង​ KH QR​។​

​លោកស្រី​​បាន​បញ្ជាក់​ថា​៖«​កាល​ណា ​យើង​បាន​ចុះ​កិច្ច​សហ​ប្រតិ​បត្តិការ​នេះ​ហើយ​ នៅពេលដែល​យើង​រៀបចំ​ការត​ភ្ជាប់​ហ្នឹង​បាន យើង​នឹង​ឃើញ​ថា ពេល​រដ្ឋ​យើង​ទៅ​ចិន ​អាច​ស្កេ​ន​ទូទាត់​តាម​QR code នៅ​ចិន​បាន​ ទាំង​QR របស់ UnionPay, Ali pay​និង We chat ផងដែរ​។​ដូច្នេះ​ប្រជា​ជន​ខ្មែរ​យើង​ជាង​១០​លាន​នាក់ ​ដែល​មាន​E-Wallet ដែល​អាច​ទូទាត់​តាម​ QR គឺ​អាច​ទូទាត់​បាន​នៅ​ស្រុក​ចិន តាម​ប្រព័ន្ធ​នេះ​បាន​ដោយ​ងាយ​ស្រួល​»​។​

​លោក​ស្រី ​ជា សិរី បាន​បន្ថែម​ថា ភ្ញៀវ​ទេស​ចរ​ចិន​ដែល​មក​កម្ពុជា​អាច​ទូទាត់​ពី Wallet​របស់​ខ្លួន​ដែល​ហៅថា ​UnionPay& able Wallet​ អាច​មក​កម្ពុជា ហើយ​ស្កេ​ន KH QR ហើយ​ទូទាត់​បាន ​ដោយ​ចំណុច​នេះ វា​ល្អ​ជាង​អ្វី​ដែលមា​ន​នាពេល​បច្ចុប្បន្ន ​ព្រោះថា​​ទេសចរ​ចិន​ដែល​មក​កម្ពុជា​គាត់​ស្កេ​ន​បាន​តែ​ហាង​ទំនិញ​ណា​ដែល​មាន​ភ្ជាប់​ជា​មួយ​UnionPay, Ali pay​និង We chat តែ​ប៉ុណ្ណោះ​។

«​ដូចនេះ​​អាជីវក​រដែល​មាន​ភ្ជាប់​បាគង​ឬក៏​KH QR របស់​ធនាគា​រ​ក្នុង​ស្រុក​នេះខាង​ចិន​គាត់​ស្កេ​ន​មិន​ទាន់​បាន​ទេ​។ ដូច្នេះ​នៅ​ពេល​ដែល​យើង​ត​ភ្ជាប់​គ្នា​ហើយ ​ទេសច​រឬ​វិនិយោគិ​ន​ចិនអា​ច​ស្កេ​ន​ទូទាត់​តាម ​KH QR​របស់​យើង​បាន​ហើយ​។ អ៊ីចឹ​ង​វា​សម្រួល​ទាំង​សង​ខាង មាន​ន័យ​ថា សម្រួល​ទាំង​ទេស​ចរ​ខ្មែរ​ពេល​ទៅ​ចិន ​និង​ទេស​ចរ​ចិន​ពេល​មក​ខ្មែរ​ផង​ដែរ​»​។ លោក​ស្រី ​ជា សិរី បាន​បញ្ជាក់​បន្ថែម​។​

​ចំណុច​សំខាន់​មួយ​ទៀត​ក្នុង​កិច្ច​សហ​ប្រតិបត្តិ​ការ​នេះ ​ក៏ដូចជា​កិច្ច​សហ​ប្រតិបត្តិ​ការ​ផ្សេង​ទៀត លោក​ស្រី​បាន​សង្កត់​ធ្ងន់​ថា​៖«​យើង​ធ្វើ​ជា​មួយ​ប្រទេស​ជិត​ខាង​យើង គឺ​ជំរុញ​ការ​ប្រើប្រាស់​ប្រាក់​រៀល​។​ដូច​ដែល​ខ្ញុំ​បាន​លើក​មក​ហើយ​ ទាល់តែ​ប្រជា​ជន​កម្ពុជា​យើង​ទៅ​ស្រុក​គេ ​មាន​គណនី​ជា​លុយ​រៀល​ទើប​អាច​ទូទាត់​តាម​ KH QR នៅ​ចិន ឬ​ថៃ​បាន​។​ងាក​មក​កម្ពុជា​យើង​វិញ ​អាជីវក​ម្ម​យើង ភាគ​ច្រើន​ដាក់​តែ​លុយ​ដុល្លារ​ប៉ុណ្ណោះ ​ដូច្នេះ​នៅពេល​គាត់​ចង់​បាន​អតិថិជ​ន​ជា​ទេសចរ​ចិន​ច្រើន ​ទាល់​តែ​គាត់​ដាក់​ KH QR ជា​លុយ​រៀល​ទៀត​ទើប​បាន​ ហើយ​ចិន​វិញ​ក៏​ដូច​គ្នា ​គាត់​ជំរុញ​ប្រើ​ប្រាស់​ប្រាក់​យន់​របស់​គាត់​ដូច​គ្នា​»​។​

​លោក​ស្រី ​ជា សិរី រំពឹង​ថា នៅ​ពេល​ដែល​កិច្ច​សហ​ប្រតិ​បត្តិ​ការ​នេះ​ជោគ​ជ័យ​នឹង​ជួយ​មួយ​ផ្នែក​ទៀត​ទៅ​លើ​វិស័យ​ទេស​ចរណ៍​របស់​ប្រទេស​ទាំង​២​ព្រោះ​នៅ​ពេល​ដែល​ទេសចរ​ចិន​មក​នឹង​ងាយ​ស្រួល​ចាយវា​យ​ទូទាត់ដែល​វា​ក៏​អាច​ទាក់​ទាញ​ទេសចរ​មក​បន្ថែម​ទៀត​ដែរ​។​

​លោក ​អ៊ិន ​ចាន់នី ប្រធាន​នាយក​ប្រតិ​បត្តិ​ធនា​គារ​អេស៊ីលី​ដា បាន​ឱ្យដឹង​ដែរ​ថា ​Crossing Border Payment នេះ​មាន​សារៈ​សំខាន់​ណាស់ ក្នុង​ការ​ជំរុញ​ការ​ប្រើប្រា​ស់​ប្រាក់​រៀល​នៅលើ​ឆាក​អន្តរ​ជាតិ​ ជា​ពិសេស​MOU​ថ្មី​របស់​ធនាគា​រជាតិ ​និង​UnionPay Inte​rna​tional នេះ គឺ​ជាម​ធ្យោ​យ​បាយ​ថ្មី​មួយ​ទៀត ​ក្នុង​ការ​បង្ក​លក្ខណៈ​ងាយស្រួ​ល​ដល់​ពលរដ្ឋ​នៃ​ប្រទេស​ទាំ​ង២​។​

​លោក​បាន​ថ្លែង​ថា​៖«​វា​មាន​សារៈ​សំខាន់​ណាស់​ក្នុង​ការនាំ​រូបិយ​ប័ណ្ណ​រៀល​ខ្មែរ​ទៅ​កាន់​ទីផ្សារ​អន្ត​រជាតិ​។​សម្រាប់​ធនា​គារ អេស៊ីលីដា​នា​ពេល​កន្លង​មក​បាន​មាន​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ជា​មួយ​UnionPay យូរហើយ ​គ្រាន់តែ​ថា ការ​ទូទាត់​ត្រូវ​ឆ្លង​កាត់​រូបិយ​ប័ណ្ណ​អន្តរ​ជាតិ​»​។​

​លោក​បន្ត​ថា៖«​នៅ​ពេល​ដែល​ធនាគា​រជា​តិនិង​UnionPay មានកា​រ​ទូទាត់​តាម KH QR​ដោយ​ផ្ទាល់​នាពេ​ល​ខាង​មុខ​នេះ ​នឹង​កាន់​តែ​ងាយ​ស្រួល​នឹង​ចំណេញ​ច្រើន​ដោយ​មិនចាំបា​ច់​ឆ្លង​កាត់​រូបិយ​ប័ណ្ណ​អន្តរជា​តិ​ផ្សេងទៀ​ត ​ដែល​មាន​អត្រា​កា​រប្រាក់​ឡើង​ចុះ​»​។​

​លោក​អ៊ិន ចាន់នី បាន​បន្ថែម​ថា Crossing Border Payment នេះ វា​ភាព​ចាំបា​ច់​ណាស់​ដោយ​​ខាង​ធន​គារ​ជាតិ​កំពុ​ងតែ​មាន​ការ​ពង្រីក​បន្ថែម​ទៅ​វៀត​ណាម និង​បណ្តា​ប្រទេស​មួយ​ចំនួ​នទៀត​ នាពេល​ខាង​មុខ​ ដើម្បី​សម្រួល​ដល់​ភ្ញៀវ​ទេស​ចរ ពា​ណិជ្ជករ​ និង​ធុរ​ជន​ក្នុង​ការ​ទូទាត់​ប្រកប​ដោយ​ភាព​ងាយ​ស្រួល និង​មាន​សុវត្ថិ​ភាព​។​

​បើ​តាម​លោក​ស្រី ជា​ សិរី​ បច្ចុប្ប​ន្ននេះ ​កម្ពុជា​បាន​ដាក់​ឱ្យ​ដំណើរ​ការ​កា​រទូទាត់​តាម​ប្រព័ន្ធ​ QR-Code​ជា​មួយ​វៀត​ណាម​ និង​ថៃ ខណៈ​ចិន​ ឥណ្ឌា​និង​ឡាវ ធនា​គារ​ជាតិ​បាន​និង​កំពុង​រៀបចំ​ប្រព័ន្ធ​ទូទាត់​នៅ​ឡើយ​៕