ភ្នំពេញៈប្រទេស​កម្ពុជា ​ប្រកាស​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ សៀវភៅ​ស្តីពី​ការវិនិយោគ​នៅ​កម្ពុជា ដែល​នឹង​ផ្តល់​ជា​ឯកសារ​ព័ត៌មាន ​ដ៏​មាន​សារៈសំខាន់​មួយ​បន្ថែមទៀត​ សម្រាប់​វិនិយោគិន​ជាតិ​ និង​អន្តរជាតិ​ ក្នុងការ​ស​ម្រេច​ចិត្ត​បោះទុន​វិនិយោគ​នៅ​កម្ពុជា​។

​ការដាក់ឱ្យ​ប្រើប្រាស់​សៀវ​ភៅ​ស្តីពី​ការវិនិយោគ​នៅ​កម្ពុជា​នេះ ​គឺជា​សមិទ្ធផល​នៃ​កិច្ចសហប្រតិបត្តិការ​រ​វាង​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC)​និង​រដ្ឋាភិបាល​អូស្ត្រាលី​ តាមរយៈ​គំនិត​ផ្តួចផ្តើម​ស្តីពី​ការវិនិយោគ​បរទេស ​និង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​ ក្នុង​តំបន់​មេគង្គ និង​ត្រូវបាន​ធ្វើឡើង​កាលពី​ថ្ងៃទី​១០​ ខែកក្កដា ​ក្រោម​វត្តមាន​របស់លោក សុខ ចិន្តា​សោភា ​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​ និង​ជា​អគ្គលេខាធិការ CDC និង លោក​ Nicholas Moore ​បេសកជន​ពិសេស ​ទទួលបន្ទុក​កិច្ចការ​អាស៊ីអាគ្នេយ៍​នៃ​រដ្ឋាភិបាល​អូស្ត្រាលី​។​

​លោក សុខ ចិន្តា​សោភា ​បាន​សាទរ​ចំពោះ​ក្រុមការងារ​រៀបចំ​សៀវភៅ​ស្តីពី​ការវិនិយោគ​នៅ​កម្ពុជា ​ដែល​បាន​រួមគ្នា​ចងក្រង​និង​ធ្វើ​បច្ចុប្បន្នភាព​ ព័ត៌មាន​គន្លឹះ​នានា​ សម្រាប់​ជា​ពុទ្ធិ​ដល់​វិនិយោគិន ​ដើម្បី​សិក្សា​ស្វែងយល់​អំពី​វឌ្ឍនភាព​នៃ​បរិស្ថាន​វិនិយោគ ក៏ដូចជា​កាលានុវត្តភាព​វិនិយោគ​នៅ​កម្ពុជា​។ លោក​ក៏បាន​លើកឡើងថា រដ្ឋាភិបាល​អូស្ត្រាលី ​ដែលជា​និច្ចកាល​តែងតែ​ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ ក្នុងការ​អភិវឌ្ឍ​ប្រទេស​លើ​គ្រប់​វិស័យ​។

​លោក​បាន​ថ្លែង​បន្តទៀតថា ជាក់ស្តែង​ក្នុង​ក្របខ័ណ្ឌ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​និង​ពហុភាគី​លើ​វិស័យ​វិនិយោគ​ភាគី​ទាំង​២ ​បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ស្តីពី​កិច្ចសហប្រតិបត្តិការ​វិនិយោគ​ទ្វេភាគី​ក៏ដូចជា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាស៊ាន​-​អូស្ត្រាលី​-​នូ​វែ​ល​សេ​ឡង់​។​

​លោក​បាន​គូសបញ្ជាក់ថា​៖«​ឯកសារ​គតិយុត្ត​ខាងលើ គំនិត​ផ្តួចផ្តើម​ និង​គម្រោង​នានា​របស់​រដ្ឋាភិបាល​អូស្ត្រាលី ​ត្រូវបាន​ដាក់ចេញ​ឱ្យ​អនុវត្ត​ជា​បន្តបន្ទាប់​សំដៅ​គាំទ្រ​ដល់​យុទ្ធនា​ការជំរុញ​និង​ទាក់ទាញ​លំហូរ​វិនិយោគ​ប្រកបដោយ​គុណភាព​មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា ​បន្ថែ​ម​ពីលើ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល​កម្ពុ​ជា ​ក្នុងការ​ធ្វើឱ្យ​ប្រសើរឡើង​នូវ​បរិស្ថាន​វិនិយោគ​ក៏ដូចជា​ការបង្កើត​នូវ​ក្របខ័ណ្ឌ​ច្បាប់ ​និង​គតិយុត្ត​ ដែល​បើក​ចំហ​មាន​តម្លាភាព​អាច​ប៉ាន់ប្រមាណ​ទុកជាមុន និង​ប្រកបដោយ​ភាព​អំណោយផល ​សម្រាប់​ការវិនិយោគ​ដើម្បី​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​»​។

​លោក​Nicholas Moore ក៏បាន​សាទរ​ជាមួយ​ការដាក់ឱ្យ​ប្រើប្រាស់​សៀវភៅ​នេះ ជាពិសេស កិច្ចសហការ​ល្អជា​មួយ CDC ដែល​តែងតែ​ផ្តល់​កិច្ចសហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​រដ្ឋាភិបាល ​និង​វិស័យ​ឯកជន​អូស្ត្រាលី​ តាមរយៈ​ការសម្រប​សម្រួល​ ​ផ្តល់​ការលើកទឹកចិត្ត និង​ផ្តល់​ការថែទាំ​លើ​គម្រោង​វិនិយោគ​នានា​ដែល​បាននិងកំពុង​មាន​អត្ថិភាព​លើទឹក​ដី​កម្ពុជា​។​

​លោក​ក៏បាន​បង្ហាញ​នូវ​ក្តីសង្ឃឹម​យ៉ាង​មុតមាំ​ថា ​កម្ពុជា​ នឹង​បន្ត​ផ្តល់​ការគាំទ្រ​ដល់​យុទ្ធសាស្ត្រ​សេដ្ឋកិច្ច​អាស៊ីអាគ្នេយ៍ ​របស់​រដ្ឋាភិបាល​អូស្ត្រាលី និង​ច្បាម​យក​ប្រយោជន៍​សេដ្ឋកិច្ច​ ជា​អតិបរមា​ពី​យុទ្ធសាស្ត្រ​ប្រកបដោយ​ចក្ខុវិស័យ​វែងឆ្ងាយ​មួយ​នេះ​។

​លោក​បាន​ថ្លែងថា​៖«​ក្នុងន័យនេះ​ឯកឧត្តម​ក៏បាន​បង្ហាញ​អំពី​ឆន្ទៈ​ក្នុង​ការជំរុញ​វិនិយោគិន​អូស្ត្រាលី ​មក​វិនិយោគ​នៅ​កម្ពុជា​ សំដៅ​រួមចំណែក​ដល់​ការធ្វើ​ពិពិធ​កម្ម​គោលដៅ​វិនិយោគ​នៅ​កម្ពុជា ​លើ​វិស័យ​គន្លឹះ​នានា​ទាំង​ក្រោម​រូបភាព​វិនិយោគ​ដោយផ្ទាល់​ ឬ​ដោយ​ចូល​ហ៊ុន​ជាមួយ​សហគ្រាស​ក្នុងស្រុក ​ឬ​ភាពជា​ដៃគូ​រវាង​រដ្ឋ​និង​វិស័យ​ឯកជន​»​។​

​កាលពី​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០២៣​ថ្មីៗ​នេះ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បាន​ចុះហត្ថលេខា​លើ​អនុក្រឹត្យ​ស្តីពី​ការអនុវត្ត​ច្បាប់​ស្តីពី​វិនិយោគ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បន្ថែ​ម​ពីលើ​ច្បាប់​ស្តីពី​វិនិយោគ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​ដែល​បានប្រកាស​ឱ្យប្រើ​កាលពី​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០២១៕