គណៈគ្រប់គ្រង ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុ​ជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ កាល​ពី​ថ្ងៃទី ០៨ ខែ កក្កដា ឆ្នាំ ២០២៣ បាន​រៀបចំ​កម្មវិធី​សប្បុរសធម៌​នៅ​សាលាបឋម​សិក្សា​ បូរីកម្មករ ​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ខេត្ត​ព្រះសីហនុ។ ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុ​ជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ បាន​ឧបត្ថម្ភ​ថវិកា ១​ លាន​រៀល​សម្ភារ​ការិយាល័យ និង​ឆត្រ​ធំ​ទៅ​កាន់​សាលារៀន។

បន្ថែម​លើស​ពី​នេះ ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុ​ជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ បាន​ផ្តល់​សម្ភារ​សិក្សា​មួយ​ចំនួន​ដល់​ប្អូនៗ​សិស្សានុសិស្ស​ចំនួន ៣៣០នាក់ និង​ផ្តល់​ជូន​សម្ភារ​ប្រើប្រាស់​មួយ​ចំនួន​សម្រាប់​លោកគ្រូ​អ្នកគ្រូ​ចំនួន ១២នាក់។

គោល​បំណង​របស់ ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុ​ជីវិត​សុវណ្ណាភូមិ ឡាយហ្វ៍ ធ្វើ​ឡើង​ដើម្បី​ចូល​រួម​ចំណែក​ជួយ​ផ្តល់​នូវ​សម្ភារ​សិក្សា​ដល់​សិស្សានុសិស្ស​ដែល​មាន​ការ​ខ្វះខាត​សម្ភារសិក្សា​មួយ​ចំនួន​បន្ថែម​ជូន​សាលារៀន​ ដើម្បី​ជួយ​ជំរុញ​ការ​សិក្សា​របស់​សិស្សានុសិស្ស​ឱ្យ​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ និង ផ្តល់​ជូន​សម្ភារ​សិក្សា​មួយ​ចំនួន​សម្រាប់​សិស្ស​ពូកែ​ផងដែរ។ បន្ថែម​លើស​ពី​នេះ ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុ​ជីវិត​ សុវណ្ណាភូមិ ឡាយហ្វ៍ ក៏​បាន​ផ្តល់​ជូន​ជា​សម្ភារ​ការិយាល័យ និង​ថវិកា​មួយ​ចំនួន ដើម្បី​ជួយ​សម្រាល​បន្ទុក​ដល់​គណៈគ្រប់គ្រង​សាលារៀន​ផងដែរ។

ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ ដែល​ជា​ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុ​ជីវិត​ឈាន​មុខ​គេ​ក្នុង​ស្រុក ក្នុង​ការ​ផ្តល់​ការ​ការពារ​ផ្នែក​ហិរញ្ញវត្ថុ​ដល់​គ្រួសារ​កម្ពុជា​នាពេល​បច្ចុប្បន្ន​នេះ កំពុង​ផ្តល់​ការ​ការពារ​ហិរញ្ញវត្ថុ​ដល់​អតិថិជន​ជាង ២២ ម៉ឺន​នាក់​​ទូទាំង​ប្រទេស​កម្ពុជា។ យើង​ក៏បាន​ចូល​រួម​ចំណែក​ក្នុង​កិច្ចការងារ​សង្គម​ ​ទៅកាន់​សហគមន៍​របស់​យើង ជាពិសេស ការ​ជួយ​ដល់​កុមារ​កម្ពុជា។

នាយក​សាលា លោក យឹម ពុទ្ធ បាន​មាន​ប្រសាសន៍​ថា «ខ្ញុំ​ពិតជា​មាន​សេចក្តី​សោមនស្ស​រីករាយ​យ៉ាង​ក្រៃលែង និង ក៏​សូម​ថ្លែង​អំណរគុណ​ចំពោះ​ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុ​ជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ ដែល​បាន​ចូលរួម​ចំណែក​ក្នុង​ការ​ជួយ​ ដូចជា សម្ភារ​សិក្សា សម្ភារ​ការិយាល័យ និង ថវិកា​មួយ​ចំនួន​ដល់​សាលារៀន និង សិស្សានុសិស្ស»។

លោក Loke Kah Meng អគ្គនាយក​ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុ​ជីវិត​ សុវណ្ណាភូមិ ឡាយហ្វ៍ បាន​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​សង្ឃឹម​ថា ការ​ឧបត្ថម្ភ​ថវិកា ១ លាន​រៀល រួម​ទាំង​សម្ភារ​សិក្សា​ចំនួន ៣៣០ កញ្ចប់ សម្រាប់​សិស្សានុសិស្ស និង សម្ភារ​ចំនួន ១២ កញ្ចប់ សម្រាប់​លោកគ្រូ​អ្នកគ្រូ នៅ​ខេត្ត​ព្រះសីហនុ​នឹង​ជួយ​សម្រាល​បន្ទុក​ដល់​សិស្សានុសិស្ស និង​សាលា​រៀន»។

«សកម្មភាព​ចូលរួម​ក្នុង​ការងារ​សង្គម​​នេះ បានបង្ហាញ​ឱ្យ​ឃើញ​ពី​ភាព​រឹងមាំ​ផ្នែក​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន និង​​ទំនុក​ចិត្ត» ដែល​ស្រប​ទៅ​នឹង​ការប្តេជ្ញា​ចិត្ត​របស់​យើង​គឺ «នៅ​ទី​នេះដើម្បី​អ្នក នៅ​ទី​នេះដើម្បី​កម្ពុជា»។

អំពី​ក្រុមហ៊ុនធានា​រ៉ាប់រង​អាយុ​ជីវិត​សុវណ្ណាភូមិ ឡាយហ្វ៍៖

ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុ​ជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ ភីអិលស៊ី គឺ​ជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់​ក្រុមហ៊ុន កាណាឌីយ៉ា អ៊ិនវេសមេន ហូលឌីង ដែល​មាន​ទ្រព្យ​សម្បត្តិ​សរុប​ជាង ៨.៨ ពាន់​លាន​ដុល្លារ​អាមេរិក និង​ជា​កេរ្តិ៍​ដំណែល​តាំង​ពី​ឆ្នាំ ១៩៩១។ ក្រុមហ៊ុន សុវណ្ណាភូមិ ឡាយហ្វ៍ ជា​ក្រុមហ៊ុន​ដែល​មាន​មូលដ្ឋាន​ហិរញ្ញវត្ថុ​រឹងមាំ និងទំនុក​ចិត្តព្រម​ទាំង​ទទួល​បាន​ពាន​រង្វាន់ ៤ ឆ្នាំ​ជាប់​គ្នា ជា​ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុ​ជីវិត​រីកចម្រើន​លឿន​បំផុត​នៅ​កម្ពុជា​ក្នុង​ឆ្នាំ ២០១៨, ២០១៩, ២០២០ និង ២០២១ ផ្តល់​ដោយ​ក្រុមហ៊ុន The Global Banking and Finance Review ដែល​មាន​ទីស្នាក់ការ​កណ្តាល​នៅ​ទីក្រុង​ឡុងដ៍ នៃ​ចក្រភព​អង់គ្លេស​ និង​ពាន​រង្វាន់​ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុ​ជីវិត​ដែល​មាន​ភាព​ច្នៃ​ប្រឌិត​ជាង​គេ​នៅ​កម្ពុជា​ឆ្នាំ ២០២១ ផ្តល់​ដោយ​ស្ថាប័ន International Business Magazine ដែល​មាន​ទីស្នាក់ការ​នៅ​សហព័ន្ធ​អារ៉ាប់រួម៕