ភ្នំពេញៈ របាយ​ការណ៍​ពី​អគ្គ​នាយក​ដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​ដែល​បាន​ចេញ​ផ្សាយ​ កាល​ពី​ថ្ងៃទី ​១១ ខែ​កក្កដា បាន​បញ្ជាក់​ថា ការ​ដោះ​ដូរ​ទំនិញ​របស់​កម្ពុជា​ ជា​មួយ​ប្រទេស​វៀត​ណាម ​ក្នុង​ឆមាស​ទី​១ ឆ្នាំ​ ២០២៣​ នេះ សម្រេច​បាន​ក្នុង​ទំហំ ​ទឹកប្រាក់​ច​ជាង​ ៣ ៣០២ លាន​ដុល្លារ កើនឡើង​ ១,៣ ​ភាគរយ បើ​ធៀប​នឹង​ឆមាស​ទី​១ ឆ្នាំ​ ២០២៣​។​

​ទិន្នន័យ​របស់​អគ្គ​នាយក​ដ្ឋា​ន​គយ បាន​បង្ហាញ​ទៀត​ថា ការនាំ​ចូល​របស់​វៀត​ណា​មមក​កាន់​កម្ពុជា​សម្រេច​បាន​ក្នុង​ទំហំ​ទឹក​ប្រាក់​១ ៨៧២​លាន​ដុល្លារ ​ថយ​ចុះ​ជាង​១០​ភាគ​រយ ​ខណៈ​ការ​នាំ​ចេញ​វៀត​ណាម​វិញមាន​ទំហំ​ទឹក​ប្រាក់ ​ជាង​១​ ៤២៩លាន​ដុល្លារ​កើន​ឡើង​ជិត​២២​ភាគ​រយ ​បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០២២​។

​បើ​ក្រឡេក​ទៅ​មើល​របាយ​ការណ៍​នាំចេញ​ផលិត​ផលកសិ​កម្មរបស់​ក្រសួង​កសិកម្ម ​រុក្ខាប្រ​មាញ់ និង​នេសាទ​វិញ បាន​បង្ហាញ​ថា ក្នុ​ង​រយៈ​ពេល​៥​ខែ​ដើម​ ឆ្នាំ​២០២៣​នេះ ​កម្ពុជាបាន​នាំចេញ​ផលិត​ផលកសិ​កម្ម​ជាង​៤០​មុខ​ទៅ​កាន់​វៀត​ណាមដែល​ក្នុងនោះ​​មាន​ដូច​ជា ​​ស្រូវ​,​ដំឡូង​មី​ស្រស់​,​គ្រាប់​ស្វាយ​ចន្ទី​ឆៅ​,​ចំណិត​ដំឡូង​មី​ក្រៀម​,​ផ្លែ​ស្វាយ​ស្រស់​,គ្រាប់​ពោត​, ស្នូល​ពោត​,​ផ្លែ​ចេក​ស្រស់​,សណ្តែក​សៀង​, ឈើ​កៅស៊ូ​កែច្នៃ​,ឈើ​សម្រាប់​ធ្វើ​អុស​,​គ្រាប់​ឈូក​,​សណ្ដែក​បាយ​,​ឈើ​កែច្នៃ​,​ស្វាយ​ចន្ទី​,ម្រេច​,ជ័រកៅស៊ូ​,កាក​សំណល់​ដំឡូង​មី​,​ល្ង​,​ថ្នាំជក់​,ឈើ​អា​កាស្យា​,ចំណិត​សាច់​ត្នោត​ក្រៀម​,​ម្សៅ​អង្ករ​,​ផ្លែ​ម្នាស់​ស្រស់,ឈើ​អម្ពិល​បារាំង​,ឈើ​ខ្នុរៗ​,គ្រាប់​សំរង​និង​កាក​ស្រា​បៀរ​ជា​ដើម​។​

​លោក​ប៉ែន​ សុ​វិជាតិ អ្នក​នាំ​ពាក្យ​ក្រសួង​ពាណិជ្ជ​កម្ម ​បាន​ឱ្យដឹង​នៅ​ថ្ងៃទី​១២ ​ខែកក្កដា​ ថា ការ​កើន​ឡើង​នៃ​ទំហំ​ពាណិជ្ជ​កម្ម​រវាង​កម្ពុជា​និង​វៀត​ណាម​ ជាពិសេស​ការនាំ​ចេញ​ទៅ​វៀតណា​ម​ដែលកើនឡើ​ង​ជិត​២២​ភាគ​រយ​នេះ​ អាស្រ័យ​លើក​ត្តា​៣​យ៉ាង​។​

​លោក​បាន​បញ្ជាក់​ថា​៖«​កត្តា​ទី១​គឺព្រំដែន​ជាប់​គ្នា ដោយ​សារតែ​ប្រទេស​ទាំង​២​មាន​ព្រំ​ប្រទល់​ជាប់​គ្នាធ្វើឱ្យ​ការដឹក​ជញ្ជូន​មាន​លក្ខណៈ​ងាយ​ស្រួល​,​ទី​២​ការ​កែច្នៃ​របស់​វៀត​ណាមមាន​ការ​កើន​ឡើង ​ដូច្នេះ​ប្រទេស​នេះ​មាន​តម្រូវ​ការ​វ​ត្ថុធាតុ​ដើម​ពី​យើង​ច្រើន ដូច​ជា​ស្វាយ​ចន្ទី ​កៅស៊ូ ដំឡូង​មី ពោត​ជា​ដើម ​យក​ទៅ​កែច្នៃ​សម្រាប់​នាំ​ចេញ​និង​ទី​៣​ វៀត​ណាម ទើបតែ​ទទួល​បាន​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​សេរី​ជា​មួយ​អឺរ៉ុប ​ដូច្នេះ​ហើយ​គាត់​ត្រូវ​ការ​ទំនិញ​ដែល​ជា​វ​ត្ថុធាតុ​ដើម​ពី​យើង​ច្រើន​ណាស់​ ដើម្បី​យក​ទៅ​កែច្នៃ ​ហើយ​នាំ​ចេញ​ទៅ​អឺរ៉ុប​»​។​

​ទោះ​ជា​យ៉ាង​ណា​ ​លោក​សង្កេត​ឃើញ​ថា ​ជញ្ជីង​ពាណិជ្ជ​កម្ម​កម្ពុ​ជា និង​វៀត​ណាម ​មិន​មាន​ភាព​ខុសគ្នា​ឆ្ងាយ​ពេក​​ទេ មាន​ន័យ​ថា តម្រូវ​ការ​នៃ​ប្រជា​ជន​ប្រទេស​ទាំង​២​គឺមាន​ប្រហាក់​ប្រហែល​គ្នា​។ ក្នុង​នោះ​កម្ពុជា​នាំ​ចេញ​ផលិត​ផល​កសិកម្ម​ទៅ​វៀត​ណាម​ ហើយ​នាំ​ចូល​ពី​ខាង​វៀត​ណាម​មកវិញ​គ្រឿង​ឧប​ភោគ​បរិភោគ​មួយចំ​នួនដែល​បាន​កែច្នៃ​រួច និងសម្ភារ​ប្រើប្រាស់​នានា​ពី​វៀត​ណាម​មក​វិញ​ដែរ​។​

​ចំណែ​ក លោក ហុង វណ្ណៈ អ្នក​ជំនាញ​សេដ្ឋកិច្ចនៃ​រាជ​បណ្ឌិត្យ​សភាក​ម្ពុជាបាន​ថ្លែង​ថា ​កត្តា​ភូមិ​សាស្ត្រ​រវាង​ប្រទេស​ទាំង​២ រួ​មទាំង​ទំនាក់​ទំនង​កា​ទូត​យ៉ាង​ជិត​ស្និទ្ធ​អស់​រយៈ​ពេល​ជាច្រើន​ឆ្នាំ​មក​ហើយ​នោះ បាន​ជំរុញ​ឱ្យ​ទំហំ​ពាណិ​ជ្ជក​ម្ម​នៃ​ប្រទេស​ទាំង២​មាន​ការ​កើន​ឡើង​ជា​បន្ត​បន្ទាប់។​

​លោក​បាន​បញ្ជាក់​ថា​៖«​វៀត​ណាម​ជា​ប្រទេស​ដែល​មាន​ការអ​ភិ​វឌ្ឍ​មុន​ប្រទេស​យើង ​មាន​ប្រជា​ជន​ច្រើនជា​ងនិ​ង​មាន​ទីផ្សារ​ផលិត​ផល​ក្រៅ​ប្រទេស​មុន​យើង​។ប៉ុន្តែ​យ៉ាង​ណាមិ​ញ​យើង​ឃើញ​ការនាំ​ចេញ​ទៅ​វៀត​ណាម​ហាក់​មាន​កំណើន​ច្រើន​គួរ​ឱ្យកត់សម្គាល់​។​ការណ៍​នេះ ​ជំរុញ​ឱ្យ​យើង​មាន​ការ​ផលិត​ផលិត​ផល​កសិ​កម្ម​បន្ថែម​ទៀត​ដើម្បី​បំពេញត​ម្រូវ​ការ​ ប៉ុន្តែ​ការ​កែច្នៃ​ផលិត​ផល​វត្ថុ​ធាតុ​ដើមក្នុង​ស្រុក​ ក៏ត្រូវ​ជំរុញ​ផង​ដែរ​ដើម្បី​ទទួល​បាន​តម្លៃ​បន្ថែម​»​។​

​បើ​យោង​តាម​អគ្គ​នា​យកដ្ឋា​ន​គយ​ និង​រដ្ឋាករ​កម្ពុជា ​កាល​ពី​ឆ្នាំ​២០២២ ​កម្ពុជា​សម្រេច​បាន​ទំហំ​ពាណិជ្ជ​កម្ម​ជា​មួយ​វៀត​ណាមក្នុ​ង​ទំហំ​ទឹក​ប្រាក់​ជាង​ ៦ ១៣៥​លាន​ដុល្លារ​ កើន​ឡើង​ជិត​២០​ភាគ​រយ​។​ ក្នុង​នោះ​កម្ពុជា​នាំទៅ​វៀត​ណាម​សម្រេច​បាន​ជាង​ ២ ១៦៨​លាន​ដុល្លារ​ កើន​ជិត​១០​ភាគ​រយ​ ខណៈការ​នាំចូល​ពី​វៀត​ណាម​មក​វិញ​សម្រេច​បាន​ជាង ​៣ ៩៦៧​លាន​ដុល្លារ​ កើន​ឡើង​ជាង​២៦​ភាគ​រយ ​បើ​ធៀប​នឹង​ឆ្នាំ​២០២១​៕