
កម្មករចំការចែកក្នុងខេត្តកំពតកំពុងតែរៀបចំចេកដាក់ចូលរោងចក្រ មុនពេលនាំចេញទៅក្រៅប្រទេស។ រូបថត៖ ហេង ជីវ័ន
ភ្នំពេញៈ មន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ការនាំចេញ ផ្លែចេកស្រស់របស់កម្ពុជា ទៅកាន់ទីផ្សារក្រៅប្រទេស នៅក្នុងរយៈពេល ៦ ខែ ឆ្នាំ ២០២៣ នេះ សម្រេចបានក្នុងបរិមាណ ១៦៥ ៥៥២,៩៥ តោន ថយចុះ២៤,៤ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២។
កញ្ញា អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រាប់ឱ្យដឹងថា ការនាំចេញផលិតកម្មដំណាំមួយចំនួន ដូចជាចេកជាដើម មានការថយចុះ ដោយសារស្ថានភាពមិនច្បាស់លាស់ខាងទីផ្សារ និងបញ្ហាបម្រែបម្រួលអាកាសធាតុ ដែលនាំឱ្យប៉ះពាល់ដល់ទិន្នផល និងគុណភាពនៃដំណាំ ការនាំចេញដោយគ្មានការស្នើសុំវិញ្ញាបនបត្រភូតគាមអនាម័យ (ការនាំចេញក្រៅផ្លូវការ) តាមច្រករបៀងទៅកាន់ប្រទេសវៀតណាម និងប្រទេសថៃ មួយចំនួនមិនមានការកត់ត្រា។
កញ្ញាបានបញ្ជាក់ថា៖«ថ្វីដ្បិតតែការនាំចេញកសិផលទៅទីផ្សារក្រៅប្រទេសមាននិន្នាការថយចុះបន្តិចមែន ប៉ុន្ដែមិនបណ្តាលឱ្យប៉ះពាល់ដល់អ្នកផលិត ឬមានបញ្ហាចាល់លក់មិនអស់ឡើយ។ ក្រសួង ក៏បានជំរុញវិស័យឯកជនស្វែងរកដៃគូបញ្ជាទិញឱ្យបានច្រើនជាងទីផ្សារដែលមានស្រាប់ ជំរុញការវិនិយោគក្នុងវិស័យកសិឧស្សាហកម្មដើម្បីលើកកម្ពស់ផលិតភាព និងជំរុញការនាំចេញផលិតផលកែច្នៃ»។
បើតាមកញ្ញាអ៊ឹម រចនា ចេកស្រស់របស់កម្ពុជាជាង៩០ភាគរយត្រូវបាននាំទៅទីផ្សារប្រទេសចិន ព្រោះថា ប្រទេសចិនគឺជាទីផ្សារដ៏ធំមួយសម្រាប់ផលិតផលកសិកម្មដ៏មានសក្តានុពលរបស់កម្ពុជា ហើយលើសពីនោះ មិនត្រឹមតែសម្រាប់ចេកស្រស់ប៉ុណ្ណោះទេ ថែមទាំងសម្រាប់អង្ករ ដំឡូងមី និងស្វាយផងដែរ។
កញ្ញាបានបន្តថា ការនាំចេញផ្លែចេក និងផលិតផលកសិកម្មផ្សេងទៀតទៅកាន់ប្រទេសចិន បានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យកសិកម្មកម្ពុជា និងនាំមកនូវអត្ថប្រយោជន៍ជាច្រើនដល់ប្រជាជនកម្ពុជា ជាពិសេសប្រជាកសិករដែលបាននិងកំពុងដាំដុះដំណាំសក្តានុពលនៅទូទាំងប្រទេសកម្ពុជា។
លោកហ៊ុន ឡាក់ អគ្គនាយកក្រុមហ៊ុនឡងម៉េត ដែលបានធ្វើការដាំដុះចេកសម្រាប់នាំចេញទៅកាន់ប្រទេសចិន បានឱ្យដឹងដែរថា កាលពីដើមឆ្នាំ២០២៣នេះ ការនាំចេញចេកស្រស់របស់កម្ពុជា ទៅកាន់ទីផ្សារក្នុងតំបន់ ហាក់មានភាពប្រសើរឡើងវិញ បើធៀបនឹងឆ្នាំ២០២២កន្លងទៅ។
លោកបន្តថា ដោយសារតែប្រទេសចិន ដែលជាទីផ្សារធំ លែងមានការបិទខ្ទប់ មានតម្រូវការច្រើន និងការដឹកជញ្ជូនចាប់ផ្តើមធ្លាក់ថ្លៃបន្តិចមកវិញ ប៉ុន្តែចូលដល់ពាក់កណ្តាលឆ្នាំនេះ ស្ថានភាពហាក់មិនសូវល្អវិញ។
លោកហ៊ុន ឡាក់ បានបន្ថែមថា ការថយចុះនៃការនាំចេញស្រស់នៅឆមាសទី១នេះ ដោយសារតែការដាំដុះរបស់កសិករនៅតំបន់ភាគខាងកើតប្រទេសកម្ពុជា មានបញ្ហាដោយសារអាកាសធាតុ ខណៈដែលតម្លៃចេកស្រស់នៅលើទីផ្សារក៏មិនសូវល្អដែរ។
លោកមានប្រសាសន៍ថា៖«សម្រាប់ផលិតផលចេកស្រស់របស់កម្ពុជានាពេលថ្មីៗមានបញ្ហាច្រើនដោយសារបញ្ហាអាកាសធាតុ ធ្វើឱ្យកសិករយើងខ្លះបោះបង់ចោល ហើយតម្លៃចេកស្រស់នៅលើទីផ្សារក៏ធ្លាក់ចុះដែរ។ ការធ្លាក់តម្លៃចេកនេះ គឺធ្លាក់ចុះជាសកល ដូចយើងឃើញហើយថា មិនត្រឹមតែចេកទេ ទំនិញផ្សេងៗក៏ធ្លាក់ចុះទាំងតម្លៃ និងការបញ្ជាទិញ ដោយសារតែវិបត្តិសកល អតិផរណា សង្រ្គាមរុស្សី និងអ៊ុយក្រែនផង និងបញ្ហាផ្សេងមួយចំនួនទៀតផងដែរ»។
បើតាមលោក ហ៊ុន ឡាក់ ការនាំចេញចេកស្រស់ នៅឆមាសទី២នាពេលខាងមុខនេះ អាចនឹងមានភាពល្អប្រសើរឡើងវិញ ដោយសារចិន ដែលជាទីផ្សារដ៏ធំសម្រាប់កម្ពុជា អាចនឹងមានតម្រូវការច្រើនឡើងវិញ ដែលស្របនឹងបញ្ហាប្រែប្រួលអាកាសធាតុត្រូវបានដោះស្រាយផងដែរ៕