​ភ្នំពេញៈ គម្រោង​វិនិយោគ​ចំនួន ៩ ដែលមាន​ទុនវិនិយោគ​សរុប ៧៧,៤ ​លាន​ដុល្លារ និង​អាចបង្កើត​ការងារ​បាន ១៧ ០២៩​ កន្លែង ​ត្រូវបាន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ​(CDC)​ អនុម័ត​ឱ្យ​វិនិយោគ​ក្នុង​រយៈពេល ២ ​សប្តាហ៍​ដំបូង ​នៃ​ខែកក្កដា​នេះ ដោយ​ក្នុងនោះ ៤ ស្ថិតក្នុង​វិស័យ​វាយ​ន​ភណ្ឌ​។​​

​យោងតាម CDC គម្រោង​ទាំងនោះ រួមមាន​គម្រោង​វិនិយោគ​លើ​រោងចក្រ​កាត់ដេរ​ ផលិត​ស្រោមជើង ស្រោមដៃ អាវ​ចាក់​ ផលិត​វ៉ែនតា និង​ដង​វ៉ែនតា​ ផលិត​កាបូប ថង់យួរ និង​ស្រោម​សម្លៀកបំពាក់​ ផលិត​សម្ភារ​ប្រើប្រាស់​ក្នុងផ្ទះ​ ផលិត​សម្ភារ​ផ្គុំ​ដំឡើង​អំពូល​ភ្លើង​លម្អ​គ្រប់​ប្រភេទ និង​ផលិត​សម្ភារ​សម្អាតផ្ទះ​គ្រប់​ប្រភេទ​។ គម្រោង​វិនិយោគ​ទាំង ៩ គឺមាន ៤ ទីតាំង​ស្ថិតនៅ ក្នុង​ខេត្តកំពង់ស្ពឺ​ ២ នៅ​ខេត្ត​កា​កែវ​ និង ១​ ទីតាំង​ នៅក្នុង​រាជធានី​ភ្នំពេញ​ ខេត្តកណ្តាល និង​ខេត្ត​ព្រះសីហនុ​។​

​អ្នកសេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​១២ ខែកក្កដា​ថា ការទទួលបាន​សំណើសុំ​វិនិយោគ​ពី​សំណាក់​វិនិយោគិន និង​ការអនុម័ត​ជា​បន្តបន្ទាប់​របស់ CDC បញ្ជាក់ថា កម្ពុជា​គឺជា​ទីតាំង​មាន​សក្តានុពល​សម្រាប់​ប​ណ្តា​ក់​ទុន​លើ​គ្រប់​វិស័យ បើទោះបី​ស្ថានភាព​នយោបាយ និង​សេដ្ឋកិច្ចពិភពលោក​ពេលនេះ​មិនទាន់​ត្រឡប់​ទៅរក​ប្រក្រតីភាព​ដូច​មុន​ឆ្នាំ​២០២០ ក៏ដោយ​។

លោក​បន្តថា ក្រៅពី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ ដែល​កម្ពុជា​កំពុងមាន នា​រយៈពេល ២-៣ ​ឆ្នាំ​មកនេះ​ កម្ពុជា ក៏បាន​ចុះហត្ថលេខា​ជាមួយ​ប្រទេស​ដៃគូ​សំខាន់ៗ​ ដូចជា ប្រទេស​ចិន CCFTA ប្រទេស​កូរ៉េខាងត្បូង CKFTA កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ (RECP) ដែលមាន​ប្រទេស​សមាជិក​ចំនួន ១៥ និង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ ​ប្រទេស​អារ៉ាប់​រួម​អេ​មី​រ៉ា​ត កាលពីពេល​ថ្មីៗ គឺ​សុទ្ធតែជា​ចំណែក​ដ៏​សំខាន់​ក្នុងការ​ទាក់ទាញ​អ្នកវិនិយោគ​ឱ្យមក​បណ្តាក់ទុន​នៅ​កម្ពុជា​។​

​លោក​ថ្លែងថា​៖«​តាមរយៈ​សក្តានុពល​នៃ​ទីតាំង​ភូមិសាស្ត្រ និង​កិច្ចខិតខំ​របស់​រដ្ឋាភិបាល​ក្នុង​រៀបចំ និង​កែលម្អ​ប្រព័ន្ធ​ច្បាប់​វិនិយោគ ព្រមទាំង​ការបើក​ទីផ្សារ​នៅក្រៅ​ប្រទេស​ជា​បន្តបន្ទាប់​នោះ ខ្ញុំ​មាន​សុទិដ្ឋិនិយម​ថា នឹងមាន​ក្រុមហ៊ុន​លំដាប់​អន្តរជាតិ​ថ្មីៗ បន្ថែមទៀត​មក​បើក​ដំណើរការ​អាជីវកម្ម​នៅ​កម្ពុជា​»​។​

​លោក​លើកឡើង​ទៀតថា ក្រៅពី​កែ​ប្រព័ន្ធ​ច្បាប់កម្ពុជា ​ក៏បាន​កសាង​ធនធានមនុស្ស និង​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​ផងដែរ​ នៅក្នុង​ប្រទេស ដើម្បី​ត្រៀម​ទទួល​កំណើន​ការ​ចូលមក​បណ្តាក់ទុន​កាន់តែច្រើន​នាពេល​អនាគត​។ លោក​បន្តថា ប្រភេទ​នៃ​មុខទំនិញ​ដែល​កម្ពុជា​ផលិត​បាន​ពេលនេះ ក៏មាន​លក្ខណៈ​កាន់តែ​ចម្រុះ និង​ឆ្លើយតបបាន​កាន់តែ​ទូលំទូលាយ​ទាំង​គុណភាព និង​បរិមាណ​សម្រាប់​ការបញ្ជាទិញ​ពី​គ្រប់​មជ្ឈដ្ឋាន​។​

​អគ្គនាយិកា​ក្រុមហ៊ុន​ផលិត​នំ​ស្រួយ លី​លី លោកស្រី កែវ មុំ បាន​ប្រាប់ថា ប្រទេស​កម្ពុជា​នឹង​អាចមាន​សក្តានុពល​ទាក់ទាញ​អ្នកវិនិយោគ​ឱ្យមក​បណ្តាក់ទុន​កាន់តែច្រើន​ថែមទៀត ប្រសិនបើ​តម្លៃ​អគ្គិសនី​ទាប​ជាង​ពេលបច្ចុប្បន្ន ព្រោះ​នៅពេល​តម្លៃ​អគ្គិសនី​ទាប វា​នឹង​ធ្វើឱ្យ​ការចំណាយ​លើ​ផលិតកម្ម​ទាប ហើយ​ពេលនោះ​សមត្ថភាព​ប្រកួតប្រជែង​លើ​ទីផ្សារ​ប្រាកដជា​កើនឡើង​។​

​លោកស្រី​និយាយថា​៖«​អគ្គិសនី​កាន់តែ​ទាប ធ្វើឱ្យ​ថ្លៃដើម​ផលិត​កាន់តែ​ទាប ដែល​នឹង​ជួយ​ធ្វើឱ្យ​សមត្ថភាព​ប្រកួតប្រជែង​កាន់តែ​ខ្ពស់​ជាមួយនឹង​ទំនិញ​របស់​ប្រទេស​នានា​លើ​ពិភពលោក​»​។​

​ទិន្នន័យ​ពី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ​(CDC) ក្នុង​សប្តាហ៍​នេះ​ឱ្យដឹងថា ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២៣ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានអនុម័ត​ឱ្យ​គម្រោង​ថ្មី និង​គម្រោង​ពង្រីក​ផលិតកម្ម​ចំនួន​១១៣ គម្រោង ដែលមាន​ទុនវិនិយោគ​សរុប​ប្រមាណ ១,១ ពាន់​លាន​ដុល្លារ និង​អាចបង្កើត​ការងារ​បាន ១២២ ពាន់​កន្លែង​។ ក្នុងចំណោម​គម្រោង​វិនិយោគ​ទាំង​១១៣ នេះ គម្រោង​ចំនួន​១០២ ស្ថិតនៅក្នុង​វិស័យ​ឧស្សាហកម្ម​ ៧ ក្នុង​វិស័យ​កសិកម្ម និង​ក​សិ​-​ឧស្សាហកម្ម​ ៣ វិស័យ​ទេសចរណ៍ និង ១ ស្ថិតក្នុង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ និង​ផ្សេងៗ​។​

​កាលពី​ឆ្នាំ​២០២២ គម្រោង​វិនិយោគឯកជន​ចំនួន ១៣២ ត្រូវបាន CDC អនុម័ត ដោយ​កើនឡើង ២៤​ គម្រោង​ បើ​ធៀប​ឆ្នាំ​២០២១​។ គម្រោង​ទាំង ១៣២ មាន​ទុនវិនិយោគ ៣ ២៣០ លាន​ដុល្លារ កើនឡើង ៨៧,៩ ភាគរយ និង​បង្កើត​ការងារ​បាន ១២,២ ម៉ឺន​នាក់​។ នេះ​បើតាម​ឯកសារ​និន្នាការ​សេដ្ឋកិច្ចកម្ពុជា ប្រចាំឆ្នាំ​២០២២៕