ក្នុង​រយៈពេល ៦ ខែ ឆ្នាំ ២០២៣ អគ្គនាយកដ្ឋាន​ពន្ធដា​រ បាន​ប្រមូល​ចំណូល​ពន្ធអាករ បាន​ប្រមាណ​ជា ២០៧២ លានដុល្លារ ស្មើនឹង ៥៨ ភាគរយ​នៃ​ផែនការ​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ ២០២៣ ប៉ុន្តែ​បាន​កត់សម្គាល់​ថាការ​ប្រមូល​លើ​វិស័យ​អចលនទ្រព្យ និង​កម្មន្តសាល​ភេសជ្ជៈ​មានការ​ថយចុះ។ នេះ​បើ​យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តីពី​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ប្រមូល​ចំណូល​ពន្ធ​ប្រចាំខែ​មិថុនា និង​ប្រចាំ​ឆមាស​ទី ១ ឆ្នាំ ២០២៣ ព្រមទាំង​ទិសដៅ​សម្រាប់​អនុវត្ត​បន្ត​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ ដែល​បាន​ផ្សាយ​នៅ​ថ្ងៃទី ១៣ ខែកក្កដា​នេះ។​

លោក គង់ វិបុល រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​អគ្គនាយក​ពន្ធដារ ដែល​បាន​ដឹកនាំ​កិច្ចប្រជុំ​នោះ បាន​បញ្ជាក់ថា ចំពោះ​ស្ថានភាព​នៃការ​ប្រមូល​ពន្ធ​សរុប​រយៈពេល ៦ ខែ​ឆ្នាំ ២០២៣ បាន​ចំនួន ២ ០៧២,៣៩ លាន​ដុល្លារ ស្មើនឹង ៥៨,០២% នៃ​ផែនការ​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ ២០២៣។​

ចំណែក លទ្ធផល​នៃ​ការគ្រប់គ្រង​ប្រមូល​ចំណូល​ពន្ធ​ក្នុង​ខែ មិថុនា ឆ្នាំ ២០២៣ ចំណូល​ពន្ធអាករ​គ្រប់​ប្រភេទ​ដែល​អគ្គនាយកដ្ឋាន​ពន្ធដារ​ប្រមូលបាន​ជាក់ស្ដែង​តាម​ប្រព័ន្ធ​គ្រប់គ្រង​ទិន្នន័យ​ចំណូល​អនឡាញ​បាន​ចំនួន ២៤៥,៦៨ លានដុល្លារ ស្មើនឹង ៦,៨៨% នៃ​ផែនការ​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ ២០២៣។

លោក គង់ វិបុល បញ្ជាក់ថា៖ «​តាមរយៈ​ស្ថានភាព​នៃ​ចំណូល​ពន្ធ​សម្រាប់​រយៈពេល ៦ ខែ ឆ្នាំ ២០២៣ អគ្គនាយកដ្ឋាន​ពន្ធដារ រំពឹងថា​ការអនុវត្ត​ការងារ​គ្រប់គ្រង​ប្រមូល​ចំណូល​ពន្ធ​សម្រាប់​ឆ្នាំ ២០២៣ អាច​នឹង​សម្រេចបាន​គ្រប់​តាម​ផែនការ​ច្បាប់​ស្ដីពី​ហិរញ្ញវត្ថុ សម្រាប់ការ​គ្រប់គ្រង​ឆ្នាំ ២០២៣ ប្រមាណ ៣ ៥៧១,៧០ លានដុល្លារ។​

បើតាម​សេចក្តីប្រកាស​ព័ត៌មាន​ខាងលើ សម្រាប់​ឆ្នាំ ២០២៣ សេដ្ឋកិច្ច​កម្ពុជា (GDP) ត្រូវបាន​គេ​រំពឹងថា​នឹង​សម្រេច​បាន​កំណើន​ក្នុង​រង្វង់ ៥,៦០% ហើយ​ការប្រមូល​ចំណូល​ពន្ធដារ​ត្រូវបាន​ព្យាករ​ថា​នឹង​សម្រេច​បាន​ក្នុង​រង្វង់ ១០៥% នៅ​ឆ្នាំ ២០២៣។

ប៉ុន្តែ ក៏មាន​ការកត់សម្គាល់​លើ​ចំណូល​តាម​សកម្មភាព​សំខាន់ៗ​មួយចំនួន​មានការ​ថយចុះ​សម្រាប់​រយៈពេល ៦ ខែ ឆ្នាំ ២០២៣ ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ ២០២២ ក្នុងនោះ​កម្មន្តសាល​ភេសជ្ជៈ​ឬ​ផលិត​ភេសជ្ជៈ (ថយចុះ ១២,៨៩%) វិស័យ​អចលនវត្ថុ (ថយចុះ ៣,៨៨%) ហើយ​ទន្ទឹមនឹង​គ្នា​នោះ ពន្ធ​ប្រថាប់ត្រា​លើការ​ផ្ទេរ​កម្មសិទ្ធិ ឬ​សិទ្ធិ​កាន់កាប់​អចលនទ្រព្យ​ក៏បាន​ថយចុះ​ប្រមាណ ២៦,៨៣%។ ចំណែក ការប្រមូល​បំណុល​ពន្ធ​មានការ​ថយចុះ​សម្រាប់​រយៈពេល ៦ ខែ ឆ្នាំ ២០២៣ ពោលគឺ​ធ្លាក់ចុះ ១៩,០៣% ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ ២០២២។

ទន្ទឹមគ្នានេះ ការគ្រប់គ្រង​ប្រមូល​ចំណូល​ពន្ធ​ពី​ប្រតិបត្តិការ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក (E-Commerce ) ដែល​ជាក់ស្ដែង​ក្នុង​ខែ​មិថុនា ឆ្នាំ ២០២៣ ទទួល​បាន ៦,៨០ លានដុល្លារ និង​សម្រាប់ ​រយៈពេល ៦ ខែ ឆ្នាំ ២០២៣ ទទួលបាន ប្រមាណ​ជា ៣៩,៣ ១ លានដុល្លារ។

លោក គង់ វិបុល បាន​គូសបញ្ជាក់ថា៖ «កំណែទម្រង់​និង​ទំនើបកម្ម​ពន្ធដារ​ចាប់តាំងពី​ឆ្នាំ ២០១២ រហូតមក បាន​ធ្វើឱ្យ​ប្រព័ន្ធ​ពន្ធដារ​មាន​ភាពរឹងមាំ ហើយ​ថ្នាក់​ដឹកនាំ និង​មន្ត្រីរាជការ​ពន្ធដារ​គ្រប់លំដាប់​ថ្នាក់​ខិតខំ​ប្រឹងប្រែង​ស្រុះដៃ​គ្នា អនុវត្ត​ការងារ​ប្រកបដោយ​ស្មារតី បុរេសកម្ម និង​កាន់តែ​សកម្ម​ថែមទៀត ដើម្បី​បន្ត​ធានា​បាននូវ​និរន្តរភាព​ចំណូល​ពន្ធ និង​បន្ត​ចូលរួម​អនុវត្ត​ការងារ​កំណែទម្រង់​និង​ទំនើបកម្ម​រដ្ឋបាល​សារពើពន្ធ»៕​