ភ្នំពេញៈ ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា (NBC) លោកស្រី ជា សិរី បានធ្វើការបំភ្លឺជូនសាធារណជនជាថ្មីថា ការចុះអនុស្សរណ:យោគយល់គ្នារវាងធនាគារជាតិនៃកម្ពុជា និងក្រុមហ៊ុន UnionPay របស់ប្រទេសចិន មិនមែនជាការចាយក្រដាសប្រាក់យន់នៅកម្ពុជា ឬប្រាក់រៀល នៅប្រទេសចិននោះទេ ពោលគឺជាការទូទាត់សងប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក ឬហៅថា QR-Code ប៉ុណ្ណោះ។
លោកស្រី ជា សិរី បានឡើងបែបនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោកស្រី នៅថ្ងៃទី ១៦ ខែកក្កដា បន្ទាប់ពីមានការបកស្រាយខុស នៃគោលបំណងស្នូលក្នុងការចុះអនុស្សរណ:យោគយល់គ្នានេះ។
លោកស្រីបញ្ជាក់ថា៖ «ប្រជាជនយើងមួយចំនួនមានការព្រួយបារម្ភខ្លាចលុយចិនមកចរាចរវាយលុកប្រទេសកម្ពុជា។ យើងខ្ញុំសូមអរគុណចំពោះការព្រួយបារម្ភនេះ និងសូមលើកទឹកចិត្តបងប្អូនយើងឱ្យបន្តលើកកម្ពស់ប្រាក់រៀល តាមរយៈការសន្សំ និងទូទាត់ជាប្រាក់រៀល។ ចំពោះគោលបំណងនៃអនុស្សរណៈនោះ គឺយើងមិនបានឱ្យទេសចរចិនយកធនបត្រចិន ឬហៅសាមញ្ញ ក្រដាសលុយយន់ចិនមកចាយនៅកម្ពុជាទេ»។
កន្លងមកធនាគារជាតិនៃកម្ពុជា តែងតែជំរុញការប្រើប្រាស់ប្រាក់រៀលឱ្យកាន់តែទូលំទូលាយ ក៏ដូចជាជំរុញការប្រើប្រាស់ការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក ដូច្នេះក៏មិនធ្វើអ្វីឱ្យខុសពីគោលបំណងនេះដែរ។ លោកស្រី ជា សិរី បន្តថា អនុស្សរណៈនេះ ជំរុញឱ្យទេសចរចិន ដែលមកលេងស្រុកខ្មែរ ទូទាត់តាមទូរស័ព្ទរបស់គាត់ដោយប្រើ mobile app របស់ធនាគារគាត់ស្កេនលើ KHQR អ្នកលក់នៅស្រុកខ្មែរ។
លោកស្រីបញ្ជាក់ថា ៖ «តាមរយៈការ scan នេះ គឺគាត់បញ្ជាឱ្យធនាគារគាត់ នៅស្រុកចិន ដកប្រាក់សន្សំរបស់គាត់ដែលសន្សំជាប្រាក់យន់ ឱ្យទូទាត់ឱ្យអ្នកលក់នៅស្រុកខ្មែរជាប្រាក់រៀល (សូមបញ្ជាក់ថា ប្រជាជនចិន គេសន្សំ និងទូទាត់ជារូបិយវត្ថុជាតិគេ និងមិនប្រើដុល្លារអាមេរិកទូលំទូលាយដូចស្រុកយើងទេ)»។
ដូច្នេះ ធនាគារស្រុកចិន ត្រូវធ្វើការប្តូរប្រាក់ពីលុយយន់ មកលុយរៀលសិន ទើបផ្ញើមកគណនីអ្នកលក់នៅស្រុកខ្មែរ។ ប្រតិបត្តិការនេះធ្វើទៅបានលុះត្រាតែអ្នកលក់ស្រុកខ្មែរ ទទួលការទូទាត់ជាប្រាក់រៀលទើបធ្វើបាន។
លោកស្រី ជា សិរី បន្ថែមថា អ្នកលក់ដែលមិនចង់ទទួលការទូទាត់ជាប្រាក់រៀល មិនអាចទទួលផលប្រយោជន៍ពីយន្តការនេះបានទេ។ ក្នុងករណីនេះ ទេសចរណ៍ចិន អាចសម្រេចចិត្តមិនទិញទំនិញរបស់ហាងនោះ ឬក៏អាចត្រូវទៅធនាគារដកប្រាក់ដុល្លារមកទូទាត់។ ការណ៍នេះនឹងជំរុញឱ្យអ្នកលក់ស្រុកខ្មែរទទួលការទូទាត់ជាប្រាក់រៀល បើគាត់ចង់ទាក់ទាញទេសចរចិនចូលហាងគាត់។ ចុងក្រោយក៏ជំរុញការចរាចរប្រាក់រៀលក្នុងសេដ្ឋកិច្ចកាន់តែច្រើន។
លោកស្រីថា ៖ «ចំពោះទេសចរខ្មែរ ទៅស្រុកចិន យើងអាចចាយដូចទេសចរចិន មកចាយនៅស្រុកខ្មែរបាន ដោយប្រើ app Bakong ស្កេនលើ QR អ្នកលក់នៅស្រុកចិន។ ពេលនោះ ធនាគារខាងខ្មែរ ត្រូវប្តូរប្រាក់សន្សំជាប្រាក់រៀល ទៅជាប្រាក់យន់សិន មុនទូទាត់ឱ្យអ្នកលក់ស្រុកចិន»។
ចំពោះប្រជាជនខ្មែរ ដែលមិនមានគណនីជាប្រាក់រៀល ពួកគាត់មិនអាចទូទាត់របៀបអេឡិចត្រូនិកតាមទូរស័ព្ទបានទេ។ យ៉ាងណាគាត់នៅតែអាចចាយជាក្រដាសប្រាក់ ឬមធ្យោបាយផ្សេងៗដូចសព្វថ្ងៃបាន។ ការណ៍នេះក៏នឹងជំរុញប្រជាពលរដ្ឋខ្មែរដែលមិនមានប្រាក់សន្សំជាប្រាក់រៀលឱ្យទៅបើកប្រាក់សន្សំជាប្រាក់រៀលដើម្បីទទួលផលប្រយោជន៍នៃអនុស្សរណ:នេះ និងចុងក្រោយជំរុញចរាចរណ៍ប្រាក់រៀលក្នុងស្រុក។ នេះបើតាមលោកស្រី ជា សិរី។
លោកស្រីថា៖«វិធានការទាំងនេះ គឺធ្វើឡើងដើម្បីលើកកម្ពស់ប្រាក់រៀល និងលើកកិត្យានុភាពប្រាក់រៀលនិងមុខមាត់ប្រទេសកម្ពុជាក្នុងវិស័យទូទាត់អេឡិចត្រូនិក លើឆាកអន្តរជាតិ»។
គួរជម្រាបថា ធនាគារជាតិនៃកម្ពុជា និងក្រុមហ៊ុន UnionPay International កាលពីថ្ងៃទី១០ ខែកក្កដា បានចុះអនុស្សរណៈយោគយល់គ្នាស្តីពី «កិច្ចសហប្រតិបត្តិការទូទាត់សងប្រាក់ឆ្លងដែនតាម QR-Code» ដើម្បីជំរុញការប្រើប្រាស់ប្រាក់រៀលរបស់កម្ពុជា និងប្រាក់យន់របស់ចិន ឱ្យមានលក្ខណៈទូលំទូលាយបន្ថែមទៀតនៅក្នុងប្រទេសទាំង២។ តាមរយៈ MoU នេះ កម្ពុជា និងចិន នឹងអាចទូទាត់ប្រាក់ឆ្លងដែនតាម QR-Code នៅចុងឆ្នាំនេះ៕