ភ្នំពេញៈ លោក វ​ង្ស៊ី វិស្សុត រដ្ឋ​លេខាធិ​ការ​ក្រសួង​សេដ្ឋ​កិច្ច និង​ហិរញ្ញ​វត្ថុ និង​សមា​ជិក​គណៈ​កម្មាធិ​ការ​កណ្ដាល ​គណប​ក្ស​ប្រជាជន​កម្ពុជាបាន​ថ្លែង​ថា គណ​បក្ស​ប្រជា​ជន​កម្ពុជា ​តែង​តែ​ផ្តោត​ជា​ចម្បង​លើ​ការអ​ភិវឌ្ឍ​សេដ្ឋ​កិច្ច ដើម្បី​បង្កើត​ការ​ងារ​ បង្កើន​ឱកាស​រក​ប្រាក់​ចំណូល ​កាត់​បន្ថយ​ភាពក្រីក្រ ​និង​លើក​កម្ពស់​ប្រជា​ពលរដ្ឋ​កម្ពុ​ជា តាម​រយៈ​ការ​ដាក់​ចេញ​នៅ​គោល​នយោ​បាយ​អាទិភាព លើ​វិស័យ​សេដ្ឋកិច្ច​ចំនួន​ ៥​។​

​លោក ​វ​ង្ស៊ី វិស្សុត បាន​ថ្លែង​បែប​នេះ នៅក្នុ​ង​កម្មវិធី​ផ្សព្វ​ផ្សាយ​គោលន​យោបាយ​គណ​បក្ស​នយោបា​យ​នានា ​លើ​ប្រធាន​បទ​ «​គោល​នយោ​បាយលើ​វិស័យ​សេដ្ឋកិច្ច​»​រៀប​ចំ​ឡើង​ដោយ​គណៈ​កម្មាធិ​ការ​ជាតិ​រៀបចំ​ការ​បោះឆ្នោ​តដែល​លោក​តំណាង​ឱ្យ​គណ​បក្ស​ប្រជាជន​កម្ពុជា ​នៅ​ថ្ងៃទី​ ១៧ ​ខែកក្កដា ឆ្នាំ ​២០២៣​។​

​លោក​បាន​ថ្លែងថា​៖ «​ទី​១ បន្ត​ធានា​ស្ថិរភាព​ម៉ាក្រូ​សេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ ដែល​រក្សា​ឱ្យ​បាន​នូវ​អត្រា​អតិផរ​ណាក្នុ​ង​កម្រិត​ទាប ស្ថិរ​ភាព​នៃ​អត្រា​ប្តូរ​ប្រាក់ ​តុល្យ​ភាព​នៃ​ថវិកា​ជាតិ​ និង​ស្ថិរ​ភាព​ផ្នែក​ហិរញ្ញ​វត្ថុ ទាំង​ផ្នែក​ធនា​គារ​ និង​មិន​មែន​ធនាគារ​។ ទី​២​ គឺ​ជំរុញ​កំណើន​សេដ្ឋ​កិច្ច​ខ្ពស់​ប្រកប​ដោយ​ភាព​ធន់និង​បរិ​យា​ប័ន្នដើម្បី​កាត់​បន្ថយ​ភាព​ក្រីក្រ​,​ការ​អភិវឌ្ឍ​វិស័យ​សហ​គ្រាស​ធុន​តូច​និង​មធ្យម ​និង​សេដ្ឋ​កិច្ច​ក្រៅ​ប្រព័ន្ធ​ព្រម​ទាំង ​ការ​ចាប់​យក​បច្ចេក​វិទ្យា​ឌីជី​ថល និង​ការ​អ​ភិវឌ្ឍ​បៃតង​»​។​

​ចំណែក​ទី​៣ គឺ​ពង្រឹង​ប្រសិទ្ធ​ភាព នៃ​ការ​គ្រប់​គ្រង​ថវិកា​ និង​ការរ​ក្សា​ចីរភាព​នៃ​ថវិកា តាម​រយៈ​ការ​អនុវត្ត​កម្មវិធី​កែទម្រង់​ឱ្យ​កាន់​តែ​ស៊ី​ជម្រៅនូ​វ​ការ​គ្រប់​គ្រង​ហិរ​ញ្ញវត្ថុ​សា​ធារ​ណៈដើម្បី​ពង្រឹង​ការគ្រ​ប់គ្រ​ង​ចំណូល​ថវិកា​ជាតិ​ ដើម្បី​កៀរគរ​ធ​នធាននានា​ឱ្យ​អស់​សក្តានុ​ពល និង​បន្ត​មិន​យក​ពន្ធ​លើដី​កសិក​ម្ម​លក្ខណៈ​គ្រួសារ និង​មិន​យក​ពន្ធ​ប្រាក់​បៀវត្សរ៍​អប្បប​រមា​របស់​មន្ត្រី​រាជ​ការ​ និង​ប្រាក់​ឈ្នួល​អប្ប​បរមា​របស់​កម្ម​ករ​និយោ​ជិត​។

​លោក វ​ង្ស៊ី វិស្សុត បាន​បញ្ជាក់​ទៀត​ថា ៖ «​គោល​នយោបា​យ​ទី​៤ គឺ​អភិវឌ្ឍ​វិស័យ​ហិរញ្ញ​វត្ថុ​តាម​រយៈ​ការប​ង្កើន​ប្រសិទ្ធ​ភាព​នៃ​ការ​ផ្ទេរ​ស​ញ្ជ័យ​របស់​ជាតិ ទៅ​ជា​ការវិនិ​យោគ​លើ​វិស័យ​អាទិភា​ព​គួប​ផ្សំ​នឹង​ការគ្រប់​គ្រង​កំណើន​ឥណ​ទាន​ ដែលមា​ន​លក្ខណៈ​សម​ស្រប​សម្រាប់​គាំទ្រ​កំណើន​សេដ្ឋកិច្ច​,​ការធ្វើ​ពិពិ​ធ​កម្ម​ផលិត​ផល​ហិរញ្ញវ​ត្ថុ​,​ការ​លើកក​ម្ពស់​បរិ​យាប័​ន្ន​ហិរញ្ញវត្ថុ​,​កា​រអភិវឌ្ឍ​បច្ចេ​កវិទ្យា​ហិរញ្ញ​វត្ថុ​និង​ការ​បន្ត​ជំរុញ​ការ​អភិវឌ្ឍ​មូល​ប​ត្រ​រដ្ឋក៏ដូច​ជា​ការអភិ​វឌ្ឍ​យន្ត​ការ​ហិរញ្ញប្ប​ទាន​ថ្មីៗ​សំដៅ​ទ្រទ្រង់​ដល់​ការអ​ភិវឌ្ឍ​ជាតិ​»​។​

​ចំណែក​គោល​នយោ​បាយ​អាទិ​ភាព​លើ​វិស័យ​សេដ្ឋកិច្ច​ចុង​ក្រោយ​គឺ​ការ​អភិវឌ្ឍ​វិស័យ​ឯកជនឱ្យ​ក្លាយ​ជា​ក្បាល​ម៉ាស៊ីន​នៃ​កំណើន​សេដ្ឋកិ​ច្ចដែល​ផ្តោត​ជា​សំខាន់​លើ​ការ​បង្កើន​បរិស្ថាន​អនុ​គ្រោះ​សម្រាប់​ការ​វិនិ​យោគ និង​ធុរ​កិច្ច ​ការ​ពង្រឹង​ការធ្វើ​សមា​ហរណ​កម្ម​សេដ្ឋ​កិច្ច​ទាំង​ក្នុង​តំបន់​ និង​សកល​លោក​,​ការ​បង្កើន​ប្រសិទ្ធ​ភាពនៃ​ការ​ផ្តល់​សេ​វាសាធារ​ណៈ​ជូន​ដល់​វិស័យ​ឯក​ជន​,​ការ​ពង្រឹង​សហ​គ្រិន​ភាព និង​ការ​អភិវឌ្ឍ​ធុរកិច្ច និង​បន្ត​អនុវត្ត​ការ​វេទិការាជ​រដ្ឋាភិ​បាល​ផ្នែក​ឯក​ជន​។ នេះ​បើតាម​​លោក ​វ​ង្ស៊ី វិស្សុត​។​

​លោក យ៉ង់ ពៅ អគ្គ​លេខា​ធិការ​នៃ​រាជ​បណ្ឌិត្យស​ភាកម្ពុ​ជា បាន​ថ្លែង​ថា ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​មក​នេះ ការ​ឃោ​សនា​រក​សំឡេង​ឆ្នោត​របស់​គណ​បក្ស​នយោ​បាយ​នីមួយៗ ​ហាក់​មាន​ភាព​ស្វិត​ស្វាញ​ ខណៈដែល​គណបក្ស​នយោបា​យ​ទាំង​១៨ ​មាន​រៀបចំ​​គោល​នយោ​បាយ​របស់​ខ្លួន​ជា​ច្រើន ​ដើម្បី​ទាក់​ទាញ​សន្លឹក​ឆ្នោត​ពី​ប្រជា​ពល​រដ្ឋ​។​

​លោក​បាន​បញ្ជាក់​ថា​៖«​យើង​បាន​ឃើញថា​ កា​រផ្សព្វផ្សា​យ​ពី​គោលនយោ​បាយ​​របស់​គណ​បក្ស​នីមួយៗ​មាន​យុទ្ធ​សាស្ត្រ​ផ្សេងៗ​គ្នា​។ ខ្ញុំ​សង្ឃឹម​ថា គណ​ប​ក្សនយោ​បាយ​ដែល​ជាប់​ឆ្នោតនា​អាណត្តិ​ទី​៧​ខាង​មុខនេះ​ នឹង​បំពេញ​តាម​ការសន្យា​របស់​គាត់​ក្នុង​ការ​អនុវត្ត​កម្មវិធី​នយោ​បាយ​របស់ខ្លួ​ន​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​។ តែ​ខ្ញុំ​សង្កេត​ឃើញថា ​​កន្លង​ទៅ​គណ​បក្ស​ប្រជាជ​ន​ដែល​ជា​គណ​ប​ក្សកា​ន់​អំណា​ច តែ​ងតែ​ធ្វើតា​ម​ការ​សន្យា​របស់​ខ្លួន នៅ​ពេល​ដែល​គណ​បក្ស​នេះជាប់​ឆ្នោត​»៕