ភ្នំពេញៈ ការនាំចេញ​ទំនិញ​ពី​កម្ពុជា​ទៅ​ប្រទេស​កូរ៉េ នៅក្នុង​ឆមាស​ទី១ ឆ្នាំ​ ២០២៣ បាន​បន្ត​សញ្ញា​វិជ្ជមាន​ដោយមាន​ទឹកប្រាក់​ជិត ១៤៣​ លាន​ដុល្លារ កើន​ជាង ២៨ ​ភាគរយ​ធៀប​ឆមាស​ទី​១ ឆ្នាំមុន ខណៈ​ពាណិជ្ជកម្ម​ទ្វេភាគី​សម្រេចបាន​ជាង ៣៧៦ ​លាន​ដុល្លារ​។ នេះ​បើតាម​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​។​

​យោងតាម​ទិន្នន័យ ចាប់ពី​ខែមករា​-​ខែមិថុនា ឆ្នាំ ២០២៣ កម្ពុជា​បាន​នាំ​ទំនិញ​ទៅ​កូរ៉េ​ចំនួន ១៤២,៧៤ ​លាន​ដុល្លារ កើនឡើង ២៨,២​ ភាគរយ ​បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២២ ដែលមាន ១១១,៣៦ ​លាន​ដុល្លារ​។ សម្រាប់​ទំនិញ​ដែល​កូរ៉េ​នាំមក​កម្ពុជា គឺមាន​ចំនួន ២៣៣,៧១​ លាន​ដុល្លារ ធ្លាក់ចុះ ២៤,៦ ​ភាគរយ​ពី ៣០៩,៩៨​ លាន​ដុល្លារ​។ ចំពោះ​ពាណិជ្ជកម្ម​រួមមាន​ទឹកប្រាក់​សរុប ៣៧៦,៤៦​ លាន​ដុល្លារ ថយចុះ ១០,៧​ ភាគរយ​ពី​ចំនួន ៤២១,៣៣​ លាន​ដុល្លារ​។ ប្រទេស​កូរ៉េ គឺជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​ទី​ ១២ របស់​កម្ពុជា ដែល​នាំមុខ​ដោយ​ប្រទេស​ចិន អាមេរិក និង​វៀតណាម ជាដើម​។​

​តាមរយៈ​តួលេខ​ខាងលើ គឺ​ជញ្ជីងពាណិជ្ជកម្ម​កម្ពុជា​ក្នុង​ឆមាស​ទី​១ ឆ្នាំ​ ២០២៣ មាន​ឱនភាព ៩០,៩៧​ លាន​ដុល្លារ ខណៈ​កាលពី​ឆមាស​ទី​១ ឆ្នាំ ២០២២ មាន​ឱនភាព ១៩៨,៦២ ​លាន​ដុល្លារ​។​

​ដោយឡែក​ក្នុង​ខែមិថុនា ឆ្នាំ​ ២០២៣ ការធ្វើ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង ២ មាន​ទឹកប្រាក់​សរុប ៧២,៨៦ លាន​ដុ​ល្លារ កើនឡើង ២២,៤៤​ ភាគរយ​បើ​ធៀប​ខែមិថុនា ឆ្នាំ​ ២០២២ ក្នុងនោះ​កម្ពុជា​នាំទៅ​កូរ៉េ ២៨,៩៦​ លាន​ដុល្លារ កើន ៥៥,៤ ​ភាគរយ ចំណែក​ទំនិញ​កូរ៉េ​នាំមក​កម្ពុជា ៤៣,៨៩ ​លាន​ដុល្លារ កើនឡើង ៧,៤​ ភាគរយ​ប​។​

​អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ១៧ ខែកក្កដា​ថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​រវាង​កម្ពុជា​-​កូរ៉េ ដែល​ចូល​ជា​ធរមាន​កាល​ពី​ចុងឆ្នាំ​ ២០២២ គឺជា​ចំណែក​សំខាន់​ដែល​ជួយ​ឱ្យ​ការនាំ​ទំនិញ​របស់​កម្ពុជា​កើនឡើង​។ ភាគច្រើន​នៃ​ទំនិញ​កម្ពុជា​នាំទៅ​កូរ៉េ គឺជា​ផលិតផល​សម្លៀក​បំ​ពាក់ ស្បែកជើង ផលិតផល​ធ្វើដំណើរ និង​កសិផល ជាដើម​។

លោក​បន្តថា ក្រៅពី​ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម បច្ចុប្បន្ន​ក៏មាន​វិនិយោគិន​កូរ៉េ​ខ្លះ​កំពុង​បណ្តាក់ទុន​នៅ​កម្ពុជា​ដែរ​ក្នុង​វិស័យ​មួយចំនួន​ដូចជា ហិរញ្ញវត្ថុ សំណង់ និង​កសិកម្ម​។ ជាមួយគ្នានេះ​ក៏មាន​កម្មករ​-​កម្មការិនី​កម្ពុជា​ជាច្រើន​នាក់​កំពុងធ្វើការ​នៅក្នុង​ប្រទេស​កូរ៉េ​ផងដែរ​។​

​លោក​ប្រាប់ថា​៖ «​ក្រោម​លក្ខខណ្ឌ​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ខ្ញុំ​ជឿថា ការនាំចេញ​-​នាំចូល​ទំនិញ​រវាង​ប្រទេស​ទាំង ២ នឹង​បន្ត​កើន​ថែមទៀត ពិសេស​ការនាំ​កសិផល​ពី​កម្ពុជា​»​។​

​លោក ហុង វណ្ណៈ អ្នកសេដ្ឋកិច្ច​នៅ​រាជបណ្ឌិត្យសភាកម្ពុជា លើកឡើងថា និន្នាការ​នៃ​ការនាំ​ទំនិញ​ពី​កម្ពុជា​ទៅ​ប្រទេស​កូរ៉េ​នឹង​កើនឡើង​ទៀត ព្រោះ​ក្រៅពី​មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម គុណភាព និង​តម្លៃ​ទំនិញ​កម្ពុជា ក៏​ត្រូវបាន​អតិថិជន​នៅ​កូរ៉េ​ទទួលស្គាល់​ផងដែរ​។ កសិផល​កំពុង​ក្លាយជា​ទំនិញ​មាន​សក្តានុពល​សម្រាប់​នាំទៅ​កូរ៉េ​។​

​លោក​បញ្ជាក់ថា​៖ «​ទោះ​បច្ចុប្បន្ន​ការធ្វើ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង ២ នៅមាន​ចំនួន​តិចតួច ប៉ុន្តែ​នៅពេល​អនាគត​ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង ២ ប្រាកដជា​នឹង​កើនឡើង​កាន់តែ​ខ្ពស់​»​។​

​លោក​បន្ថែមថា ការធ្វើកំណែទម្រង់​ប្រព័ន្ធ​ច្បាប់ និង​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​កម្ពុជា​ក៏​ជួយ​ទាក់ទាញ​វិនិយោគិន​កូរ៉េ​ឱ្យមក​វិនិយោគ​នៅ​កម្ពុជា​កាន់តែច្រើន​ផងដែរ​។​

​ក្នុង​ឆ្នាំ​ ២០២២ ការផ្លាស់ប្តូរ​ពាណិជ្ជ​កម្ម​ទ្វេភាគី​កម្ពុជា​-​កូរ៉េ មាន​ទឹកប្រាក់​សរុប ៧៧៨,៩២៤ ​លាន​ដុល្លារ កើន​ ០,៦ ​ភាគរយ​ធៀប​នឹង​ឆ្នាំ​ ២០២១​។

ក្នុងនោះ​កម្ពុជា​នាំចេញ ២៣៣,៦៣៨ លាន​ដុល្លារ កើន ២០,៤ ភាគរយ និង​កូរ៉េ នាំចូល ៥៤៥,២៨៦ លាន​ដុល្លារ ធ្លាក់ចុះ ៦​ ភាគរយ​។ នេះ​បើតាម​អគ្គ​នាយកដ្ឋាន​គយ​៕