ភ្នំពេញៈ ទឹកប្រាក់​ជាង ៤៥៦​ លាន​ដុល្លារ​ ត្រូវបាន​បញ្ចេញ​ទៅ​ទីផ្សារ​អន្តរជាតិ​ក្នុង​ឆមាស​ទី​១ ឆ្នាំ​ ២០២៣ លើ​ការនាំ​ចូល​រថ​​យន្ត​គ្រប់​ប្រភេទ ដោយ​ធ្លាក់ចុះ​ជិត ២០ ​ភាគរយ​បើ​ធៀប​រយៈ​ពេល​ដូចគ្នា​នៅក្នុង​ឆ្នាំ​ ២០២២ ខណៈ​រោងចក្រ​ដំឡើងរថយន្ត​ក្នុងស្រុក​ចាប់ផ្តើម​ដើរតួនាទី​ជា​បណ្តើរៗ​ជំនួស​ឱ្យ​ការនាំ​ចូល​ពី​ក្រៅប្រទេស​។​

​ទិន្នន័យ​ដែល​ ភ្នំពេញ​ ប៉ុស្តិ៍​ ទើប​ទទួលបាន​ពី​ក្រសួង​ពា​ណិ​ជ្ជ​កម្ម កាលពី​ចុង​សប្តាហ៍​មុន បង្ហាញថា ចាប់ពី​ខែមករា ដល់​ខែមិថុនា ឆ្នាំ​ ២០២៣ កម្ពុជា​បាន​នាំចូល​រថយន្ត​គ្រប់​ប្រភេទ​ពី​ទីផ្សារ​អន្តរជាតិ​ក្នុង​ទឹកប្រាក់​សរុប ៤៥៦,៦៧​ លាន​ដុល្លារ ធ្លាក់ចុះ ១៩,៩ ​ភាគរយ​ពី​ចំនួន ៥៧០,១ ​លាន​ដុល្លារ​ កាលពី​រយៈពេល​ដូចគ្នា​ឆ្នាំ ២០២២​។​

​យោងតាម​ទិន្នន័យ​ខាងលើ គឺ​ប្រភេទ​រថយន្ត​នាំចូល​ត្រូវ​ចែកចេញជា ៤ ​ប្រភេទ​គឺ រថយន្ត​​ទេសចរណ៍ ការ​នាំចូល​មានទឹក​​ប្រាក់ ៣១៩,៩៤​ លាន​ដុល្លារ ថយចុះ ១១,៧៦ ​ភាគរយ​, រថ​យន្ត​ដឹកទំនិញ ១០៨,៧៤​ លាន​ដុល្លារ ថយចុះ ៣៩,៥៤​ ភាគ​​រយ​, រថយន្ត​ដឹក​អ្នកដំណើរ ២០,៧៦ ​លាន​ដុល្លារ កើនឡើង ១៥,៧ ភាគរយ​, និង​រថយន្ត​ផ្សេងទៀត ៧,២៤ លាន​ដុល្លារ ធ្លាក់ចុះ ២៥,៨១ ភាគរយ​។​

​អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​រាជ​បណ្ឌិត្យសភា​កម្ពុជា លោក ហុង​ វណ្ណៈ បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី ​១៧ ខែកក្កដា​ថា ការធ្លាក់​ចុះ​ចំនួន​ទឹកប្រាក់​នាំចូល​រថយន្ត​គ្រប់​ប្រភេទ​ពី​ទីផ្សារ​អន្តរជាតិ​ក្នុង​ឆមាស​ទី១ គឺអាច​បណ្តាលមកពី​កត្តា​ចម្បង ២ គឺ​កំណើន​សេដ្ឋកិច្ចជាតិ និង​អន្តរជាតិ​មិនសូវ​រឹងមាំ​ដែល​ធ្វើឱ្យ​ប្រជា​ពល​រដ្ឋ​កាត់បន្ថយ​ការចំណាយ​មិនចាំបាច់ និង​ការកើនឡើង​នៃ​សមត្ថភាព​រោងចក្រ​ដំឡើង​រថ​​យន្ត​ក្នុងស្រុក​។ លោក​បន្តថា ការវិនិយោគ​លើ​រោងចក្រ​ផលិត ឬ​ដំឡើងរថយន្ត​ក្នុងស្រុក​កំពុងផ្តល់​ផល​វិជ្ជមាន​ជាច្រើន​ដល់​កំណើន​សេដ្ឋកិច្ចកម្ពុជា​។​

​លោក​អះអាងថា​៖ «​សម្រាប់​ប្រទេស​កម្ពុជា​ការធ្លាក់ចុះ​ទឹក​ប្រាក់​នាំចូល​រថយន្ត​ពី​ក្រៅ​ប្រ​ទេស គឺ​មិនមែនជា​សញ្ញា​ថម​ថយ​នៃ​កំណើនសេដ្ឋកិច្ច​ឡើយ ប៉ុន្តែ​ភាគច្រើន​គឺ​ដោយសារ​ប្រ​ជា​ជន​ងាក​មក​ប្រើ​រថយន្ត​ថ្មី ដែល​ដំឡើង​ដោយ​រោងចក្រ​នៅក្នុង​ស្រុក​»​។​

​លោក​បន្ថែមថា ទន្ទឹមនឹង​ការ​ធ្លាក់ចុះ​ចំនួន​ទឹកប្រាក់​នាំចូល​រថយន្ត​នេះ ប្រទេស​កម្ពុជា​ នាពេលនេះ​ក៏បាន​វិ​វ​ឌ្ឍ​ខ្លួន​បន្តិច​ម្តងៗ​ទៅជា​បណ្តុំ​នៃ​រោងចក្រ​ផលិត​គ្រឿង​បង្គុំ​រថយន្ត ដែលមាន​ដូចជា គ្រឿងបន្លាស់ ខ្សែ​ភ្លើង​រថយន្ត សម្បក​កង់ កៅអី ប្រព័ន្ធ​អគ្គិសនី និង​ម៉ូ​ទ័​រ​នានា សម្រាប់​នាំចេញ​ទៅ​ផ្គត់ផ្គង់​ឱ្យ​រោងចក្រ​នៅក្រៅ​ប្រទេស​។​

​អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ​(CDC) លោក សុខ ចិន្តា​សោភា កាលពី​ចុងខែ​មីនា ឆ្នាំ ​២០២៣ បាន​និយាយថា បច្ចុប្បន្ន​នៅ​កម្ពុ​ជាមាន​រោង​​ចក្រ​ដំឡើងរថយន្ត​ដែល​កំពុង​សាងសង់ និង​ដំណើរការ​ដូច​​ជា ក្រុមហ៊ុន Hyundai, Kia, Ssangyong, Dongfeng, Soueast, Ford, និង Toyota និង ISUZU ជាដើម​។​

​ក្នុង​ពិធី​គម្រប់​ខួប ១ ​ឆ្នាំ នៃ​ក្រុមហ៊ុន RMA Automotive Cambodia (RMAC) Ford Assembly Plant កាលពី​ថ្ងៃទី ​១១ ខែកក្កដា ឆ្នាំ​ ២០២៣ នៅ​ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ លោក ង៉​ន សាំង អគ្គនាយក​​ក្រុមហ៊ុន RMAC បានឱ្យដឹងថា បន្ទាប់ពី​ការដំឡើង​បាន​រយៈ​​ពេល ​១​ ឆ្នាំ រោងចក្រ​នេះ​បាន​ដំឡើងរថយន្ត​ផ្ដាច់មុខ​ប្រភេទ Ranger និង Everest ជំនាន់​ក្រោយ​ប្រមាណ ៣ ០០០ ​គ្រឿង​ សម្រាប់​ទីផ្សារ​កម្ពុជា​ដែល​ជួយ​ឱ្យ​រថយន្ត​យីហោ Ford រក្សាបាន​តួនាទី​នាំមុខគេ​នៅក្នុង​ប្រ​​ទេស​កម្ពុជា​។​

​លោក​និយាយថា​៖ «​មកដល់ពេលនេះ យើង​ដំឡើងរថយន្ត Ford Ranger Wildtrak និង​រថយន្ត Ford Everest បាន​ចំនួន​ ៣ ០០០ ​គ្រឿង​ ដើម្បី​ផ្គត់​ផ្គង់​តម្រូវការ​ទីផ្សារ​ក្នុងស្រុក​។ វត្តមាន​របស់​រោងចក្រ​ដំឡើងរថយន្ត Ford គឺជា​ការចាប់​​ផ្តើម​នៃ​វិស័យ​ផលិត​យានយន្ត​ពី​កម្រិត​ដំឡើង​ទៅ​កម្រិត​ផលិត ដើម្បីឱ្យ​កម្ពុជា​ផ្លាស់ប្តូរ​មុខមាត់​ថ្មី​ពី​ប្រទេស​ដែល​ដំឡើងរថយន្ត​ទៅជា​ប្រទេស​ផលិត​រថយន្ត​នាពេល​អនាគត​ដ៏​ខ្លី​ខាងមុខ​»​។​

​បើតាម​លោក ង​ន សាំង នៅពេលនេះ​ក្រុមហ៊ុន RMAC ក៏បាន​ដាក់​ផែនការ​ប្រែក្លាយ​រោង​​ចក្រ​ដំឡើងរថយន្ត​របស់ខ្លួន​ឱ្យទៅជា​រោងចក្រ​ផលិត​រថយន្ត​នាពេល​អនាគត​ផងដែរ​។​

​ក្នុង​ឆ្នាំ​ ២០២២ កម្ពុជា​បាន​នាំចូល​រថយន្ត​ពី​ក្រៅប្រទេស​ក្នុង​ទឹកប្រាក់​សរុប ១ ៤៩២ លាន​ដុល្លារ​កើនឡើង ២៣,៦ ​ភាគរយ​ ធៀប​នឹង​ឆ្នាំ ២០២១ ដែលមាន​ចំនួន ១ ២០៧ ​លាន​ដុល្លារ​។ ទឹកប្រាក់​កម្ពុជា​បញ្ចេញ​លើ​ការ​នាំចូល​រថយន្ត​ស្មើនឹង​ ៤,៩៨​ ភាគរយ​នៃ​ទឹកប្រាក់​នាំ​ចូល​ទំនិញ​ពី​ទីផ្សារ​អន្តរជាតិ​នៅក្នុង​ឆ្នាំ​ ២០២២ ដែលមាន​ចំនួន ២៩ ៩៤២ លាន​ដុល្លារ​។ នេះ​បើតាម​របាយការណ៍​ក្រសួង​ពាណិជ្ជកម្ម​៕