ភ្នំពេញៈ សមាគម​ស្វាយចន្ទី​កម្ពុជា​បានឱ្យដឹងថា នៅក្នុង​ឆមាស​ទី១ ឆ្នាំ ​២០២៣ ​នេះ កម្ពុជា​ផលិត​ស្វាយចន្ទី​ឆៅ​បាន​ ៦១​ ម៉ឺន​តោន ក្នុងនោះ​នាំ​ចេញទៅ​វៀតណាម​បាន​ជាង​ ៥៧ ​ម៉ឺន​តោន​ ស្មើនឹង​ទឹកប្រាក់​ ៧៨៥ ​លាន​ដុល្លារ​ថយចុះ​ ១៣,៩៤ ​ភាគរយ បើ​ប្រៀប​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។​

​លោក អួន ស៊ី​ឡុ​ត ប្រធាន​សមាគម​ស្វាយចន្ទី​កម្ពុជា បានឱ្យដឹង​នៅ​ថ្ងៃទី​ ១៧ ខែកក្កដា​ថា មាន​កត្តា​មួយចំនួន ដែល​បានធ្វើឱ្យ​ការនាំចេញ​គ្រាប់ស្វាយ​ចន្ទី​ឆៅ​ទៅកាន់​ប្រទេស​វៀត​​ណា​ម​ដែលជា​ទីផ្សារ​ដ៏​ធំ​មាន ការធ្លាក់ចុះ​បែបនេះ​។​

​លោក​បាន​បញ្ជាក់ថា​៖ «​ការ​ធ្លាក់ចុះ​នេះ​ដោយសារតែ​ទី​ ១ ​កសិករ​កាប់​ស្វាយចន្ទី​ចោល​អស់​ប្រមាណ​ ១០​ ម៉ឺន​ហិកតា ក្នុង​រយៈពេល​ ២ ​ឆ្នាំ​ចុង​ក្រោយនេះ​, កត្តា​ទី ​២ មានការ​ប្រជែង​ទិញ​វត្ថុធាតុដើម​ពី​សហគ្រាស​ក្នុងស្រុក រីឯ​ទី​ ៣ ​កសិករ​មាន​ធនធាន​ហាល​គ្រាប់​ទុក​លក់​នៅពេល​គ្រាប់​ឆៅ​ឡើងថ្លៃ​នៅ​ចន្លោះ​ខែសីហា ដល់​ខែតុលា និង​កត្តា​ចម្បង​ចុងក្រោយ​គឺ​ការប្រែប្រួល​អាកាសធាតុ​»​។​

​លោក អួន ស៊ី​ឡុ​ត បាន​បន្តថា​៖ «​វៀតណាម​បញ្ជា​ទិញ​គ្រាប់​ឆៅ​ពី​កម្ពុជា​ច្រើន ប៉ុន្តែ​យើង​មិនអាច​បំពេញតម្រូវការ អ៊ីចឹង​ហើយ​វៀតណាម​បាន​បញ្ជា​ទិញ​ពី​អ្រា​ហ្វិ​ក​ខាង​លិច​បន្ថែម​ដែលមាន​ប្រទេស​​កូត​ឌី​វ័រ​ជាដើម ប៉ុន្តែ​ប្រទេស​កូត​ឌី​វ័រ​ក៏មាន​ការវិនិយោគ​កែច្នៃ​ក្នុងស្រុក​ផងដែរ​»​។​

​លោក​បាន​បន្ថែមថា បញ្ហា​ធ្លាក់ចុះ​នៃ​ការនាំចេញ​គ្រាប់​ស្វាយចន្ទី​នេះ​មិនមាន​អ្វី​ចម្លែក ទេ ដោយសារតែ​ខាង​សមាគម​បាន​វាយតម្លៃថា មានការ​ថយ​ចុះ​បែបនេះ​តាំងពី​ដើមឆ្នាំ​ ២០២៣ ​មក​ម្ល៉េះ តែ​លោក​បញ្ជាក់ថា មាន​ភាព​វិជ្ជមាន​ច្រើន​ចំពោះ​ការកែច្នៃ​គ្រាប់ស្វាយ​ចន្ទី​វិញ ដោយបាន​ចាប់ផ្តើម​មាន​កំណើន​ជា​បន្តបន្ទាប់ ជា​ពិសេស​ក្រោយពី​សមាគម​ស្វាយចន្ទី​កម្ពុជា បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា ​(MoU)​ ជាមួយ​ធនាគារ​សហគ្រាស​ធុន​តូច និង​មធ្យម (SME Bank)​ ដែល​បានផ្តល់​កម្ចី​ក្នុង​អត្រា​ការប្រាក់​ទាប​ដល់​សមាជិក​សមាគម ដើម្បី​លើកកម្ពស់​ការកែច្នៃ​ក្នុងស្រុក សម្រាប់​នាំចេញ​។​

​លោក​ អួន ស៊ី​ឡុ​ត បានបញ្ជាក់​ទៀតថា​៖ «​យើង​មើលឃើញថា ការ​ប្រជែង​ទិញ​វត្ថុធាតុដើម​ពី​សហគ្រាស​ក្នុងស្រុក​ដើម្បី​បង្កើន​ការកែច្នៃ​គ្រាប់ស្វាយ ចន្ទី​ឆៅ​ដើម្បី​នាំ​ចេញ ដោយសារ​ការនាំចេញ​ផលិតផល​កែច្នៃ​រួច យើង​ទទួលបាន​តម្លៃបន្ថែម​ច្រើន ជាង​នាំ​គ្រាប់​ឆៅ​ចេញ​។ ការកែ​ច្នៃ​ក្នុងស្រុក​បានចាប់ផ្តើម​កើន​បន្តិច​ម្តងៗ​នាពេលនេះ​»​។​

​យោងតាម​ទិន្នន័យ​ពី​ក្រសួង​​កសិកម្ម រុក្ខាប្រមាញ់ និង​នេ​សាទ បានឱ្យដឹង​ដែរ​ថា ចាប់ពី​ខែមករា ដល់​មិថុនា ឆ្នាំ​ ២០២៣ ការនាំចេញ​គ្រាប់ស្វាយចន្ទី​ទៅ​ក្រៅប្រទេស​សម្រេចបាន​ក្នុង​បរិមាណ​ជាង ៣៦៣ ១៧៣​ តោន ដែល​អត្រា​នេះ មានការ​ថយចុះ​ ១២,៦៧​ ភាគ​រយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា ក្នុង​ឆ្នាំ ២០២២​។

​ចំពោះ​តួលេខ​ខុសគ្នា​រវាង​សមាគម និង​ក្រសួងកសិកម្ម​នេះ ក្រសួង​បានលើកឡើង​ដែរ​ថា មានការ​នាំចេញ​ដោយ​គ្មាន​ការស្នើសុំ​វិញ្ញាបនបត្រ​ភូតគាម​អនាម័យ ​(​ការនាំចេញ​ក្រៅផ្លូវការ​) តាម​ច្រករបៀង​ទៅ កាន់​ប្រទេស​វៀតណាម និង​ប្រទេស​ថៃ​មួយចំនួន​មិនមាន​ការកត់ត្រា ខណៈ​លោក អួន ស៊ី​ឡុ​ត ប្រធាន​សមាគម​ស្វាយ​ចន្ទី​កម្ពុជា​បាន​ប្រាប់ថា ខាង​សមាគម​បាន​ប្រមូល​ទិន្នន័យ​ពី​ដេប៉ូ​នាំចេញ​គ្រាប់ស្វាយចន្ទី​ ៦​ ខេត្ត ដោយមាន​ការផ្ទៀងផ្ទាត់​ទិន្នន័យ​ជាមួយ​គយ​វៀតណាម​ និង​សមាគម​ស្វាយចន្ទី​វៀត​ណា​ម​។​

​អ្នកស្រី អ៊ិន ឡៃ​ហួត ម្ចាស់​សិប្បកម្ម​កែច្នៃ​គ្រាប់ស្វាយចន្ទី​​ជ័យ​សំបូរ ខេត្តកំពង់ធំ​បានឱ្យដឹង​នៅ​ថ្ងៃទី ​១៧ ខែកក្កដាថា ដោយមាន​ការគាំទ្រ​បន្ថែម​ពី​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម និង​ការ​​អនុវត្ត​គោលនយោបាយ​ស្វាយ​ចន្ទី​ផង​នោះ សហគ្រាស​របស់​អ្នកស្រី បាននិងកំពុង​រៀបចំ​ខ្សែចង្វាក់​ផលិត​ថ្មី​មួយទៀត ដោយបាន​ផ្លាស់ប្តូរ​ពី​ឧបករណ៍​ពាក់កណ្តាល​ស្វ័យប្រវត្តិ​ខ្នាតតូច​ទៅជា​ម៉ាស៊ីន​ស្វ័យប្រវត្តិ​ខ្នាត​ធំ ដែលមាន​សមត្ថភាព​កែច្នៃ​កាន់តែ​ធំ និង​ឆាប់រហ័ស​។​

​អ្នកស្រី​បានបញ្ជាក់​ថា​៖ «​យើង​បាន​ដាក់ចេញ​ផែនការ​បង្កើន​ការប្រមូលទិញ​គ្រាប់​ស្វាយចន្ទី​ស្រស់​ពី​ប្រជា​សហ​គម​ន៍​ឱ្យបាន​ដល់ ៥ ០០០​ តោន នៅ​ឆ្នាំ​ ២០២៤ ដើម្បី​កែច្នៃ និង​ចែកចាយ​លក់​លើ​ទីផ្សារ​ក្នុងស្រុក និង​នាំ​ចេញទៅ​ក្រៅប្រទេស ដែល​សិប្ប​​កម្ម​យើង​កំពុង​ត្រៀម​រៀបចំ​ពង្រីក​រោង​សិប្បកម្ម​ដែលមាន​សមត្ថភាព​កែច្នៃ​កាន់តែ​ខ្ពស់​បន្ថែមទៀត នៅ​ឆ្នាំ​ ២០២៣​ នេះ ដោយមាន​កិច្ចសហការ​ជាមួយ​ក្រុមហ៊ុន​ដៃគូ​»​។​

​អ្នកស្រី ឡៃ​ហួត បានឱ្យដឹង​ដែរ​ថា សិប្បកម្ម​កែច្នៃ​គ្រាប់​ស្វាយចន្ទី​ជ័យ​សំបូរ ឆ្នាំនេះ នឹងត្រូវ​នាំចេញ​គ្រាប់ស្វាយចន្ទី​កែច្នៃ​រួច​ឱ្យបាន ​២០០​ តោន​ទៅកាន់​ប្រទេស​ជប៉ុន ខណៈ​គិត​ត្រឹម​ខែមិថុនា សិប្បកម្ម​ទើបតែ​ចេញទៅ​ជប៉ុន​បាន ​៧០​ តោន​ប៉ុណ្ណោះ​។​

​អ្នកស្រី​បន្ថែមថា៖ «​យើង​ចង់ឱ្យ​គ្រាប់ស្វាយចន្ទី​របស់​យើង​ចេញទៅ​ក្រៅ​ជា​គ្រាប់​ដែល​កែច្នៃ​រួច ច្រើនជាង​គ្រាប់​ឆៅ ព្រោះថា បើ​យើង​នាំចេញ​គ្រាប់​ឆៅ​លក់បាន​តម្លៃ​ធូរ​ថ្លៃ​ជាង​គ្រាប់ស្វាយចន្ទី​ដែល​យើង​កែច្នៃ​រួច​»​។​

​បើតាម​អ្នកស្រី ឡៃ​ហួត កន្លងទៅ​សិប្បកម្ម​របស់​អ្នកស្រី ទិញ​គ្រាប់ស្វាយចន្ទី​ពី​សហ​គម​ន៍​កសិកម្ម​ចំនួន​ ៤ ក្នុង​ខេត្ត​កំពង់ធំ​,​ សហគមន៍​ ៤ ​ទៀត​នៅ​ខេត្តព្រះវិហារ និង​គ្រាប់​ស្វាយចន្ទី​ស្តង់ដា គឺ​សិប្បកម្ម​ទិញ​ពី​បណ្តុំ​កសិករ ដែល​បាន​បង្កើត​ដោយ​សិប្បកម្ម​ផ្ទាល់ នៅ​ខេត្តកំពង់ធំ​នេះ​។​

​បើតាម​សមាគម​ស្វាយចន្ទី​កម្ពុជា ការថយចុះ​នៃ​ការនាំ​ចេញ​គ្រាប់ស្វាយចន្ទី​ឆៅ​ទៅ​វៀតណាម អាច​នឹង​បន្ត​ថយចុះ​ប្រមាណ​ ១០​ ភាគរយ​បន្ថែមទៀត​នៅ​ឆមាស​ទី២ ឆ្នាំនេះ ដោយសារតែ​កត្តា​មួយចំនួន ដូចដែល​បានបញ្ជាក់​នៅ​ខាង​ដើម​៕